ភូមិរបរចងអំបោស Con Nho មានតាំងពីរាប់សិបឆ្នាំមកហើយ ដែលភាគច្រើនប្រមូលផ្តុំនៅភូមិ Binh Thanh។ ព្រឹទ្ធាចារ្យភូមិបានរៀបរាប់ថា កាលពីអតីតកាលនៅស្រុក Con Nho នេះ ដើមត្រែងដុះលូតលាស់យ៉ាងទ្រុពទ្រុល ហើយនៅក្នុងរដូវទឹកឡើង ប្រជាជនទៅយកផ្កាដើមត្រែងមកហាលឱ្យស្ងួត រួចចងជាអំបោសសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។ ម្នាក់នេះបានណែនាំម្នាក់ទៀត បន្តិចម្ដងៗការចងអំបោសបានក្លាយជារបរចិញ្ចឹមជីវិតរបស់គ្រួសារជាច្រើនតាំងពីពេលនោះមក។
លោក Dao Trung Hieu ឧទ្ទេសនាមពីប្រភេទអំបោសមួយចំនួនដែលត្រូវបានផលិតនៅសិប្បកម្មរបស់គាត់។ (រូបថត៖ VOV) |
បច្ចុប្បន្ន ភូមិរបរមានគ្រួសារផលិតនិងធ្វើអាជីវកម្មប្រមាណ៣៥០ គ្រួសារ ដែលទាក់ទាញកម្មករជាង១០០០នាក់។ អំបោសមានពីរប្រភេទគឺ អំបោសផ្កាត្រែង និងអំបោសផ្កាស្មៅ។ តម្លៃប្រហែល ២ ម៉ឺនដុង/ដើម (ជិត ១ ដុល្លារ)។ ជាមធ្យមក្នុងមួយខែ ភូមិផលិតអំបោសបាន២០ម៉ឺនដើម។ ផលិតផលត្រូវបានលក់ចេញទៅតំបន់ជាច្រើនក្នុងប្រទេសនិងនាំចេញទៅបរទេសទៀតផង។ លោក Dao Trung Hieu ម្ចាស់សិប្បកម្មដ៏ធំមួយនៅមូលដ្ឋានបាននិយាយថា៖
“ទីផ្សារនាំចេញភាគច្រើនគឺប្រទេសកម្ពុជាដែលស្រូបយកប្រហែល ៧០% ខណៈដែល ៣០% ត្រូវបានបែងចែកស្មើៗគ្នារវាងទីផ្សារក្នុងស្រុក ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ អាស្រ័យលើការបញ្ជាទិញ អាចមានរថយន្តដឹកទំនិញពី ៤ ទៅ ៥ គ្រឿងក្នុងមួយសប្តាហ៍។ រយៈពេលដ៏មមាញឹក គឺជាប៉ុន្មានខែជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា។ នៅពេលនេះ មានការបញ្ជាទិញបន្ថែមច្រើន ដូច្នេះត្រូវការកម្មករពី៦០ទៅ៧០នាក់ជារៀងរាល់ថ្ងៃ”។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិសិប្បកម្មនេះ បច្ចុប្បន្ននេះ ការចងអំបោសមានការគាំទ្រដោយគ្រឿងចក្រហើយ ដូចជា ម៉ាស៊ីនបាញ់វីសចូលដងអំបោស ដូច្នេះអំបោសអាចប្រើប្រាស់បានយូរនិងស្អាតជាង។ ទោះជាយ៉ាងណាក៏ដោយ ដំណាក់កាលភាគច្រើនក្នុងការចងអំបោសនៅតែត្រូវធ្វើដោយដៃ។ អំបោសមួយដើម មិនថាដងធ្វើពីជ័រ ឬឫស្សី សុទ្ធតែឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា ការរុំ ការចងខ្សែ ជាដើម។ គ្រឿងចក្រទំនើបក៏មិនអាចជំនួសបាតដៃដ៏ប៉ិនប្រសប់របស់មនុស្សបានទេ។ អាស្រ័យដោយមានទីផ្សារអ្នកប្រើប្រាស់ដោយស្ថេរភាព ប្រាក់ចំណូលរបស់កម្មករក៏មានលំនឹងដែរ។ អ្នកស្រី Ha Vy និងអ្នកស្រី Doan Thi Nhu Y ជាអ្នកប្រកបរបរចងអំបោសនៅឃុំ Phu Binh បានឲ្យដឹងថា៖
“ពីមុនខ្ញុំធ្វើការនៅភោជនីយដ្ឋានមួយនៅខេត្ត Binh Duong បន្ទាប់មកត្រឡប់ទៅស្រុកកំណើតធ្វើការងារចងអំបោស។ ខ្ញុំប្រកបរបរនេះបានជាងមួយឆ្នាំហើយ ប្រាក់ចំណូលក៏សមរម្យដែរ”។
“ពីមុនខ្ញុំនៅផ្ទះ ជួយម្តាយមើលថែប្អូនបង្កើត ឥឡូវខ្ញុំធ្វើការចងអំបោស។ ធ្វើការនៅទីនេះមានស្ថិរភាព ទទួលបានប្រាក់ចំណូលពី ៥ ទៅ ៦ លានដុង (២១២ - ២៥៤ ដុល្លារអាមេរិក) ក្នុងមួយខែ”។
ជាមធ្យមក្នុងមួយខែ ភូមិផលិតអំបោសបាន២០ម៉ឺនដើម។ |
បើកាលពីមុន ផ្កាដើមត្រែងដែលជាវត្ថុធាតុដើមស្នូលសម្រាប់ផលិតអំបោស មានតែក្នុងរដូវទឹកជំនន់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ វត្ថុធាតុដើមនេះត្រូវបាននាំចូលពីខេត្តភាគកណ្តាល មិនអាស្រ័យតាមរដូវនោះទេ តែវត្ថុធាតុដើមមានច្រើនសម្បូរហូរហៀរ ដូច្នេះអាចផលិតពេញមួយឆ្នាំ។ លោក Cao Van Muc ម្ចាស់សិប្បកម្មផលិតអំបោសមួយនៅភូមិ Binh Thanh ឃុំ Phu Binh បានឲ្យដឹងថា៖
“កាលពីមុន គេយកផ្កាដើមត្រែងនៅ Ca Mau ឬ Kien Giang... ប៉ុន្តែបានមួយរយៈអស់ហើយ។ ក្រោយមកមានផ្កាដើមត្រែងនៅតំបន់ភាគកណ្តាល គេលក់វាមកឲ្យខ្ញុំពេញមួយឆ្នាំ ដោយមិនដែលខ្វះវត្ថុធាតុដើមទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើអំបោសបានប្រហែល ១០០០ ដើម ដកថ្លៃដើមពលកម្ម គឺអំបោសនីមួយៗរកបានប្រាក់ចំណេញ ១ពាន់ដុង (០,០៤ ដុល្លារ)។
ដើម្បីថែរក្សានិងអភិវឌ្ឍន៍ភូមិរបរ គណៈកម្មាធិការប្រជាជនឃុំ និងធនាគារគោលនយោបាយសង្គមសាខាស្រុក Phu Tan បានបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនទទួលបានប្រភពទុនកម្ចីអនុគ្រោះជាមួយនឹងអត្រាការប្រាក់ទាប។ ក្នុងរយៈពេលវែង លោក Ho Thanh That អ្នកគ្រប់គ្រងភូមិរបរ ឃុំ Phu Binh បានឲ្យដឹងថា៖
“ភូមិរបរបានបង្កើតការងារជូនពលករនៅមូលដ្ឋាន រួមចំណែកធានាសន្តិសុខសង្គម។ ជាទូទៅ អ្នកដែលធ្វើការនៅក្នុងភូមិរបរមិនមែនជាគ្រួសារក្រីក្រ ឬលើបន្ទាត់ក្រីក្រទៀតឡើយ។ តាមតម្រូវការទីផ្សារ តម្រូវឱ្យមានការច្នៃម៉ូដែលឱ្យកាន់តែច្រើននិងសម្បូរបែប។ ឃុំ Phu Binh និងស្រុក An Phu ក៏បានគិតដល់ការបង្កើតម៉ាកយីហោភូមិរបរនេះផងដែរ ដោយបង្កើតសហករណ៍ដើម្បីចងសម្ព័ន្ធគ្នា បង្កើតជាផលិតផល “អំបោស Phu Binh” ដើម្បីលក់ទៅកាន់ទីផ្សារក្នុងតម្លៃខ្ពស់ជាងមុន”។
អំបោសត្រូវបានផលិតពេញមួយឆ្នាំ មិនត្រឹមតែបង្កើតប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្ស ថែរក្សា និងអភិវឌ្ឍន៍មុខរបរប្រពៃណី និងអភិរក្សវប្បធម៌ភូមិរបរទៀតផង៕