លោក Po Lo Hu - អ្នកត្រួសត្រាយផ្លូវជួយជនរួមជាតិ La Hu រួចផុតពីភាពក្រីក្រ

Chia sẻ
(VOVWORLD) - លោក Po Lo Hu កើតនិងធំដឹងក្ដីនៅលើតំបន់ព្រំដែនស្រុក Muong Te (ខេត្ត Lai Chau)។ ថ្វីត្បិតតែជីវភាពជួបប្រទះការលំបាកលំបិនជាច្រើនក៏ដោយ ប៉ុន្តែដោយឆន្ទៈខ្លាំងក្លា មិនខ្លាចទុក្ខលំបាក លោកបានខិតខំប្រឹងប្រែង ត្រួសត្រាយផ្លូវក្នុងការធ្វើសេដ្ឋកិច្ច ចលនាជនរួមជាតិបោះបង់ចោលទំនៀមទម្លាប់ហួសសម័យ ហើយរួមដំណើរជាមួយអ្នកភូមិដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

កើតនិងធំដឹងក្ដីនៅភូមិ Cha Ke ឃុំ Pa U នៅឆ្នាំ ១៩៩១ នៅពេលដែល Po Lo Hu មានអាយុ ១០ ឆ្នាំ ទំនៀមទំលាប់រស់នៅពនេចរបាននាំគ្រួសាររបស់ Hu មកកាន់ទឹកដី Pha Bu ដែលមានចម្ងាយជាង ៦០ គីឡូម៉ែត្រពីស្រុកកំណើត។ លោក Po Lo Hu បានឲ្យដឹងថា៖

“លោកតាលោកយាយ ឪពុកម្ដាយបានទទួលមរណភាពតាំងពីខ្ញុំនៅតូច បងប្អូនក្នុងគ្រួសាររស់នៅឃ្លាតឆ្ងាយពីគ្នា មិនអាចជួយគ្នាបានទេ។ កាលនោះខ្ញុំនៅតូច គ្រួសារមិនតាំងទីលំនៅស្ថិរភាពទេ ដូច្នេះជីវភាពរស់នៅជួបការលំបាកខ្លាំងណាស់។ ទំនៀមទំលាប់រស់នៅពនេចរធ្វើឲ្យជីវភាពជួបប្រទះការលំបាកណាស់ ប្រកបរបររកស៊ីក៏លំបាក ហើយអាហារក៏ខ្វះខាតច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះបានផ្លាស់ប្តូរច្រើនហើយ បានតាំងទីលំនៅស្ថិរភាព។ ខិតខំប្រឹងប្រែងរកស៊ីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ឥឡូវរដ្ឋក៏ជួយប្រជាពលរដ្ឋកសាងផ្លូវថ្នល់ហើយ ធ្វើអីក៏ស្រួលជាងមុន”។

លោក Po Lo Hu - អ្នកត្រួសត្រាយផ្លូវជួយជនរួមជាតិ La Hu រួចផុតពីភាពក្រីក្រ - ảnh 1អាស្រ័យដោយមានភាពឧស្សាហ៍ព្យាយាម និងកិច្ចខិតខំប្រឹងប្រែង លោក Po Lo Hu បានក្លាយជាមហាសេដ្ឋីដំបូងគេក្នុងចំណោមជនរួមជាតិ La Hu នៅស្រុក Muong Te ខេត្ត Lai Chau ។ រូបថត៖ VOV

ក្នុងតួនាទីជាបក្ខជន លេខាសាខាបក្ស និងជាមេភូមិ Cha Ke លោក Po Lo Hu បានខិតខំសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារផងនិងមូលដ្ឋានផង។ អាស្រ័យដោយភាពឧស្សាហ៍ព្យាយាមអស់រយៈពេលច្រើនឆ្នាំ ពេលនេះក្នុងវ័យអាយុ ៤២ ឆ្នាំ លោក Hu មានទ្រព្យសម្បត្តិឡើងដល់រាប់ពាន់លានដុង… រដូវដាំដំណាំស្រូវឆ្នាំមុន គ្រួសារលោកប្រមូលផលបានប្រមាណ ៣៥ តោន លើសពីនេះលោកក៏មានហ្វូងគោ និងក្របីរាប់រយក្បាល; មានកសិដ្ឋានចិញ្ចឹមត្រី មាន់ និងពពែ; មានសួនច្បារដាំយិនស៊ិន ក្រវាញ ឈើអែមរាប់សិបហិកតាទៀតផង។ លោក Po Lo Hu បានចែករំលែកថា៖

“តាំងពីចូលជាបក្ខជនមក ខ្ញុំមានចំណេះដឹងកាន់តែច្រើន។ ជារៀងរាល់ខែ តែងតែឃោសនា ជួបសំណេះសំណាលនិងជួយឧបត្ថម្ភប្រជាជន ពិតជាសប្បាយចិត្តណាស់ ។ ក្នុងនាមជាលេខាសាខាបក្ស ដំបូងបង្អស់គឺត្រូវចេះធ្វើជាគំរូដើម្បីឲ្យប្រជាជនយកតម្រាប់តាម ដូចជាក្នុងការចិញ្ចឹមសត្វ ដាំដើមឈើហូបផ្លែ និងដើមឈើមានតម្លៃ។ ប្រសិនបើខ្ញុំមិនធ្វើជាគំរូ ជនរួមជាតិនឹងមិនធ្វើតាមហើយជីវភាពនឹងកាន់តែលំបាក”។

មិនត្រឹមតែទទួលខុសត្រូវចំពោះគ្រួសារ និងញាតិមិត្តប៉ុណ្ណោះទេ អស់រយៈពេលជាច្រើនឆ្នាំមក លោក Po Lo Hu ក៏បានជួយឧបត្ថម្ភប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមភូមិ ឃុំ បង្កើតការងារជាប្រចាំជូនពលករចំនួន៥នាក់ និងការងារតាមរដូវសម្រាប់ពលករជាង៣០នាក់។ ជារៀងរាល់ឆ្នាំ ចំពោះគ្រួសារដែលខ្វះខាតស្បៀងអាហារ លោក Po Lo Hu បានឧបត្ថម្ភស្រូវអង្ករ; គ្រួសារដែលគ្មានដើមទុន និងបទពិសោធន៍ធ្វើអាជីវកម្ម លោកបានផ្ដល់ប្រាក់កម្ចីដោយគ្មានការប្រាក់ ហើយណែនាំពីរបៀបធ្វើអាជីវកម្ម។ អ្នកស្រី Ly Mo Nu រស់នៅភូមិ Pha Bu ឃុំ Pa U បាននិយាយដោយក្តីរំភើបថា៖

“អាស្រ័យដោយមានការជួយឧបត្ថម្ភពីលោកលេខា Hu ដែលបានជួយខ្ញុំធ្វើអាជីវកម្ម ឥឡូវនេះគ្រួសារខ្ញុំបានរួចផុតពីភាពក្រីក្រហើយ។ ជីវភាពរស់នៅលែងពិបាកដូចមុនទៀតហើយ កូនៗក៏បានរៀនសូត្រល្អជាងមុនដែរ។ មិនត្រឹមតែគ្រួសារខ្ញុំប៉ុណ្ណោះទេ គ្រួសារជាច្រើនក្នុងភូមិ ក្នុងតំបន់ក៏ត្រូវបានជួយដែរ ដូច្នេះជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកភូមិសប្បាយរីករាយណាស់”។

លោក Po Lo Hu - អ្នកត្រួសត្រាយផ្លូវជួយជនរួមជាតិ La Hu រួចផុតពីភាពក្រីក្រ - ảnh 2 លេខាសាខាបក្ស មេភូមិ Po Lo Hu ទទួលបានការទុកចិត្តពីប្រជាជននៅស្រុកកំណើត។ រូបថត៖ VOV

ដោយស្ងៀមស្ងាត់ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចម្ការ ភ្នំ និងព្រៃឈើនៅមូលដ្ឋាន ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក មានមនុស្សតិចណាស់ដែលដឹងថា ក្នុងចំណោមជនរួមជាតិ La Hu នៅឃុំព្រំដែន Pa U មាន "មហាសេដ្ឋីជើងទទេ" ម្នាក់។ ពីគំរូសេដ្ឋកិច្ចកសិដ្ឋានរបស់លោកលេខាសាខាបក្ស Po Lo Hu មេភូមិ Pha Bu នោះ ឥឡូវនេះនៅឃុំ Pa U មានគំរូជាច្រើនទៀតត្រូវបានបង្កើតឡើងនៅតាមភូមិដទៃទៀត។ លោក Pham Hong Binh លេខារងគណៈកម្មាធិការបក្សឃុំ Pa U ស្រុក Muong Te បានឲ្យដឹងថា៖

“នៅតាមតំបន់លំបាក ជីវភាពរស់នៅរបស់ប្រជាជន នៅមានកម្រិតក្នុងការយល់ដឹង ក៏ដូចជាកម្រិតអភិវឌ្ឍន៍ផងដែរ ហេតុដូច្នេះ គំរូបែបនេះពិតជាគួរឲ្យកោតសរសើរយ៉ាងខ្លាំង។ ពួកគេគឺជាពលរដ្ឋដែលរស់នៅដោយផ្ទាល់នៅមូលដ្ឋានផង ហើយក៏ជាជនជាតិភាគតិចដែលមានកិត្យានុ
ភាពក្នុងសហគមន៍ទៀតផង។ តាមរយៈការងារជាក់ស្តែង ពួកគេបានបង្កើតនូវឥទ្ធិពល និងជាគំរូដើម្បីលើកទឹកចិត្ត ជួយឧបត្ថម្ភនិងចលនាប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យរៀនសូត្រ ធ្វើតម្រាប់តាម ព្រមទាំងជួយសេដ្ឋកិច្ចសង្គមរបស់ឃុំមានការរីកចម្រើនជាជំហានៗផងដែរ”។

ស្នាដៃដើម្បីប្រជាជនរបស់លោក Po Lo Hu ត្រូវបានទទួលស្គាល់ នៅពេលដែលគ្រួសារលោកគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ៨ ដែលមានសមិទ្ធិផលលេចធ្លោក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទ ហូជីមិញឆ្នាំ ២០២៣ ដែលត្រូវបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lai Chau ប្រគល់ប័ណ្ណសរសើរ៕

ប្រតិកម្មទៅវិញ