សិប្បការិនី Van Thi Thang សម្ដែងការត្បាញចរបាប់។ (រូបថត៖ Ngoc Anh) |
សិប្បការិនី Van Thi Thang ជាជនជាតិចាម កើតក្នុងគ្រួសារដែល ប្រកបរបរតម្បាញចរបាប់
ចាម។ ឥឡូវនេះ ទោះបីជាមានអាយុ ៨០ ឆ្នាំក៏ដោយ ក៏លោកស្រី Van Thi Thang នៅតែងមានការជក់ចិត្តនឹងអាជីពរបស់ខ្លួន។ លោកស្រីតែងតែត្បាញក្រណាត់ ហើយបង្រៀនរបរនេះជូនកូនចៅនៅក្នុងភូមិ។
“ខ្ញុំបានប្រកបរបរនេះអស់រយៈពេល ៦០ ឆ្នាំមកហើយ។ កាលពីខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំឃើញលោកយាយ និងម្តាយខ្ញុំធ្វើ ខ្ញុំធ្វើត្រាប់តាម ខិតខំព្យាយាមតាមដានឃើញលោកយាយធ្វើយ៉ាងដូចម្ដ៉េច ខ្លួនធ្វើត្រាប់តាម ហើយក្រោយមកបានរៀន កាន់តែស្ទាត់ជំនាញ ហើយកូនចៅរបស់ខ្ញុំក៏ចេះធ្វើ និងបន្តប្រកបរបរនេះ។ បើចង់ស្ទាត់ជំនាញ ត្រូវតែខិតខំរៀន។ ក្នុងការត្បាញនេះមានច្រើនដំណាក់កាល។ ដំណាក់កាលធ្វើអំបោះ សូត្រ រួចមកចងជាស៊ុម ហើយដាក់ចូលក្នុងកីតម្បាញ តែអ្នកចេះប៉ុណ្ណោះទើបធ្វើបាន។ ដំណាក់កាលលំបាកគឺការធ្វើលំនាំបុរាណដែលបច្ចុប្បន្ននេះកម្រឃើញណាស់”។
លំនាំចរបាប់របស់ជនជាតិចាមមានសិល្បៈប្រជាប្រិយដ៏ពិសេសដោយឡែក ដែលបង្ហាញពីរូបភាពជាច្រើនអំពីធម្មជាតិ សកម្មភាពក្នុងជីវភាពប្រចាំថ្ងៃ ទំនៀមទម្លាប់ ជំនឿប្រជាប្រិយ និងស្លាកស្នាមសាសនារបស់ជនជាតិចាម។ បច្ចុប្បន្ននេះ សិប្បការិនីមួយចំនួនបានចាស់ជរា ហើយលាចាកលោកទៅជាបណ្ដើរៗ ប៉ុន្តែគ្មានជំនាន់វ័យក្មេងទទួលមរតកនោះឡើយ។ ចំនួនសិប្បការិនីដែលចេះបច្ចេកទេសបង្កើតលំនាំបុរាណ សល់តែតិចតួចណាស់។ អាស្រ័យលើគម្រោង "ស្ថិតិ សម្រាំង ស្ដារឡើងវិញ និងបង្ហាត់បង្រៀនពីលំនាំបែបបុរាណរបស់ជនជាតិចាម" ដែលត្រូវបានផ្ដល់ហិរញ្ញប្បទានដោយមូលនិធិឧបត្ថម្ភការអភិរក្សសិល្បៈវប្បធម៌ប្រជាប្រិយនៃមជ្ឈមណ្ឌលផ្លាស់ប្តូរការអប់រំជាមួយប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ន ភូមិតម្បាញចរបាប់ My Nghiep បានសម្រាំង ស្ដារឡើងវិញជាស្ថាពរ នូវលំនាំចាមបុរាណ ដែលធ្លាប់បានបាត់បង់អស់រយៈពេលជាយូរមកហើយ។ ចូលរួមចំណែកដល់ជោគជ័យនេះគឺក្រុមសិប្បការិនីពូកែ នៅក្នុងភូមិ ក្នុងនោះអ្នកដែលមានការរួមចំណែកធំជាងគេនោះគឺសិប្បការិនី Van Thi Thang ។ លោកស្រី Thuan Thi Trao ប្រធានស្តង់លក់ទំនិញនៃសហករណ៍តម្បាញចរបាប់ចាម My Nghiep បានឲ្យដឹងថា៖
“លំនាំពិសេសបំផុតត្រឹមតែលោកយាយ Van Thi Thang ប៉ុណ្ណោះទើបធ្វើបាន សិក្សាបាន ហើយបង្រៀនជូនជាងត្បាញជំនាន់ក្រោយ។ លោកយាយ Thang មានបាតដៃប៉ិនប្រសប់ណាស់ ទាំងសិក្សាបានលំនាំថ្មីថ្មោងជាច្រើន ទាំងស្ដារលំនាំបុរាណឡើងវិញបាន។ ចរបាប់ My Nghiep មានលំនាំផ្សេងៗគ្នាជាច្រើនពីតំបន់ Tay Nguyen។ លំនាំដោយឡែករបស់ជនជាតិចាមគឺស្រស់ស្អាតនិងពិសេសណាស់។ លោកយាយត្បាញបានយ៉ាងស្អាតផង ហើយអាចរចនាម៉ូដថ្មីបានផង ដូច្នេះក្នុងភូមិ អ្នកណាក៏ត្រូវរៀនសូត្រពីយាយដែរ។ ក្នុងភូមិសិប្បកម្មនេះ មានតែលោកយាយ Van Thi Thang ជាអ្នកពូកែបំផុត។ យាយជាសិល្បការិនីគំរូម្នាក់”។
ផលិតផលតម្បាញចរបាប់នៃភូមិ My Nghiep។ |
ភូមិ My Nghiep គឺជាភូមិតម្បាញចរបាប់ប្រពៃណីរបស់ជនជាតិចាម ដែលមានប្រវត្តិប្រមាណ ៤០០ឆ្នាំ។ My Nghiep បានក្លាយជាភូមិតម្បាញគំរូមួយរបស់ជនជាតិចាមក្នុងខេត្ត Ninh Thuan និយាយដោយឡែក និងតំបន់ឆ្នេរសមុទ្រភាគកណ្តាលនិយាយរួម។ ប្រសិនបើនរណាម្នាក់ បានមកភូមិ My Nghiep សូមសួរអំពីសិប្បការិនី Van Thi Thang អ្នកណាក្នុងភូមិក៏ស្គាល់ដែរ។ អ្នកស្រី Dong Thi Hong Gam អ្នកភូមិ My Nghiep បាននិយាយថា៖
“លោកស្រី Thang គឺជាសិប្បការិនីម្នាក់ដែលមានទេពកោសល្យនិងការខិតខំព្យាយាមយ៉ាងខ្លាំង។ លោកស្រីបានច្នៃប្រឌិតលំនាំ ក្បូរក្បាច់រចនាផ្សេងៗគ្នាជាច្រើន។ លោកស្រីបានបង្រៀនលំនាំបុរាណដល់យុវជន ហើយបានបង្រៀនអាជីពដល់កូនចៅ។ នេះគឺជារបរប្រពៃណីដែលមានតាំងពីយូរណាស់មកហើយ ដូច្នេះ សមាជិកម្នាក់ៗក្នុងគ្រួសារត្រូវស្នងបន្តអាជីពនេះ”។
មុននេះ សិប្បការិនី Van Thi Thang តែងតែត្រូវបានអញ្ជើញទៅឧទ្ទេសនាមជំនាញវិជ្ជាជីវៈ នៅឯពិព័រណ៍នានានៅក្នុងនិងក្រៅខេត្ត Ninh Thuan។ ឥឡូវនេះ ក្នុងវ័យ ៨០ឆ្នាំ លោកស្រីត្រឹមតែសម្ដែងនៅផ្ទះតាំងបង្ហាញផលិតផល ហើយសម្ដែងរបរសិប្បកម្មតម្បាញភូមិ My Nghiep នៅពេលណាដែលមានគណៈប្រតិភូក្នុងស្រុកនិងអន្តរជាតិមកទស្សនា និងទទួលបទពិសោធន៍ប៉ុណ្ណោះ។ ផលិតផលជាច្រើនរបស់សិប្បការិនី Van Thi Thang បានឈ្នះពានរង្វាន់ខ្ពស់ក្នុងការប្រកួតជំនាញក្នុងស្រុក។ សិប្បការិនី Van Thi Thang សក្តិសមជាអ្នកដែលមាន "បាតដៃមាសក្នុងរបរតម្បាញចរបាប់ចាម" នៅខេត្ត Ninh Thuan យ៉ាងពិតប្រាកដ៕