ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ប្រទេសថៃទទួលបានជោគជ័យយ៉ាងល្អប្រសើរ - រូបថត៖ កាសែតវៀតណាម និងពិភពលោក |
ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ព្រះរាជាណាចក្រថៃ និងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ វិច្ឆិកា។ ក្នុងបទសំភាសន៍ជាមួយសារព័ត៍មាន បន្ទាប់ពីដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា ដំណើរទស្សនៈកិច្ចទទួលបានជោគជ័យយ៉ាងល្អប្រសើរ រួមចំណែកអនុវត្តន៍គោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ផ្តល់អាទិភាពដល់ការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងជាមួយប្រទេសជិតខាង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសថៃផងដែរ។
តាមនោះ ដំណើរទស្សនៈកិច្ចមានអត្ថន័យធំធេង ជាព្រឹត្តិការមួយក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃ បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បង្ហោះសារនៃការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃ កាន់តែអភិវឌ្ឍន៍រឹងមាំ ទូលំទូលាយ និងមានប្រសិទ្ធភាពជាង។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានសាមគ្គីភាពដ៏រឹងមាំ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានរួមចំណែកយ៉ាងសកម្ម ក្នុងរាល់សកម្មភាពនៃកិច្ចប្រជុំ។ លើសពីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ច និងសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោក។ គណៈប្រតិភូវៀតណាមបានចែករំលែកគំនិត និងទស្សនៈថ្មីអំពីនិន្នាការអភិវឌ្ឍន៍ និងការតម្រង់ទិសរបស់ APEC ក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ន៕