សិប្បករឆ្នើម Luong Thiem Phu - អ្នកថែរក្សារបរធ្វើចាប៉ី tinh

Chia sẻ

(VOVWORLD) - ជាច្រើនឆ្នាំមកនេះ សិប្បករឆ្នើម Luong Thiem Phu អាយុ ៨៥ ឆ្នាំនៅភូមិ Chang Na ស្រុក Binh Lieu ខេត្ត Quang Ninh ជានិច្ចកាលជក់ចិត្តនឹងការធ្វើចាប៉ី tinh។ លោកនិងសិប្បករដទៃទៀតបានខិតខំព្យាយាមថែរក្សារបរនេះហើយបង្រៀនដល់ជំនាន់ក្រោយ ដោយមានបំណងចង់ឲ្យមនុស្សកាន់តែច្រើនចេះធ្វើចាប៉ី tinh ស្គាល់ដល់ចាប៉ីប្រភេទនេះនិងចម្រៀង then របស់ជនជាតិ Tay នៅ Binh Lieu។

សិប្បករឆ្នើម Luong Thiem Phu - អ្នកថែរក្សារបរធ្វើចាប៉ី tinh - ảnh 1សិប្បករ Luong Thiem Phu ទោះជាមានអាយុ ៨៥ ឆ្នាំក៏ដោយ ក៏នៅតែជក់ចិត្តនឹងការធ្វើចាប៉ី tinh។ (រូបថត៖ La Nga)

តាំងពីកុមារភាព សិប្បករ Luong Thiem Phu បានចូលចិត្តច្រៀង then ហើយ។ លោកចង់មានចាប៉ីមួយ ដូច្នេះក្រោយមក បានស្វែងយល់និងធ្វើចាប៉ីដោយខ្លួនឯង ដើម្បីបំពេញចំណង់ចំណូលចិត្តជាមួយនឹងការច្រៀង then។ សិប្បករឆ្នើម Luong Thiem Phu បានចែករំលែកថា៖ ចាប៉ី tinh នៅ Binh Lieu មានរូបរាងនិងរចនាសម្ព័ន្ឋមូលដ្ឋានស្រដៀងទៅនឹងចាប៉ីនៅតំបន់ជាច្រើន ប៉ុន្តែមានរបៀបទាញខ្សែនិងរបៀបលេងខុសគ្នា៖

“ខ្សែទាំងពីរតំណាងឱ្យមេឃនិងដី។ ក្បាលចាប៉ីត្រូវបានឆ្លាក់រូបសត្វស្លាប ជាពិសេសរូបសត្វក្ងោក ឬឆ្លាក់រូបសត្វនាគ។ ចាប៉ី tinh នៅ Binh Lieu តាំងពីមុនមកប្រើតែខ្សែរពីរប៉ុណ្ណោះ។ កាលពីមុន យើងប្រើខ្សែពួរសូត្រ ប៉ុន្តែសព្វថ្ងៃនេះទំនើបជាង យើងមានខ្សែសន្ទូចដែលប្រើប្រាស់បានយូរ និងងាយស្រួលជាង”។

ចំពោះចាប៉ី Tinh ស្នូកចាប៉ីត្រូវបានធ្វើពីផ្លែឃ្លោកចាស់ រាងមូលស្អាត។ ដងចាប៉ីត្រូវបានធ្វើពីឈើស្រាល មិនកោង ឬវៀចឡើយ។ បច្ចុប្បន្ននេះ លោក Phu មានអាយុជាង ៨០ ឆ្នាំ សុខភាពខ្សោយហើយ ដូច្នេះធ្វើបានចាប៉ីមួយកាន់តែលំបាក និងត្រូវការពេលវេលាច្រើនជាង។ មានចាប៉ីខ្លះ ដែលត្រូវចំណាយពេលពេញមួយឆ្នាំទើបធ្វើរួចរាល់សម្រាប់អតិថិជន ប៉ុន្តែអ្នកណាក៏ពេញចិត្តដែរ ដោយសារពួកគេជឿជាក់លើគុណភាពសំឡេងរបស់ចាប៉ីដែលធ្វើឡើងពីបាតដៃសិប្បករ Thiem Phu។

ដើម្បីជួយសម្រួលដល់ការធ្វើចាប៉ី លោក Phu បានបើកសិប្បកម្មធ្វើចាប៉ីនៅហ្នឹងផ្ទះ ហើយភាគច្រើនធ្វើជាកាដូអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។ ដោយមានបំណងចង់ថែរក្សាវប្បធម៌របស់ជនជាតិ Tay លោកមិនផ្តោតលើតម្លៃសេដ្ឋកិច្ចច្រើនពេកទេ... ទោះជាយ៉ាងណាក៏ដោយ ទេពកោសល្យរបស់លោកបានរីកសុះសាយយ៉ាងទូលំទូលាយ ហើយសិប្បកម្មធ្វើចាប៉ីរបស់សិប្បករ Thiem Phu ជាប់មមាញឹកនឹងការងារជានិច្ច។ លោក Chu Dinh Thep កម្មាភិបាលនៃមជ្ឈមណ្ឌលវប្បធម៌ និងទំនាក់ទំនងស្រុក Binh Lieu បានឲ្យដឹងថា៖ សិប្បករប្រជាប្រិយដូចជាលោក Luong Thiem Phu កំពុងលះបង់អស់មួយជីវិតសម្រាប់ការសម្រាំង អភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជនជាតិ៖

“លោក Luong Thiem Phu ជាមនុស្សម្នាក់ដែលបានច្នៃចាប៉ី tinh ជាច្រើន។ ចាប៉ីដែលលោកធ្វើឡើង ភាគច្រើនបម្រើដល់ក្លឹបច្រៀង then លេងចាប៉ី tinh នៅស្រុក Binh Lieu។ លោកក៏បាននិពន្ធបទចម្រៀង then ថ្មីៗជាច្រើនដែលលើកតម្កើងលោកប្រធានហូជីមិញ សេចក្ដីស្នេហាជាតិ និងស្រុកកំណើត។ បទចម្រៀង then ជាច្រើនបទដែលលោកនិពន្ធ ត្រូវបានយកទៅចូលរួមការប្រកួតថ្នាក់ខេត្ត ថ្នាក់ជាតិ ហើយទទួលបានរង្វាន់ខ្ពស់”។ 

នៅឆ្នាំ ២០០៧ ពេលដែលមានអាយុ ៦៩ ឆ្នាំ លោក Thiem Phu បានបង្កើតក្លឹបច្រៀង then Tinh Huc។ ប្រការពិសេសគឺសមាជិកក្លឹបទាំងអស់ សុទ្ធតែមានចាប៉ីមួយគ្រឿងដែលលោកនិងបណ្ដាសមាជិករួមគ្នាធ្វើ ដើម្បីហ្វឹកហាត់។

ដោយមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីការច្រៀង Then និងចាប៉ី Tinh សិប្បករឆ្នើម Luong Thiem Phu បានសម្រាំងបទចម្រៀង Then បុរាណចំនួន ៦ បទ ហើយបញ្ចូលទំនុកច្រៀងឲ្យបទចម្រៀង then ថ្មីៗជាច្រើន ដែលលើកតម្កើងស្រុកកំណើត មាតុប្រទេស ព្រមទាំងបើកថ្នាក់បង្រៀនច្រៀង then សម្រាប់សិស្សានុសិស្សគ្រប់វ័យអាយុជាង ២០០ នាក់ផងដែរ។ លោក Duong Ngoc Khoa ប្រធានគណៈកម្មការឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុក Binh Lieu ខេត្ត Quang Ninh បានឲ្យដឹងថា បទចម្រៀង Then នៃមូលដ្ឋាន ក្នុងនោះមានបទចម្រៀងរបស់លោក Phu ត្រូវបានយកទៅបម្រើភ្ញៀវទេសចរពេលមកដល់ស្រុកព្រៃភ្នំ Binh Lieu រួមចំណែកថែរក្សាលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់ជនជាតិ ក៏ដូចជាលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៖

“ស្រុក Binh Lieu បានសម្រេចគម្រោងអភិរក្សវប្បធម៌គំរូរបស់ជនជាតិ Tay នៅ Binh Lieu ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍សហគមន៍នៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ យើងកំពុងកសាងគម្រោងអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនជាតិ Dao និង San Chi។ ស្រុកជានិច្ចកាលយកចិត្តទុកដាក់ដល់សិល្បៈសំដែងប្រជាប្រិយ វប្បធម៌រូបី និងអរូបីក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសសិល្បៈច្រៀង then លេងចាប៉ី tinh ក្នុងជីវភាពរស់នៅរបស់ជនជាតិ Tay គឺជាចំណុចលេចធ្លោក្នុងគម្រោងអភិរក្សនេះ”។

 សិប្បករ Luong Thiem Phu ទទួលបានប័ណ្ណសរសើរពីប្រធានរដ្ឋ និងកិត្តិនាមជាសិប្បករឆ្នើមក្នុងវិស័យបេតិកភណ្ឌវប្បធម៌អរូបីកាលពីខែមេសា ឆ្នាំ ២០១៩។ ថ្វីត្បិតតែមានវ័យចំណាស់ក៏ដោយ ប៉ុន្តែលោកនៅតែត្រៀមខ្លួនជាស្រេចបង្រៀនវិជ្ជាជីវៈដល់ជំនាន់វ័យក្មេង ដើម្បីឱ្យមនុស្សជាច្រើនបានស្គាល់ដល់ចាប៉ី tinh និងចម្រៀង then នៅ Binh Lieu៕

ប្រតិកម្មទៅវិញ