ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប |
ក្នុងឆ្នាំ ២០១៧ ក្រោយពីបញ្ចប់កិច្ចសន្យាការងារនៅកូរ៉េខាងត្បូង បងប្អូនត្រកូល Phung បីនាក់ នៅស្រុក Binh Xuyen ខេត្ត Vinh Phuc បានសម្រេចចិត្តបង្កើតក្រុមហ៊ុនដាំផ្សិតតាមគំរូកសិកម្មទំនើប។ ដំបូងឡើយ ក្រុមហ៊ុនភាគហ៊ុនផ្សិត Phung Gia របស់ពួកគេ ក៏ដូចជាសហគ្រាសចាប់ផ្ដើមអាជីវកម្មដទៃជាច្រើនទៀត បានជួបប្រទះការលំបាកជាច្រើន។ ប៉ុន្តែនាបច្ចុប្បន្ន ក្រោយរយៈពេលប្រតិបត្តិការជិត ៦ ឆ្នាំមក ក្រុមហ៊ុនបានប្រមូលផលផ្សិតជាង ២ តោន/ថ្ងៃ ទទួលបានប្រាក់ចំណូលជាង ៦០ ពាន់លានដុង/ឆ្នាំ (២,៦ លានដុល្លារអាមេរិក)។ លោក Phung Duc Cuong នាយករងក្រុមហ៊ុនហ៊ុនផ្សិត Phung Gia បានឲ្យដឹងថា៖ ផលិតផលផ្សិតរបស់ក្រុមហ៊ុនត្រូវបានផលិតតាមស្តង់ដារ VietGap ។ នាបច្ចុប្បន្នផ្សិតរបស់ក្រុមហ៊ុន ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៤ ដូច្នេះហើយងាយស្រួលក្នុងការផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផល និងអភិវឌ្ឍទីផ្សារ។
“នៅពេលចូលរួមកម្មវិធី OCOP ក្រុមហ៊ុនក៏បានខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។ យើងខ្ញុំមានគោលបំណងទទួលបានជំនួយអំពីទុន បែបបទលិខិតស្នាមដើម្បីពង្រីកទំហំផលិតកម្មផងដែរ”។
ក្នុងនាមជាអង្គភាពមួយ ក្នុងចំណោមអង្គភាពដើមដំដូងដែលបានចូលរួមកម្មវិធី OCOP ក្រុមហ៊ុនភាគហ៊ុនឃ្មុំ Tam Dao ដែលមានទីស្នាក់ការនៅឃុំ Dao Duc ស្រុក Binh Xuyen ខេត្ត Vinh Phuc បច្ចុប្បន្នមានផលិតផល OCOP ផ្កាយ ៤ ចំនួន ១៣ ដែលត្រូវបានផលិតតាមខ្សែសង្វាក់មានវិញ្ញាបនបត្រ GMP ម្ហូបអាហារ (វិញ្ញាបនបត្រអនុវត្តផលិតកម្មល្អ) ។ជារៀងរាល់ឆ្នាំ អង្គភាពបានបញ្ចេញលក់ទឹកឃ្មុំ ប្រមាណ ១៦០ តោន នៅងទីផ្សារក្នុងស្រុក និងនាំចេញប្រមាណ ៦០០ តោន។
យោងតាមលោក Tran Van Tuy នាយកប្រតិបត្តិក្រុមហ៊ុនភាគហ៊ុន Tam Dao បានឲ្យដឹងថា កម្មវិធី OCOP នាំមកនូវគុណតម្លៃវិជ្ជមាន លើកកំពស់ឋានៈពាណិជ្ជសញ្ញាផលិតផលរបស់ក្រុមហ៊ុន៖
“ក្នុងរយៈពេល ២ ឆ្នាំថ្មីៗនេះ អតិថិជនបានស្គាល់ផលិតផលក្នុងកម្មវិធី OCOP ហើយមានជំនឿជាក់ទៅលើផលិតផលគុណភាពផ្កាយ ៤ យ៉ាងខ្ពស់។ ទន្ទឹមនឹងនេះ សហគ្រាសក៏បានចូលរួមក្នុងបណ្តាញផ្សារទំនើបទៀតផង”។
នៅពេលដែលមិនទាន់មានកម្មវិធី OCOP ផលិតផលកសិកម្មនៅខេត្ត Vinh Phuc មិនសូវមានមនុស្សស្គាល់ដល់ឡើយ។ នាបច្ចុប្បន្ន ក្រោយរយៈពេល ៤ ឆ្នាំ នៃការអនុវត្តកម្មវិធី ខេត្ត Vinh Phuc ទាំងមូលមានកសិផលចំនួន ១០៥ ដែលទទួលបានវិញ្ញាបនបត្រ OCOP ក្នុងនោះមានផលិតផលចំនួន ២៦ ទទួលបាន OCOP ផ្កាយ ៤ (លំដាប់ខ្ពស់បំផុត) និងផលិតផលចំនួន ៧៩ ទទួលបាន OCOP ផ្កាយ ៣ ។
ខេត្ត Vinh Phuc អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈកសិកម្មទំនើប |
ក្រៅពីលទ្ធផលដែលសម្រេចបាននោះ ក្នុងការអនុវត្តកម្មវិធី OCOP នៅខេត្ត Vinh Phuc នៅតែជួបប្រទះការលំបាកលំបិនមួយចំនួន។ គួរកត់សម្គាល់ថា យន្តការ និងគោលការណ៍ជួយឧបត្ថម្ភដល់កម្មវិធី OCOP ត្រូវបានរួមបញ្ចូលជាមួយគោលនយោបាយផ្សេងទៀតជាច្រើន ទោះបីជាមានលក្ខណៈពេញលេញក៏ដោយ ប៉ុន្តែការខ្វះភាពស៊ីសង្វាក់គ្នា ដែលនាំឱ្យមានការលំបាកក្នុងការអនុវត្ត។ ការងារផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល OCOP នៅភូមិសាស្ត្រខេត្ត Vinh Phuc នៅតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ គ្មានយុទ្ធសាស្ត្រ និងការតំរង់ទិសដៅជាក់លាក់ ដូច្នេះហើយមិនទាន់បង្កើតបានពាណិជ្ជសញ្ញា និងធាតុចេញស្ថិរភាពសម្រាប់ផលិតផល។ លោក Phung Xuan Tien អនុប្រធានការិយាល័យសម្របសម្រួលអភិវឌ្ឍន៍ជនបទថ្មីខេត្ត Vinh Phuc បានចាត់ទុកថា៖ ការកសាងតម្លៃផលិតផលកសិកម្មស្តង់ដារ OCOP ហើយការថែរក្សា គុណភាពផលិតផល ដែលទទួលបានវិញ្ញាបនបត្រ កំពុងត្រូវបានស្ថាប័នមានសមត្ថកិច្ចគ្រាប់ជាន់ថ្នាក់យកចិត្តទុកដាក់៖
“ការិយាល័យក៏មានផែនការសម្របសម្រួលជាមួយមន្ទីរពាក់ព័ន្ធនានា ចុះត្រួតពិនិត្យការប្រើប្រាស់តែម ស្លាកផលិតផល ហើយថែមទាំងចុះត្រួតពិនិត្យដោយចៃដន្យផលិតផលដែលមានវិញ្ញាបនបត្រ OCOP ដើម្បីត្រួតពិនិត្យថាធានាគុណភាពដែរឬអត់ ដើម្បីចាត់វិធានការរឹបអូសផលិតផលឡើងវិញ”។
កម្មវិធីឃុំមួយផលិតផលមួយ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ជំរុញ និងអភិវឌ្ឍន៍ផលិតផលកសិកម្មពីប្រភពធនធានក្នុងតំបន់។ នេះកំពុងជាទិសដៅរបស់ខេត្ត Vinh Phuc ក្នុងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មតាមទិសដៅទំនើប ប្រកបដោយនិរន្តរភាពផងដែរ៕