សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៩ - ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះសម្រាប់បណ្តាឆ្នាំជាបន្ត

Chia sẻ

(VOVWORLD) -  ទោះបីត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គជាច្រើនក៏ដោយ ក៏ឆ្នាំ២០១៩ ជាឆ្នាំដែលសេដ្ឋកិច្ច វៀតណាមទទួលបានការផ្លាស់ប្តូរជាវិជ្ជមាននិងគ្រប់ជ្រុងជ្រោយ ដូចនឹងគោលដៅដែលបានដាក់ចេញ។ លទ្ធផលទាំងអស់នេះគឺជាមូលដ្ឋានដើម្បីដាក់ចេញនូវគោល ដៅថ្មី សម្រាប់សេដ្ឋកិច្ចនាឆ្នាំ ២០២០ ជាពិសេសក្នុងបរិបទដែល វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយប្រទេសនិងតំបន់នានាផងដែរ។

សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៩ - ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះសម្រាប់បណ្តាឆ្នាំជាបន្ត - ảnh 1

សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៩ - ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតសន្ទុះសម្រាប់បណ្តាឆ្នាំជាបន្ត (រូបថតៈ Tạp chí Tài Chính)

ឆ្នាំ ២០១៩ ជាឆ្នាំទី២បន្តបន្ទាប់ ដែលសេដ្ឋកិច្ចវៀតណាមបានសម្រេចនិងលើសពីគោលដៅ ១២/១២ ដែលរដ្ឋសភាបានដាក់ចេញ។ ពោលគឺម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពនិងកាន់តែរឹងមាំជាង។ អត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៦,៨% និងអតិផរណាទាបជាង ៣% ។ លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានអោយដឹងថា៖ “រចនាសម្ពន្ធ័សេដ្ឋកិច្ចមានការផ្លាស់ប្តូរវិជ្ជមាននិងកាន់តែជាក់ស្តែង ផលិតភាពការងារនៅតែមានភាពប្រសើរឡើង។ យ៉ាងណាមិញ នៅក្នុងបរិបទលំបាកនោះ វិស័យធំៗ នៅតែអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព។ ផលិតកម្មឧស្សាហកម្មទទួលបានលទ្ធផលខ្ពស់ ដោយផ្តោតលើឧស្សាហកម្មកែច្នៃនិងផលិតកម្ម។ កំណើននៃវិស័យកសិកម្មពិតជាល្អ វិស័យជលផលនិងព្រៃឈើទទួលបានលទ្ធផលខ្ពស់ ហើយស្ថេរភាពនៃផលិតកម្មចិញ្ចឹមសត្វត្រូវបានអនុវត្តយ៉ាងខ្លាំង។ ទន្ទឹមជាមួយគ្នានោះ ការរួមវិភាគទានក្នុងវិស័យសេវាកម្ម ដល់កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់។ វៀតណាមបន្តក្លាយជាទិសដៅទាក់ទាញសម្រាប់ទេសចរអន្តរជាតិ។ ជញ្ជីងពាណិជ្ជកម្មរក្សាបាននូវល្បឿនកំណើនខ្ពស់ អត្រាកំណើននៃការនាំចេញសម្រាប់វិស័យសេដ្ឋកិច្ចក្នុងស្រុកប្រសើរឡើង ហើយការនាំចេញហួសកម្រិតស្ថិតក្នុងឆ្នាំទី៤ជាបន្តបន្ទាប់”។

យ៉ាងណាមិញ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៩ បន្តមានស្ថេរភាពនិងរឹងមាំជាង ហើយសមតុល្យសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ ក្រៅពីនេះ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញបានផ្លាស់ប្តូរកាន់តែវិជ្ជមាននិងជាក់ស្តែង។ នៅក្នុងស្ថានភាពជួបប្រទះនឹងការលំបាកជាច្រើននោះ វិស័យធំៗ នៅតែមានស្ថេរភាព។ពោលគឺ ឆ្នាំ ២០១៩ ក៏បានគៀរគរធនធានជាច្រើនសម្រាប់ការវិនិយោគអភិវឌ្ឍន៍ដោយទុន វិនិយោគអភិវឌ្ឍន៍សង្គមសរុបក្នុងឆ្នាំ ២០១៩ ត្រូវបានប៉ាន់ប្រមាណសម្រេចបានប្រហែល ៣៣,៨% នៃ GDP។

លទ្ធផលកំណើនសេដ្ឋកិច្ចត្រូវបានសម្រេចដោយសារ ឆ្នាំ ២០១៩ ការដឹកនាំរបស់រដ្ឋា ភិបាល មានការច្នៃប្រឌិតថ្មីជាច្រើន និងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការដោះស្រាយបញ្ហាធំៗ កែលំអបរិយាកាសវិនិយោគធុរកិច្ច ក៏ដូចជាលើកទឹកចិត្តការផ្លាស់ប្តូរច្នៃប្រឌិតក្នុងនិន្នាការបដិវត្តន៍ឧស្សាហកម្ម៤.០។ រដ្ឋាភិបាលបានកំណត់ច្បាស់នូវការងារសំខាន់ គឺរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងផ្តោតលើការលុបបំបាត់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម។ ម្យ៉ាងវិញទៀត ផ្តោតលើការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី ដែលជាមូល ដ្ឋានគ្រឹះក្នុងការលើកកម្ពស់ផលិតភាពគុណភាព ប្រសិទ្ធភាពនិងការប្រកួតប្រជែង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “រដ្ឋាភិ បាលបានផ្តោតការយកចិត្តទុកដាក់លើការពិនិត្យឡើងវិញនិងធ្វើឱ្យប្រសើរឡើងនូវយន្តការនិងគោលនយោបាយ ដោយនាំចេញទិសដៅនិងដំណោះស្រាយដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗនៃខឿនសេដ្ឋកិច្ច។ តំបន់ជាច្រើន បានរៀបចំវេទិកានិងសន្និសីទយ៉ាងសកម្ម ដើម្បីជំរុញការវិនិយោគពាណិជ្ជកម្មទេសចរណ៍និងសេវាកម្ម ព្រមទាំងកំណត់អត្តសញ្ញាណក៏ដូចជាលុបចោលការលំបាកនិងបញ្ហានានា និងលើកកម្ពស់សក្តានុពល ភាពខ្លាំង គំរូថ្មីនិង មធ្យោបាយមានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។

ឆ្នាំ ២០១៩ អង្គការអន្តរជាតិដែលមានកិត្យានុភាព រួមទាំងប្រទេសនិងដៃគូជាច្រើនបានវាយតម្លៃខ្ពស់និងអះអាងថា វៀតណាមនៅតែបន្តក្លាយជាចំណុចលេចធ្លោក្នុងតំបន់និងលើសកលលោក។ ពោលគឺ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតនៅលើពិភពលោក សម្រាប់ការវិនិយោគនៅឆ្នាំ ២០១៩ ដែលមានការកើនឡើងចំនួន ១៥ កាំ បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ វេទិកាសេដ្ឋកិច្ចពិភពលោកបានវាយតម្លៃនូវសមត្ថភាពប្រកួតប្រជែងរបស់វៀតណាម គឺត្រូវបានប្រសើរឡើងនៅលើសសរស្តម្ភទាំង ៣ នៃស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធនិងជំនាញដែលជាប់ចំណាត់ថ្នាក់ ៦៧/១៤១ ប្រទេសនិងតំបន់ដែនដី កើនឡើង ១០ កាំ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។

លទ្ធផលដ៏សំខាន់និងគ្រប់ជ្រុងជ្រោយនៃឆ្នាំ ២០១៩ គឺជាបុព្វបទ ដើម្បីសេដ្ឋកិច្ច វៀតណាមឆ្នាំ ២០២០ នឹងឆ្ពោះទៅរកគោលដៅខ្ពស់ជាងនិងកំណើនរឹងមាំជាង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ នៅឆ្នាំ ២០២០ វៀតណាមនឹងបន្តផ្តោតការយកចិត្តទុកដាក់លើស្ថិរភាពម៉ាក្រូ ដោយកំណត់គោល ដៅកំណើន GDP ប្រហែល ៦,៨% ហើយតម្លៃនាំចេញសរុបកើនឡើងប្រមាណ ៧% ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍បន្តថា៖ “វៀតណាមបានផ្តោតលើការធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នសេដ្ឋកិច្ចទីផ្សារទិសដៅ សង្គមនិយម បង្កលក្ខណៈងាយស្រួលទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមជាមួយគ្នានោះ តែងតែ ផ្តោតសំខាន់ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច លើកស្ទួយយ៉ាងខ្លាំងក្លាការសមត្ថភាពប្រកួតប្រជែង ខិតខំដើម្បីចូលរួមបណ្តាប្រទេសនាំមុខអាស៊ានឈានមុខ ធ្វើឱ្យប្រសើរឡើងនូវសន្សន៍ចំណាត់ថ្នាក់អន្តរជាតិ។ ជាពិសេស ជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ឱ្យកាន់តែរឹងមាំនិងជាក់ស្តែង។  លើសពីនេះទៅទៀត បន្តធ្វើអាជីវកម្មប្រើ ប្រាស់និងលើកកម្ពស់ធនធានសេដ្ឋកិច្ច បង្កើតចំណុចលោតផ្លោះមួយក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល”។

ជំនះពុះពារប្រកបដោយប្រសិទ្ធិភាពនូវកំហិត បញ្ហានៅសេសសល់ និងដំណោះស្រាយដើម្បីកសាងនិងជំរុញសេដ្ឋកិច្ច គឺជាការប្តេជ្ញាចិត្តរបស់វៀតណាមនៅឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមមានគោលនយោបាយបង្កើតបរិយាកាសអំណោយផល លើកទឹកចិត្តការចាប់ផ្តើមអាជីវកម្ម ការបង្កើតថ្មីនិងការអភិវឌ្ឍយ៉ាងខ្លាំងនៃសេដ្ឋកិច្ចឯកជន ក៏ដូចជា គាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់សេដ្ឋកិច្ចសមូហភាព សហគ្រាសធុនតូចនិងមធ្យម៕

ប្រតិកម្មទៅវិញ