លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

Chia sẻ

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃនៃបដិវត្តន៍វៀតណាមហើយលោកបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។ ប្រជាជនវៀតណាមគ្រប់រូប សុទ្ធតែផ្ដល់ការគោរពចំពោះអគ្គលេខាបក្ស Nguyen Phu Trong ជាថ្នាក់ដឹកនាំឆ្នើមមួយរូប ជាអ្នកដែលតែងដាក់ផលប្រយោជន៍របស់ប្រជាជនជាគោលដៅដើម្បីខិតខំប្រឹងប្រែង ជាអ្នកស្និទ្ធស្នាលនិងផ្សាភ្ជាប់ជាមួយប្រជាជនជានិច្ច ហើយលោកមានទឹកចិត្តសប្បុរស។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន - ảnh 1កម្មាភិបាលនិងបក្ខជនឃុំ Pom Lot នៅតែចងចាំជានិច្ចនូវរូបភាពលោកអគ្គលេខាបក្ស ពេលលោកអញ្ជើញមកទស្សនាឃុំកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។ (រូបថត៖ VOV)

ក្នុងអំឡុងពេលខែកក្កដាកាលពី ៨ ឆ្នាំមុន (ឆ្នាំ២០១៦) ប្រជាជនឃុំ Pom Lot ស្រុក Dien Bien ខេត្ត Dien Bien មានក្ដីសប្បាយរីករាយនិងកិត្តិយសយ៉ាងខ្លាំង ដោយបានទទួលស្វាគមន៍លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកទស្សនា។ ចំណាប់អារម្មណ៍របស់ប្រជាជនឃុំ Pom Lot ចំពោះថ្នាក់ដឹកនាំកំពូលរបស់បក្ស និងរដ្ឋនោះ គឺភាពសាមញ្ញនិងភាពស្និទ្ធស្នាលបំផុត។ លោក Doan Dinh Sung កម្មាភិបាលផ្នែកយុត្តិធម៌នៃឃុំ Pom Lot ស្រុក Dien Bien បានរំឭកថា៖

“លោកអ៊ុំបានផ្ទៀងស្តាប់និងបានផ្ដែផ្តាំអំពីបញ្ហាជាក់ស្តែងជាច្រើនសម្រាប់ឃុំ។ ជាពិសេស លោកបានផ្តោតទៅលើការធានាស្ថានភាពសន្តិសុខនយោបាយ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន។ ដោយសារតែនៅពេលនោះ ឃុំ Pom Lot ជាឃុំជាយស្រុក Dien Bien ហើយជីវភាពរស់នៅរបស់ប្រជាជននៅមានការលំបាកយ៉ាងខ្លាំង”។

សម្រាប់ជនរួមជាតិនៃបណ្ដាជនជាតិភាគពាយ័ព្យ លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំដែលតែងតែជិតស្និទ្ធ និងផ្ដោតការយកចិត្តទុកដាក់ពិសេសដល់ប្រជាជនគ្រប់ស្រទាប់ ហើយតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋានផងដែរ។ អ្នកស្រី Nguyen Thanh Mai ប្រជាពលរដ្ឋនៅសង្កាត់ Dong Tam ទីក្រុង Yen Bai នៅតែចងចាំជាប់ក្នុងអារម្មណ៍នូវរូបភាពស្និទ្ធស្នាល សាមញ្ញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងសេចក្ដីផ្ដែផ្ដាំអំពីការដាំដើមឈើនិងថែទាំព្រៃឈើនៅពេលលោកមកធ្វើទស្សនកិច្ចក្នុងឱកាស “បុណ្យតេតដាំដើមឈើ”៖

“ពេលមកកចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅទីក្រុង Yen Bai លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា មូលដ្ឋាននិងជនរួមជាតិក្នុងខេត្តគប្បីចូលរួមយ៉ាងក្លៀវក្លាក្នុងការដាំដើមឈើនិងថែទាំព្រៃឈើ។ ទន្ទឹមនឹងនេះ ត្រូវចាត់វិធានការការពារព្រៃឈើឲ្យមានប្រសិទ្ធភាព បង្ការទប់ស្កាត់ការកាប់បំផ្លាញនិងការដុតបំផ្លាញព្រៃ។ ប្រជាជន Yen Bai នៅពេលនោះ ទាំងអស់គ្នាមានការរំភើបចិត្តយ៉ាងខ្លាំង ដោយបានចូលរួមបុណ្យតេតដាំដើមឈើ។ ចាប់ពីពេលនោះមក ចលនាដាំដើមឈើ និងការពារព្រៃឈើនៅ Yen Bai កាន់តែរីកចម្រើន”។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong សួរសុខទុក្ខប្រជាជននៅឃុំ Dur Kmăl ស្រុក Krong Ana ខេត្ត Dak Lak ក្នុងដំណើរទស្សនកិច្ចការងារនាខែវិច្ឆិកា ឆ្នាំ ២០១៨។ (រូបថត៖ VOV)

លោក Y Dhun Hmok ព្រឹទ្ធាចារ្យភូមិ Dur នៅតែចងចាំច្បាស់នូវកាយវិការដ៏ស្និទ្ធស្នាលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ពេលលោកមកតស្សនានិងចូលរួមទិវាបុណ្យមហាសាមគ្គីភាពបណ្ដាជនជាតិឃុំ Dur Kmal ស្រុក Krong Ana ខេត្ត Dak Lak កាលពីចុងឆ្នាំ ២០១៨។

“លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖ បងប្អូនត្រូវតែផ្តោតលើការផលិតដើម្បីលើកកម្ពស់ជីវភាពរស់នៅ ហើយកុមារត្រូវតែទៅសាលារៀន នោះគឺជាបំណងប្រាថ្នារបស់លោក។ មកដល់ពេលនេះ ប្រជាជនមានអាហារហូបចុកនិង មានសម្លៀកបំពាក់គ្រប់គ្រាន់ហើយ កូនចៅទទួលបានការអប់រំហើយ ភូមិឃុំក៏មានការផ្លាស់ប្តូរដែរ។ ប្រជាជនពិតជាដឹងគុណចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់របស់លោកអគ្គលេខាបក្សសម្រាប់ប្រជាជននៅ Dur Kmăl”។

លោក Siu B'ra ភូមិ Keo ឃុំ Ayun ស្រុក Chu Se ក៏មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាបក្សដែលស្រឡាញ់ប្រជាជន នៅពេលដែលក្នុងដំណើរទស្សនកិច្ចការងារនៅ Gia Lai លោកអគ្គលេខាបក្ស បានបញ្ជាដឹកនាំឲ្យវិនិយោគកសាងសំណង់ធារាសាស្ត្រ Pleikeo ដែលបានជួយជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៖

“ប្រជាជនឃុំ Ayun មិនដែលភ្លេចគុណូបការៈរបស់លោកអគ្គលេខាបក្ស  ដែលបានបញ្ជាដឹកនាំឲ្យកសាងគម្រោងធារាសាស្ត្រ Pleikeo ជួយប្រជាជនអភិវឌ្ឍន៍ដំណាំដាំដុះ ជាពិសេសស្រូវវស្សា ដែលប្រមូលផលបាន ២ រដូវក្នុងមួយឆ្នាំ ជួយជីវភាពរស់នៅរបស់ប្រជាជន កាន់តែសម្បូរធូធារ រួចផុតពីភាពក្រីក្រ”។

ក្នុងពេលជាមួយគ្នានោះ សម្រាប់ជនរួមជាតិកាន់សាសនាកាតូលិក លោកអគ្គលេខាបក្ស គឺជាថ្នាក់ដឹកនាំមួយរូបដែលមានទេពកោសល្យផងនិងមានសីលធម៌ផង មានរបៀបរស់នៅសាមញ្ញ យកចិត្តទុកដាក់ដល់ប្រជាជននិងជនរួមជាតិគ្រប់សាសនា។ លោក Thai Sy Thanh ប្រធានគណៈកម្មការតំណាងនៃសមាគមសាសនា Cao Dai Tay Ninh ប្រចាំខេត្ត Tien Giang បានចែករំលែកយ៉ាងក្ដុកក្ដួលថា៖

“ប្រជាជនគ្រប់សាសនា មានការសោកស្ដាយយ៉ាងក្រៃលែងចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស។ នេះគឺជាការបាត់បង់ដ៏ធំធេង។ លោកអគ្គលេខាបក្សគឺជាមនុស្សដ៏អស្ចារ្យ មានរបៀបរស់នៅសាមញ្ញ គិតគូរដល់ប្រជាជន យកចិត្តទុកដាក់ដល់គ្រប់សាសនា ជួយជនរួមជាតិកាន់សាសនាមានលំនឹងជីវភាព បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ ចាប់តាំងពីកាន់តំណែងជាអគ្គលេខាបក្សមក លោកបានតែងតែយកចិត្តទុកដាក់ដល់ការចូលរួមសមាហរណកម្មជាមួយប្រទេសផ្សេងៗ ជាពិសេសសាសនា Cao Dai Tay Ninh មានឋានៈស្របច្បាប់ល្អណាស់”។

ពេញមួយជីវិតលះបង់ដើម្បីប្រជាជន និងប្រទេសជាតិ លោកអគ្គលេខាបក្ស Nguyen Phu Trong ជាគំរូនៃមនុស្សសាមញ្ញម្នាក់ ប៉ុន្តែមានឥទ្ធិពលដ៏ធំធេង។ លោកអគ្គលេខាបក្ស ទទួលបានការគោរពស្រឡាញ់រាប់អានពីប្រជាជនទូទាំងប្រទេស ដោយសារគុណធម៌សាមញ្ញ “និយាយដើរទន្ទឹមនឹងធ្វើ”លះបង់អស់ពីចិត្តពីថ្លើមដើម្បីបម្រើបក្ស និងបម្រើប្រជាជនរហូតដល់ដង្ហើមចុងក្រោយ៕

ប្រតិកម្មទៅវិញ