អ្នកគ្រូ Le Thi Hoa និងដំណើរ "សាបព្រួសគ្រាប់ពូជនៃក្តីស្រឡាញ់"

Chia sẻ

(VOVWORLD) - អស់រយៈពេលជិត ២០ ឆ្នាំមកនេះ នៅវត្ត Huong Lan ឃុំ Dong Son ស្រុក Chuong My (រដ្ឋធានីហាណូយ) មានថ្នាក់រៀនឥតគិតថ្លៃទាំងស្រុងសម្រាប់កុមារ "ពិសេស"។ នៅទីនេះ កុមារជាច្រើនដែលរងពិការភាពផ្នែកបញ្ញានិងរាងកាយ ត្រូវបានបង្រៀនអក្សរ។ ថ្នាក់រៀនពិសេសនោះមានឈ្មោះថា “ថ្នាក់រៀននៃសេចក្តីស្រឡាញ់” ដែលដំណើរការចាប់តាំងពីឆ្នាំ ២០០៧ បង្កើតឡើងដោយអ្នកគ្រូ Le Thi Hoa អាយុ ៥០ ឆ្នាំ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា Dong Son (ស្រុក Chuong My ទីក្រុងហាណូយ)។

អ្នកគ្រូ Le Thi Hoa និងដំណើរ "សាបព្រួសគ្រាប់ពូជនៃក្តីស្រឡាញ់" - ảnh 1អ្នកគ្រូ Hoa ណែនាំកូនសិស្សយសរសេរ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍ មិនថាមានពន្លឺថ្ងៃ ឬភ្លៀងធ្លាក់នោះទេ យុវជន Hoang Van Tu នៅឃុំ Phu Nghia ស្រុក Chuong My ទីក្រុងហាណូយ តែងតែក្រោកពីដំណេកតាំងពីព្រលឹម ដើម្បីត្រៀមរៀបចំទៅរៀននៅវត្ត Huong Lan។ ជំងឺដុំសាច់ក្នុងខួរក្បាលបានបណ្តាលឱ្យយុវជនអាយុ១៧ឆ្នាំរូបនេះមានបញ្ញាត្រឹមតែដូចកុមារអាយុ៥ឆ្នាំអញ្ចឹង។ អ្នកស្រី Chinh ម្តាយរបស់ Tu បានសំណេះសំណាលថា៖

“ពេលនៅផ្ទះកូនខ្ញុំមិនលេងជាមួយនរណាទេ។ ពេលមិត្តភក្តិជិតខាងមកលេង ក៏លេងតែម្នាក់ឯងប៉ុណ្ណោះ។ ខ្ញុំសូមនាំកូនទៅថ្នាក់មេត្តារបស់អ្នកគ្រូ Hoa។ សប្បាយណាស់ ដែលត្រូវបានអ្នកគ្រូយកចិត្តទុកដាក់បង្ហាត់បង្រៀន។ អ្នកគ្រូដូចជាម្តាយទីពីរអញ្ចឹង។ តាំងពីកូនទៅរៀនរហូតមកដល់ពេលនេះ កូនមានការរាក់ទាក់ជាងមុន។ ការងារអ្វីក៏ចេះធ្វើដែរ។ ចេះទៅរៀនដោយខ្លួនឯង ហើយចាំផ្លូវមកផ្ទះវិញដែរ”។

អ្នកគ្រូ Hoa បានចាប់ផ្តើមបង្រៀនកុមារដែលរងពិការភាពផ្នែកបញ្ញាដូច Tu តាំងពីឆ្នាំ ១៩៩៧ បន្ទាប់ពីនាងបានរៀបការ ហើយមកធ្វើការនៅសាលាបឋមសិក្សា Dong Son (ស្រុក Chuong My)។ ពេលនោះ ដោយបានដឹងថា នៅក្នុងភូមិមានកុមារជាច្រើនដែលរងពិការភាពផ្នែកបញ្ញា មិនអាចទៅរៀនបាន នាងតែងតែបបួលប្អូនៗមកលេងផ្ទះ។ ផ្ទះបាយដែលមានទំហំត្រឹមតែ ១០ ម៉ែត្រការ៉េ បានក្លាយជាកន្លែងដែលអ្នកគ្រូ Hoa និងកុមារអភ័ព្វបានហាត់ច្រៀង លេងលោតខ្សែពួរ និងចិញ្ចឹមក្តីសុបិនទៅសាលារៀន។

ពេលបើកថ្នាក់រៀនដំបូង អ្នកគ្រូ Hoa មានសិស្សប្រហែល ៩-១៤ នាក់។ នៅពេលដែលចំនួនសិស្សកាន់តែច្រើនឡើងៗ ផ្ទះបាយទំហំ ១០ ម៉ែត្រការ៉េ មិនមានកន្លែងគ្រប់គ្រាន់សម្រាប់អ្នកគ្រូនិងកូនសិស្សទៀតឡើយ ដូច្នេះ អ្នកគ្រូ Hoa បានទៅវត្ត Huong Lan ដើម្បីសុំព្រះចៅអធិការឲ្យបើកថ្នាក់រៀន។ ដោយទទួលបានការយល់ស្រប នាងបានដាក់ពាក្យទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីអនុញ្ញាតឲ្យបើកថ្នាក់បង្រៀន។ ចាប់តាំងពីឆ្នាំ ២០០៧ មក ថ្នាក់មេត្ដាក្នុងវត្ត បានដំណើរការជាទៀងទាត់នៅចុងសប្ដាហ៍។

អ្នកគ្រូ Le Thi Hoa និងដំណើរ "សាបព្រួសគ្រាប់ពូជនៃក្តីស្រឡាញ់" - ảnh 2អ្នកគ្រូ Hoa នាំកូនិស្សទៅលេង។ (រូបថត៖ VOV)

ថ្នាក់រៀនមានទំហំប្រហែល ៨០ ម៉ែត្រការ៉េ ចែកជាពីរផ្នែក។ ខាងលើគឺជាសិស្សដែលស្រូបមេរៀនបានល្អ ហើយត្រូវបានបង្រៀនឱ្យធ្វើគណិតវិទ្យា។ ខាងក្រោមគឺជាសិស្សដែលរងពិការភាពធ្ងន់ធ្ងរជាង ដែលត្រូវការ ការណែនាំយ៉ាងហ្មត់ចត់។ អ្នកគ្រូ Hoa បានសំណេះសំណាលថា៖

“នាងខ្ញុំនិងបងប្អូនសហការី ត្រឹមតែប្រាប់គ្នាថា ពួកយើងមានគ្រប់គ្រាន់ ហើយមានកូនៗឆ្លាតវៃហើយ។ យ៉ាងណាមិញ នៅតែមានកុមារអភ័ព្វជាច្រើន ហើយនាងខ្ញុំនឹងចំណាយពេលព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍ ដើម្បីចែករំលែកក្តីស្រឡាញ់របស់ខ្លួនជាមួយកូនៗ បំពេញមួយផ្នែកនូវកង្វះខាតដែលគ្រួសារពួកគាត់ត្រូវទ្រាំទ្រ”។

អស់រយៈពេលជិត ២០ ឆ្នាំរក្សាថ្នាក់រៀនដោយឥតគិតថ្លៃសម្រាប់កុមារពិការ ឥឡូវនេះថ្នាក់រៀនរបស់អ្នកគ្រូ Le Thi Hoa មានអ្នកគ្រូជំនួយចំនួន ៧ នាក់បន្ថែមទៀត។ អ្នកគ្រូ Pham Thi Hieu ដែលជាគ្រូជំនួយម្នាក់បានចែករំលែកថា៖

“លើកដំបូងមកដល់ថ្នាក់ ខ្ញុំពិតជាមានការសរសើរចំពោះអ្នកគ្រូមុនៗ ហើយក៏ស្រក់ទឹកភ្នែកព្រោះកូនៗមើលទៅគួរអោយអាណិតខ្លាំងណាស់។ ខ្ញុំគិតថា កូនខ្ញុំមានសុខភាពល្អ ហេតុអ្វីកូនអ្នកផ្សេងអភ័ព្វបែបនេះ ដូច្នេះខ្ញុំខិតខំធ្វើការដោយអស់ពីចិត្ត”។

សិស្សជាង ៦០ នាក់ ក៏ជាវាសនាអភ័ព្វជាង ៦០ ដែរ។ ទោះជាយ៉ាងនេះក្ដី ប្អូនៗបានរកឃើញសេចក្ដីរីករាយនិងការចែករំលែកនៅក្នុងថ្នាក់ដ៏ពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់អ្នកគ្រូ Hoa៖

“ខ្ញុំឈ្មោះ Tran Huong Thao ឆ្នាំនេះខ្ញុំមានអាយុ ៩ ឆ្នាំ។ ខ្ញុំស្រឡាញ់អ្នកគ្រូ Hoa ខ្លាំងណាស់ ព្រោះអ្នកគ្រូក៏ស្រឡាញ់ខ្ញុំដែរ។ អ្នកគ្រូតែងតែជូនខ្ញុំអំណោយ បង្រៀនខ្ញុំពីរឿងល្អ ចេះជួយមនុស្សគ្រប់រូប និងកុំធ្វើរឿងអាក្រក់ទេ”។

“ខ្ញុំឈ្មោះ Can Thi Khue ។ ឆ្នាំនេះមានអាយុ ២៩ ឆ្នាំ។ ខ្ញុំបានសិក្សាអស់រយៈពេល ១៧ ឆ្នាំមកហើយ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ដោយសារខ្ញុំបានរៀនពីរបៀបរស់នៅជាមនុស្សល្អ រស់នៅឲ្យបានខ្លាំងក្លា។ អ្នកគ្រូស្រឡាញ់ពួកយើងខ្លាំងណាស់។ ខ្ញុំក៏ស្រឡាញ់អ្នកគ្រូទាំងអស់ដែរ”។

អ្នកគ្រូ Le Thi Hoa បានចែករំលែកថា៖

“មកទល់នឹងពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាអ្នកមានជាងមនុស្សទាំងអស់។ នោះគឺជាសេចក្តីស្រឡាញ់និងភាពធំដឹងក្ដីរបស់កូនៗ។ នោះគឺជាសមិទ្ធផលដែលមនុស្សយ៉ាងតិចតួចអាចទទួលបាន”។

ដោយក្តីស្រឡាញ់ និងការអត់ធ្មត់ចំពោះកូនៗ អ្នកគ្រូ Le Thi Hoa និងបណ្ដាអ្នកគ្រូនៅថ្នាក់រៀននៃក្តីស្រឡាញ់ក្នុងវត្ត Huong Lan កំពុងខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃក្នុងដំណើរបង្ហាត់បង្រៀនកុមារពិការ សាបព្រួសគ្រាប់ពូជនៃក្តីសង្ឃឹមសម្រាប់វាសនាអភ័ព្វ៕

ប្រតិកម្មទៅវិញ