កាន់លិខិតឆ្លងដែនក្នុងដៃ ត្រៀមរៀបចំបំពេញបែបបទឆ្លងដែននៅបង្គោលព្រំដែនលេខ ៨៣៤/១ ក្នុងស្រុក Trung Khanh ខេត្ត Cao Bang អ្នកស្រី Nguyen Mai Huong ភ្ញៀវទេសចរមកពីខេត្ត Hung Yen បានឲ្យដឹងថា នាងនិងក្រុមគ្រួសារបានធ្វើដំណើរទៅប្រទេសចិនច្រើនដងហើយ ប៉ុន្តែមិនដែលមានការធ្វើដំណើរកម្សាន្តងាយស្រួលដូចបច្ចុប្បន្នទេ៖ “កាលពីមុន ពេលធ្វើដំណើរទៅកាន់ប្រទេសចិនគឺពិបាកណាស់ ព្រោះថាយើងត្រូវជិះយន្តហោះ ហើយចំណាយពេលច្រើនក្នុងការរៀបចំហិរញ្ញវត្ថុនិងពេលវេលាដើម្បីធ្វើដំណើរបានល្អបំផុត។ ឥឡូវនេះ នៅពេលដែល ខេត្ត Cao Bang បានបើកខ្សែទេសចរណ៍តភ្ជាប់ជាមួយប្រទេសចិន យើងមិនត្រូវការចំណាយពេលវេលានិងថវិកាច្រើនពេកដើម្បីបំពេញបែបបទទៀតឡើយ ”។
អ្នកដំណើរគ្រាន់តែត្រូវការខិតឆ្លងដែន ឬលិខិតធ្វើដំណើរប៉ុណ្ណោះ មិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការឡើយ។ រូបថត៖ VOV |
ចាប់តាំងពីខែកញ្ញាឆ្នាំ២០២៣មក នៅពេលដែលវៀតណាម និងចិនបានសាកល្បង អនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើដំណើរទៅមករវាងតំបន់ទេសភាពល្បាក់ទឹក Ban Gioc (វៀតណាម) – Detian (ចិន) ការធ្វើដំណើរឆ្លងដែនមានភាពងាយស្រួលណាស់ នៅពេលដែលអ្នកដំណើរគ្រាន់តែត្រូវការខិតឆ្លងដែន ឬលិខិតធ្វើដំណើរប៉ុណ្ណោះ មិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការឡើយ។ សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនមានឯកសារខាងលើ គ្រាន់តែផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់អង្គភាពទេសចរណ៍ក្នុងរយៈពេល ១ ថ្ងៃមុន ដើម្បីបំពេញបែបបទ។ លើសពីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ទេសភាពធម្មជាតិនេះ ភាគីទាំងពីរក៏បានរៀបចំគោលដៅទស្សនាបន្ថែមទៀត បង្កើនរយៈពេលស្នាក់នៅនិងបទពិសោធន៍របស់ភ្ញៀវទេសចរ ហើយបានរៀបចំកម្មវិធីសិល្បៈជាប្រចាំ ដើម្បីឧទ្ទេសនាមអំពីវប្បធម៌របស់ប្រជាជននៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
ដោយយល់ឃើញពីសក្ដានុពលនៃទេសចរណ៍ឆ្លងព្រំដែន ខេត្ត Cao Bang កំពុងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មទេសចរណ៍ក្នុងការកសាងនិងធ្វើអាជីវកម្មលើខ្សែទេសចរណ៍ឆ្លងកាត់ព្រំដែន។ លោក Nguyen Kien Cuong ប្រធានក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត Cao Bang បានឲ្យដឹងថា៖ “ខេត្ត Cao Bang មានបំណងចង់អភិវឌ្ឍន៍ដំណើរទេសចរណ៍ឆ្លងដែន យ៉ាងហោចណាស់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ។ ពីតំបន់ច្រកទ្វារអន្តរជាតិ Tra Linh ភ្ញៀវទេសចរអាចទៅទស្សនាបឹង Thang Hen ឬកន្លែងមួយចំនួនទៀតដែលអាចវិលវិញល្ងាចបាន។ ផ្ទុយទៅវិញ ភ្ញៀវទេសចរវៀតណាមក៏អាចទៅប្រទេសចិន ហើយវិលវិញល្ងាចផងដែរ។ មកទល់នឹងពេលនេះ ថ្ងៃណាក៏មានឡានក្រុងដឹកអ្នកដំណើរទាំងក្នុងនិងក្រៅខេត្តមកទីនេះដើម្បីធ្វើដំណើរឆ្លងច្រកទ្វារអន្តរជាតិ Tra Linh។ បន្ទាប់ពី Tra Linh ត្រូវបានដំឡើងទៅជាច្រកទ្វារព្រំដែនអន្តរជាតិ ការធ្វើដំណើរកាន់តែមានភាពងាយស្រួល”។
ទេសភាពធម្មជាតិដ៏អស្ចារ្យ វប្បធម៌ដ៏សម្បូរបែប រួមជាមួយនឹងខ្សែព្រំដែនដ៏វែងឆ្ងាយ គឺជាសក្តានុពលសម្រាប់ខេត្ត Cao Bang ក្នុងការសាងសង់និងធ្វើអាជីវកម្មខ្សែទេសចរណ៍ឆ្លងដែន។ រូបថត៖ VOV |
វិលត្រឡប់មកវៀតណាមបន្ទាប់ពីទទួលបទពិសោធន៍រយៈពេល ៦ ម៉ោងនៅតំបន់ទេសភាព DeTian (ចិន) លោកស្រី Hoang Thi Du ភ្ញៀវទេសចរមកពី ខេត្ត Lang Son បានចែករំលែកថា៖ “នាងខ្ញុំរំភើបនិងចាប់អារម្មណ៍ខ្លាំងណាស់។ មានពិធីបុណ្យ Carnaval និងកម្មវិធីសម្តែងសិល្បៈជាច្រើន ក្រៅពីនោះក៏មានតូបលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរដែរ។ ម្ហូបអាហារក៏សម្បូរបែបណាស់ ភ្ញៀវទេសចរនិងប្រជាជនចិនក៏បានរៀបចំសកម្មភាពច្រៀងរាំយ៉ាងសប្បាយរីករាយណាស់”។
ក្រុមហ៊ុនទេសចរណ៍ទាំងអស់សុទ្ធតែទទួលស្គាល់ថា ទេសចរណ៍ឆ្លងដែនគឺជាធនធានដ៏មានតម្លៃនិងសក្តានុពលខ្លាំងរបស់ខេត្ត Cao Bang ។ លោកស្រី Nguyen Thi Hai Nam តំណាងក្រុមហ៊ុនមួយដែកំពុងផ្តល់សេវាទេសចរណ៍រវាងតំបន់ទេសភាពល្បាក់ទឹក Ban Gioc (វៀតណាម) – DeTian (ចិន) បានឲ្យដឹងថា នាពេលខាងមុខ ក្រុមហ៊ុនគ្រោងនឹងបង្កើនដំណើរទេសចរណ៍ឆ្លងដែន ដើម្បីជួយភ្ញៀវទេសចរនៃប្រទេសទាំងពីរ ឲ្យស្វែងយល់ពីទីតាំងល្បីៗជាច្រើនទៀតនៃភាគីទាំងសងខាង មិនត្រឹមតែផ្តោតលើតំបន់ទេសភាពល្បាក់ទឹក Ban Gioc (វៀតណាម) – DeTian (ចិន) ប៉ុណ្នោះទេ៖ “នាពេលកន្លងទៅ ចំនួនភ្ញៀវទេសចរណ៍មានស្ថិរភាពបើទោះជាមិនមានជំហានទម្លុះទម្លាយក៏ដោយ ពោលគឺជារាងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍វៀតណាមប្រហែល ១ ទៅ ២ ក្រុម និងភ្ញៀវទេសចរណ៍ចិនចំនួន ១ ទៅ ២ ក្រុមដែលមកកាន់ទីនេះ។ យើងសង្ឃឹមថា នឹងបន្តទទួលបានការចាប់អារម្មណ៍ពីមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្ត Cao Bang ក្នុងការកសាងផលិតផលទេសចរណ៍ថ្មីថ្មោង ដូចជាកន្លែងកម្សាន្ត ឬកន្លែងទិញទំនិញនានា សំដៅបង្កការទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ”។
ទេសចរណ៍ខេត្ត Cao Bang កំពុងបន្តការតម្រង់ទិសដៅវិនិយោគ ផ្សព្វផ្សាយយន្តការ និងគោលនយោបាយ ដើម្បីទាញយកអត្ថប្រយោជន៍ និងសក្តានុពលដែលមានស្រាប់ ដើម្បីអភិវឌ្ឍទេសចរណ៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ រួមចំណែកធ្វើឱ្យទេសចរណ៍ព្រំដែនក្លាយជាប្រៀបខ្លាំងរបស់ខេត្ត៕