ប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream ១ នៅទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់។
(រូបថត៖ Reuters) |
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ២០ ខែកក្កដា បានដាក់ចេញផែនការបន្ទាន់ សម្រាប់ប្រទេសសមាជិកនានា ដើម្បីនៅត្រឹមខែមីនា ឆ្នាំ២០២៣ ប្រទេសសមាជិក នីមួយៗ នឹងកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ១៥% ហើយបានព្រមានថា ប្រសិនបើមិន កាត់បន្ថយនៅពេលនេះទេ រដូវរងាខាងមុខនឹងជួបការលំបាកខ្លាំងណាស់ ក្នុងករណី ដែលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុង។
បណ្តាប្រទេសសហភាពអឺរ៉ុបកំពុងខិតខំប្រឹងប្រែងស្តុកទុកឧស្ម័នឲ្យបានពេញលេញមុនពេលរដូវរងាមកដល់ ហើយមានឧស្ម័នគ្រប់គ្រាន់ ក្នុងករណីដែលរុស្ស៊ីបន្តរឹត ត្បិតលើការផ្គត់ផ្គង់ឧស្ម័ន ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មដែលសហភាពអឺរ៉ុបបាន អនុវត្តន៍ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់ម៉ូស្គូនៅអ៊ុយក្រែន។ បច្ចុប្បន្ន នេះការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុបជាច្រើនត្រូវបានកាត់បន្ថយ ខណៈដែលមន្ត្រីសហភាពនេះ មិនច្រានចោលលទ្ធភាពដែលរុស្ស៊ីអាចកាត់ផ្តាច់ ការផ្គត់ផ្គង់ទាំងស្រុងទៅ EU នោះឡើយ៕