សម្រស់នៃផ្កាឈូកហាណូយ

Chia sẻ

(VOVWORLD) - ទីក្រុងហាណូយមានរដូវផ្កាចំនួន ១២ ហើយរដូវផ្កានីមួយៗបង្កប់នូវភាពស្រស់ស្អាត ពណ៌ និងក្លិនក្រអូបខុសៗគ្នា។ ក្នុងប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយ កំពុងឈានចូលក្នុងរដូវផ្កាឈូក។ ផ្កាឈូកហាណូយមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវខ្យល់ដង្ហើមនៃទឹកដីវប្បធម៌រាប់ពាន់ឆ្នាំនេះទៀត ផង។

សម្រស់នៃផ្កាឈូកហាណូយ - ảnh 1ផ្កាឈូកត្រូវបានដាក់លក់តាមដងផ្លូវនៅទីក្រុងហាណូយ។ (រូបថត៖ VTCNews)

ចាប់ពីដើមខែមិថុនា ដល់ចុងខែកក្កដា អ្នកស្រុកនិងអ្នកទេសចរអាចប្រទះឃើញអ្នកលក់ផ្កា ដែលនាំយកបាច់ផ្កាឈូកស្រស់ៗ ពណ៌ស ពណ៌ផ្កាឈូក លាយជាមួយនឹងស្លឹកឈូកខៀវស្រងាត់ ដើរតាមដងផ្លូវជាច្រើនក្នុងទីក្រុងហាណូយ។ ចំណែកនៅស្រះឈូកវិញ ជាពិសេសនៅតំបន់ Quang An និង Tu Lien នៃខ័ណ្ឌ Tay Ho ប៉ុន្មានថ្ងៃនេះ មានមនុស្សជាច្រើនមកទស្សនា និងថតរូបផ្កាឈូក។

“នៅទីក្រុងហាណូយ មានបឹងឈូកជាច្រើនដូចជា បឹងឈូក Xuan Dinh សាកលវិទ្យាល័យកសិកម្ម ឆ្នេរថ្មទន្លេក្រហម... ទោះជាយ៉ាងណាក៏ដោយ ខ្ញុំចូលចិត្តថតរូបនៅបឹងឈូក Ho Tay ព្រោះវាមានភាពទាក់ទាញខុសប្លែក។ ពេលវេលាដ៏ល្អបំផុតដើម្បីថតរូបផ្កាឈូកគឺចាប់ពីម៉ោង ៦ ដល់ម៉ោង ៩ ព្រឹក។ នៅពេលនោះ ផ្កាឈូកស្រូបយកទឹកសន្សើមគ្រប់គ្រាន់ និងរីកស្មើៗគ្នា។ ហើយពន្លឺព្រះអាទិត្យស្រាលៗ ចែងចាំងចុះមកបឹងឈូក បង្កើតភាពទាក់ទាញសម្រាប់ផ្កាឈូក”។

ផ្កាឈូកដ៏ល្បីល្បាញបំផុតនៅទីក្រុងហាណូយគឺ ផ្កាឈូក Bach Diep ដែលត្រូវបានគេស្គាល់ថា ជាផ្កាឈូកមួយរយស្រទាប់ ដែលត្រូវបានដាំនៅបឹង Ho Tay។ គ្មានកន្លែងណាដែលអាចដាំប្រភេទផ្កាឈូកដ៏ស្រស់ស្អាត ធំ មានស្រទាប់ច្រើន មានភាពស្រស់និងក្លិនក្រអូបឈ្ងុយឈ្ងប់ជាប់បានយូរ ដូចនៅទឹកដីនេះទេ។ លោក Nguyen Van Chien អ្នកស្រុកនៅសង្កាត់ Quang An បានឲ្យដឹងថា៖

“មានកន្លែងជាច្រើននៅទូទាំងប្រទេសដែលដាំផ្កាឈូក ប៉ុន្តែមិនក្រអូបដូចផ្កាឈូកនៅបឹង Ho Tay នោះឡើយ។ Ho Tay មានលក្ខណៈដីខុសពីកន្លែងដទៃ ដូច្នេះផ្កាឈូកដែលដុះនៅទីនេះគឺសមស្របណាស់ នៅពេលដែលផ្ការីក ផ្កាមានក្លិនក្រអូបណាស់។ នោះគឺក្លិនក្រអូបត្រជាក់ ដែលខុសពីក្លិនផ្កាឈូកនៅកន្លែងផ្សេងៗ”។

ព្រឹកព្រលឹម ពេលដែលព្រះអាទិត្យទើបបានរះនោះ ក៏ជាពេលវេលាដែលមនុស្សម្នាទៅបេះផ្កាឈូកដើម្បីអាប់តែ។ នេះគឺជាពេលវេលាដែលផ្កាមានភាពស្រស់ និងក្លិនក្រអូបស្រស់បរិសុទ្ធបំផុត។ តែផ្កាឈូកមិនមែនថ្មីប្លែកទេ ប៉ុន្តែប្រភេទតែនោះ ត្រូវត្រាំដោយអង្ករឈូក Bach Diep ទើបបង្កើតបានរសជាតិតែផ្កាឈូកដ៏ស្រស់បរិសុទ្ធ ត្រជាក់ស្រាល និងក្លិនក្រអូបធម្មជាតិ។ អ្នកត្រាំតែកាន់តែច្រើនដង ក្លិនផ្កាឈូកក៏កាន់តែលាយឡំ ហើយតែក្រអូបកាន់តែយូរផងដែរ។ វិចិត្រករ បណ្ឌិត Tran Hau Yen The បានចាត់ទុកថា៖

“តាមរយៈចលនាដ៏ប្រុងប្រយ័ត្ន ល្អិតល្អន់ និងយកចិត្តទុកដាក់ របស់អ្នកត្រាំតែផ្កាឈូក រសជាតិនៃតែផ្កាឈូកត្រូវបានបង្កើតឡើង ហើយបំប៉នព្រលឹងមនុស្ស”។

យោងតាមសិប្បករតែ Hoang Anh Suong បានឲ្យដឹងថា តែផ្កាឈូកត្រូវបានចាត់ទុកថាជាលក្ខណៈពិសេសមួយនៃរដ្ឋធានីហាណូយ ហើយការទទួលទានតែផ្កាឈូក គឺជាសិល្បៈមួយប្រភេទដែរ ព្រោះអ្នកផឹកតែត្រូវតែមានភាពប៉ិនប្រសប់ ទើបអាចទទួលយកក្នុងអារម្មណ៍នូវភាពឆើតឆាយក្នុងពែងតែបាន។ នេះក៏ជាមោទនភាព និងលក្ខណៈពិសេសនៃវប្បធម៌តែរបស់ជនហាណូយផងដែរ។

“ជនហាណូយដោយមានការស្រឡាញ់ធម្មជាតិ ដូច្នេះពីមូលដ្ឋាននៃតែ Thai Nguyen ឬតែ Shan Tuyet របស់ Ha Giang ជនហាណូយបានលាយបញ្ចូលផ្កាធម្មជាតិជាច្រើនប្រភេទចូលទៅក្នុងនោះ ដូចជាផ្កាម្លិះ ផ្កាគ្រីសាន ផ្កាក្រូចថ្លុង... ហើយជាពិសេសគឺផ្កាឈូក។ នៅប្រទេសវៀតណាម ប្រហែលជាមានប្រភេទតែផ្សេងៗគ្នាជាច្រើន ប៉ុន្តែតែផ្កាឈូកគឺជាប្រភេទតែដ៏មានតម្លៃបំផុត។ វាមិនមែនជារឿងចៃដន្យទេ ដែលមនុស្សពីមុនបានហៅតែផ្កាឈូកថាជាស្តេចតែ”។

សម្រស់នៃផ្កាឈូកហាណូយ - ảnh 2បឹងឈូកមួយនៅខ័ណ្ឌ Tay Ho។ (រូបថត៖ nhandan.vn)

ក្រៅពីតែផ្កាឈូក ជនហាណូយក៏មានចំណងចំណូលចិត្តលេងផ្កាឈូកដែរ។ ផ្កាឈូកមានសម្រស់ស្រស់បរិសុទ្ធ សាមញ្ញ មានក្លិនក្រអូបត្រជាក់ស្រាល ដូច្នេះការគយគន់ផ្កាឈូក អាចជួយឱ្យព្រលឹងមានភាពធូរស្រាលនិងស្រស់ស្រាយ។ លោកស្រី Do Thi Hao នៅខ័ណ្ឌ Dong Da ទីក្រុងហាណូយ បានឲ្យដឹងថា៖

“ពេលរដូវផ្កាឈូកមកដល់ មនុស្សគ្រប់គ្នានៅទីក្រុងហាណូយសុទ្ធតែទន្ទឹងរង់ចាំ ហើយពិសេសបំផុតនោះគឺទិញផ្កាឈូក Dam Tri មួយបាច់ មកដាក់តាំងលម្អក្នុងផ្ទះ។ ពេលផ្ការីកពេញលេញ ស្រស់ស្អាតណាស់។ អ្នកក៏អាចទិញគ្រាប់ផ្កាឈូកបន្តិចបន្តួចមក ដើម្បីអាប់តែ ធ្វើអំណោយ ឬអញ្ជើញភ្ញៀវផងដែរ”។

ផ្កាឈូកក៏ជាប្រភេទរុក្ខជាតិដ៏ពិសេសដែរ។ កម្រមានផ្កាណាមួយ ដែលគ្រប់ផ្នែកទាំងអស់ តាំងពីឫស មើម ដើម ស្លឹក ស្តៅ គ្រាប់ និងផ្កា សុទ្ធតែមានប្រយោជន៍ដូចផ្កាឈូកទេ។ ពីផ្កាឈូក ជនហាណូយអាចកែច្នៃមុខម្ហូប និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ល្អសម្រាប់សុខភាព និងទាក់ទាញជាច្រើន ដូចជា៖ បង្អែមផ្កាឈូក អង្ករដំណើបផ្កាឈូក ស៊ុបឈូក នំឈូក ដែលបង្កប់នូវអត្តសញ្ញាណនៃមុខម្ហូបហាណូយ៕

ប្រតិកម្មទៅវិញ