កំណើនសេដ្ឋកិច្ចរបស់វៀតណាមមានសញ្ញាវិជ្ជមាន

Chia sẻ
(VOVWORLD) - នាពេលកន្លងទៅ អង្គការអន្តរជាតិជាច្រើនបានប្រកាសរបាយការណ៍ព្យាករណ៍ស្ដីពីកំណើនសេដ្ឋកិច្ចរបស់វៀតណាម។

ក្នុងរបាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ធនាគារពិភពលោក (WB) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាមនឹងបន្តបានលើកស្ទួយថែមទៀត អាស្រ័យដោយការស្ដារឡើងវិញនៃសេដ្ឋកិច្ចសកលក៏ដូចជាការអនុវត្តកំណែទម្រង់ក្នុងប្រទេសទៀតផង។ ខឿនសេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើនដ៏រឹងមាំ អាស្រ័យដោយការសន្យារបស់រដ្ឋាភិបាលស្ដីពីការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងកំណើនក្នុងតំបន់សេដ្ឋកិច្ចឯកជន។ គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលវៀតណាមបន្តផ្ដោតទៅលើការកែទម្រង់ ដោយកាត់បន្ថយតួនាទីរបស់រដ្ឋក្នុងខឿនសេដ្ឋកិច្ច កែលំអបរិយាកាសធុរកិច្ច និងបើកទ្វារទីផ្សារដើម្បីទាក់ទាញវិនិយោគិន។

        លោក Eric Sidgwick នាយកធនាគារជាតិ (ADB) ប្រចាំនៅវៀតណាមបានវាយតម្លៃថា នាពេលកន្លងទៅ សេដ្ឋកិច្ចរបស់វៀតណាមទទួលបានកំណើនលើគ្រប់វិស័យ៖កសិកម្ម ឧស្សាហកម្មនិងសេវាកម្ម។ ក្នុងនោះ ចលករស្នូលនៃកំណើនសេដ្ឋកិច្ចនោះគឺវិស័យផលិតកម្មកែច្នៃ។ យល់ស្របជាមួយការវាយតម្លៃនេះ លោក Nguyen Minh Cuong អ្នកជំនាញសេដ្ឋកិច្ចនៃ ADB បានចាត់ទុកថា៖

        “ស្ថានភាពសេដ្ឋកិច្ចនៅវៀតណាមមានសញ្ញាដ៏វិជ្ជមានជាច្រើន។ ល្បឿនកំណើនទទួលបាន៧,១%។ នេះជាកម្រិតខ្ពស់បើប្រៀបធៀបនឹងតំបន់ទាំងមូល។ តាមការព្យាករណ៍របស់ ADB ថា នាឆ្នាំ២០១៩ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ៦,៨%។ នេះជាលទ្ធផលគួរអោយកត់សម្គាល់ក្នុងបរិបទនាបច្ចុប្បន្ន”។

        អ្នកជំនាញសេដ្ឋកិច្ច ADB ក៏បានចាត់ទុកថា នាពេលកន្លងទៅ ការដែលក្រសួងនិងស្ថាប័នជាច្រើនរបស់វៀតណាមបានជំរុញខ្លាំងនូវការជួយសម្រួលដល់បែបបទរដ្ឋបាលនោះ គឺសញ្ញាដ៏វិជ្ជមានមួយ ដោយសារតែវាបានសរអោយឃើញថា ស្ថាប័នគ្រប់គ្រងរដ្ឋបានរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម ជាពិសេសគឺចំពោះសហគ្រាសខ្នាតតូចនិងមធ្យម និងសហគ្រាសបរទេស៕

ប្រតិកម្មទៅវិញ