សិប្បករ Dieu Chinh La (នៅកណ្ដាល) បង្រៀនសិក្ខាកាមលេងចាប៉ី tinh tau។ (រូបថត៖ VOV) |
តាំងពីកុមារភាពមក លោក Dieu Chinh La បានផ្សាភ្ជាប់នឹងទំនុកច្រៀង Then និងសូរសំឡេងចាប៉ី Tinh របស់ជីដូនជីតា និងឪពុកម្តាយនៅតំបន់ទន្លេ Quynh Nhai។ ដូច្នេះហើយនៅឆ្នាំ ១៩៧៣ នៅពេលទើបមានអាយុត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ លោកបានចេះលេងចាប៉ី tinh tau យ៉ាងស្ទាត់ជំនាញ ហើយចូលរួមក្នុងការសម្តែងវប្បធម៌សិល្បៈដែលរៀបចំដោយមូលដ្ឋាន។ បន្ទាប់មកលោកបានសិក្សា និងស្វែងយល់បន្ថែមពីមនុស្សជំនាន់មុន ដើម្បីច្នៃចាប៉ី tinh tau ជាឧបករណ៍ភ្លេងប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Thai ស នៅ Quynh Nhai។
រហូតមកដល់ពេលនេះ សិប្បករ Dieu Chinh La បានច្នៃចាប៉ី tinh tau ជាង ២០០០ ដើម ដើម្បីផ្ដល់ឲ្យអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា ទុកជាកាដូអនុស្សាវរីយ៍ ឬនៅពេលដែលអតិថិជនកុម្ម៉ង់ទិញ។ សិក្ខាកាមជាង ១០០ នាក់ត្រូវបានបង្រៀនដោយលោក La ឥឡូវនេះក៏បានចេះច្នៃ និងលេងចាប៉ី tinh tau យ៉ាងស្ទាត់ជំនាញ ផងដែរ។ ក្នុងចំណោមនោះ សមាជិកក្មេងជាងគេមានអាយុត្រឹមតែ១០ឆ្នាំ គឺ ប្អូន Hoang Duc Huy នៅភូមិ Phieng Nen ឃុំ Muong Giang បានចេះលេងចាប៉ី tinh tau យ៉ាងស្ទាត់ជំនាញ។ Huy បានចែករំលែកថា៖
“ខ្ញុំរៀនលេងចាប៉ីពីលោក La មកទល់នឹងពេលនេះបាន ២ ឆ្នាំហើយ។ ឥឡូវនេះ ខ្ញុំអាចលេងយ៉ាងស្ទាត់ជំនាញ ៦ បទ។ នៅពេលខាងមុខ ខ្ញុំនឹងបន្តរៀនលេងចាប៉ី ដើម្បីថែរក្សាវប្បធម៌របស់ជនជាតិ Thai”។
មិនត្រឹមតែច្នៃនិងបង្រៀនលេងចាប៉ី tinh tau ប៉ុណ្ណោះទេ សិប្បករ Dieu Chinh La ក៏បានចូលរួមយ៉ាងសកម្មក្នុងចលនាវប្បធម៌សិល្បៈនៅមូលដ្ឋានផងដែរ។ លោក Dieu Chinh La បានឈ្នះរង្វាន់ A ចំនួន ៣ ដងនៅមហោស្រពសិល្បៈមហាជនទូទាំងប្រទេសឆ្នាំ ២០០៩, ២០១៥, ២០១៦; រង្វាន់ A ក្នុងមហោស្រពសម្តែងសិល្បៈមហាជនខេត្ត Son La ឆ្នាំ ២០២២។ បំណងប្រាថ្នាដ៏ធំធេងរបស់លោក La គឺថា សូរសំឡេងចាប៉ី tinh tau របស់ជនជាតិ Thai នឹងមិនត្រូវរសាត់បាត់បង់ឡើយ ប៉ុន្តែនឹងត្រូវបានថែរក្សា និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ៖
“ដើម្បីឱ្យសំឡេងចាប៉ី tinh មិនត្រូវបាត់បង់ទៅ នាពេលខាងមុខ ខ្ញុំនឹងបន្តបង្រៀនជូនក្រុមសិល្បៈ និងសិស្សមួយថ្នាក់នៃសាលា។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏មានបំណងថា គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកទាំងអស់នឹងយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌ ជួយឧបត្ថម្ភដល់សិក្ខាកាម ដើម្បីហាត់សមកាន់តែមានប្រសិទ្ធភាព”។
យោងតាមលោក Ngan Van Ngoan កម្មាភិបាលវប្បធម៌ឃុំ Muong Giang សិប្បករ Dieu Chinh La មានការរួមចំណែកសំខាន់ជាច្រើនក្នុងការអភិរក្ស និងពង្រីកតម្លៃប្រពៃណីរបស់ជនជាតិ Thai ស នៅទីនេះ៖
“លោក Dieu Chinh La ជាសិប្បករម្នាក់ក្នុងចំណោមសិប្បករដែលបានរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Thai។ ជាពិសេសក្នុងការច្នៃនិងបង្រៀនចាប៉ី tinh រហូតមកដល់បច្ចុប្បន្ននេះ មនុស្សជាច្រើនជំនាន់បានចេះរបៀបច្នៃ និងលេងចាប៉ីយ៉ាងស្ទាត់ជំនាញ។ យើងខ្ញុំបន្តលើកទឹកចិត្ត សិប្បករ Dieu Chinh La ឲ្យបន្តរក្សាការងារច្នៃនិងបង្រៀនចាប៉ី tinh ដល់មនុស្សជំនាន់ក្រោយៗ”។
នៅឆ្នាំ ២០១៥ លោក Dieu Chinh La ត្រូវបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាមសិប្បករឆ្នើម ដោយមានការរួមវិភាគទានគួរឲ្យកត់សម្គាល់ក្នុងការអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាតិ។ នេះគឺជាការលើកទឹកចិត្ត និងការគាំទ្រចំពោះលោក ដើម្បីបន្តរក្សា “អណ្ដាតភ្លើងក្លៀវក្លា” ជាមួយនឹងវប្បធម៌របស់ជនជាតិខ្លួន៕