ទាក់ទាញការវិនិយោគបរទេស - ចំណុចភ្លឺរបស់ខេត្ត Hung Yen

Chia sẻ

(VOVWORLD) - គិតត្រឹមចុងខែកញ្ញាឆ្នាំនេះ នៅខេត្ត Hung Yen មានគម្រោងវិនិយោគថ្មីចំនួន ១១៤ គម្រោង កើនឡើង ៤៨ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនដើមទុនទាក់ទាញថ្មីនិងចំនួនដើមទុនត្រូវបានកែសម្រួលកើនដល់ ១,៧ ពាន់លានដុល្លារ ដែលជាបរិមាណខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។ ក្នុងនោះ មានគម្រោងវិនិយោគ FDI ជិត ៦០០ ដែលមានទុនចុះបញ្ជីសរុបជាង ៧,៦ ពាន់លានដុល្លារអាមេរិក។ ខេត្ត Hung Yen កំពុងក្លាយជាចំណុចភ្លឺរបស់ប្រទេសលើការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ទាក់ទាញការវិនិយោគបរទេស - ចំណុចភ្លឺរបស់ខេត្ត Hung Yen - ảnh 1តំបន់ឧស្សាហកម្ម Thang Long II (ខេត្ត Hung Yen) ទទួលបានគម្រោង FDI ជិត ១០០ គម្រោង (រូបភាព៖ គណៈកម្មាធិការបក្សខេត្ត Hung Yen)

បច្ចុប្បន្ន នៅទូទាំងខេត្តមានតំបន់ឧស្សាហកម្មចំនួន ១៧ កន្លែង ដែលមានផ្ទៃដីជាង ៤.៣០០ ហិកតា; ក្នុងនោះ តំបន់ឧស្សាហកម្មចំនួន ១០ បានដាក់ឲ្យដំណើរការនិងទទួលបានគម្រោងវិនិយោគជាបណ្តើរៗ គម្រោង វិនិយោគបរទេសនៅ Hung Yen ផ្តោតទៅលើក្រុមមុខរបរនិងវិស័យចម្រុះ។ គួរកត់សម្គាល់ថា គម្រោងជាច្រើនមានដើមទុនវិនិយោគធំ និងមានបច្ចេកវិទ្យាខ្ពស់ដូចជា៖ គម្រោងរបស់ ToTo ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបជាង ៤០៣ លានដុល្លារអាមេរិក; គម្រោងរបស់ Nippon Mektron ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបចំនួន ៣០០ លានដុល្លារអាមេរិក; គម្រោងរបស់ Kyocera ដែលមានដើមទុនវិនិយោគចុះបញ្ជីសរុបជាង ២៦៤ លានដុល្លារអាមេរិក; គម្រោង Hoya ដែលមានដើមទុនចុះបញ្ជីសរុប ២១៤ លានដុល្លារអាមេរិកជាដើម។

នាពេលថ្មីៗនេះ ខេត្ត Hung Yen បានបណ្តាក់ទុនយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានចំនួនគម្រោង និងទំហំធំជាងគេមិនធ្លាប់មានពីមុនមកដូចជា៖ ផ្លូវក្រវ៉ាត់ក្រុងលេខ ៤, គម្រោងផ្លូវតភ្ជាប់ផ្លូវល្បឿនលឿន Ha Noi – Hai Phong និង Cau Gie - Ninh Binh ...។ ជាពិសេស  ខេត្ត Hung Yen បានកសាងបរិយាកាសធុរកិច្ចស្និទ្ធស្នាល បង្កើតលក្ខខណ្ឌអំណោយផលនិងងាយស្រួល សម្រាប់អ្នកវិនិយោគក្នុងបែបបទរដ្ឋបាល។
ទាក់ទាញការវិនិយោគបរទេស - ចំណុចភ្លឺរបស់ខេត្ត Hung Yen - ảnh 2លោក Tran Quoc Van លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen (រូបថត៖ Ngo Tran/VTC News)

លោក Tran Quoc Van ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen បានឲ្យដឹងថា៖ “លក្ខណៈតម្លាភាព ការកាត់បន្ថយការចំណាយក្រៅផ្លូវការ ការបណ្តុះបណ្តាលធនធានមនុស្ស ការជួយឧបត្ថម្ភផ្នែកច្បាប់សម្រាប់អាជីវកម្ម និងការជ្រៀតចូលទីផ្សារ។ នៅពេលដែលអាជីវកម្មមកដល់មូលដ្ឋាន នឹងទទួលបានជំនួយផ្នែកច្បាប់ ការចំណាយក្រៅផ្លូវការគឺមិនមានទេ ហើយទន្ទឹមជាមួយគ្នានោះ គឺមានលក្ខណៈតម្លាភាពខ្ពស់ និងរយៈពេលចូលរួមក្នុងទីផ្សារខ្លីបំផុត”។

កិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អបរិយាកាសវិនិយោគរបស់ Hung Yen ត្រូវបានអ្នកវិនិយោគកោតសរសើរយ៉ាងខ្លាំង។ ក្រុមហ៊ុនចំកាត់Shinhwa Contech Hung Yen   ដែលជាសហគ្រាសមួយរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ចាប់ពីការទទួលបានវិញ្ញាបនបត្រវិនិយោគ រហូតដល់ការសាងសង់រោងចក្រ និងចូលប្រតិបត្តិការគឺចំណាយពេលខ្លីប៉ុណ្ណោះ នីតិវិធីក៏រហ័ស ហើយវិនិយោគិនក៏មានការពេញចិត្តផងដែរ។ លោក Ha Young Soo អគ្គនាយកក្រុមហ៊ុនចំកាត់ Shinnwa Contech Hung Yen បានចែករំលែកថា៖ “ក្រុមហ៊ុនយើងខ្ញុំចង់ផ្ញើអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានគណៈកម្មាធិការខេត្ត Hung Yen នាយកដ្ឋាន សាខាពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រង់តំបន់ឧស្សាហកម្ម ដែលបានឧបត្ថម្ភយ៉ាងសកម្មដល់ក្រុមហ៊ុនរបស់យើងខ្ញុំ។ រោងចក្ររបស់យើងនៅ Hung Yen បានសម្រេចចិត្ត វិនិយោគលើការផលិតគ្រឿងបន្លាស់រថយន្ត ហើយដំបូងបង្អស់ យើងគ្រោងនឹងចាប់ផ្តើមជាមួយរោងចក្រមួយសិន ហើយនៅពេលអនាគត យើងនឹងពង្រីកទំហំ និងដំណើរការរោងចក្រផ្សេងមួយទៀត ដើម្បីអាចទាញយកអត្ថប្រយោជន៍ពេញលេញពីលក្ខខណ្ឌទីតាំងភូមិសាស្ត្រដ៏ល្អរបស់ខេត្ត Hung Yen”។

ដោយសារការខិតខំប្រឹងប្រែងលើការកែលម្អបរិយាកាសវិនិយោគ ខេត្ត Hung Yen ទទួលបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការទាក់ទាញការវិនិយោគ រួមចំណែករក្សាសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងមូល។ នៅឆ្នាំ ២០២៣ សន្ទស្សន៍សមិត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) របស់ Hung Yen ជាប់ចំណាត់ថ្នាក់ ១២ ក្នុងខេត្តក្រុងចំនួន ៦៣   កើនឡើងពីរកាំ បើធៀបនឹងឆ្នាំមុន។ សន្ទស្សន៍បៃតងថ្នាក់ខេត្ត (BGI) ជាប់ចំណាត់ថ្នាក់ ៤ ក្នុងចំណោមខេត្តនិងក្រុងទាំង ៦៣ កើនឡើង ១០ កាំដែរ។  

នាពេលខាងមុខ ខេត្តនឹងបន្តផ្តោតលើការច្នៃប្រឌិត និងបង្កើនប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគិន ជាពិសេសអ្នកវិនិយោគធំៗ; ផ្តល់អាទិភាពដល់ការទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន តម្លៃបន្ថែមខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់បណ្តាតំបន់ឧស្សាហកម្ម។ ទន្ទឹមនឹងនោះ ខេត្តបានរួមបញ្ចូលនូវការអភិវឌ្ឍយ៉ាងទូលំទូលាយជាមួយនឹងការអភិវឌ្ឍស៊ីជម្រៅនៅបណ្តាតំបន់ឧស្សាហកម្មដើម្បីបង្កើនភាពប្រកួតប្រជែងថ្នាក់ជាតិនិងអន្តរជាតិ បង្កើតជាចង្កោមឧស្សាហកម្មខ្នាតធំ; ពន្លឿនវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឧស្សាហកម្មដែល ត្រូវបានលោកនាយករដ្ឋមន្ត្រីសម្រេចជាគោលនយោបាយវិនិយោគ។

គោលដៅ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍខេត្ត Hung Yen ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺជាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខេត្ត Hung Yen ប្រកបដោយវិបុលភាព និងសម្បូររុងរឿង ហើយក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់  ឈរលើមូលដ្ឋាននៃការទាញយកសក្តានុពល ប្រៀបខ្លាំង បង្កើតរបកគំហើញក្នុងការកែលំអបរិយាកាសធុរកិច្ច ជាពិសេស កសាង Hung Yen ជាគោលដៅវិនិយោគគួរឲ្យទាក់ទាញ៕

ប្រតិកម្មទៅវិញ