វិចិត្រករ Dao Trong Ly។ រូបថត៖ VOV |
វិចិត្រករ Dao Trong Ly កើតនាឆ្នាំ ១៩៥១ ក្នុងគ្រួសារអាណិកជនវៀតណាមស្នេហាជាតិនៅខេត្ត Nakhon Phanom (ថៃ)។ ស្រុកកំណើតរបស់លោកគឺនៅស្រុក Quoc Oai ទីក្រុងហាណូយ។ កាលពីមុន ឪពុកម្តាយរបស់លោកបានទៅកាន់ឡាវ ក្រោយមករស់នៅថៃតាំងពីឆ្នាំ ១៩៤៥ ។ លោកស្រី Vo Thi Hong Van អនុប្រធានសមាគមជនថៃ-វៀតណាមខេត្ត Nakhon Phanom អនុប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom បានឲ្យដឹងថា៖
“លោក Dao Trong Ly ធ្លាប់ជាប្រធានសមាគមជនថៃ-វៀតណាមខេត្ត Nakhon Phanom ប្រធានគណៈគ្រប់គ្រងសាងសង់មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom ថៃ។ លោកធ្លាប់ជាគ្រូបង្រៀនជាង១០ឆ្នាំហើយមានស្មារតីស្នេហាជាតិខ្ពស់ណាស់។ លោកបានឃោសនាយ៉ាងសកម្មនិងចលនាបងប្អូនប្រជាជនរួមវិភាគទានដល់ស្រុកកំណើត នៅពេលដែលប្រទេសជាតិនៅមានសង្រ្គាមផងដែរ”។ ចាប់តាំងពីពេលទទួលតំណែងជាប្រធានគណៈគ្រប់គ្រងសាងសង់មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom នាឆ្នាំ ២០១៣ មក លោក Dao Trong Ly មានគំនិតសាងសង់បន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញសម្រាប់ប្រជាជនថៃ ភ្ញៀវទេសចរអន្តរជាតិ និងប្រជាអាណិកជននៅថៃអញ្ជើញមកទស្សនា និងស្វែងយល់។ ដើម្បីមានវត្ថុតាំងអំពីលោកប្រធានហូជីមិញ លោកបានប្រមូលរូបថតអំពីលោកប្រធានហូជីមិញ និងគូររូបថតទាំងនេះឡើងវិញ។ លោកមានទេពកោសល្យខាងគូរគំនូរតាំងពីកុមារភាពមកម្ល៉េះ ប៉ុន្តែមិនដែលបានសិក្សាខាងគូគំនូរអាជីពណាមួយ ព្រោះថាគ្រួសារលោកមានស្ថានភាពលំបាក ដូច្នេះហើយ នៅពេលគូរគំនូរ លោកតែងតែខ្វល់ខ្វាយថា ធ្វើយ៉ាងណាដើម្បីពណ៌នាយ៉ាងដិតដាមលក្ខណាការរបស់លោកប្រធានហូជីមិញ ហើយបញ្ជូនមនោសញ្ចេតនារបស់ប្រជាជន និងមិត្តភក្តិអន្តរជាតិចំពោះលោក។
“ខ្ញុំជក់ចិត្តគូរគំនូរអំពីលោកប្រធានហូជីមិញណាស់ ដូច្នេះហើយខ្ញុំបានគូរគំនូរមួយទៅគំនូរមួយទៀត។ ត្រៀមរៀបចំគូរគំនូរទីមួយរួច ខ្ញុំគិតគូរគំនូរទីពីរ។ គូរគំនូរលោកប្រធានហូជីមិញពិបាកណាស់។ លោកមានភ្នែកស្លូតភ្លឺដូចជាផ្កាយអញ្ចឹង។ ដូច្នេះមិនថាគំនូរធំឬតូចឡើយ ពេលគូរអំពីលោកប្រធានហូជីមិញត្រូវផ្ដោតសំខាន់លើភ្នែកផងដែរ”។
គំនូរអំពីលោកប្រធានហូជីមិញ បោះពុម្ពលើទស្សនាវដ្តី Newsweek នៅសហរដ្ឋអាមេរិក ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៩៦៧ ដោយវិចិត្រករ Dao Trong Ly ។ រូបថត៖ VOV |
ផ្តើមចេញពីទឹកចិត្តស្ងើចសរសើរ និងមនោសញ្ចេនាគោរពស្រឡាញ់ចំពោះលោកប្រធានហូជីមិញ វិចិត្រករ Dao Trong Ly បានគូរគំនូអំពីលោកប្រធានហូជីមិញដោយផ្អែកលើឯកសារ និងរូបថតដែលលោកបានរកឃើញ។ មកទល់នឹងពេលនេះ វិចិត្រករ Dao Trong Ly បានគូរគំនូរជាង ១៥០ ផ្ទាំងអំពីលោកប្រធានហូជីមិញ ដែលស្រូបយកប្រមាណ ១% ក្នុងចំណោមរូបថតសរុបដែលលោកប្រមូលបាន។
“បច្ចុប្បន្ននេះ ខ្ញុំគូរគំនូរជាង ១៥០ ផ្ទាំងអំពីលោកប្រធានហូជីមិញ ហើយប្រគល់ជូនមិត្តភក្តិ ស្ថាប័នរដ្ឋវៀតណាមមួយចំនួន ស្ថានទូតវៀតណាមប្រចាំនៅថៃ និងស្ថានទូតវៀតណាមប្រចាំនៅឡាវ។ ខ្ញុំក៏បានជូនគំនូរលោកប្រធានហូជីមិញដល់សមាគមន៍អាណិកជនវៀតណាមនៅថៃទាំងអស់ដើម្បីព្យួរនៅទីស្នាក់ការសមាគម។ ក្នុងនាមជាអាណិកជនវៀតណាមម្នាក់ ខ្ញុំតែងតែឆ្ពោះមកស្រុកកំណើតវៀតណាម ឆ្ពោះមកលោកប្រធានហូជីមិញ។ ខ្ញុំបានចូលរួមជាមួយអាណិកជនវៀតណាមធ្វើសកម្មភាពបដិវត្តន៍ដើម្បីរំដោះប្រទេសជាតិផងដែរ”។
ថ្វីត្បិតតែជាវិចិត្រករមិនអាជីពក៏ដៅយ ប៉ុន្តែ គំនូររបស់លោក Dao Trong Ly ពិតជាស្រស់ស្អាត មិនចាញ់វិចិត្រករអាជីពឡើយ។ នាពេលថ្មីៗនេះ គំនូររបស់លោកត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៌ជាលើកដំបូង។ នោះគឺជាពិព័រណ៍ដែលមានឈ្មោះថា “ទឹកចិត្តរបស់វិចិត្រករអាណិកជនវៀតណាមចំពោះលោកអ៊ុំហូជីមិញ” ដែលបានតាំងបង្ហាញនៅសារមន្ទីរវិចិត្រសិល្បៈវៀតណាមនៅទីរដ្ឋធានីណូយក្នុងឱកាសរំលឹកខួបលើកទី ១៣៤ ថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៤)។ ក្រោយពីពិព័រណ៌ វិចិត្រករ Dao Trong Ly បានប្រគល់គំនូរទាំងអស់ជូនសារមន្ទីរវិចិត្រសិល្បៈវៀតណាម។ លោកបណ្ឌិត Nguyen Anh Minh នាយកសារមន្ទីរវិចិត្រសិល្បៈវៀតណាមបានមានប្រសាសន៍ថា៖
“គំនូរចំនួន ៥៥ ផ្ទាំងអំពីលោកប្រធានហូជីមិញក្នុងពិពណ៌ដោយត្រូវបានវិចិត្រករ Dao Trong Ly គូរនៅថៃ។ ដំណើរធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ ចាប់ពីគ្រាដំបូងចេញដំណើរទៅស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ រហូតដល់សញ្ញាសម្គាល់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមត្រូវបានបង្ហាញតាមរយៈគំនូរដ៏សាមញ្ញរបស់វិចិត្រករ Dao Trong Ly ផងដែរ”។
បច្ចុប្បន្ន វិចិត្រករ Dao Trong Ly កាន់តំណែងជាប្រធានគណៈទីប្រឹក្សានៃសមាគមទូទាំងប្រទេសថៃ។ នៅពេលដែលគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅថៃ លោកត្រូវបានអញ្ជើញចូលរួមបកប្រែ។ ជាមួយនឹងការរួមវិភាគទាន និងការលះបង់របស់ខ្លួនស្រុកកំណើត និងប្រទេសជាតិ លោក Dao Trong Ly មានកិត្តិយសត្រូវបានរដ្ឋវៀតណាមប្រគល់ជូនគ្រឿងឥស្សរិយយសតស៊ូថ្នាក់ទី ២ ។ លោកក៏ត្រូវបានខេត្ត Quang Binh និងខេត្ត Quang Tri ប្រគល់ជូនគ្រឿងឥស្សរិយយស មេដាយដើម្បីបុព្វហេតុអប់រំ និងបណ្តុះបណ្តាលផងដែរ៕