អ្នកស្រី Ha Ngan Kim Toi - កម្មាភិបាលរណសិរ្សដែលលះបង់អស់ពីចិត្តដើម្បីការងារនិងប្រជាជន

Chia sẻ

(VOVWORLD) - ជាង ៨ ឆ្នាំផ្សាភ្ជាប់នឹងការងាររណសិរ្សមាតុភូមិឃុំ Lieu Tu ស្រុក Tran De ខេត្ត Soc Trang អ្នកស្រី Ha Ngan Kim Toi ជាជាតិខ្មែរ ដែលជានិច្ចកាលពង្រីកតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។ ក្នុងនាមជាប្រធានគណៈកម្មាធិការ រណសិរ្សមាតុភូមិឃុំ អ្នកស្រីបានបំពេញយ៉ាងល្អនូវការងារចលនាមហាជន រួមចំណែកបង្កើតភាពជាធ្លុងមួយ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាពិសេស អ្នកស្រីតែងតែចូលរួមយ៉ាងសកម្មក្នុងការងារសន្តិសុខសង្គម និងការកសាងជនបទថ្មីនៅមូលដ្ឋាន។

អ្នកស្រី Ha Ngan Kim Toi - កម្មាភិបាលរណសិរ្សដែលលះបង់អស់ពីចិត្តដើម្បីការងារនិងប្រជាជន - ảnh 1អ្នកស្រី Ha Ngan Kim Toi ចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យនៅសន្និសីទលើកសរសើរប្រធានរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំទូទាំងប្រទេសដំណាក់កាល ២០១៧-២០២២។ (រូបថត៖ VOV)

ដោយមានអាយុជាង ៤០ ឆ្នាំ ជាមួយនឹងរូបរាងកាយសមរម្យ ការស្លៀកពាក់សាមញ្ញ និងរួសរាយរាក់ទាក់ អ្នកស្រី Kim Toi ត្រូវបានមិត្តរួមការងារ និងប្រជាជនស្រឡាញ់គោរពខ្លាំងណាស់។ អ្នកស្រី Kim Toi បាននិយាយថា នាងតែងតែទៅកាន់ភូមិនានា ដើម្បីស្វែងយល់ពីក្តីប្រាថ្នា និងការលំបាករបស់ប្រជាពលរដ្ឋ ហើយកៀគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនានានានៅមូលដ្ឋាន។

បញ្ចប់ការសិក្សាជំនាញផ្នែកអភិវឌ្ឍន៍ជនបទពីសាកលវិទ្យាល័យ Can Tho អ្នកស្រី Ha Ngan Kim Toi បានចាប់ផ្ដើមការងារនៅគណៈកម្មាធិការប្រជាជនឃុំ Lieu Tu តាំងពីឆ្នាំ ២០០៥ ហើយធ្លាប់បានទទួលភារកិច្ចការងារជាច្រើន ប៉ុន្តែទោះជាក្នុងតំណែងណាក៏ដោយ ក៏លោកស្រីតែងតែយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ខ្លួនចំពោះប្រជាជន។ អ្នកស្រី Kim Toi បានចែករំលែកថា៖ Lieu Tu ជាស្រុកមួយដែលមានប្រជាជនជនជាតិខ្មែររស់នៅយ៉ាងច្រើន។ កាលពីមុន សេដ្ឋកិច្ចនៅមានការលំបាក គ្រួសារជាច្រើនមិនមានផ្ទះសម្បែងស្ថិរភាពនោះឡើយ។

“ក្នុងដំណើរការការងារ ខ្ញុំបានឃើញគ្រួសារជាច្រើនដែលជួបការលំបាកខាងលំនៅឋាន ដូចជា គេធ្វើការពេញមួយជីវិត ប៉ុន្តែមិនអាចសង់ផ្ទះសមរម្យបានឡើយដើម្បីមានជីវភាពស្ថេរភាព។ នៅពេលនោះខ្ញុំគ្រប់គ្រងមូលនិធិ "ដើម្បីជនក្រីក្រ"។ មូលនិធិ "ដើម្បីជនក្រីក្រ" របស់ខ្ញុំនៅពេលនោះ ក៏កៀងគរមិនបានច្រើន ព្រោះឃុំខ្ញុំជាឃុំក្រីក្រ ជាពិសេសមានជនជាតិភាគតិចច្រើនទៀត ហើយគ្រួសារក្រីក្រនៅពេលនោះក៏មានច្រើនដែរ ដូច្នេះហើយ ខ្ញុំបានស្នើសុំថ្នាក់ដឹកនាំមូលនិធិ "ដើម្បីជនក្រីក្រ" កៀរគរថវិកាដើម្បីសាងសង់ផ្ទះសម្រាប់គ្រួសារក្រីក្រ។ មួយឆ្នាំធ្វើបានផ្ទះមួយពីរខ្នង ហើយធ្វើរហូតមកដល់ពេលនេះ”។

ក្នុងតួនាទីជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ អ្នកស្រី Ha Ngan Kim Toi បានចូលរួមអនុវត្តន៍យ៉ាងសកម្មនូវចលនា “ទិវាដើម្បីជនក្រីក្រ”។ ក្នុងដំណាក់កាលឆ្នាំ ២០១៧-២០២២ ឃុំកៀរគរថវិកាបានជាង ២៤៦ លានដុង (ប្រហែល ១ ម៉ឺនដុល្លារ)។ ដោយមានការជួយឧបត្ថម្ភរបស់ខេត្ត ផ្ទះមហាសាមគ្គីចំនួន ៦៨ ខ្នងត្រូវបានសាងសង់ជូនប្រជាពលរដ្ឋដែលជួបការលំបាកខាងលំនៅឋាន ក្នុងតម្លៃសរុបជាង ២,៧ពាន់លានដុង (ប្រហែល ១១ ម៉ឺនដុល្លារអាមេរិក)។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំ ឃុំ Lieu Tu បានកៀរគរអំណោយជាង ៧៣០០ ចំណែកជូនដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក ដោយទឹកប្រាក់សរុបចំនួន ១,៥ ពាន់លានដុង បានផ្តល់អាហារូបករណ៍រាប់រយចំណែកដល់សិស្សក្រីក្រ ហើយអនុវត្តន៍បានយ៉ាងល្អនូវការងារតបស្នងសងគុណ ការថែរក្សាគ្រួសារគោលនយោបាយ។ អ្នកស្រី Kim Toi ក៏រួមជាមួយរណសិរ្សមាតុភូមិឃុំ ជំរុញខ្លាំងនូវចលនាកសាងជនបទថ្មី ហើយទទួលបានការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីប្រជាជនគ្រប់ស្រទាប់ ដែលបានរ៉ៃអង្គាសទឹកប្រាក់សម្រាប់សាងសង់ផ្លូវ ស្ពានបេតុង និងប្រព័ន្ធធារាសាស្រ្តតាមវាលស្រែ ដោយមានគម្រោងចំនួន ១៥ ត្រូវបានអនុវត្តន៍ក្នុងតម្លៃចំនួន ១,៦ ពាន់លានដុង (ជិត ៦៥ ពាន់ដុល្លារអាមេរិក) រួមចំណែកជាមួយឃុំសម្រេចបានលក្ខណៈវិនិច្ឆ័យចំនួន ១៧/១៩ ក្នុងការងារកសាងជនបទថ្មី។ អ្នកស្រី Kim Toi បានឲ្យដឹងថែមទៀតថា៖

“ទាក់ទងនឹងការងារអនាម័យបរិស្ថាន គឺយើងខ្ញុំធ្វើយ៉ាងទៀងទាត់ឧទាហរណ៍ពេលឃើញថា ផ្លូវមិនស្អាតបាត មិនបៃតង អាចសម្របសម្រួលជាមួយយុវជនដើម្បីបោសសម្អាត។ ហើយចលនាឲ្យប្រជាជន ចូលរួមគំរូដុតសំរាម ជីករណ្តៅផ្ទុកសម្រាម និងប្រមូលសំរាម”។

ជាពិសេស ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ ផ្ទុះរាលដាលយ៉ាងខ្លាំង អ្នកស្រី Kim Toi និងគណៈកម្មាធិការប្រជាជនឃុំបានបំផុស “សេចក្ដីអំពាវនាវ” ដល់អង្គការ និងបុគ្គលនានា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក Nguyen Van Mam លេខារងនៃគណៈកម្មាធិការបក្សឃុំ Lieu Tu បានចែករំលែកថា៖

“អ្នកស្រី Ha Ngan Kim Toi ក្នុងតួនាទីជាប្រធានរណសិរ្សក្នុងអំឡុងប៉ុន្មានឆ្នាំកន្លមកនេះ តែងតែសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន។ នាងគឺជាគំរូឆ្នើមនៅក្នុងជួរកម្មាភិបាលឃុំ។ តាមរយៈចលនាទាំងនេះ យើងឃើញថានាងធ្វើបានល្អណាស់ ជាពិសេសការងារចលនាមហាជន ក្នុងការកាត់បន្ថយភាពក្រីក្រ នាងតែងតែឈានមុខគេ កៀងគរជំនួយពីសប្បុរសជនដើម្បីសាងសង់ផ្ទះជូនគ្រួសារក្រីក្រ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អ្នកស្រី Ha Ngan Kim Toi បានដើរតួជាស្ពានតភ្ជាប់រវាងអាជ្ញាធរនិងប្រជាជន រួមចំណែកបង្កើតភាពឯកឆន្ទ និងពង្រឹងផែនមហាសាមគ្គីរបស់ប្រជាជនទាំងមូល។ ជាមួយនឹងសមិទ្ធិផលនោះ អ្នកស្រី Kim Toi គឺជាគំរូឆ្នើមម្នាក់ដែលត្រូវបានខេត្តជ្រើសរើសធ្វើជាតំណាងចូលរួមសន្និសីទលើកសរសើរប្រធានរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំទូទាំងប្រទេសដំណាក់កាល ២០១៧-២០២២ ដែលទើបបានធ្វើឡើងនៅទីក្រុងហាណូយ ហើយទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ