សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang៖ លះបង់អស់មួយជីវិតដើម្បីសិល្បៈជាតិ

Chia sẻ

(VOVWORLD) - ក្នុងប្រវត្តិសាស្រ្តនៃការកសាង និងអភិវឌ្ឍសិល្បៈល្ខោនបដិវត្តន៍វៀតណាម សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang ត្រូវបានគេស្គាល់ដល់ថា ជាមនុស្សម្នាក់ដែលបានលះបង់អស់មួយជីវិតសម្រាប់ចង្វាក់ចម្រៀង cheo។ ជាមួយនឹងទេពកោសល្យរបស់ខ្លួន លោកបាននាំសិល្បៈ cheo ប្រជាប្រិយឡើង ឆាកល្ខោនវិជ្ជាជីវៈ សម្ដែង
ជូនទស្សនិកជនក្នុង និងក្រៅប្រទេស។ ដោយសារអាយុចាស់ជរា និងរោគាពាធ លោកបានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកក្កដាកន្លងទៅ ក្នុងជន្មាយុ ៩៧ ឆ្នាំ។ មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេងចំពោះខឿនសិល្បៈជាតិ។

សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang៖ លះបង់អស់មួយជីវិតដើម្បីសិល្បៈជាតិ - ảnh 1សាស្ត្រាចារ្យ សិល្បករប្រជាជនលោក Tran Bang។ (រូបថត៖ VOV)

ជាបញ្ញាវ័ន្តជំនាញលោកខាងលិចម្នាក់ ប៉ុន្តែនិស្ស័យបាននាំសាស្ត្រាចារ្យ សិល្បករប្រជាជនលោក Tran Bang ផ្សាភ្ជាប់ជាមួយសិល្បៈ cheo តាមបែបធម្មជាតិដូចជោគវាសនាអញ្ចឹង។ រឿងល្ខោន cheo ដំបូងរបស់លោកដែលមានឈ្មោះថា "អ្នកស្រី Tram" បាននិពន្ធនៅឆ្នាំ ១៩៥៣ នៅ Tan Trao ខេត្ត Tuyen Quang នៅពេលដែលលោកកំពុងធ្វើការក្នុងក្រុមល្ខោនបម្រើការតស៊ូ។ នៅយប់ថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ ១៩៥៣ ការសម្ដែងរឿង “អ្នកស្រី Tram” ជាលើកដំបូងក៏ជារាត្រីសម្ដែងបម្រើលោកប្រធានហូជីមិញផងដែរ។ នេះគឺជាមោទនភាពមួយរបស់សិល្បករ Tran Bang ក្នុងអាជីពរបស់ខ្លួន។ 

សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang មានបទពិសោធន៍ជាង ៥០ ឆ្នាំជាមួយនឹងអាជីពជាអ្នកដឹកនាំរឿងល្ខោន cheo។ លោកក៏មានការរួមចំណែកជាច្រើនក្នុងការសម្រាំង និងអភិរក្សរឿង cheo បុរាណ កែសំរួល កសាងរឿងថ្មីៗ សរសេរនាដកថា cheo ក៏ដូចជាការសរសេរសៀវភៅស្រាវជ្រាវអំពីសិល្បៈ cheo ផងដែរ។ ការជក់ចិត្តនិភាពក្លៀវក្លារបស់សិល្បករ Tran Bang ចំពោះ cheo ត្រូវបានបង្ហាញនៅក្នុងរឿង "Quan Am Thi Kinh" ដែលលោកបាននិពន្ធក្នុងឆ្នាំ ១៩៥៧។ នេះជាស្នាដៃល្ខោនមួយក្នុងចំណោមស្នាដៃល្ខោនដ៏ល្បីល្បាញបំផុតរបស់វៀតណាម។ អ្នកដឹកនាំរឿង Tran Luc កូនប្រុសរបស់សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang បាននិយាយថា៖

“ឪពុកខ្ញុំបានលះបង់អស់មួយជីវិតដើម្បីសិល្បៈ cheo ហើយលោកក៏បានបន្សល់ទុកមកនូវស្នាដៃដ៏អមតៈផងដែរ។ ឧទាហរណ៍ថា រឿង “Quan Am Thi Kinh” ឬរឿង “Xuy Van” នោះ រហូតមកដល់ពេលនេះ ត្រូវបានសម្ដែងមិនមែនមួយពាន់លើកទេ ប៉ុន្តែរាប់ពាន់លើកហើយ។ រឿង cheo ទាំង ២ នោះអាចនិយាយបានថាជាស្តង់ដារនៃសិល្បៈ cheo នៅពេលនេះនិងជារៀងរហូត”។ 

សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang៖ លះបង់អស់មួយជីវិតដើម្បីសិល្បៈជាតិ - ảnh 2សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang និងកូនប្រុស អ្នកដឹកនាំរឿង Tran Luc។ (រូបថត៖ VOV)

សិល្បករប្រជាជន Le Tien Tho អតីតអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងជាអតីតប្រធានសមាគមសិល្បករល្ខោនវៀត ណាម បានចាត់ទុកថា ការច្នៃប្រឌិតរបស់សាស្រ្តាចារ្យ សិល្បករប្រជាជនលោក Tran Bang បានលើកឆាកល្ខោនប្រជាប្រិយទៅជាឆាកល្ខោនវិជ្ជាជីវៈដែលមានការរៀបចំ។ លោកក៏ជាសិល្បករម្នាក់ក្នុងចំណោមសិល្បករដែលបានបង្កើតឡើងសមាគមសិល្បករឆាកល្ខោនវៀតណាមកាលពី៦០ឆ្នាំមុនផងដែរ។

“លោកមានគុណូបការៈដ៏ធំធេងចំពោះវិស័យល្ខោន ជាពិសេសសម្រាប់ល្ខោន cheo។ ពីឆាកល្ខោនសាលាភូមិមិនអាជីព លោកបានរៀបចំឡើងវិញនូវការសម្តែង និងរឿងប្រជាប្រិយ ដើម្បីនាំទៅសម្ដែងលើឆាកល្ខោនទំនើបដូចជា "Quan Am Thi Kinh", "Xùy Van" ជាដើម។ លោកជាអ្នករៀបចំប្រកបដោយប្រសិទ្ធភាព ដែលបានលើកឆាកល្ខោនប្រជាប្រិយទៅជាឆាកល្ខោនវិជ្ជាជីវៈ”។ 

ស្រលាញ់ cheo ជក់ចិត្តនឹង cheo ហើយខ្វល់ខ្វាយចំពោះអនាគតរបស់ cheo សិល្បករប្រជាជនលោក Tran Bang បានលះបង់អស់មួយជីវិតដើម្បីស្រាវជ្រាវ ស្វែងយល់ និងច្នៃប្រឌិត cheo។ សូម្បីតែនៅពេលមានអាយុ ៨០ ឆ្នាំ ក៏ដោយ សិល្បករប្រជាជនលោក Tran Bang នៅតែកាន់ប៊ិច សរសេរស្នាដៃ "Tran Bang - អ្នកដឹកនាំរឿង cheo"។ ជាមួយនឹងចំណេះដឹង និងបទពិសោធន៍ដែល បានឆ្លងកាត់ផ្ទាល់ខ្លួន លោក Tran Bang បានប្រមូលផ្តុំទៅជាស្នាដៃរិះគន់ទ្រឹស្តីជួរមុខ។ នេះគឺត្រីវិស័យរបស់សិល្បករ cheo ជាច្រើនជំនាន់និយាយដោយឡែក និងសិល្បៈល្ខោនប្រពៃណីនិយាយរួម។ អ្នកនិពន្ធរឿងល្ខោន Chu Thom ចែករំលែកថា៖

“លោក Bang គឺជាអ្នកប្រកបអាជីពដោយអស់ពីចិត្ត ជាមនុស្សដ៏អស្ចារ្យម្នាក់ក្នុងវិស័យ cheo ជាលោកគ្រូ អ្នកដឹកនាំរឿង និងអ្នករៀបចំ។ លោកជាមនុស្សម្នាក់ដែលមានឥទ្ធិពលដ៏ទូលំទូលាយក្នុងមជ្ឈដ្ឋានអាជីព បងប្អូន និងមហាជន”។

កាលនៅរស់ ទោះបីជាមានអាយុលើសពី ៩០ ឆ្នាំក៏ដោយ ក៏សិល្បករប្រជាជន Tran Bang នៅតែធ្វើការដោយមិនចេះនឿយណាយ ដើម្បីអនាគតដ៏ភ្លឺស្វាងនៃសិល្បៈ cheo។ អាជីពរបស់សាស្រ្តាចារ្យ សិល្បករប្រជាជន Tran Bang បានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃឆាកល្ខោន cheo និងសិល្បៈប្រពៃណីវៀតណាម។ ដោយមានការលះបង់របស់ខ្លួន សាស្រ្តាចារ្យ សិល្បករប្រជាជន លោក Tran Bang មានកិត្តិយសដោយត្រូវបានរដ្ឋប្រគល់ជូនពានរង្វាន់ហូជីមិញផ្នែកអក្សរសាស្ត្រ សិល្បៈ។ ថ្វីត្បិតតែ “មេកន្ទ្រាញ cheo” បានលាចាកលោកទៅហើយក្ដី ប៉ុន្តែការលះបង់របស់លោកចំពោះសិល្បៈជាតិ នៅតែគងវង្សស្ថិតស្ថេជារៀងរហូត ដែលជាឃ្លាំងចំណេះដឹងដ៏មានតម្លៃសម្រាប់សិល្បករជំនាន់ក្រោយៗ៕

ប្រតិកម្មទៅវិញ