លោក Le Duc Tho (ឆ្វេង) និងទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិកលោក Kissinger។ (រូបថត៖ TTXVN) |
នៅខែមេសា ឆ្នាំ ១៩៦៨ ខណៈពេលកាន់តំណែងជា លេខារងមជ្ឈិមតំបន់ភាគខាងត្បូង លោក Le Duc Tho ត្រូវបានលោកប្រធានហូជីមិញកោះហៅមកទីក្រុងហាណូយជាបន្ទាន់ ដើម្បីទៅកាន់ទីក្រុងប៉ារីស ទទួលបេសកកម្មជា "ទីប្រឹក្សាពិសេស" នៃគណៈប្រតិភូរដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ ដើម្បីដំណើរការចរចាដោយផ្ទាល់ជាមួយតំណាងសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្រ្គាម និងស្ដារសន្តិភាពឡើងវិញនៅប្រទេសវៀតណាម។
នៅសន្និសីទទីក្រុងប៉ារីស ក្នុងឋានៈជា “ទីប្រឹក្សាពិសេស” នៃគណៈប្រតិភូរដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ តាមរយៈសកម្មភាពក្នុងការចរចាជាដោយចំហ និងសម្ងាត់ ក្នុងសន្និសីទសារព័ត៌មាន ហើយការបញ្ជាឲ្យចេញ “សេចក្តីប្រកាសព័ត៌មាន” នោះ លោក Le Duc Tho បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រជាជនជឿនលឿនលើពិភពលោក យល់ច្បាស់អំពីភាពអយុត្តិធម៌នៃសង្គ្រាមដែលបង្កឡើងដោយចក្រពត្តិអាមេរិកនៅវៀតណាម។ ជាពិសេស នៅក្នុងជំនួបចរចាសម្ងាត់ជាមួយទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិកលោក Kissinger ឬនៅលើតុចរចាលោក Le Duc Tho បានបញ្ជាក់យ៉ាងច្បាស់អំពីសុច្ឆន្ទៈរបស់ប្រជាជនវៀតណាម ដែលមានបំណងចង់បញ្ចប់សង្គ្រាម ស្តារសន្តិភាពឡើងវិញនៅវៀតណាម ព្រមទាំងបញ្ជាក់ផងដែរថា គោលជំហររបស់ប្រជាជនវៀតណាមនោះ គឺប្រយុទ្ធយ៉ាងដាច់ខាត ដើម្បីគោលដៅឯករាជ្យជាតិ និងឯកភាពប្រទេសជាតិ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang។ (រូបថត៖ TTXVN) |
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang បានចាត់ទុកថា នៅលើតុចរចា លោក Le Duc Tho តែងតែធ្វើឱ្យគូប្រជែងគោរពដោយភាពឈ្លាសវៃ និងប្រាជ្ញារបស់អ្នកការទូតម្នាក់ដែលសម្បូរទៅដោយបទពិសោធន៍៖
“ក្នុងដំណើរការចរចាអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស វៀតណាមជាប្រទេសតូចមួយ ហើយស្ទើរតែគ្មានបទពិសោធន៍នៅលើសមរភូមិការទូតនៅឡើយ បើធៀបនឹងសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចដោយមានកម្លាំងយោធានិងការទូតដ៏ខ្លាំងក្លា។ លោក Kissinger គឺជាឥស្សរជនល្បីបំផុត នៅក្នុងមជ្ឈដ្ឋានអ្នកការទូតរបស់សហរដ្ឋអាមេរិក និងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នៅចំពោះមុខលោក Le Duc Tho លោក Kissinger បានសរសើរគោរពចំពោះវាចាចិត្ត ដោយហេតុផលនិងទឡ្ហីករណ៍ដ៏មុតស្រួចរបស់លោក។ ខ្ញុំគិតថា លោក Le Duc Tho ពិតជាបានបង្ហាញឫទ្ធានុភាព ទេពកោសល្យ និងប្រាជ្ញា”។
ប្រសិនបើនៅលើតុចរចា លោក Le Duc Tho ជានិច្ចកាលបង្ហាញនូវឫទ្ធានុភាព ប្រាជ្ញា ភាពខ្ជាប់ខ្ជួនអំពីគោលការណ៍ ប៉ុន្តែមានភាពបត់បែនក្នុងយុទ្ធសាស្ត្រនោះ នៅក្នុងកិច្ចប្រជុំសម្ងាត់ជាមួយលោក Kissinger វិញ លោក Le Duc Tho តែងតែបង្ហាញនូវឆន្ទៈឈានទៅមុខ ត្រៀមខ្លួនជាស្រេចជជែកពិភាក្សាដល់ទីបញ្ចប់ ព្រមទាំងអាកប្បកិរិយាស្ងៀមស្ងាត់ ការឆ្លើយតបយ៉ាងប៉ិនប្រសប់ ប៉ុន្តែតឹងតែងនិងមុតស្រួចនៅពេលចាំបាច់។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong នៅវិទ្យាស្ថានហូជីមិញនិងមគ្គុទ្ទេសបក្ស ចំណុះបណ្ឌិតសភានយោបាយជាតិហូជីមិញបានអះអាងថា៖
“ប្រការដែលបង្ហាញឲ្យឃើញពីប្រាជ្ញានិងឫទ្ធានុភាពនោះ គឺលោក Le Duc Tho យល់សត្រូវយ៉ាងច្បាស់ណាស់។ និយាយដូចលោករដ្ឋមន្រ្តី Kissinger គឺ "អានបានគំនិតរបស់គូប្រជែង"។ ពោលគឺយល់ពីចេតនារបស់គូប្រជែងគឺអ្វី។ ដូច្នេះហើយ ឫទ្ធានុភាពរបស់លោក Le Duc Tho ក្នុងការទូតគឺការវាយលុកសត្រូវយ៉ាងសកម្ម ប៉ុន្តែគួបផ្សំនឹងបញ្ហាជាគោលការណ៍ ហើយរួមបញ្ចូលភាពទន់ភ្លន់ក្នុងការតស៊ូការទូតទៀតផង”។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាជ័យជំនះសរុបនៃការតស៊ូផ្នែកយោធា នយោបាយ និងការទូត ក្នុងនោះមានការរួមចំណែកដ៏លេចធ្លោរបស់លោក Le Duc Tho។ កិច្ចចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានប្រព្រឹត្តទៅក្នុងរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រការទូតទំនើប ដោយបានបង្កើតឡើងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសាធារណៈមតិពិភពលោក។ រូបភាពរបស់លោក Le Duc Tho ត្រូវបានចុះផ្សាយពាសពេញកាសែតធំៗនៅអាមេរិកនិងលោកខាងលិច។
ច្រើនឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែសញ្ញាសម្គាល់នៃទីប្រឹក្សាពិសេសលោក Le Duc Tho នៅក្នុងកិច្ចចរចាទីក្រុងប៉ារីស (១៩៦៨ - ១៩៧៣) នៅតែរំលេចចេញយ៉ាងច្បាស់។ សមិទ្ធិផលនោះគឺជាសញ្ញាក្រហមដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រផ្នែកការទូតវៀតណាម ដែលបន្សល់ទុកនូវបទពិសោធន៍ដ៏មានតម្លៃជាច្រើនសម្រាប់បុព្វហេតុសមាហរណកម្មអន្តរជាតិរបស់វៀតណាមនាពេលបច្ចុប្បន្ន៕