អ្នកវិទ្យាសាស្ត្រស្ត្រីជក់ចិត្តនឹងការស្រាវជ្រាវច្នៃប្រឌិត

Chia sẻ

(VOVWORLD) -សាស្ត្រាចាររង បណ្ឌិត Dinh Thi Bich Lan ជាគ្រូបង្រៀនជាន់ខ្ពស់នៅសាកលវិទ្យាល័យ Hue ជាអ្នកគ្រូម្នាក់ដែលមានសំណង់ស្រាវជ្រាវត្រួសត្រាយលើវិស័យបសុពេទ្យ។ ផ្លូវទៅរកភាពជោគជ័យរបស់អ្នកវិទ្យាសាស្រ្តជាស្ត្រីរូបនេះគឺឆ្លងកាត់នូវដំណើរការច្នៃប្រឌិតដើម្បីនាំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបម្រើផលិតកម្មកសិកម្មនិងចិញ្ចឹមសត្វ។

អ្នកវិទ្យាសាស្ត្រស្ត្រីជក់ចិត្តនឹងការស្រាវជ្រាវច្នៃប្រឌិត - ảnh 1សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan ជាអ្នកគ្រូមួយរូបជក់ចិត្តនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ 

សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan កើតនៅឆ្នាំ១៩៦០។ លោកស្រីធ្លាប់បំពេញការសិក្សានៅវិទ្យាស្ថានបសុសត្វម៉ូស្កូនៃសហព័ន្ធរុស្ស៊ីនិងបំពេញសំណង់ស្រាវជ្រាវនៅមហាវិទ្យាល័យ Abihiro និង Gifu ដែលជាមហាវិទ្យាល័យល្បីឈ្មោះខាងបណ្តុះបណ្តាលផ្នែកបសុសត្វរបស់ជប៉ុន។ ក្នុងរយៈពេលបំពេញការសិក្សានៅឯកបរទេសនោះ លោកស្រីតែងតែចំណាយពេលវេលានិងការជក់ចិត្តរបស់ខ្លួនដើម្បីការស្រាវជ្រាវវិទ្យាសាស្រ្ត។ លោកស្រី Dinh Thi Bich Lan បានសំណេះសំណាលថា៖

        “ផ្តើមចេញពីការស្រាវជ្រាវ ហើយនោះជាការជក់ចិត្តរបស់នាងខ្ញុំ។ ពេលដែលនាងខ្ញុំបំពេញវគ្គសិក្សាបណ្ឌិតនៅជប៉ុន គឺខ្ញុំតែងតែគិតថា សាលាចង់រីកចម្រើនគឺត្រូវមានកសាងបានអ្នកវិទ្យាសាស្ត្រពូកែមានចំណង់ចំណូលចិត្តនឹងវិជ្ជាជីវៈរបស់ខ្លួន។ ហេតុដូច្នេះបានជា ក្រៅពេលបង្រៀនមក នាងខ្ញុំបានចំណាយពេលវេលា ថែមទាំងប្រាក់កាសថែមទៀតសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ”។

សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan រួមជាមួយសហការីបានចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីស្រាវជ្រាវពូជជ្រូកយកសាច់ដែលផ្តល់ទិន្នផលខ្ពស់។ អស់រយៈពេល១០ឆ្នាំ សំណង់ស្រាវជ្រាវដែលលោកស្រីនិងសហការីទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន រួមចំណែកអភិវឌ្ឍន៍ផលិតកម្មចិញ្ចឹមជ្រូកនៅខេត្ត Thua Thien – Hue និងបណ្តាខេត្តភាគកណ្តាលវៀតណាម។ នាឆ្នាំ២០០៧ សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan បានតែងតាំងជាអនុប្រធានវិទ្យាសា្ថនធនធានបរិស្ថាននិងបច្ចេកវិទ្យាជីវសាស្ត្រនៃមហាវិទ្យាល័យ Hue  ដោយលោកស្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យាជីវសាស្ត្រ។ ដល់ឆ្នាំ២០១៤ លោកស្រីកាន់ដំណែងជាអនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្រនៃមហាវិទ្យាល័យ Hue ខណៈដែលសាលានេះត្រូវបំបែកចេញដាក់ឲ្យដំណើរសកម្មភាពដោយឯករាជ្យ។ វាយតម្លៃអំពីសហការីរបស់ខ្លួន លោក Le Quoc Viet អ្នកស្រាវជ្រាវមួយរូបនៅវិទ្យាសា្ថនបច្ចេកវិទ្យាជីវៈសាស្ត្រមហាវិទ្យាល័យ Hue ឲ្យដឹងថា៖  

“ពេលដែលបញ្ចប់បរិញ្ញាប័ត្រខ្ញុំប្រកបមុខរបររកនៅកសិដ្ឋាន បន្ទាប់មកខ្ញុំបានជួយសាស្ត្រាចារ្យរង បណ្ឌិត Lan ហើយគាត់ជាអ្នកបំផុសការស្រាវជ្រាវដល់រូបខ្ញុំ។ អស់រយៈពេល៧ឆ្នាំកន្លងទៅ ខ្ញុំបានរៀនពីលោកស្រីច្រើនដែរ។ ផលិតផលដែលលោកស្រីស្រាវជ្រាវបាននោះ តែងតែបានអនុវត្តន៍តាមកសិដ្ឋាននានានៅ Hue និង Quang Binh ហើយសុទ្ធតែនាំមកផលិតផលខ្ពស់ ជាពិសេសគឺការបង្ការជំងឺមួយចំនួនសម្រាប់សត្វ។ ជាក់ស្តែងគឺជំងឺដែលបណ្តាលមកពីបាក់តេរី E. coli តែម្តង”។

មិនត្រឹមតែនៅលើវិស័យបសុសត្វទេ អ្នកស្រាវជ្រាវជាស្ត្រីរូបនេះថែមទាំងមានការជក់ចិត្តនឹងការស្រាវជ្រាវអំពីដើមឈើទៀតផង។ សាស្ត្រាចារ្យរង បណ្ឌិត Dinh Thu Bich Lan បានបង្កាត់ឡើងប្រភេទបន្លែនិងផ្លែឈើអនាម័យ មានគុណភាពខ្ពស់ដូចជាផលិតស្ពៃបណ្តុះ សាឡាត់ ប៉េងប៉ោះជប៉ុនគ្រប់ប្រភេទ ពោតបារាំង ស្រការនាគសាច់ក្រហមរួមទាំងដាំបន្លែសមស្របនឹងបម្រែបម្រួលអាកាសធាតុ។ សាស្ត្រាចារ្យរង បណ្ឌិត Phung Thang Long សាកលវិទ្យាធិការរង នៃមហាវិទ្យាល័យកសិកម្មនិងរុក្ខកម្ម Hue បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់សាស្តាចារ្យរង បណ្ឌិត  Dinh Thi Bich Lan៖“ការទទួលស្គាល់របស់ស្ថាប័ននានា បានគូសបញ្ជាក់នូវលទ្ធផលស្រាវជ្រាវរបស់សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan ដែលបានបង្ហាញច្បាស់តាមរយៈពានរង្វាន់ Kovakepskaia ឆ្នាំ២០១៧ ដែលជាពានរង្វាន់សម្រាប់អ្នកវិទ្យាសាស្ត្រជាស្ត្រីនិងពានរង្វាន់មួយចំនួនក្នុងក្របខ័ណ្ឌនៃពានរង្វាន់ច្នៃប្រឌិត វិទ្យាសាស្ត្របច្ចេកទេស បច្ចេកវិទ្យាខេត្ត Thua Thien-Hue ផងដែរ។ តាមសំណង់ស្រាវជ្រាវជាក់ស្តែងនោះ ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់លោកស្រីបានបង្កើតនូវប្រសិទ្ធភាពល្អសម្រាប់បម្រើផលិតកម្ម”។

រហូតមកដល់ពេលនេះ សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan សម្រេចបានសំណង់ស្រាវជ្រាវគ្រប់ជាន់ថ្នាក់ជាង២០សំណង់ បោះពុម្ភផ្សាយកម្មវិធីសិក្សាចំនួនពីរក្បាលនិងនិពន្ធ ៤៦អត្ថបទដែលបានចុះផ្សាយលើទស្សាវដ្តីជំនាញជាតិនិងអន្តរជាតិ។ អស់រយៈពេលជាង៣០ឆ្នាំបំពេញការងារនិងឆ្លងកាត់មុខងារជាច្រើន ប៉ុន្តែក្នុងឋានៈណាក៏ដោយ ក៏សាស្ត្រាចារ្យរង បណ្ឌិត Dinh Thi Bich Lan សុទ្ធតែបានបំពេញល្អភារកិច្ចរបស់ខ្លួន ដោយចូលរួមកិច្ចការបណ្តុះបណ្តាលគ្រប់គ្រងផងនិងឧស្សាព្យាយាមស្រាវជ្រាវនិងច្នៃប្រឌិតសំណង់វិទ្យាសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ