អ្នកស្រី Nguyen Thi Yen Ly (ខាងស្ដាំ) ទទួលរងជំងឺស្វិតសាច់ដុំពីកំណើត ប៉ុន្តែបានខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព។ |
ជារៀងរាល់ថ្ងៃ រូបភាពអ្នកស្រី Nguyen Thi Yen Ly ព្យាយាមដើរឡើងចុះតាមជណ្តើរ បង្រៀនការដេប៉ាក់ដោយអស់ពីចិត្តដល់សិស្សានុសិស្សនៅគ្រឹះស្ថានកាត់ដេរ Nguyen Ly បានក្លាយជារូបភាពដ៏ជិតស្និទ្ធជាមួយប្រជាជននៅសង្កាត់ទី ៧ ទីក្រុង Ca Mau។ នៅគ្រឹះស្ថានកាត់ដេរ Nguyen Ly តែងតែមានបុគ្គលិកប្រហែល ១០ នាក់កំពុងសិក្សានិងធ្វើការ។ មានជនពិការដូចអ្នកស្រី Ly ហើយមានមនុស្សខ្លះទៀត ដែលមានស្ថានភាពរស់នៅលំបាក ក៏មករៀនប្រកបរបរដើម្បីចិញ្ចឹមជីវិតដែរ។ អ្នកស្រី Nguyen Thi Thanh (នៅឃុំ Hoa Thanh ទីក្រុង Ca Mau) មានស្ថានភាពរស់នៅលំបាក ឪពុកម្តាយបានឈឺជាច្រើនឆ្នាំមក ដូច្នេះមិនអាចទៅធ្វើការឆ្ងាយបានទេ។ គ្រួសារទាំងមូលកំពុងរស់នៅអាស្រ័យលើរបរការ់ដេរនៅផ្ទះរបស់អ្នកស្រី Thanh។ ដោយដឹងថាអ្នកស្រី Thanh មិនអាចទៅយកក្រណាត់មកច្នៃនៅផ្ទះបានទេ គ្រឹះស្ថានកាត់ដេរ Yen Ly បានចាត់បុគ្គលិកយកក្រណាត់ទៅផ្ទះរបស់គាត់។ អ្នកស្រី Thanh ចែករំលែកថា៖ តាំងពីប្រកបរបរមក អ្នកស្រី Yen Ly បានបង្រៀនយ៉ាងយកចិត្តទុកដាក់ ហើយតាំងពីពេលនោះមក អ្នកស្រីមានការងារជាអ្នកកាត់ដេរ និងមានប្រាក់ចំណូលស្ថិរភាព៖
“នៅពេលដែលគ្រឹះស្ថានកាត់ដេរមានការបញ្ជាទិញ ខ្ញុំនឹងធ្វើ។ បើខ្ញុំមិនចេះ ខ្ញុំនឹងសួរ ហើយអ្នកស្រី Ly នឹងណែនាំខ្ញុំ។ ខ្ញុំដឹងគុណអ្នកស្រី Ly ច្រើនណាស់ដែលបានបង្កើតការងារ និងជួយខ្ញុំបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ”។
មិនត្រឹមតែឧស្សាហ៍បង្រៀនសិស្សថ្មីដើម្បីជួយគេឆាប់ចេះប្រកបរបរប៉ុណ្ណោះទេ អ្នកស្រី Yen Ly ក៏មានចិត្តអាណិតអាសូរដល់ជនពិការផងដែរ។ អ្នកស្រីចាត់ទុកថា ជនពិការត្រូវខិតខំប្រឹងប្រែងជាងមនុស្សធម្មតាយ៉ាងច្រើនដើម្បីទទួលបានជោគជ័យ៖
“ជួយអ្នកដទៃធ្វើឱ្យខ្ញុំសប្បាយចិត្ត។ អ្នកដែលមិនមានលទ្ធភាព ទើបគេមកទីនេះ ប្រសិនបើពួកគេត្រូវការជំនួយ ខ្ញុំត្រៀមខ្លួនជាស្រេចភ្លាមៗ។ បើគេទៅមិនរួចទេ យើងយកសម្ភារៈទៅផ្ទះឲ្យគេធ្វើ”។
អ្នកស្រី Yen Ly ណែនាំបុគ្គលិកធ្វើការនៅគ្រឹះស្ថានកាត់ដេររបស់ខ្លួន។ |
មានមនុស្សតិចណាស់ដែលដឹងថា ជំងឺស្វិតសាច់ដុំពីកំណើតស្ទើរតែធ្វើឲ្យអ្នកស្រី Yen Ly ចុះចាញ់វាសនា។ គ្រួសារនាងមានបងប្អូន៨នាក់ ប៉ុន្តែនាងជាជនពិការតែម្នាក់គត់។ ក៏ប៉ុន្តែសេចក្ដីស្រឡាញ់ពីក្រុមគ្រួសារបានទាញនាងពីមនុស្សបាក់ទឹកចិត្តទៅជាមនុស្សសុទិដ្ឋិនិយមជាង។ នៅឆ្នាំ ១៩៨៨ ពេលនាងមានអាយុ ១៥ ឆ្នាំ ទោះបីស្ថានភាពគ្រួសារលំបាកខ្លាំងក៏ដោយ ប៉ុន្តែគ្រួសាររបស់នាងនៅតែបញ្ជូននាងទៅសិក្សានៅទីក្រុងហូជីមិញ។ នៅទីនេះ នាងបានទាក់ទងជាមួយជនពិការជាច្រើន ដែលមានស្ថានភាពស្រដៀងនឹងខ្លួន ហើយបន្តិចម្ដងៗទទួលបានជំនឿឡើងវិញក្នុងជីវិត។
នៅពេលសិក្សានៅទីក្រុងហូជីមិញ អ្នកស្រី Yen Ly បានស្គាល់ពីរបរកាត់ដេរ ហើយបានកំណត់ថា មុខរបរនេះសមស្របនឹងលក្ខខណ្ឌរបស់ខ្លួន ដូច្នេះហើយនាងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសិក្សា។ ម៉ាស៊ីនដេរពេលនោះ ត្រូវធាក់ដោយជើង ប៉ុន្តែអ្នកស្រី Ly អាចប្រើជើងតែមួយបាន ដូច្នេះការសិក្សាពិបាកណាស់។ បន្ទាប់មកដោយការខិតខំប្រឹងប្រែង និងការតាំងចិត្ត នាងបានស្ទាត់ជំនាញជាបណ្ដើរៗ។ នៅពេលដែលស្ទាត់ជំនាញហើយ នាងបានបើកហាងកាត់ដេរតូចមួយនៅទីក្រុងហូជីមិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ពេលម្តាយមានជំងឺជរាពាធ នាងបានផ្លាស់ទីមកទីក្រុង Ca Mau វិញ ហើយបន្តអាជីពកាត់ដេរ។ ក្រោយពីធ្វើការនិងសន្សំសម្ចៃបានមួយរយៈ នៅឆ្នាំ ២០១៩ អ្នកស្រី Yen Ly បានក្លាយជាម្ចាស់គ្រឹះស្ថានកាត់ដេរមួយដ៏ធំទូលាយ ដោយមានម៉ាស៊ីន និងឧបករណ៍ជាច្រើន ដើម្បីអាចបណ្តុះបណ្តាលសិស្សានុសិស្សបានប្រហែល ១៥ នាក់ក្នុងពេលតែមួយ។ ក្នុងដំណើរការអភិវឌ្ឍអាជីវកម្ម អ្នកស្រី Yen Ly បានជួយជនពិការឱ្យប្រកបរបរកាត់ដេរយ៉ាងស្ទាត់ជំនាញ។ ជាពិសេស នាងតែងតែជួយឧបត្ថម្ភដល់មនុស្សដែលមានស្ថានភាពលំបាកក្នុងមូលដ្ឋាន។ លោក Tran Van Nhan ប្រធានក្រុមទី៤ សង្កាត់ទី ៧ ទីក្រុង Ca Mau បានឲ្យដឹងថា៖
“ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះកម្លាំងចិត្តរបស់អ្នកស្រី Ly ដើម្បីអាចឈានឡើងក្នុងជីវភាព។ នាងជាជនពិការ ប៉ុន្តែបានបើកគ្រឹះស្ថាននេះដើម្បីបង្កើតការងារដល់បុគ្គលិក។ នេះជាគំរូល្អណាស់។ នាងក៏ចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ផងដែរ។ ពេលណាដែលយើងចលនាឲ្យផ្ដល់ឧបត្ថម្ភដល់បងប្អូនដែលមានស្ថានភាពរស់នៅលំបាក នាងតែងតែចូលរួមយ៉ាងសកម្ម”។
ជាច្រើនឆ្នាំមកនេះ ក្តីរីករាយរបស់អ្នកស្រី Yen Ly ត្រឹមតែគឺថា អាចអភិវឌ្ឍន៍អាជីពកាត់ដេរជាមួយបងប្អូនស្ត្រីពិការជារៀងរាល់ថ្ងៃ។ “បុប្ផាពិការ” – Yen Ly មិនត្រឹមតែបង្រៀនវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងជាគំរូសម្រាប់ជនពិការ ក្នុងការប្ដេជ្ញាចិត្តពុះពារជំនះការលំបាក និងឈានឡើងក្នុងជីវភាពទៀតផង៕