វីរៈកថា Tay Nguyen – សូរសម្លេងល្វេងល្វើយពីព្រៃជ្រៅ

Chia sẻ

(VOVWORLD) - សម្រាប់ជនជាតិភាគតិចនៅតំបន់ Tay Nguyen វិរៈកថាបង្កប់ដោយកម្រាសវប្បធម៌ដ៏សម្បូរបែប ប្រវត្តិដ៏យូរលង់ ក៏ដូចជាបទពិសោធន៍រស់នៅដ៏យូរអង្វែង។ វីរៈកថានីមួយៗសុទ្ធតែបង្កប់នូវព្រលឹងនៃវប្បធម៌ ដូចជាសូរសំឡេងលាន់រន្ទឺនៃជីវភាពរស់នភរបស់ សហគមន៍ជនជាតិភាគតិចនៅក្នុងព្រៃជ្រៅ ដែលសូរសម្លេងលាន់លឺល្វេងល្វើយ ពីប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ សម្លេងខ្ទរខ្ទារនោះ បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ ឥឡូវនេះមានអារម្មណ៍ឃើញកាន់តែច្បាស់លាស់  នៅក្នុងភូមិជាច្រើន នៅពេលដែលសកម្មភាពសម្តែងត្រូវបានស្ដារឡើងវិញ។

វីរៈកថា Tay Nguyen – សូរសម្លេងល្វេងល្វើយពីព្រៃជ្រៅ - ảnh 1សិប្បករវ័យក្មេង Y Wôn Knul មានឱកាសជាច្រើនដើម្បីណែនាំវីរកថា Mdrong Dam ដល់សាធារណជន (រូបថត៖ VOV)

នៅក្នុងបន្ទប់ទទួលភ្ញៀវនៃផ្ទះវែងក្បែរភ្នក់ភ្លើងនាកណ្តាលអធ្រាត្រ សិល្បករវ័យក្មេង Y Won Knul (នៅភូមិ Ako Dhong ក្រុង Buon Ma Thuot ខេត្ត Dak Lak) បានច្រៀងយឺតៗ បទចម្រៀង Mdrong Dam។ ខ្លឹមសារនិទានរឿងរ៉ាវនៃប្រវត្តិ និងកំណើតរបស់ មាណព្វ Mdrong Dam ដែលជាតួអង្គវីរបុរសនៅក្នុងវីរៈកថា Ede។

តាមរយៈពាក្យដំណាលរបស់សិប្បករ លំហរប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងវិញជាមួយនឹងតួអង្គវីរជនទេវកថា ឈុតឆាកនៃជីវភាពភូមិស្រុក នៅក្នុងប្រពៃណីនៃប្រព័ន្ធវប្បធម៌ Ede ។

ឆ្លងកាត់ជាង ៤០ "រដូវកាល" Y Wôn Knul បានចំណាយពេលជិតពាក់កណ្តាលនៃពេលវេលាសម្របខ្លួនក្នុងលំហនៃវប្បធម៌វីរកថា។ លោកបានសំណាលថា៖ តាំងពីកុមារភាពមក នៅពេលដែលលោកមិនដឹងថាអ្វីជាវីរកថា អ្វីនោះទេ រឿងវប្បធម៌ចម្រុះពណ៌ត្រូវបានសាបព្រួសនៅក្នុងការចងចាំរបស់លោក ហើយរក្សាទុកដដែលនៅក្នុងអារម្មណ៍។

“កាលនៅតូច រស់នៅក្នុងផ្ទះឈើមួយល្វែង គ្រប់ទីកន្លែងដែលខ្ញុំទៅដល់ ខ្ញុំតែងតែលឺសូរសម្លេងគងឃ្មោះ។ នៅពេលខ្ញុំធំដឹងក្តី ខ្ញុំចាប់ផ្តើមយល់គ្រប់ពាក្យ គ្រប់ប្រយោគ ហើយវិរកថាពិតជាមានអត្ថន័យជ្រាលជ្រៅណាស់។ ខ្ញុំមិនយល់ថាតើជីដូនជីតារបស់ខ្ញុំអាចនិពន្ធរឿងដ៏វែងបែបនេះបានយ៉ាងណាទេ។ សាច់រឿងមានលក្ខណៈលម្អិតណាស់ ប៉ុន្តែមានរបៀបនិទានរឿង ហើយខ្ញុំកាន់តែចាស់ ខ្ញុំកាន់តែយល់ និងកាន់តែចូលចិត្តខ្លាំងដែរ”។

បាន “រស់នៅ” ក្នុងលំហវប្បធម៌នៃវីរកថា គឺជាមធ្យោបាយមួយសម្រាប់សិប្បករ Y Wôn Knul ក៏ដូចជាសិប្បករជាច្រើនទៀតនៅក្នុងភូមិស្រុក Tay Nguyen ដើម្បីខិតជិត និងទទួលមរតកនូវប្រភេទអក្សរសិល្ប៍ប្រជាប្រិយនេះ។ ប្រការនេះបង្កើតភាពខុសគ្នារវាងវីរកថា Tay Nguyen និងវីរភាពផ្សេងទៀតជាច្រើននៅក្នុងពិភពលោក។ ដោយសារតែវាមិនត្រឹមតែមាននៅក្នុងសៀវភៅប៉ុណ្ណោះទេ វីរកថា Tay Nguyen ក៏ត្រូវបានបញ្ជូននៅក្នុងជីវភាពសហគមន៍តាមរយៈពាក្យសម្ដី រក្សាទុកក្នុងការចងចាំរបស់ប្រជាជន និងអនុវត្តនៅក្នុងសកម្មភាពសហគមន៍។

វីរៈកថា Tay Nguyen – សូរសម្លេងល្វេងល្វើយពីព្រៃជ្រៅ - ảnh 2វីរកថាត្រូវបានសម្តែងនៅយប់ដែលមានពិធីបុណ្យសព ឬពិធីមង្គលការ (រូបថត៖ VOV)

ក្នុងក្រុមជនជាតិនិមួយៗ វីរកថា មានឈ្មោះខុសៗគ្នា ជនជាតិ Ede ហៅថា Khan ជនជាតិ Jrai ហៅថា Hri ជនជាតិ Mong ហៅ Ot Ndrong ឬជនជាតិ Bana ហៅថា Hamon។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈទូទៅគឺថាខ្លឹមសារនៃវីរកថានីមួយៗមានព្រឹត្តិការណ៍ជាតិ វិលជុំវិញជ័យជម្នះរបស់វីរបុរសដែលការពារភូមិប្រឆាំងនឹងអំណាចងងឹត និងអាក្រក់។ តួអង្គនៅក្នុងវីរកថា មិនមែនជាបុគ្គលទេ ប៉ុន្តែតំណាងឱ្យសេចក្តីប្រាថ្នារបស់សហគមន៍ទាំងមូល ការតស៊ូដើម្បីឧត្តមគតិមនុស្សធម៌ដ៏ថ្លៃថ្នូ។ សាស្ត្រាចារ្យរង បណ្ឌិត Buon Krong Tuyet Nhung សាកលវិទ្យាល័យ Tay Nguyen បានឲ្យដឹងថា៖ “ស្នាដៃវីរកថានីមួយៗ ដំណាលរឿងទាក់ទងនឹងប្រធានបទជាច្រើន។ មានស្នាដៃដែលនិទានរឿងទាក់ទងនឹងប្រធានបទនៃសង្គ្រាម ការបង្រួបបង្រួមកុលសម្ព័ន្ធ។ មានស្នាដៃដែលបង្ហាញពីប្រធានបទនៃអាពាហ៍ពិពាហ៍ និងគ្រួសារ មានស្នាដៃដែលបង្ហាញពីការងារផលិតកម្ម ឬមានស្នាដៃដែលបង្ហាញពីជីវភាពខាងសាសនា។ ហើយជាពិសេស នៅពីក្រោយនោះ គឺជារូបភាពដ៏ពិសេសបំផុតមួយ ដូចដែលយើងបានឃើញនៅក្នុងការអនុវត្ត ដែលទាក់ទងនឹងជីវភាពសង្គមនៃក្រុមជនជាតិភាគតិចនៅតំបន់ Tay Nguyen។

តាមពិត វីរកថាត្រូវបានសំដែងនៅយប់ដែលមានពិធីបុណ្យសព និងពិធីមង្គលការ នៅពេលដែលគ្រប់គ្នាអង្គុយជុំវិញភ្នក់ភ្លើង។ អ្នកដែលច្រៀងវីរកថានិយាយយឺតៗ តាមរបៀបសំណេះសំណាល។ មានរឿងវីរកថា ដែលអាចនិយាយបានត្រឹមតែមួយ យប់ប៉ុណ្ណោះ ហើយក៏មានរឿងវីរកថា ដែលបន្តពីយប់ដល់យប់មួយទៀត ជួនកាលសូម្បីតែពេញមួយសប្តាហ៍។ នេះក៏ជាវិធីបង្រៀនយុវជនផងដែរ។

ក្នុងឆ្នាំ ២០១៤ វីរកថា Tay Nguyen ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ បច្ចុប្បន្ននេះ មូលដ្ឋានជាច្រើននៅតំបន់ Tay Nguyen កំពុងមានដំណោះស្រាយជាច្រើនក្នុងការថែរក្សា និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌នេះ។ ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានទាំងនេះនឹងរួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយប្រភេទអក្សរសិល្ប៍ប្រជាប្រិយនេះក្នុងជីវភាពសហសម័យ៕

ប្រតិកម្មទៅវិញ