សហករណ៍កសិកម្ម Tan Thanh បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ដើមពូជ និងធានាការប្រមូលទិញផលិតផលពីគ្រួសារកសិករជាង ៣០០ គ្រួសារនៅស្រុកចំនួន ៣ (រូបថត៖ vov) |
នៅឆ្នាំ ២០១៧ សហករណ៍កសិកម្ម Tan Thanh ត្រូវបានបង្កើតឡើងនៅភូមិ Tan Thanh ឃុំ Nong Thuong ទីក្រុង Bac Kan ដែលមានជំនាញខាងផលិតផលិតផលថែទាំសុខភាព ពីដើមរមៀតពណ៌ក្រហមនិងពណ៌ខ្មៅ។ នេះគឺជាការសម្រេចចិត្តដ៏ក្លាហាន ពីព្រោះនៅពេលនោះដើមរមៀតត្រូវបានដាំដុះដំបូងក្នុងទ្រង់ទ្រាយតូចតាមតំបន់មូលដ្ឋាននានា ដែលមានមនុស្សតិចតួចណាស់ គិតអំពីការអភិវឌ្ឍតាមទ្រង់ទ្រាយធំនោះឡើយ។ សហករណ៍បានហ៊ានវិនិយោគយ៉ាងខ្លាំងក្លាលើរោងចក្រសម្រាប់កែច្នៃនៅនឹងកន្លែង ហើយទំហំផ្ទៃដីដាំដុះដើមរមៀតបានកើនឡើងពីជាង ៣០ ហិកតា រហូតដល់ ១២០ ហិកតា ដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២០០ ហិកតានៅឆ្នាំ ២០២១។ នាបច្ចុប្បន្ន សហករណ៍ Tan Thanh ក៏បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ដើមពូជ និងធានាការប្រមូលទិញផលិតផលពីគ្រួសារកសិករជាង ៣០០ គ្រួសារនៅស្រុកចំនួន ៣ ផងដែរ។ លោកស្រី Nguyen Thi Hong នាយិកាសហករណ៍កសិកម្ម Tan Thanh បានមានប្រសាសន៍ថា៖
«នៅពេលដែលតភ្ជាប់ជាមួយសហករណ៍របស់យើង ដើម្បីផលិតផលិតផល ប្រជាកសិករបានសិក្សាស្រាវជ្រាវដ៏ហ្មត់ចត់ និងមានជំនឿទុកចិត្តយ៉ាងខ្លាំងលើយើងខ្ញុំ។ នាបច្ចុប្បន្ន តម្លៃរមៀតនៅខេត្ត Bac Kan ដែលយើងខ្ញុំបានចុះហត្ថលេខាជាមួយក្រុមគ្រួសារកសិករ គឺមានតម្លៃ ៥ ពាន់ដុង / គីឡូក្រាម បើសិនជា ទីផ្សារមានតម្លៃថយចុះត្រឹមតែ ២០០-៣០០ ដុង/គីឡូក្រាម យើងខ្ញុំនៅតែទិញក្នុងតម្លៃ ៥ ពាន់ដុងដដែល ហើយបើសិនជាទីផ្សារឡើងថ្លៃដល់ ១ ម៉ឺន ទៅ ២ ម៉ឺនដុង / គីឡូក្រាម យើងខ្ញុំក៏នឹងទិញក្នុងតម្លៃនៅលើទីផ្សារឲ្យប្រជាកសិករផងដែរ។ បន្ទាប់ពីចុះកិច្ចសន្យារួចរាល់ហើយ បងប្អូនប្រជាកសិករមានទំនួលខុសត្រូវជាងនេះ ហើយក៏ប្រើប្រាស់ដើមពូជ ការដាំដុះ ការថែទាំ និងប្រមូលផលតាមការតំរង់ទិសដៅរបស់សហករណ៍តែម្តង»។
ខេត្ត Bac Kan មានសហករណ៍បែបថ្មីចំនួន ២២០ កន្លែង។ នាបច្ចុប្បន្ន ឃុំ ចំនួន ៩៧ / ១០៨ បានមានគំរូសហករណ៍ ដែលក្នុងនោះមានសកម្មភាពក្នុង វិស័យកសិកម្មជាង ៨០% និងមានជាងពាក់កណ្តាលនៃផលិតផលទាំង ១៣១ របស់កម្មវិធី «ឃុំមួយ-មានផលិតផលមួយ » (OCOP) នៃតំបន់និមួយៗ ដែលសុទ្ធសឹងតែបានផលិតពីសហករណ៍បែបថ្មីផងដែរ។ ទន្ទឹមនឹងនេះ ខេត្ត Bac Kan បានមានបណ្តាញតភ្ជាប់ធំៗរាប់សិបកន្លែង និងមានបណ្តាញតភ្ជាប់តូចៗជាច្រើនទៀត ដើម្បីធានាចាប់ពីរបៀបដាំដុះ រហូតដល់ ការប្រមូលទិញ កែច្នៃ និងការប្រើប្រាស់ផលិតផលផងដែរ។ លោក Hoang Van Chuong នៅភូមិ Na Buoc ឃុំ Quang Phong ស្រុក Na Ri ខេត្ត Bac Kan បានឲ្យដឹងថា ៖
«ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ការដាំដើមសាគូធ្វើឲ្យយើងខ្ញុំនឹងនរ ចិត្តខ្លាំងពីព្រោះមានកិច្ចសន្យា ធានាការការប្រមូលទិញផលិតផលទាំងនេះ ហើយ។ ម្យ៉ាងវិញទៀត គឺយើងខ្ញុំក៏ទទួលបានការជួយឧបត្ថម្ភពីដើមពូជ ជីផូស្វាត ហើយបន្ទាប់មកក៏ត្រូវបានហ្វឹកហាត់បច្ចេកទេសឱ្យបានច្រើនដងទៀតផង។ លើសពីនេះទៅទៀត មានមនុស្សជាច្រើននៅជំវិញក៏កំពុងធ្វើការនិងសហការជាមួយគ្នា ថែមទៀត ហេតុដូច្នេះយើងខ្ញុំមានអារម្មណ៍នឹងនរចិត្តយ៉ាងខ្លាំងផងដែរ»។
ការប្រមូលផលត្រឡាចនៅ Ba Be (រូបថត៖ baobackan.org.vn) |
លោក Duong Van Huan ប្រធានសម្ព័ន្ធភាពសហករណ៍នៅខេត្ត Bac Kan បានមានប្រសាសន៍ថា៖ តំបន់នានា នឹងបន្តមានគោលនយោបាយយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីពង្រឹងសកម្មភាពសហប្រតិបត្តិការរបស់សហករណ៍នានាដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់គុណភាព ព្រមទាំងបន្តជួយគាំទ្រដល់សហករណ៍ក្នុងការពង្រីកការលក់ចេញទំនិញទៅកាន់ទីផ្សារផងដែរ។ លោក Duong Van Huan បានបន្ថែមទៀតថា៖ «កាលពីមុនខេត្ត Bac Kan មានផលិតផលប្រចាំតំបន់របស់ខ្លួន ប៉ុន្តែវាហាក់ដូចជាសាមញ្ញពេក ដោយសារការវេចខ្ចប់ដោយដៃដែលគ្មាសោភណ្ឌភាព ហើយផលិតផលភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ។ ដូចជាមីសួរសាគូ (Mien Dong) មានភាពល្បីល្បាញនោះ ក៏យកទៅលក់នៅហ្នឹងកន្លែងមួយ ហើយអាជីវករមកទិញដល់កន្លែងប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ ២០១៦ នៅពេលដែលខេត្តបានរៀបចំរចនាសម្ព័ន្ធសហករណ៍ឡើងវិញតាមច្បាប់សហករណ៍ឆ្នាំ ២០១២ សហករណ៍ទាំងនេះ ក៏បានរៀបចំផលិតកម្មឡើងវិញដោយផ្តោតការយកចិត្តទុកដាក់លើគុណភាព ម៉ាកយីហោរចនាម៉ូដផលិតផល ការវេចខ្ចប់ជាដើម។ នាបច្ចុប្បន្ននេះផលិតផលជាទូទៅមានលក្ខណៈស្រស់ស្អាត និងមានគុណភាពច្រើនសម្បូរបែប រួមទាំងជាខេត្តមួយ ក្នុងចំណោមតំបន់តិចតូច ដែលមានផលិតផល OCOP ជាច្រើនសម្រេចបានផ្កាយ ៣ ឡើងទៅផងដែរ»។
សម្រាប់ខេត្តព្រៃភ្នំមួយដែលជួបការលំបាកជាច្រើនដូចជាខេត្ត Bac Kan សហករណ៍នានា កំពុងតែផ្លាស់ប្តូរទំលាប់ផលិតកម្មជាច្រើនរបស់ប្រជាជនចាប់ពីការដោះដូរខ្នាតតូច បានឲ្យប្រែក្លាយទៅជាការជួញដូរមានទ្រង់ទ្រាយធំៗដោយ ផ្តោតសំខាន់ទៅលើគុណភាពទំនិញ និងបង្កើតឡើងជាខ្សែសង្វាក់តភ្ជាប់គ្នានៅក្នុងផលិតកម្មផងដែរ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសិ-រុក្ខកម្មខេត្ត Bac Kan ដែលមានជំហ៊ានអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខផងដែរ៕