ប្រសិទ្ធភាពជាជំហានដំបូងពីរបរចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se ខេត្ត Gia Lai

Chia sẻ
(VOVWORLD) - ដោយមានលក្ខខ័ណ្ឌអាកាសធាតុ និង បរិស្ថាន អំណោយផលសម្រាប់ប្រកបរបរចិញ្ចឹម ត្រចៀកកាំនោះ អ្នកស្រុក Chu Se ខេត្ត Gia Lai បានវិនិយោគនិងសាងសង់ ផ្ទះចិញ្ចឹមត្រចៀកកាំ។ នេះគឺទិសដៅថ្មីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។
ប្រសិទ្ធភាពជាជំហានដំបូងពីរបរចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se ខេត្ត Gia Lai - ảnh 1អ្នកស្រុក Chu Se ខេត្ត Gia Lai បានប្រកបរបរចិញ្ចឹម ត្រចៀកកាំ (រូបថត៖ VOV)

គ្រួសារជាច្រើននៅស្រុក Chu Se បានធ្វើការជួសជុល និងពង្រីកសំណង់លំនៅដ្ឋាន វិនិយោគសាងសង់ផ្ទះចិញ្ចឹមត្រចៀកកាំថ្មី ហើយបានប្រើប្រាស់ឧបករណ៍សំឡេងដើម្បីទាក់ទាញសត្វត្រចៀកកាំមកធ្វើសំបុក និងបន្តពូជ។ បច្ចុប្បន្ននេះ នៅភូមិសាស្ត្រស្រុក Chu Se មានផ្ទះចិញ្ចឹមត្រចៀកកាំប្រមាណ ២៣០ ខ្នងដោយទទួលបានទិន្នផលសំបុកត្រចៀកកាំប្រមាណ ៥០ គីឡូក្រាម/ខែ។ ជាមួយនឹងតម្លៃទីផ្សារចាប់ពី ២០ ទៅ ២៤ លានដុង/គីឡូក្រាមនោះ ប្រាក់ចំណូលរបស់គ្រួសារនីមួយៗពីផ្ទះចិញ្ចឹមត្រចៀកកាំសម្រេចបានពី ២០ ទៅ ៧០ លានដុង/ខែ ហើយគ្រួសារខ្លះទទួលបានប្រាក់ចំណូលរាប់រយលានដុង។ លោក Nguyen Van Hop ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Chu Se បានឲ្យដឹងថា៖ “ស្ថាប័នជំនាញបានធ្វើការណែនាំដល់ក្រុមគ្រួសារនីមួយៗ ឲ្យបំពេញបែបបទអំពីការចុះបញ្ជីអាជីវកម្ម ចុះបញ្ជីមូលដ្ឋានដែលមានលក្ខខ័ណ្ឌអនាម័យ និងសុវត្ថិភាពចំណីអាហារក្នុងការផលិត និងកែច្នៃ ដើម្បីធានាថាផលិតផលសំបុកត្រចៀកកាំនាំមកនូវតម្លៃល្អបំផុតជូនអតិថិជន។ ក្នុងរយៈពេលវែង យើងខ្ញុំនឹងធ្វើការណែនាំដល់គ្រួសារនីមួយៗបំពេញឯកសារដើម្បីចុះឈ្មោះផលិតផលតាមស្តង់ដារនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) របស់ស្រុក Chu Se ហើយឆ្ពោះទៅរកការកសាងពាណិជ្ជសញ្ញាត្រចៀកកាំរបស់ស្រុក Chu Se”។

ទម្រង់ចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se បាននាំមកនូវប្រាក់ចំណូលខ្ពស់ និងស្ថិរភាពជូនគ្រួសារជាច្រើនជាជំហានដំបូង។ ក្នុងស្រុក មានគ្រួសារធ្វើអាជីវកម្មចិញ្ចឹមត្រចៀកកាំគំរូជាច្រើនគ្រួ។ លោក Pham Tien Dung អ្នកឈានមុខគេក្នុងរបរចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៤ លោកបានប្តូរពីរបរដាំម្រេចទៅជារបរចិញ្ចឹមត្រចៀកកាំវិញ។ អាស្រ័យហេតុនេះសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន៖ “នៅខែតុលា ឆ្នាំ ២០១៤ ខ្ញុំបានសាងសង់ផ្ទះទំហំ ៩០ ម៉េត្រការ៉េ ហើយក្នុងរយៈពេល ៧ ឆ្នាំ នៃការចិញ្ចឹមត្រចៀកកាំមក ខ្ញុំទទួលបានបរិមាណផលសំបុកត្រចៀកកាំជាង ២០ គីឡូក្រាមក្នុងមួយខែ។ បច្ចុប្បន្ននេះ ខ្ញុំមានផ្ទៃដីចិញ្ចឹមត្រចៀកកាំជាង ១ ពាន់ម៉េត្រការ៉េនៅជុំវិញផ្ទះ។ យើងត្រូវចំណាយពេលវេលាពី ១ ទៅ ៣ ឆ្នាំ ក្នុងការចិញ្ចឹមត្រចៀកកាំ ទើបទទួលបានសំបុកត្រចៀកកាំច្រើន។ នាដើមឆ្នាំ ២០២២ តម្លៃសំបុកត្រចៀកកាំបានកើនឡើងខ្ពស់ ពោលគឺសំបុកត្រចៀកកាំ ១ គីឡូក្រាមមានតម្លៃរហូតដល់ ២៤ ទៅ ២៥ លានដុង”។

ប្រសិទ្ធភាពជាជំហានដំបូងពីរបរចិញ្ចឹមត្រចៀកកាំនៅស្រុក Chu Se ខេត្ត Gia Lai - ảnh 2សកម្មភាពប្រមូលសំបុកត្រចៀកកាំ (រូបថត៖ VOV)

ស្រដៀងគ្នានេះដែរ គ្រួសារលោក La Van Phong នៅទីរួមស្រុក Chu Se ក៏ទទួលបានប្រាក់ចំណូលស្ថិរភាពពីរបរចិញ្ចឹមត្រចៀកកាំដែរ។ នៅឆ្នាំ ២០១៦ លោកបានវិនិយោគទឹកប្រាក់ជាង ៣០០ លានដុង ដើម្បីសាងសង់ផ្ទះចិញ្ចឹមត្រចៀកកាំជាមួយក្តារបិតពិដាន ឧបករណ៍សំឡេង ឧបករណ៍បង្កើតសំណើម និងសីតុណ្ហភាពសម្រាប់ត្រចៀកកាំចូលមករស់នៅ។ ក្រោយរយៈពេលជាង ៦ ឆ្នាំ នៃការចិញ្ចឹមត្រចៀកកាំមក នាបច្ចុប្បន្ននេះ គ្រួសារលោកទទួលបានប្រាក់ចំណូលជាង ១០០ លានដុងពីការប្រមូលសំបុកត្រចៀកកាំជាមធ្យមប្រចាំខែ។ លោក La Van Phong បានរៀបរាប់ថា៖ “នៅពេលប្រកបរបរចិញ្ចឹមត្រចៀកកាំនោះ ខ្ញុំបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ត្រចៀកកាំ Khanh Hoa នៅទីរួមស្រុក Ayun Pa។ ខ្ញុំបានចិញ្ចឹមត្រចៀកកាំក្នុងផ្ទៃដី ១២០ ម៉េត្រការ៉េ អស់រយៈពេល ៦ ឆ្នាំហើយ ហើយនាឆ្នាំ ២០២១ ខ្ញុំប្រមូលបាន សំបុកត្រចៀកកាំពី ៥០ ទៅ ៦០ គីឡូក្រាម។ របរចិញ្ចឹមត្រចៀកកាំមានលក្ខណៈស្រដៀងនឹងរបរដាំម្រេច និងកាហ្វេ ពោលគឺក្រោយរយៈពេល ៣ ឆ្នាំ គឺទទួលបានប្រាក់ចំណេញហើយ”។

គ្រួសារចិញ្ចឹមត្រចៀកកាំជាច្រើននៅស្រុក Chu Se ក៏បានអភិវឌ្ឍន៍ផលិតផលត្រចៀកកាំស្អាត និងទឹកត្រចៀកកាំជាមួយនឹងតម្លៃខ្ពស់ជាង ដោយបានឆ្លើយតបនឹងតម្រូវការសម្បូរបែបនៃទីផ្សារ។ គ្រួសារចិញ្ចឹមត្រចៀកកាំនានាក៏បានតភ្ចាប់ជាមួយគ្នា ដើម្បីស្វែងរកទិសដៅឲ្យបានសមស្របនារយៈពេលខាងមុខ ដើម្បីផលិតចេញផលិតផលដែលមានគុណភាព។ ផ្នែកកសិកម្មស្រុក Chu Se កំពុងកសាងពាណិជ្ជសញ្ញាត្រចៀកកាំ Chu Se ជាជំហានៗ សំដៅចូលរួមទៅក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីផ្សព្វផ្សាយផលិតផលត្រចៀកកាំទៅទីផ្សារជាតិ និងអន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ