លោកស្រី Ta Thu Huong - សិប្បការិនីដែលនាំយកមួកដួនភូមិ Chuong ទៅកាន់ពិភពលោក

Chia sẻ
(VOVWORLD) - ឆ្លងកាត់រយៈពេល ៤ សតវត្សនៃការប្រកបរបរធ្វើមួកដួន ភូមិ Chuong (ឃុំ Phuong Trung ស្រុក Thanh Oai រដ្ឋធានីហាណូយ) សព្វថ្ងៃនេះ នៅសល់ មនុស្សតិចណាស់ដែលប្រកបរបរនេះ ប៉ុន្តែអ្នកដែលនៅសេសសល់ទាំងនេះ សុទ្ធតែខិតខំព្យាយាមថែរក្សាមុខរបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។ ក្នុងចំណោមនោះ មានសិប្បការិនី Ta Thu Huong ស្ត្រីដែលមិនត្រឹមតែជក់ចិត្តនឹងសិប្បកម្មប្រពៃណី ខិតខំថែរក្សាតម្លៃនៃមួកដួនភូមិ Chuong នៅចំពោះមុខហានិភ័យនៃការរលាយបាត់ទៅប៉ុណ្ណោះទេ ថែមទាំងក៏មានការច្នៃប្រឌិតដ៏ពិសេសដើម្បីនាំយកមួកដួនភូមិ Chuong ទៅកាន់ភ្ញៀវទេសចរអន្តរជាតិហើយនាំចេញទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោកទៀតផង។
លោកស្រី Ta Thu Huong - សិប្បការិនីដែលនាំយកមួកដួនភូមិ Chuong ទៅកាន់ពិភពលោក - ảnh 1សិប្បការិនី Ta Thu Huong និងផលិតផលមួកដួនរបស់ខ្លួន។ (រូបថត៖ VOV)
 
 រួមជាមួយនឹងជាងសិប្បកម្មនានា សិប្បការិនី Ta Thu Huong ខណៈពេលដែលណែនាំបុគ្គលិក បាតដៃក៏ប្រញាប់ប្រញាល់ទៅតាមម្ជុលដេរមួកដួន។ អស់រយៈពេលជិត ៥០ ឆ្នាំផ្សាភ្ជាប់ជាមួយនឹងអាជីពនេះ លោកស្រី Huong គឺជាសិប្បការិនីម្នាក់ក្នុងចំណោមសិប្បករភូមិ Chuong ដែលកំពុងខិតខំព្យាយាមថែរក្សាមុខរបរប្រពៃណី។ ចែករំលែកអំពីនិស្ស័យជាមួយអាជីពនេះ លោកស្រីបាននិយាយថា៖ “កាលខ្ញុំនៅតូច ខ្ញុំបានឃើញអ្នកភូមិយកមួកដួនទៅលក់ ប៉ុន្តែលក់មិនដាច់ទេ ហើយយកមួកដួនត្រឡប់ទៅផ្ទះវិញ។ មនុស្សម្នានិយាយគ្នាថា ថ្ងៃនេះអត់មានលុយទិញអង្ករទេ ពេលនោះខ្ញុំបានឃើញទុក្ខលំបាករបស់អ្នកភូមិខ្ញុំ។ ក្រោយពីរៀនចប់ថ្នាក់វិទ្យាល័យ ខ្ញុំបានយកមួកដួនភូមិ Chuong ទៅកាន់ក្រុមហ៊ុននាំចូលនាំចេញ ដើម្បីឧទ្ទេសនាម ផ្ញើគំរូ ហើយប្រាប់គេថា ប្រសិនបើមានការបញ្ជាទិញ សូមប្រគល់ឱ្យខ្ញុំធ្វើ ខ្ញុំនឹងទទួលបន្ទុកការរចនាគំរូ។ ពីការស្រឡាញ់មុខរបរនេះ ការអាណិតប្រជាជន ហើយក៏ដើម្បីជួយសង្រ្គោះខ្លួនឯងផងដែរ វាពិតជាលំបាកលំបិនណាស់ ហើយជាចុងក្រោយខ្ញុំក៏បានចុះហត្ថលេខាលើការបញ្ជាទិញដំបូងជាមួយក្រុមហ៊ុននាំចូលនាំចេញនៅ Hung Yen”។

ដោយបានយល់ឃើញពីតម្រូវការកាន់តែសម្បូរបែបរបស់អតិថិជន សិប្បការិនី Ta Thu Huong បានច្នៃប្រឌិតគំរូមួកដួនប្លែកៗជាច្រើន។ មួកដួនរបស់លោកស្រី មិនត្រឹមតែត្រូវបានប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្នាដៃសិល្បៈជាមួយនឹងផ្ទាំងគំនូរ និងក្បូរក្បាច់រចនាដែលបានគូរយ៉ាងល្អិតល្អន់ និងហ្មត់ចត់ទៀតផង។ សិប្បការិនី Ta Thu Huong បានឲ្យដឹងបន្ថែមទៀតថា៖

“ខ្ញុំទទួលបានការបញ្ជាទិញនាំចេញបែបនេះ មិនមែនជាមួកដួនបែបប្រពៃណីទេ ប៉ុន្តែមានការកែលម្អ ប្រទេសនីមួយៗមានរចនាបទរៀងៗខ្លួន ខ្ញុំហ៊ានគិត ហ៊ានធ្វើ។ មានប្ដីប្រពន្ធជនជាតិអូស្ត្រាលីមួយគូ បានមកកាន់ភូមិ Chuong ដើម្បីបញ្ជាទិញ ប៉ុន្តែពួកគេចង់កក់ទំហំធំតូច ជាមួយនឹងគំរូចម្រុះពណ៌។ ខ្ញុំក៏ទទួលយកដែរ ហើយត្រូវធ្វើយ៉ាងណាដើម្បីមានមួកដួនតាមតម្រូវការរបស់អតិថិជន ប្រសិនបើអាចលក់ឲ្យគេ គេនឹងស្រឡាញ់យើង។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែចាប់ផ្ដើមអាជីពដោយមុខរបរនេះ”។

លោកស្រី Ta Thu Huong - សិប្បការិនីដែលនាំយកមួកដួនភូមិ Chuong ទៅកាន់ពិភពលោក - ảnh 2មួកដួនសម្រាប់តុបតែងដោយមានទំហំផ្សេងៗគ្នា ត្រូវបានអតិថិជនបញ្ជាទិញពីមូលដ្ឋានសិប្បកម្មរបស់សិប្បការិនី Ta Thu Huong។ រូបថត៖ VOV

ដោយមានការជក់ចិត្តនឹងមុខរបរនេះ លោកស្រី Ta Thu Huong ជានិច្ចកាលព្យាយាមច្នែប្រឌិតផលិតផលប្លែកៗបន្ថែមទៀត ទាក់ទាញភ្ញៀវទេសចរមកភូមិសិប្បកម្ម ដើម្បីលើកកំពស់ប្រាក់ចំណូលសម្រាប់គ្រួសារ និងអ្នកភូមិ។ ហ៊ានគិត ហ៊ានធ្វើ លោកស្រី Huong បានសាកធ្វើមួកដួនក្នុងរូបរាងផ្សេងៗគ្នាឬមួកដួនដែលប៉ាក់ទេសភាពវៀតណាមគួរឲ្យចាប់អារម្មណ៍។ ពីភូមិ Chuong មួកដួន ដែលបង្កប់នូវដួងព្រលឹងវៀតណាម បានដើរតាមភ្ញៀវទេសចរទៅជុំវិញពិភពលោក។ ជាមធ្យមជារៀងរាល់ឆ្នាំ មូលដ្ឋានផលិតកម្មរបស់សិប្បការិនី Ta Thu Huong បាននាំចេញមួកដួនពី ២ ម៉ឺន ដល់ ៣ ម៉ឺន គ្រឿង ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ជាមួយនឹងតម្លៃខ្ពស់ជាងតម្លៃក្នុងស្រុកច្រើនដង។ សកម្មភាពនេះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារស្ថិរភាពសម្រាប់ពលករជាង ២០ នាក់នៅមូលដ្ឋានសិប្បកម្មរបស់លោកស្រី Huong និងគ្រួសារជិតខាងនានាដោយមានប្រាក់ចំណូលជាមធ្យមពី ២ ដល់ ៥លានដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ (ប្រហែល ៨៥- ២១៥ ដុល្លារអាមេរិក)។ លោកស្រី Huong បានចែករំលែកថា៖

“ជំហានដំបូងក៏ជួបការលំបាកខ្លាំងណាស់ ដោយគិតពីរបៀបលក់មួកដួនលើសូត្រ លក់ឲ្យអ្នកប្រើប្រាស់ដែលគេនិយមចូលចិត្ត។ ដំបូងឡើយ ធ្វើក៏ខូចដែរ ហើយខ្លះទៀតមិនអាចលក់បានទេ។ រហូតមកដល់ពេលនេះ មួកដួនលើសូត្រមានប្រជាប្រិយភាពខ្លាំងណាស់។ ក្នុងយុគសម័យ ៤.០ នេះ គឺត្រូវតែស្អាត នារីទូទាំងប្រទេសក៏និយមចូលចិត្ត ហើយលក់ដាច់ខ្លាំង។ បងប្អូនក្នុងភូមិឥឡូវនេះ មានមនុស្សច្រើនដែលចេះធ្វើមួកដួនលើសូត្រ មានការងារធ្វើ និងប្រាក់ចំណូលស្ថិរភាពជាងមួកដួនទទេរបែបប្រពៃណី”។

នៅពេលដែលជីវភាពសម័យទំនើបកំពុងធ្វើឲ្យភូមិសិប្បកម្មប្រពៃណីសាបសូន្យទៅបន្តិចម្តងៗនោះ  រាល់ការលះបង់ដ៏ក្លៀវក្លារបស់សិប្បករដូចលោកស្រី Ta Thu Huong កំពុងរួមចំណែកថែរក្សាតម្លៃ អត្តសញ្ញាណវប្បធម៌ និងនិមិត្តរូបប្រពៃណីរបស់ភូមិសិប្បកម្ម។ ទន្ទឹមនឹងក្តីស្រឡាញ់ និងភាពក្លៀវក្លាចំពោះមួកដួនប្រពៃណីរបស់ប្រជាជាតិ លោកស្រី Huong ត្រូវបានមនុស្សជាច្រើនផ្ដល់កិត្តិនាមថា ជា “ឯកអគ្គរដ្ឋទូតនៃមួកដួន”។ សិប្បការិនី Ta Thu Huong មានបំណងចង់ "បញ្ជូនអណ្ដាតភ្លើងនៃការជក់ចិត្ត" នេះ ជារៀងរហូតដល់មនុស្សយ៉ាងច្រើនកុះករនៅក្នុងសង្គម៕

ប្រតិកម្មទៅវិញ