មនោសញ្ចេនារបស់បងប្អូនបណ្ដាជនជាតិ Viet Bac ជូនចំពោះលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) - Viet Bac មានមោទនភាពក្នុងនាមជារដ្ឋធានីតស៊ូប្រយុទ្ធ ដែលជាមូលដ្ឋានមួយដ៏រឹងមាំ ដើម្បីការពារ និងកសាងកងកម្លាំងបដិវត្តន៍វៀតណាមឈានចូលជ័យជំនះចុងក្រោយ។ អស់រយៈពេល ៧៦ ឆ្នាំកន្លងទៅ ចាប់តាំងពីរសរទរដូវប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥ នោះ ស្រុកកំណើត Viet Bac បានផ្លាស់ប្ដូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែមនោសញ្ចេតនារបស់ប្រជាជននៅទីនេះជូនចំពោះលោកប្រធានហូជីមិញ និងបដិវត្តន៍ជានិច្ចកាលនៅតែស្ថិតស្ថេជារៀងរហូត។
មនោសញ្ចេនារបស់បងប្អូនបណ្ដាជនជាតិ Viet Bac ជូនចំពោះលោកប្រធានហូជីមិញ - ảnh 1ឃុំ Tan Trao ស្រុក  Son Duong ខេត្ត Tuyen Quang

នៅខែឧសភាឆ្នាំ ១៩៤៥ នៅតាមផ្លូវពី Pac Bo ខេត្ត Cao Bang ទៅកាន់ Tan Trao ខេត្ត Tuyen Quang នោះ លោកប្រធានហូជីមិញបានដឹកនាំក្រុមការងារ ដោយបង្អង់ដំណើរនៅភូមិ Na Kien ឃុំ Nghia Ta ស្រុក Cho Don  ខេត្ត Bac Kan។ លោកបានស្នាក់នៅជាបណ្តោះអាសន្ននៅផ្ទះមួយខ្នងរបស់លោកអ៊ុំរបស់កុមារ Ma Van Vang។ នាគ្រានោះ ទោះបីជា Vang មានអាយុត្រឹមតែ ១៣ ឆ្នាំក៏ដោយ ប៉ុន្តេ កុមាររូបនេះបានរួមជាមួយអ្នកភូមិ Na Kien ការពារលោកប្រធានហូជីមិញ និងក្រុមកម្មាភិបាលក្នុងក្រុមការងារ។ លោក Ma Van Vang បានរៀងរាប់ថា៖ “លោកប្រធានហូជីមិញបានស្នាក់នៅទីនេះរយៈពេលត្រឹមតែ ៣ ថ្ងៃតែប៉ុណ្ណោះ។ នៅពេលលោកបានអញ្ជើញចេញដំណើរនោះ អ្នកភូមិបានតម្រង់ជាជួរវែងនៅតាមផ្លូវ។ លោកប្រធានហូជីមិញបានចាប់ដៃអ្នកភូមិគ្រប់រូប ហើយក្រើនរំលឹកអ្នកភូមិថា ត្រូវសាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ មហាជោគជ័យ។ អ្នកភូមិមានជំនឿជាក់ថា លោកនឹងដណ្ដើមបានឯករាជ្យ សេរីភាព ដណ្ដើមបានប្រទេសមកវិញ ហើយប្រជាជនវៀតណាមលែងធ្វើជាទាសករទៀតឡើយ”។

ប៉ុន្មានថ្ងៃក្រោយមក លោកប្រធានហូជីមិញ រួមទាំងថ្នាក់ដឹកនាំបក្សបានអញ្ជើញស្នាក់នៅភូមិ Kim Long (បច្ចុប្បន្នជាភូមិ Tan Lap) ឃុំ Tan Trao ស្រុក  Son Duong ខេត្ត Tuyen Quang ដើម្បីដឹកនាំផ្ទាល់ចលនាតស៊ូ។ ផ្ទះឈើផុតពីដី ដែលលោកបានស្នាក់នៅ មុននឹងប្ដូរទៅស្នាក់នៅខ្ទម Na Nua គឺស្ថិតនៅក្បែផ្ទះរបស់លោក Hoang Ngoc ហើយនាគ្រានោះ លោក Hoang Ngoc មានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ។ នៅពេលសំណេះសំណាលជាមួយអ្នកភូមិ លោកប្រធានហូជីមិញបានលើកសំណើរប្ដូរឈ្មោះភូមិ Kim Long ទៅជា Tan Lap  ដោយមានក្ដីសង្ឃឹមថាអ្នកភូមិនឹងមានជីវភាពរស់នៅសប្បូរធូធារ សុភមង្គលជាង។ នាថ្ងៃទី ១៦ ខែសីហា អ្នកឃុំជាច្រើនបានចូលរួមជួយឧបត្ថម្ភស្បៀងងអាហារ និងអបអរសាទរមហាសន្និបាតតំណាងប្រជាជននៅសាលាភូមិ Tan Trao ។ ចំពោះលោក Hoang Ngoc វិញ លោកមិនដែលបំភ្លេចរូបភាពលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អានបទបញ្ជាយោធាលេខ ១ ដោយបញ្ជាឲ្យធ្វើដំណើរទ័ពរំដោះទីក្រុងហាណូយនៅក្រោមដើមជ្រៃភូមិ Tan Lap។ លោក Hoang Ngoc បានឲ្យដឹងថា៖ “នៅរសៀលថ្ងៃនោះ ក្រុមយុទ្ធជនបានតម្រង់ជួរនៅក្រោមដើមជ្រៃនេះ ចាប់ផ្តើមច្រៀងបទចម្រៀងក្រោមចំណងជើងថា Tien Quan Ca (ចេញដំណើរទ័ព) ហើយក្រោយមកលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានអានបទបញ្ជាយោធាលេខ ១។ នៅពេលលោកបានអានរួចរាល់ អ្នកទាំងអស់គ្នាបានលើកដៃស្បថ។ ក្រោយមក លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានបាញ់កាំភ្លើង ចំនួន ៣ គ្រាប់ ដោយបញ្ជាឲ្យក្រុមកងទ័ពឆ្ពោះទៅកាន់ខេត្ត Thai Nguyen និងទីក្រុងហាណូយ ដើម្បីការពារ ចលនាក្រោកឈរឡើង នៅចំពោះមុខប្រជាជន និងអ្នកតំណាង ដែលបានចូលរួមមហាសន្និបាត នៅក្រោមដើមជ្រៃនេះផងដែរ”។

មនោសញ្ចេនារបស់បងប្អូនបណ្ដាជនជាតិ Viet Bac ជូនចំពោះលោកប្រធានហូជីមិញ - ảnh 2 លោក Ma Van Vangនៅភូមិ Na Kien ឃុំ Nghia Ta ស្រុក Cho Don  ខេត្ត Bac Kan

ទន្ទឹមនឹងបរិយាកាសដ៏សស្រាក់សស្រាំដណ្ដើមរដ្ឋអំណាចរបស់ប្រទេសជាតិទាំងមូលនោះ ប្រជាជននៅតាមបណ្ដាខេត្ត Viet Bac បានក្រោកឈើឡើងទាំងមូល ។ ក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៤៥) បណ្តាខេត្ត៖ Thai Nguyen  Tuyen Quang  Cao Bang  Bac Kan សុទ្ធតែដណ្ដើមបានជ័យជំនះ។ លោក Nguyen Chuc អ្នកឃុំ Le Lai ស្រុក Thach An ខេត្ត Cao Bang រំលឹកថា៖ “ក្នុងកំឡុងពេលបដិវត្តន៍ខែសីហា ទទួលបានជោគជ័យនោះ ខ្ញុំនៅតែជាកុមារអាយុទើបតែ ១១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានមើលឃើញផ្ទាល់ភ្នែកអំពីចលនាបដិវត្តន៍នាគ្រានោះ។  ក្នុងស្មារតីស្រុកកំណើតបដិវត្តន៍នោះ អ្នកស្រុក Thach An សុទ្ធតែមានអារម្មណ៍សប្បាយរីយរាយ ចូលរួមចលនាបដិវត្តន៍ខែសីហា ។ យើងខ្ញុំតែងតែមានមោទនភាពចំពោះប្រពៃណីនៃស្រុកកំណើតបដិវត្តន៍ ជាពិសេសគឺកន្លែងដែលបានទទួលលោកប្រធានហូជីមិញអញ្ជើញមកធ្វើសកម្មភាពបដិវត្តន៍ផងដែរ”។

ក្នុងកំឡុងពេលតស៊ូ ដណ្ដើមឯករាជ្យជាតិ គ្រប់ជំហាននៃបដិវត្តន៍វៀតណាមនោះ បងប្អូនបណ្ដាជនជាតិភាគតិច Viet Bac តែងតែស្រុះចិត្តគំនិតគ្នាដើរតាមបក្ស តាមបដិវត្តន៍ ដើម្បីវាយបណ្តេញពួកអាណានិគម និងសក្តិភូមិ។ នៅពេលប្រទេសជាតិមានឯករាជ្យ បងប្អូនជនរួមជាតិបានរួមដៃគ្នាកសាងស្រុកកំណើតឲ្យកាន់តែសម្បូរធូធា ដោយសក្តិសមនឹងការលះបង់របស់វីរបុរសនិងយុទ្ធជនពលីដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបូរណភាពទឹកដី ក៏ដូចជាឯកភាពប្រទេសជាតិបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ