ឈុតឆាកក្នុងភាពយន្តសព្វទស្សន៍ “ពេលណាទើបដល់ខែតុលា” (រូបថត៖ vov.vn) |
ក្នុងក្របខ័ណ្ឌនៃគម្រោង “Mobilizing film professionals for regional cooperation in Asia” នៃអង្គការវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ នៃអង្គការសហប្រជាជាតិ (យូណេស្កូ) និងសកម្មភាពជាបន្តបន្ទាប់ “កេរដំណែលនិទានរឿង” ការពិភាក្សា “ភាពយន្តដែលជាកេរដំណែលឬ?” ដែលប្រព្រឹត្តទៅនាពេលថ្មីៗនេះ បានចូលរួមចំណែកដល់តម្រូវការបន្ទាន់ក្នុងការរក្សាទុក ថែរក្សា និងស្ដារខ្សែភាពយន្តសព្វទស្សន៍ ក្នុងនាមជាកេរដំណែលឯកសារពិសេស ដែលត្រូវកិច្ចការការពារជាបន្ទាន់។
យោងតាមអ្នកជំនាញ ភាពយន្តឯកសារ និងភាពយន្តសព្វទស្សន៍ មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងប្រវត្តិសាស្រ្តនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងវិទ្យាសាស្ត្ររបស់ប្រទេសជាតិ។ ឯកសារដែលបានថតនៅលើខ្សែភាពយន្តសព្វទស្សន៍គឺជាតំណាងឲ្យប្រទេសជាតិនិងប្រជាជនវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តសព្វទស្សន៍ គឺជាសម្ភារៈដែលមានអាយុកាលកំណត់ ទាមទារឲ្យមានការយកចិត្តទុកដាក់ ភាពហ្មត់ចត់ក៏ដូចជាការវិនិយោគគ្មានដែនកំណត់ទាំងប្រាក់ និងថាមពលរបស់មនុស្សសម្រាប់ការជួសជួលនិងអភិរក្ស។ បច្ចុប្បន្ននេះ ឈុតខ្សែភាពយន្ត និងឯកសារចាស់ៗជាច្រើន តែងតែមានស្នាមពណ៌ស ប្រេះ ភ្លឹបភ្លែតៗ... ដូច្នេះហើយ ការរក្សាទុកខ្សែភាពយន្តទាំងនេះ គួរតែជាអាទិភាពចម្បងមួយ។ អ្នកដឹកនាំរឿង Nguyen Hoang Diep អ្នកដឹកនាំរឿង “ផ្លុំស្លាបនៅលើមេឃ” បានលើកមតិយោបល់ថា៖ “ភាពយន្តជាកេរដំណែលឯកសារពិសេសមួយប្រភេទ ភាសារបស់វាជាភាសាផ្សេង សម្ភារៈវាជាវត្ថុធាតុផ្សេងគ្នា បរិយាកាសដែលវាត្រូវបានបង្កើតក៏ខុសគ្នាខ្លាំងដែរ លក្ខខណ្ឌសម្រាប់ការរស់រានមានជីវិតរបស់វាក៏ខុសគ្នាខ្លាំងដែរ។ ដូច្នេះការអភិរក្សវាក៏ខុសគ្នាខ្លាំងដែរ។ អ្នកបានឃើញឃ្លាំងស្តុកភាពយន្តដ៏ធំរបស់ពិភពលោក អ្នកក៏ឃើញដែរថា វៀតណាមមានឃ្លាំងកម្កល់ខ្សែភាពយន្តស្រដៀងគ្នា។ បណ្ណសាររដ្ឋបានបំពេញការងារបានល្អណាស់ ប៉ុន្តែដើម្បីបន្តការស្តារឡើងវិញ តើអ្នកជំនាញនៅវិទ្យាស្ថានភាពយន្តនឹងមានធនធានមនុស្សគ្រប់គ្រាន់ដែរឬទេ តើពួកគេនឹងត្រូវជួយបានដែរឬទេ ហើយតើរដ្ឋនៅតែមានថវិកាគ្រប់គ្រាន់សម្រាប់បន្តការងារនេះដែរឬទេ? នោះគឺជាអ្វីដែលត្រូវការចម្លើយពីភាគីច្រើន។ ពោលគឺ ពីការកម្កល់ទុកបាន ស្តារឡើងវិញបាន នោះយើងនឹងគិតអំពីការរក្សាវាឱ្យស្របតាមស្តង់ដារ បន្ទាប់មកផ្សព្វផ្សាយវិធីជាច្រើន”។
យ៉ាងណាមិញ នៅក្នុងតំបន់អាស៊ី វៀតណាមមានអត្រាយឺតយ៉ាវក្នុងការធ្វើឌីជីថលខ្សែភាពយន្តប្លាស្ទិកជាជាងប្រទេសដទៃ។ យោងតាមអ្នកដឹកនាំរឿង លោក Nguyen Thanh Van បានឲ្យដឹងថា ដោយសារបច្ចេកវិទ្យាមានកម្រិត បច្ចុប្បន្ននេះ ស្ទូឌីយោភាពយន្តវៀតណាម ទើបធ្វើឌីជីថលស្នាដៃភាពយន្តដើម បានចំនួនតិចតួចប៉ុណ្ណោះ៖ “ធ្វើបានត្រឹមតែ ៤០% ប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនផលិតវាដោយ telexin ហើយលក់កម្មសិទ្ធិភាពយន្តទាំងនោះទៅឱ្យអ្នកបោះពុម្ពផ្សាយតាមអ៊ីនធឺណិត ដូច្នេះតម្រូវការមានកម្រិតទាបណាស់ ពិតណាស់កំណែនេះអាចប្រើបានតែ លើ អ៊ីនធឺណិតតែប៉ុណ្ណោះ។ វាគ្រាន់តែជាការកត់ត្រាទុកមិនមែនជាការអភិរក្សនោះទេ។ អ្វីដែលត្រូវអភិរក្សគឺបច្ចេកវិទ្យាថ្មីទើបរក្សាបាន ៩០% ដូច្នេះ អ្នកទស្សនាអាចរីករាយជាមួយសំឡេង រូបភាព ភាពអស្ចារ្យនៃរូបភាព យ៉ាងហោចណាស់រូបភាពដែលស្អាតបំផុតត្រូវបានរក្សាទុកក្នុងការចងចាំរបស់អ្នករាល់គ្នា”។
អ្នកជំនាញស្រាវជ្រាវណែនាំដល់សាធារណជននូវខ្សែភាពយន្តប្លាស្ទិកដែលខូចដោយសារផ្សិត និងមិនបានរក្សាត្រឹមត្រូវ (រូបថត៖ VOV) |
តាមបទពិសោធន៍តម្កល់ទុក អភិរក្ស និងផ្សព្វផ្សាយកេរដំណែលភាពយន្តលើពិភពលោក បណ្ឌិត Tran Hoai អ្នកស្រាវជ្រាវផ្នែកនរវិទ្យា វប្បធម៌ និងកេរដំណែលវិទ្យា បានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបញ្ជាក់ពីបញ្ជីសម្ភារៈភាពយន្តដ៏មានតម្លៃ ដើម្បីស្នើគោលនយោបាយជាក់ស្តែងក្នុងការស្តារនិងការអភិរក្សខ្សែភាពយន្តទាំងនោះ៖
“នៅលើពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានធ្វើអនុសាសន៍ស្តីពីកិច្ចការពារសម្ភារៈរូបភាពដែលមានចលនា រួមទាំងខ្សែភាពយន្តផងដែរ។ ហើយបន្ទាប់មកនៅឆ្នាំ ១៩៩២ អង្គការយូណេស្កូមានកម្មវិធីការពារកេរដំណែលឯកសារជាផ្លូវការនៅក្នុងកម្មវិធី "ការចងចាំនៃពិភពលោក" ដែលក្នុងនោះ មានឈុតភាពយន្តត្រូវបានចាត់ទុកថាជាប្រភពដ៏សំខាន់មួយនៃកេរដំណែលឯកសារ ហើយ ឈុតភាពយន្តជាច្រើន ត្រូវបានចុះបញ្ជីក្នុងកម្មវិធីស្តីពីការអភិរក្សកេរដំណែលឯកសារទាំងនេះ។ បទពិសោធន៍លើពិភពលោកមានតម្លៃណាស់សម្រាប់ វៀតណាមក្នុងការចុះបញ្ជីកេរដំណែលភាពយន្ត ដើម្បីមានគោលនយោបាយជាក់ស្តែងលើការ អភិរក្សភាពយន្ត មិនត្រឹមតែភាពយន្តប៉ុណ្ណោះទេ ថែមទាំងមានតម្លៃពាក់ព័ន្ធផ្សេងទៀតផងដែរ ដូចជា បច្ចេកទេសផលិតករភាពយន្ត ផលិតករភាពយន្ត និងទីកន្លែងដែលផ្សាភ្ជាប់នឹងកេរដំណែលនេះ”។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់រដ្ឋក្នុងការថែរក្សាសម្ភារៈភាពយន្ត សាស្ត្រាចារ្យ រងបណ្ឌិត Tran Trong Duong វិទ្យាស្ថានស្រាវជ្រាវ Han Nom នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមវៀតណាមបានលើកឡើងសំណើរថា៖ “ការងារអភិរក្សសម្ភារៈភាព យន្ត ឬអភិរក្សកេរដំណែលនិយាយរួម គួរតែជាកម្មសិទ្ធនៃគោលនយោបាយរបស់រដ្ឋ ត្រូវប្រភពធនធានធំធេង ការឯកភាពគ្នា និងប្រព័ន្ធនយោបាយ ទាំងមូល ព្រមទាំងប្រព័ន្ធស្ថាប័នវប្បធម៌។ ខ្ញុំគិតថា ចាំបាច់ត្រូវមានយុទ្ធសាស្ត្រពីវិស័យភាពយន្ត ដើម្បីមានការណែនាំអំពីគោលនយោបាយចំពោះបក្ស និងរដ្ឋ សម្រាប់ការអភិរក្សកេរដំណែលភាពយន្តនៅវៀតណាម ដែលត្រូវតែបង្កើតច្បាប់ កំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្តីពីកេរដំណែល។ ឃ្លីបវីដេអូ ឃ្លីបភាពយន្ត ព័ត៌មានលម្អិតមួយ គ្រាន់តែជាផ្នែកមួយនៃប្រវត្តិសាស្ត្រជាតិ យើងត្រូវប្រមូលធនធានទាំងអស់ ដើម្បីអភិរក្សប្រភពឯកសារដ៏មានតម្លៃនេះ”។
ថ្វីត្បិតតែភាពយន្តវៀតណាមនៅមានកម្រិតតិចតួចក៏ដោយ ប៉ុន្តែវាត្រូវបានពិភពលោកចាប់អារម្មណ៍ជាមួយនឹងខ្សែភាពយន្តល្បីឈ្មោះ ដូចជា៖ “បងស្រី Tu Hau” “វាលស្រែព្រៃ” ឬ “កាលណាទើបដល់ខែតុលា” ។ល។ ដូច្នេះហើយ វៀតណាមប្រាកដជាត្រូវការយ៉ាងខ្លាំងនូវវិធានការក្នុងការរក្សាទុក ការអភិរក្ស និងស្ដារឡើងវិញនូវខ្សែភាពយន្តប្លាស្ទិក ក្នុងនាមជាកេរដំណែលឯកសារពិសេស ដែលត្រូវការការការពារជាបន្ទាន់៕