សេចក្តីសម្រេចចិត្តក៏សង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃការបើកទូលាយជំនួយមនុស្សធម៌ និងពង្រឹងការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។ ថ្លែងមតិនៅលើបណ្តាញសង្គម X អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តត្រូវបានអនុវត្តន៍ ហើយការបរាជ័យក្នុងការអនុវត្តន៍គឺមិនអាចទទួលយកបានឡើយ។
បណ្តាប្រទេសអារ៉ាប់បានគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយបញ្ជាក់ថា នេះគឺជាជំហានចាំបាច់ដំបូង ឆ្ពោះទៅរកការបញ្ឈប់ស្ថានភាពដ៏បង្ហូរឈាម ការពារជនស៊ីវិលប៉ាឡេស្ទីន និងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ តំបន់ហ្គាហ្សា។ បណ្តាប្រទេសក៏អំពាវនាវឱ្យភាគីពាក់ព័ន្ធ និងមានឥទ្ធិពលនៅក្នុងជម្លោះ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិផ្សេងទៀត រួមទាំងច្បាប់សិទ្ធិមនុស្សផងដែរ។
ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ដំណើរការចរចាដើម្បីស្វែងរកបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា ក្រោមការសម្របសម្រួលរបស់អាមេរិក អេហ្ស៊ីប និងកាតា បានធ្លាក់ចូលក្នុងភាពជាប់គាំង បន្ទាប់ពីកងកម្លាំងហាម៉ាសបានបដិសេធមិនទទួលយកបទប្បញ្ញត្តិសម្រាប់អង្គភាពប្រយុទ្ធអ៊ីស្រាអែលបន្តមានវត្តមាននៅតំបន់ហ្គាហ្សាក្នុងអំឡុងពេលបទឈប់បាញ់៕