កំពង់ផែ Hai Phong ផ្លាស់ប្តូរឌីជីថល​ដើម្បីលើកកំពស់​សមត្ថភាពធ្វើអាជីវកម្ម

Chia sẻ
(VOVWORLD) - ទន្ទឹមនឹងការវិនិយោគលើសម្ភារបរិក្ខាទំនើប និងការអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីលើកកំពស់សមត្ថភាពធ្វើអាជីវកម្ម កំពង់ផែសមុទ្រនៅ Hai Phong បានបើកសេវាកម្មថ្មីជាច្រើន តភ្ជាប់ដោយផ្ទាល់ បង្កលក្ខណៈងាយស្រួលដើម្បីនាំទំនិញវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ។
កំពង់ផែ Hai Phong ផ្លាស់ប្តូរឌីជីថល​ដើម្បីលើកកំពស់​សមត្ថភាពធ្វើអាជីវកម្ម - ảnh 1សាខាកំពង់ផែ Tan Vu នៃក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong។ (រូបថត៖ VOV)

ជាមួយនឹងសកម្មភាពទាំងនេះ កំពង់ផែ Hai Phong កាន់តែអះអាងពីឋានៈរបស់ខ្លួន ជាច្រកចេញចូលសមុទ្រនៃបណ្តាខេត្តភាគខាងជើង និងជាចំណុចសេដ្ឋកិច្ចសមុទ្រដ៏សំខាន់របស់ប្រទេសជាតិ។

នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ សាខាកំពង់ផែ Tan Vu (ក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong) សម្រេចបានគោលដៅសំខាន់នៃកុងតឺន័រចំនួន ១ លាន TEU ដែលបានចេញពីគយ ផ្ទុកនិងដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៅលើរថយន្តគ្រប់ប្រភេទចំនួនជាង ៦០.០០០គ្រឿង ដោយបំពេញគោលដៅ ៤៥ថ្ងៃមុនផែនការឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ សាខាកំពង់ផែ Hoang Dieu ក៏សម្រេចបានទំនិញចេញពីគយប្រមាណ ៦ លានតោន កើនឡើង ១០% បើធៀបនឹងតួលេខដែលសម្រេចបានក្នុងឆ្នាំ ២០២១។

ដំណោះស្រាយមួយដែលក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong បានអនុវត្តដើម្បីសម្រេចបាននូវលទ្ធផលកំណើនគួរឱ្យគត់សម្គាល់ក្នុងឆ្នាំ ២០២២នោះ គឺអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងគ្រប់ប្រតិបត្តិការ។ ចាប់ពីដើមឆ្នាំមក កំពង់ផែ Hai Phong បានដាក់ពង្រាយ ១០០% នៃសេវាកម្ម "កំពង់ផែអេឡិចត្រូនិច ePort" នៅសាខាកំពង់ផែ Tan Vu; ជាជំហានដំបូងទាញយកកម្មវិធី "ច្រកទ្វារឆ្លាតវៃ - Smart Gate" ជួយបង្កើនសមត្ថភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាក្រុមហ៊ុននាវា ក៏ដូចជាសហគ្រាសដឹកជញ្ជូន។ លោក Dao Ngoc Khanh ក្រុមហ៊ុនចំកាត់ HTM Logistics Hai Phong មានប្រសាសន៍ថា៖ “កាលពីមុនមិនមានច្រកទ្វារ E-port នោះទេ ត្រូវប្រើប្រាស់ការបញ្ជាទិញដោយក្រដាស ហើយតម្រង់ជួរយូរណាស់។ មាន E-port ហើយ គឺលឿននិងងាយស្រួលណាស់។ ឥឡូវនេះ ត្រូវតែផ្ញើអ៊ីមែលទៅកាន់ក្រុមហ៊ុននាវា បន្ទាប់មកផ្លាស់ប្តូរនៅលើប្រព័ន្ធរបស់កំពង់ផែប៉ុណ្ណោះ ពិតជាលឿនណាស់។ កំពង់ផែបានអនុវត្តបច្ចេកវិទ្យានៃការប្រគល់សំបកកុងតឺន័រតាមរយៈរូបភាព ហើយអតិថិជនមិនចាំបាច់ទៅជ្រើសរើសទៀតឡើយ។”

ឆ្នាំ ២០២២ គឺជាឆ្នាំទី ៣ ជាប់ៗគ្នា ដែលក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong ស្ថិតក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនដ៏មានកិត្យានុភាពកំពូលទាំង ៥ បើយោងតាមរបាយការណ៍វាយតម្លៃរបស់វៀតណាមសម្រាប់ផ្នែកឧស្សាហកម្មកំពង់ផែ។ លោក Chu Minh Hoang អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Hai Phong បានឲ្យដឹងថា៖ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា “ឆ្ពោះទៅមហាសាគរ” ក្រុមហ៊ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរឌីជីថលលើគ្រប់វិស័យ ឆ្ពោះទៅរកកំពង់ផែបៃតង ឆ្លាតវៃ។ “ក្រៅពី E-port និងប្រព័ន្ធ Smartgate ការគ្រប់គ្រង និងប្រតិបត្តិការយានយន្ត ឧបករណ៍ និងមនុស្សនៅក្នុងកំពង់ផែក៏ត្រូវបានឌីជីថលនីយកម្មផងដែរ។ យើងក៏អនុវត្តការគ្រប់គ្រងលើប្រព័ន្ធ និងកម្មវិធីសម្រាប់បុគ្គលិក ក៏ដូចជាសម្រាប់អ្នកដែលចូលរួមក្នុងប្រព័ន្ធប្រើប្រាស់សេវាកម្មផងដែរ។ ការផ្លាស់ប្តូរព័ត៌មាន និងឆ្លើយតបសំណួររបស់អតិថិជនគឺធ្វើឡើងដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់ប្រព័ន្ធ chatbox និង AI ដើម្បីឆ្លើយតបអតិថិជន"។

កំពង់ផែ Hai Phong ផ្លាស់ប្តូរឌីជីថល​ដើម្បីលើកកំពស់​សមត្ថភាពធ្វើអាជីវកម្ម - ảnh 2កំពង់ផែ Hai Phong បានដាក់ពង្រាយ ១០០% នៃសេវាកម្ម "កំពង់ផែអេឡិចត្រូនិច ePort" នៅសាខាកំពង់ផែ Tan Vu។ (រូបថត៖ VOV)

មានកំពង់ផែសមុទ្រជាច្រើនទៀតនៅ Hai Phong ក៏សម្រេចបានទិន្នផលខ្ពស់ និងអត្រាកំណើនផងដែរ។ នៅឆ្នាំ ២០២២ កំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong បន្តស្វាគមន៍ "នាវាខ្នាតយក្ស" ដោយបើកខ្សែសេវាកម្មអន្តរប៉ាស៊ីហ្វិកថ្មីទៅកាន់ត្រើយខាងលិចសហរដ្ឋអាមេរិក។ វរៈសេនីទោ  Doan Hai Tuan ប្រធានក្រុមប្រឹក្សាសមាជិកនៃកំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong បានបញ្ជាក់ថា៖ “ការសម្រេចបានទំនិញ ១លានTEU គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រតិបត្តិការរយៈពេល ៥ ឆ្នាំនៃកំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong។ ប្រការនេះបានបង្ហាញពីភាពជឿជាក់របស់ក្រុមហ៊ុនដឹកជញ្ជូននានានៅពេលនាំយកកប៉ាល់សេវាកម្មដែលមានទម្ងន់ធ្ងន់ និងទិន្នផលខ្ពស់ ហើយក៏បង្ហាញពីភាពទាក់ទាញការវិនិយោគរបស់ទីក្រុង Hai Phong និងបណ្តាសខេត្តភាគខាងជើងផងដែរ”។ 

អនុវត្តផែនការលម្អិតកំពង់ផែសមុទ្រដល់ឆ្នាំ ២០២០ ទិសដៅដល់ឆ្នាំ ២០៣០ ក្រៅពីកំពង់ផែកុងតឺន័រលេខ ១ និងលេខ ២ នៃកំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang ដែលបានឈានចូលដំណើរការនោះ នៅឆ្នាំ ២០២២ ទីក្រុង Hai Phong និងវិនិយោគិនបានពន្លឿនការអភិវឌ្ឍកំពង់ផែ Lach Huyen ក្នុងចង្កោមកំពង់ផែ Hai Phong ទៅជា "តំបន់កំពង់ផែទំនើប បំពេញតួនាទីជាច្រកទ្វារអន្តរជាតិ រួមផ្សំនឹងការបម្រើគោលដៅនៃការដឹកជញ្ជូនអន្តរជាតិ"។ លោក Hoang Dinh Tuan អគ្គនាយកក្រុមហ៊ុន Hateco Group អ្នកវិនិយោគនៃគម្រោងវិនិយោគសាសងកំពង់ផែលេខ៥ និងលេខ៦ ក្នុងតំបន់កំពង់ផែ Lach Huyen បានឲយដឹងថា៖ “កំពង់ផែសមុទ្រ Lach Huyen គឺជាច្រកទ្វារអន្តរជាតិដែលមានទ្រង់ទ្រាយពិសេស។ ការដាក់ឱ្យដំណើរការកំពង់ផែបានទាន់ពេលវេលានឹងរួមចំណែកដល់បំពេញគោលដៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ធានាអធិបតេយ្យភាពជាតិនៅសមុទ្រ រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេស នាំទំនិញនាំចូលនិងនាំចេញនៃតំបន់ភាគខាងជើងទៅកាន់ទីផ្សារអឺរ៉ុប អាមេរិក; ធានាការធ្វើធ្វើអាជីវកម្មជាអតិបរមានូវគុណសម្បត្តិនៃលក្ខខណ្ឌធម្មជាតិ និងទីតាំងភូមិសាស្រ្តដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច Dinh Vu សំដៅជំរុញសេដ្ឋកិច្ចសង្គមនៅទីក្រុង Hai Phong និយាយដោយឡែក និងតំបន់ភាគខាងជើងនិយាយរួម។”

បូកសរុបឆ្នាំ ២០២២ ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំនិញឆ្លងកាត់កំពង់ផែ Hai Phong នៅតែសម្រេចបាន ១៦៨លានតោន កើនឡើងជិត ១២% បើធៀបនឹងឆ្នាំ ២០២១។ រួមជាមួយនឹងកំពង់ផែសមុទ្រនៅទីក្រុងហូជីមិញនិងកំពង់ផែ Cai Mep (Ba ria - Vung Tau) កំពង់ផែ Hai Phong ស្ថិតក្នុង TOP ១០០ កំពង់ផែកុងតឺន័រដែលមានបរិមាណទំនិញចេញពីគយច្រើនជាងគេបំផុតនៅពិភពលោក នេះបើយោងតាមការរៀបចំណាត់ថ្នាក់របស់ទស្សនាវដ្តីនាវាចរណ៍ Lloyd's List (អង់គ្លេស) ។ ជាមួយនឹងការបំពេញផែនការមេ ការសាងសង់តំបន់ភស្តុភារប្រមូលផ្ដុំនិងមានទ្រង់ទ្រាយធំ ដែលផ្សារភ្ជាប់ជាមួយប្រព័ន្ធកំពង់ផែសមុទ្រ នាពេលខាងមុខ ទីក្រុង Hai Phong នឹងក្លាយទៅជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់នៃកំពង់ផែសមុទ្រអន្តរជាតិ និងតំបន់៕

ប្រតិកម្មទៅវិញ