ជ្រុងមួយនៃមជ្ឈមណ្ឌលស្រុក Bau Bang ខេត្ត Binh Duong (រូបថត៖ កាសែត Nhan Dan) |
សួនឧស្សាហកម្ម Bau Bang ស្ថិតនៅតាមបណ្តោយផ្លូវហាយវេលេខ ១៣ ដែលជាច្រកទ្វារដោះដូរពាណិជ្ជកម្មដ៏សំខាន់របស់តំបន់ណាមបូខាងកើត និងតំបន់ខ្ពង់រាបភាគកណ្តាល(Tay Nguyen)។ សួនឧស្សាហ៍កម្មនេះ ស្ថិតនៅក្នុងតំបន់ចតុកោនសេដ្ឋកិច្ចសំខាន់ភាគខាងត្បូង ហើយបាននិងកំពុងបង្កើតជំហានដ៏រឹងមាំដើម្បីជួយឱ្យសេដ្ឋកិច្ចខេត្ត Binh Duong អភិវឌ្ឍន៍ឈានទៅមុខ។ ជាមួយនឹងផ្ទៃដីជាង ២.០០០ ហិកតា (ក្នុងនោះផ្ទៃដីអភិវឌ្ឍន៍ឧស្សាហកម្មប្រហែល ១.០០០ ហិកតា និងផ្ទៃដីជាង ១.០០០ហិកតាទៀតសម្រាប់សេវាកម្មនិងទីក្រុង) សួនឧស្សាហកម្ម Bau Bang បានទាក់ទាញអ្នកវិនិយោគធំៗជាច្រើនមកទីនេះដើម្បីសាងសង់គម្រោងរោងចក្រផលិតទំនិញនាំចេញ បង្កើតការងាររាប់ពាន់កន្លែងសម្រាប់កម្មករ។
ជាមួយនឹងទិសស្លោកថា មិនរង់ចាំអ្នកវិនិយោគមករកយើងទេ គួតែស្វែងរកអ្នកវិនិយោគយ៉ាងសកម្ម ខេត្ត Binh Duong បានកែលម្អយ៉ាងខ្លាំងនូវបរិយាកាសវិនិយោគ ក្នុងទិសដៅបើកចំហនិងអំណោយផល។ ជាពិសេសខេត្តតែងតែយកចិត្តទុកដាក់លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសួនឧស្សាហកម្ម ដើម្បីបង្កើតទីតាំងអំណោយផលសម្រាប់អាជីវកម្មក្នុងការវិនិយោគ ផលិតកម្ម និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព។
លោក Vo Thanh Giau ប្រធានគណៈកម្មាធិការប្រជាជនស្រុក Bau Bang (រូបភាព៖ BTV) |
លោក Vo Thanh Giau ប្រធានគណៈកម្មា ធិការប្រជាជនស្រុក Bau Bang បានឲ្យដឹងថា៖ “ស្រុកមានការយកចិត្តទកដាក់យ៉ាងខ្លាំង និងផ្តោតការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ជាមួយកំពង់ផែ ក៏ដូចជាតំបន់សេដ្ឋ កិច្ច។ តាមនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម នៅពេលវិនិយោគក្នុងតំបន់ ក្នុងដំណើរការដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្រៅតំបន់”។
យោងតាមផែនការមេ ខេត្ត Binh Duong កំណត់ការអភិវឌ្ឍសួនឧស្សាហកម្មជា "គម្នាស់" សំខាន់ជួយផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅឧស្សាហកម្ម ពាណិជ្ជកម្ម - សេវាកម្ម និងកសិកម្ម ក្នុងនោះឧស្សាហកម្មដើរតួនាទីសំខាន់ បង្កើតកម្លាំងចលករសម្រាប់ទាក់ទាញការវិនិយោគ អភិវឌ្ឍសេវាកម្ម ទីក្រុង និងកសិកម្ម។ ជាមួយនឹងទិសដៅនោះ ក្នុងរយៈពេលថ្មីៗនេះ ខេត្តបានផ្តោតលើការទាក់ទាញវិនិយោគ ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវឧស្សាហកម្ម មសិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្មនៅស្រុក Bau Bang។ ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០២៤ នេះ ស្រុកទាំងមូលបានទាក់ទាញគម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីចំនួន ៣៦ គម្រោង ក្នុងនោះការវិនិយោគពីបរទេសមានចំនួន ៣៤ គម្រោង ដែលមានទុនចុះបញ្ជីសរុបជិត ៥៩ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ស្រុក មានគម្រោងវិនិយោគចំនួនជិត ១.៥០០ ក្នុងនោះគម្រោងវិនិយោគបរទេសចំនួន ២៨៣ ជាមួយទុនចុះបញ្ជីសរុបជាង ៤,៦ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ អាជីវកម្មបរទេស ជាច្រើនបានមកនិងវិនិយោគចូលសួនឧស្សាហកម្ម Bau Bang ជាមួយនឹងគម្រោងមាន ដើមទុនធំៗដូចជា៖ សម្ព័ន្ធក្រុមហ៊ុន Kalon Industries (កូរ៉េខាងត្បូង) បានវិនិយោគក្នុងគម្រោងផលិតសំបកកង់រថយន្តចំនួន ២២០ លានដុល្លាអាមេរិក។ ក្រុមហ៊ុនចំកាត់ KyungBang Vietnam (កូរ៉េខាងត្បូង) បានវិនិយោគជាង ១៧៩ លានដុល្លារអាមេរិក ដើម្បីផលិតសរសៃអំបោសនិងក្រណាត់; ក្រុមហ៊ុន Polytex Far Eastern Vietnam (តៃវ៉ាន់ ចិន) បានវិនិយោគលើខ្សែសង្វាក់ផ្សំអំបោស-តម្បាញ-ជ្រលក់ពណ៌ ដែលមានដើមទុនជាង ២៧៤ លានដុល្លារអាមេរិក។ គម្រោងទាំងនេះ បានបើកចេញឱកាសជាច្រើន រួមចំណែក ដល់កំណើនសេដ្ឋកិច្ច ចំណូលថវិកា និងបង្កើតការងារដល់កម្មករក្នុងស្រុក។
ជាមួយនឹងទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយចីរភាពផ្សាភ្ជាប់ជាមួយតំបន់ទីក្រុងឆ្លាតវៃ ខេត្ត Binh Duong កំពុងបង្កើតសួនឧស្សាហកម្មបៃតង ដើម្បីទាក់ទាញទុនវិនិយោគ “ស្អាត” បច្ចេកវិទ្យាទំនើប ស្និទ្ធស្នាលជាមួយបរិស្ថាន បង្កើនតម្លៃបំពេញបន្ថែមនិងការប្រកួតប្រជែង។ យោងតាមទិសដៅនោះ ចាប់ពីការចាប់ផ្តើមប្រតិបត្តិការ អាជីវកម្ម ប្រតិបត្តិការនៅសួនឧស្សាហកម្ម Bau Bang បានរៀបចំផែនការការពារបរិស្ថានចីរភាពក្នុងអំឡុងពេលដំណើរការផលិតកម្ម។ អាជីវកម្ម យល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរពណ៌បៃតងនៅក្នុងសកម្មភាពផលិតកម្ម។ ថ្មីៗនេះ ក្រុមហ៊ុនចំកាត់កែច្នៃឈើ Hai Thanh បានវិនិយោគជាង ១.០០០ ពាន់លានដុងនៅក្នុងគម្រោង រោងចក្រនិងការិយាល័យនៅសួនឧស្សាហកម្ម Bau Bang សម្រាប់ជួល លើផ្ទៃដី ១០០.០០០ ម៉ែត្រការ៉េ។ លោក To Van Dan អគ្គនាយកក្រុមហ៊ុនចំកាត់កែច្នៃឈើ Hai Thanh បានឲ្យដឹងថា៖ “សម្រាប់គម្រោងនេះ យើងនឹងធ្វើតាមទិសដៅទំនើប បច្ចេកវិទ្យាបៃតង និងស្អាត។ ដូច្នេះ យើងនឹងជ្រើសរើសដៃគូដែលសមស្របនឹងនិន្នាការដែលសួនឧស្សាហកម្ម Bau Bang កំពុងឆ្ពោះទៅ”។
លើសពីនេះ ដើម្បីឆ្លើយតបនឹងតម្រូវការចង់ស្វែងយល់និងជួលដីរបស់អ្នកវិនិយោគនៅសួនឧស្សាហកម្ម Bau Bangនោះ ខេត្ត Binh Duong កំពុងអនុវត្តដំណោះស្រាយជា ច្រើនសម្រាប់ប្រមូលធនធានវិនិយោគអភិវឌ្ឍន៍ទាំងអស់ ដើម្បីកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។ ក្រៅពីនេះខេត្តកំពុងអនុវត្ត គម្រោងផ្លាស់ប្តូរមុខងារ និងផ្លាស់ប្តូរទីតាំងរោងចក្រដែលមានទីតាំងនៅខាងក្រៅសួនឧស្សាហកម្ម នៅភាគខាងត្បូង ទៅជាសួនឧស្សាហកម្មដែលមានផែនការល្អនៅភាគខាងជើងរបស់ខេត្ត។
Binh Duong ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ សម្រាប់ស្វាគមន៍រលកវិនិយោគ។ ក្រៅពីសួនឧស្សាហកម្ម Bau Bang និងពង្រីកសួនឧស្សាហកម្ម Bau Bang ខេត្តក៏មានសួនឧស្សាហកម្ម Tan Binh សួនឧស្សាហកម្ម Lai Hung និងសួនឧស្សាហកម្ម Cay Truong ដែលកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រៀមខ្លួនទទួលអាជីវកម្មបើករោងចក្រផងដែរ។ ទន្ទឹមនឹងនោះ គម្រោងសួនឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងបើកឱកាសអភិវឌ្ឍន៍ដ៏ធំសម្រាប់មូលដ្ឋាន៕