លោក Nguyen Manh Hung និងបង្គោលស៊ើន Long Chau។ |
នៅឆ្នាំ ២០០៤ លោក Nguyen Manh Hung បានចេញទៅកោះ Long Chau ធ្វើការ ដូចការបន្តមរតកពីការងាររបស់ឪពុក ជាអ្នកដែលបានបំផុសគំនិតសម្រាប់លោក Hung ក្លាយទៅជា "អ្នកយាមចង្កៀងសមុទ្រ" តាំងពីកុមារភាព។ ទោះបីជា រូបលោកផ្ទាល់បានជ្រើសរើស Long Chau ជាប្រជុំកោះដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីដីគោកជាគោលដៅក៏ដោយ ប៉ុន្តែនៅពេលបោះជំហានដំបូងនៅលើផ្លូវខ្វាត់ខ្វែងតាមចំណោទផ្ទាំងថ្មពីកំពង់ផែទៅបង្គោល
ស៊ើននោះ លោក Hung នៅតែមានការព្រួយបារម្ភថា៖
“ខ្ញុំកំពុងធ្វើការនៅដីគោក ពេលទៅកាន់កោះ Long Chau នេះក៏មានការព្រួយបារម្ភដែរ។ ត្រូវចំណាយពេលមួយខែ ទើបខ្ញុំមានកម្លាំងចលករជំរុញ។ ខ្ញុំសម្របខ្លួនបន្តិចម្ដងៗ។ ដំបូងបង្អស់គឺអំពីបរិស្ថាន។ បរិយាកាសនៅទីនេះតឹងរឹងណាស់ រដូវរងាគឺត្រជាក់ខ្លាំង ខ្យល់មូសុងបក់ខ្លាំងណាស់។ ចំណែកឯក្នុងរដូវក្ដៅ ពេលថ្ងៃក្ដៅខ្លាំង ពេលយប់ក៏ក្ដៅទៀត ដោយសារតែថ្មភ្នំស្រូបយកកំដៅពីពន្លឺថ្ងៃ ហើយបញ្ចេញខ្យល់ក្ដៅមកវិញ។ ប្រហែល២ឆ្នាំក្រោយមក ខ្ញុំស៊ាំបណ្ដើរៗ ហើយស្រឡាញ់ Long Chau តាំងពីពេលនោះមក”។
បន្ទាប់ពីការព្រួយបារម្ភដំបូង ទំនួលខុសត្រូវ និងការស្រឡាញ់ការងារបានជួយលោក Hung និងសហការី ជំនះពុះពារលើរាល់ការលំបាកនៅពេលធ្វើការនៅបង្គោលស៊ើន Long Chau។ ការងារត្រូវបានរៀបចំតាមបែបវិទ្យាសាស្ត្រ និងយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ ដូច្នេះមិនថារងពន្លឺថ្ងៃ ភ្លៀង ខ្យល់ត្រជាក់ ឬព្យុះនោះទេ បង្គោលស៊ើន Long Chau មិនដែលរលត់ឡើយ ចែងចាំងពន្លឺណែនាំផ្លូវសម្រាប់ទូកនាវារាប់ម៉ឺនដែលធ្វើដំណើរទៅវិញទៅមកក្នុងតំបន់ឈូងសមុទ្រភាគខាងជើងនិងតំបន់នាយសមុទ្ររបស់វៀតណាម។ លោក Hung បានរៀបរាប់ថា៖
“នៅទីនេះមានបងប្អូនកម្មករ ៨ នាក់ ដែលត្រូវបានបែងចែកវេនដើម្បីធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ។ ឧទាហរណ៍ ប្រសិនបើធ្វើការ ៣ ម៉ោងពេលយប់ នឹងធ្វើការ ៥ ម៉ោងពេលថ្ងៃ។ ឆ្លាស់គ្នាធ្វើការ។ អំពីការងារគឺ នៅពេលយប់ យើងនឹងយាម ហើយតាមដានប៉ារ៉ាម៉ែត្រប្រតិបត្តិការនៃភ្លើង។ នៅពេលថ្ងៃ នឹងថែរក្សាឧបករណ៍សញ្ញានាវាចរណ៍”។
ក្នុងតួនាទីជាប្រធានស្ថានីយ៍ លោក Hung បានកសាងជួរកម្មាភិបាល បុគ្គលិកប្រកបដោយសាមគ្គីភាព ទំនួលខុសត្រូវ រួមគ្នាចែករំលែកការលំបាក បង្កើតឡើងជោគជ័យនៃភារកិច្ចធានាសុវត្ថិភាពនាវាចរណ៍។ លោក Hung និយាយថា៖
“ក្រៅពីការងារ ជីវភាពរបស់បងប្អូននៅទីនេះគឺដូចជាគ្រួសារតែមួយអញ្ចឹង។ មានបងប្អូន៨នាក់នៅទីនេះ យើងនឹងហូបចុក សម្រាក និងធ្វើការជាមួយគ្នា លើកលែងតែពេលសុំឈប់សម្រាកឬមានការងារផ្សេងៗ។ របៀបដើម្បីធានាជីវភាព ក៏ដូចជាស្មារតីឲ្យបងប្អូននឹងនរចិត្តនោះគឺការគិត ។ ទី១ គឺការគិតត្រូវតែខ្ជាប់ខ្ជួន ទី២ គឺស្មារតីសាមគ្គីភាព។ យុទ្ធសាស្ត្រទាំងពីរនោះមានសារៈសំខាន់ណាស់នៅកោះឆ្ងាយដាច់ស្រយាលនេះ”។
របៀបដែលលោក Hung ជ្រើសរើសធ្វើជាអ្នកអុជចង្កៀង និងធានាសុវត្ថិភាពនាវាចរណ៍នៅ Long Chau ត្រូវបានសាជីវកម្មធានា នាវាចរណ៍និងសហគ្រាសទទួលស្គាល់។ លោក Vu Duc Thien ប្រធានការិយាល័យចាត់តាំងការងារនៃសហគ្រាសធានាសុវត្ថិភាពនាវាចរណ៍ភាគឦសាន្ត ក្នុងដំណើរត្រួតពិនិត្យការងារនៅស្ថានីយ៍បង្គោលស៊ើន បានវាយតម្លៃថា៖
“លោក Hung ជាប្រធានស្ថានីយ៍មួយដែលមានស្នាដៃជាច្រើន ហើយត្រូវបានក្រសួងគមនាគមន៍ដឹកជញ្ជូន ក៏ដូចជាសាជីវកម្ម សហគ្រាសវាយតម្លៃថា ជាបក្ខជនម្នាក់ដែលបានបំពេញភារកិច្ចយ៉ាងឆ្នើមក្នុងអំឡុងពេលច្រើនឆ្នាំ។ លោក Hung ក៏ទទួលបានប័ណ្ណសរសើរជាច្រើនពីក្រសួង សាជីវកម្មនិងសហគ្រាសផងដែរ។ ចំពោះសហការី លោករស់នៅដោយសុខដុមរមនា មានការចែករំលែកជាមួយបងប្អូន ហើយជួយបងប្អូនបំពេញភារកិច្ចបានយ៉ាងល្អផងដែរ”។
រយៈពេល ២០ ឆ្នាំជិតកន្លងផុតទៅហើយ លោក Hung ឥឡូវនេះមានអាយុ ៥៣ ឆ្នាំ ហើយជាអ្នកដែលមានបទពិសោធន៍ការងារយូរបំផុតនៅ Long Chau។ សម្រាប់លោក Long Chau បច្ចុប្បន្ននេះបានក្លាយទៅជាស្រុកកំណើតទីពីរ៕