ការបម្លែងថាមពលគឺជាកត្តាគន្លឹះដែលជួយវៀតណាមដាក់ចេញគោលដៅបំភាយឧស្ម័ន “សូន្យសុទ្ធ” ត្រឹមឆ្នាំ២០៥០

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំលើកទី ២៧ បណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានជួបធ្វើការជាមួយលោក Alok Sharma ប្រធាន COP26 ដែលជាតំណាងចក្រភពអង់គ្លេស សហភាពអឺរ៉ុប (EU) និងក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) អំពីការជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការបម្លែងថាមពល។

ការបម្លែងថាមពលគឺជាកត្តាគន្លឹះដែលជួយវៀតណាមដាក់ចេញគោលដៅបំភាយឧស្ម័ន “សូន្យសុទ្ធ” ត្រឹមឆ្នាំ២០៥០ - ảnh 1រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha ជួបធ្វើការជាមួយលោក Alok Sharma ប្រធាន COP26។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា ការបម្លែងថាមពលគឺជាកត្តាគន្លឹះដែលជួយវៀតណាមអនុវត្តន៍គោលដៅបំភាយឧស្ម័ន "សូន្យសុទ្ធ" ត្រឹមឆ្នាំ ២០៥០ ដែលវៀតណាមបានសន្យានៅ COP26។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរការអនុវត្តន៍ វៀតណាមនៅតែជួបការលំបាក។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍថាមពលកកើតឡើងវិញត្រូវដើរទន្ទឹមគ្នាជាមួយការធានាសន្តិសុខថាមពល ធានាស្ថិរភាពនៃប្រព័ន្ធបណ្តាញថាមពលអគ្គីសនី ហើយបានស្នើឲ្យចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងក្រុម G7 ជួយផ្ទេរប្រគល់បច្ចេកវិទ្យាជឿនលឿននានាជូនវៀតណាម ដូចជាបច្ចេកវិទ្យា ថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងការផ្ទុកថាមពល ដើម្បីជួយវៀតណាមអនុវត្តន៍ប្រកបដោយជោគជ័យនូវដំណើរការបម្លែងថាមពល ធានាបាននូវតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នាអាចចូលប្រើបាន។

រីឯខ្លួនវិញ លោក Alok Sharma បានស្វាគមន៍ការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះការបម្លែងថាមពល សំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងឯកភាពបន្តដំណើរការចរចា ដើម្បីឈានដល់ការព្រមព្រៀងមួយដែលអាចធានាបាននូវផលប្រយោជន៍ដោយសុខដុមរបស់ភាគីទាំងពីរ។ លោករដ្ឋមន្ត្រី Tran Hong Ha និងលោក Alok Sharma បានផ្លាស់ប្តូរមតិពីបញ្ហាជំពាក់ជំពិនក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងបានឯកភាពថា ភាគីទាំងពីរចាំបាច់ត្រូវមានការសន្យាខាងនយោបាយលើបញ្ហាបម្លែងថាមពលផងដែរ៕

ប្រតិកម្មទៅវិញ