បន្ទប់ធ្វើការរបស់អ្នកស្រី Dao Thi Huyen ធ្វើឲ្យអ្នកណាក៏មានការចាប់អារម្មណ៍ដោយឧបករណ៍ប្រើប្រាស់ជាច្រើនត្រូវបានធ្វើពីវត្ថុធាតុដែលកែច្នៃឡើងវិញ។ (រូបថត៖ VOV) |
បន្ទប់ធ្វើការរបស់អ្នកស្រី Dao Thi Huyen ធ្វើឲ្យអ្នកណាក៏មានការចាប់អារម្មណ៍ដែរ ដោយសារឧបករណ៍ប្រើប្រាស់នៅទីនេះដូចជា កំប៉ុងដាក់ ប៊ិច ថូរផ្កាឬកន្ត្រកដាក់ឯកសារ សុទ្ធតែជាផលិតផលដែលបានកែច្នៃឡើងវិញពីកាក សំណល់ប្លាស្ទិចទាំងអស់។ ស្ដែងចេញពីគំនិតផ្ដួចផ្ដើមដោយសមាជិកាម្នាក់នៃសមាគមន៍នារី សង្កាត់ Ha Trung អ្នកស្រី Huyen បានអំពាវនាវ អនុវត្តន៍ឲ្យបានទូលំទូលាយក្លាយទៅជាគំរូផលិតកម្ម ដែលនាំមកនូវប្រភពប្រាក់ចំណូលជូនបងប្អូននារី។ អ្នកស្រី Dao Thi Huyen ចែករំលែកថា៖ “មុននេះ សង្កាត់ Ha Trung ល្បីល្បាញដោយមុខរបរត្បាញវាំងនន ឬត្បាញកន្ត្រក ពីដើមត្រែង។ នាងខ្ញុំបានខិតខំប្រមូលផ្ដុំអ៊ំមីងដែលចេះត្បាញពីវត្ថុធាតុដើមនោះ ហើយចលនាពួកគាត់អនុវត្តន៍គំនិតអំពីការត្បាញឧបករណ៍ប្រើប្រាស់ពីខ្សែប្លាស្ទិច។ បន្ទាប់មក នាងខ្ញុំស្វែងយល់បន្ថែមទៀតលើអ៊ីនធឺរណិត ហើយបានបង្ហាញមុខផលិត ផលគឺកន្ត្រកធ្វើពីខ្សែប្លាស្ទិច”។
ក្នុងដំណាក់កាលដំបូងនៃការអនុវត្ត រាល់ផលិតផលសិប្បកម្ម ដែលត្រូវបាន សមាជិកានៃសមាគមន៍នារីសង្កាត់ Ha Trung ធ្វើឡើងពីខ្សែប្លាស្ទិចចងទំនិញនោះ នៅតែសាមញ្ញ ហើយលក្ខណៈសោភ័ណភាពមិនសូវខ្ពស់ឡើយ។ អ្នកស្រី Huyen បានស្វែងរកម៉ូដែលផលិតផលដ៏ស្រស់ស្អាតលើបណ្ដាញអ៊ីនធឺរណិត ពីរបៀបប្រើប្រាស់វត្ថុធាតុដែលអាចកែច្នៃបាន ដើម្បីធ្វើឡើងផលិតផលនោះ។ ដំបូង ឡើយ អ្នកស្រី Huyen សាកល្បងធ្វើដោយផ្ទាល់ខ្លួន បន្ទាប់មកយកផលិតផលទៅ ផ្សព្វផ្សាយ ដកបទពិសោធន៍ កត់ត្រាឡើងវិញ ដើម្បីណែនាំដល់បងប្អូននារីក្នុង សមាគមន៍។ រហូតមកទល់ពេលនេះ មានក្រុមត្បាញឯកទេសចំនួន៤ក្រុមត្រូវបាន បង្កើតឡើង ក្នុងនោះក្រុមនីមួយៗមានជាងតម្បាញស្នូលចំនួន៥នាក់ ដែលចូលរួមធ្វើ ផលិតកម្មផ្ទាល់ខ្លួនផង ព្រមទាំងបណ្ដុះបណ្ដាលឲ្យបងប្អូននារីផ្សេងៗទៀតផង។
អ្នកស្រី Huyen ណែនាំបងប្អូននារីត្បាញកន្ត្រកដើរផ្សាយពីខ្សែប្លាស្ទិច។ |
ដើម្បីមានវត្ថុធាតុដើមសម្រាប់ធ្វើផលិតកម្ម ក៏ដូចជាចូលរួមចំណែក កាត់បន្ថយ ការបោះចោល កាកសំណល់ សំរាមប្លាស្ទិចចូលបរិស្ថាននោះ ការប្រមូលខ្សែប្លាស្ទិច ពីសំណង់ រោងចក្រ និងមណ្ឌលឧស្សាហកម្ម ជាដើម បានក្លាយទៅជាសកម្មភាពជា ប្រចាំរបស់សមាគមន៍នារីសង្កាត់ Ha Trung។ កន្ត្រកដើរផ្សារនិងឧបករណ៍ប្រើប្រាស់ ធ្វើពីខ្សែប្លាស្ទិចចំនួនរាប់ម៉ឺនរបស់សមាជិកាសមាគមន៍នារីសង្កាត់ Ha Trung ត្រូវបានដាក់លក់នៅក្នុងការតាំងពិព័រណ៍ OCOP ខេត្ត Quang Ninh ហើយបានឈានដល់ ទីផ្សារក្រៅខេត្តជាបណ្ដើរៗផងដែរ។ វាយតម្លៃពីការរួមវិភាគទានរបស់អ្នកស្រី Dao Thi Huyen ដល់ចលនាបោសសម្អាតអនាម័យបរិស្ថានសមុទ្រនៅមូលដ្ឋាន លោកស្រី Hoang Thi Mung ប្រធានសាខាទី៤នៃសមាគមន៍នារីសង្កាត់ Ha Trung ទីក្រុងហាឡុង ឲ្យដឹងថា៖ “យើងខ្ញុំពិតជាសប្បាយរីករាយណាស់ ដោយទទួលបានប្រាក់ចំណូលបន្ថែមផង ហើយចូលរួមការពារបរិស្ថានទៀតផង។ អ្នកស្រី Huyen ជាមនុស្សសកម្មម្នាក់ ដែល បានខិតខំព្យាយាមទៅស្វែងរកការបញ្ជាទិញនៅទាំងតំបន់ភាគខាងជើងនិងតំបន់ភាគខាងត្បូង។ ក្នុងនោះផងដែរ ក៏បាន បានពង្រីកតួនាទីរបស់បងប្អូននារីក្នុងការងារកាត់បន្ថយកាក សំណល់ សំរាមប្លាស្ទិច”។
ក្រៅពីទម្រង់កែច្នៃកាកសំណល់ សំរាមប្លាស្ទិចឡើងវិញនោះ អ្នកស្រី Huyen ថែមទាំងអំពាវនាវឲ្យបងប្អូនក្នុងសង្កាត់ ចូលរួមអនុវត្តន៍គំរូ “បែងចែកប្រភេទសំរាម កាកសំណល់តាមគ្រួសារ” ប្រមូលថង់ប្លាស្ទិច ហើយដាំផ្កាក្នុងប្រអប់ប្លាស្ទិច ជាដើម។លោកស្រី Cao Thi Hoai Thanh ពលរដ្ឋម្នាក់នៅលំនៅដ្ឋានលេខ៤ សង្កាត់ Ha Trung ចែករំលែកថា៖ “នៅពេលអនុវត្តន៍ចលនានេះ អ្នកស្រី Huyen បានទៅផ្ទះនីមួយៗដើម្បី ឃោសនា។ ជារៀងរាល់ខែ យើងខ្ញុំនឹងជ្រើសរើសពេលមួយថ្ងៃដើម្បីប្រជុំក្រុមលំនៅដ្ឋាន។ បងប្អូនារីនឹងប្រមូលកាកសំណល់ សំរាម ដែលត្រូវបានបែងចែងតាមប្រភេទរួចរាល់ ដាក់ចូលកន្លែងតែមួយ ហើយហៅមនុស្សមកថ្លឹង។ នោះគឺសកម្មភាពបែងចែកកាក សំណល់នៅហ្នឹងផ្ទះ ក្រដាស ប្លាស្ទិច ឬលោហៈធាតុ សុទ្ធតែត្រូវបានដាក់ឲ្យនៅដាច់ ដោយឡែកតាមប្រភេទនីមួយៗ”។
ការងារជាក់ស្ដែងរបស់អ្នកស្រី Dao Thi Huyen ប្រធានសមាគមន៍នារីសង្កាត់ Ha Trung ទីក្រុង ហាឡុង មិនត្រឹមតែកែលម្អស្ថានភាពបំពុលបរិស្ថានដោយកាកសំណល់សំរាមប្លាស្ទិចប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកផ្លាស់ប្ដូរមនសិការរបស់សហគមន៍ ការពារបរិស្ថាន ហើយកសាងជីវភាពរស់នៅឲ្យកាន់តែបៃតង-ស្អាត-ល្អប្រសើរ ទៀងផង៕