លោក Lam Se - កសិករធ្វើផលិតកម្ម អាជីវកម្មល្អនៅខេត្ត Soc Trang

Chia sẻ

(VOVWORLD) - លោក Lam Se ជនជាតិខ្មែរអាយុ៦៤ឆ្នាំ រស់នៅទីក្រុង Soc Trang ខេត្ត Soc Trang ជាកសិករឆ្នើមមួយរូបក្នុងចលនាកសាងជនបទថ្មី។ ចាប់ផ្ដើមពីបាតដៃទទេរ អាស្រ័យដោយមានភាពឧស្សាហ៍ព្យាយាម ភាពស្វាហាប់ និងភាពឈ្លាសវៃក្នុងការចាប់យកតម្រូវការទីផ្សារ គំរូផលិតកម្ម និងគំរូអាជីវកម្មចម្រុះរបស់គ្រួសារលោករកចំណូលបានប្រហែល ១ ពាន់លានដុង (ជាង ៤១ ពាន់ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

លោក Lam Se - កសិករធ្វើផលិតកម្ម អាជីវកម្មល្អនៅខេត្ត Soc Trang - ảnh 1លោក Lam Se ធ្វើការនៅក្នុងឃ្លាំងផ្ទុកចំបើងរបស់គ្រួសារ។ (រូបថត៖ Ngoc Anh)

គ្រួសារលោក Lam Se រស់នៅសង្កាត់លេខ៥ ទីក្រុង Soc Trang។ ផ្ទះរបស់គ្រួសារលោកមានទំហំធំទូលាយ ស្អាតបាត ហើយបំពាក់ដោយសម្ភារៈបរិក្ខារសម្រាប់ការរស់នៅយ៉ាងគ្រប់គ្រាន់។ នៅជិតផ្ទះរបស់លោកគឺបណ្ដាឃ្លាំងដោយមានទំហំ ២០០០ ម៉ែត្រការ៉េសម្រាប់ផ្ទុកចំបើង និងគ្រឿងចក្រកសិកម្ម។ មានជីវភាពធូរធារបែបនេះ គឺដោយសារប្ដីប្រពន្ធទាំងពីរនាក់ឧស្សាហ៍ព្យាយាមប្រកបរបររកស៊ី មានភាពស្វាហាប់ ហ៊ានគិត ហ៊ានធ្វើក្នុងផលិតកម្ម អាជីវកម្មពហុវិស័យ។ លោក Lam Se បានសំណេះសំណាលថា៖

“ខ្ញុំមានការងារចំនួន ៣ គឺ ធ្វើស្រែចំការ ផ្ដល់សេវាម៉ាស៊ីនភ្ជួររាស់ដី ម៉ាស៊ីនច្រូតស្រូវ ផ្ដល់សេវារុំចំបើង ទិញចំបើងពីកសិករ មករុំហើយលក់អោយឈ្មួញនៅខេត្តផ្សេងៗ។ បច្ចុប្បន្ននេះ គ្រួសារខ្ញុំមានដីស្រែ ៨ ហិកតា។ ប្រសិនបើអាកាសធាតុអំណោយផល ហើយអាចដាំដំណាំស្រូវបាន ៣ រដូវ នោះ ប្រាក់ចំណេញនឹងមានចំនួន ៣០០ លានដុង/ឆ្នាំ (ជិត ១២.៤០០ ដុល្លារ/ឆ្នាំ)។ បើអាកាសធាតុមិនអំណោយផល ដាំដំណាំស្រូវបានតែ ២ រដូវប៉ុណ្ណោះ គឺរកចំណេញបាន២០០លានដុងក្នុងមួយឆ្នាំ។ ទាក់ទងនឹងម៉ាស៊ីនច្រូតកាត់ស្រូវ ខ្ញុំមានម៉ាស៊ីន ២ គ្រឿង នីមួយៗអាចធ្វើបានស្រូវ ១ ហិកតា។ ខ្ញុំជាកសិករដែលចាប់ផ្ដើមពីបាតដៃទទេរ ឥឡូវមានការងារចំនួន ៣ សរុបមកខ្ញុំរកបានប្រាក់ចំណេញប្រមាណ ១ ពាន់លានដុងក្នុងមួយឆ្នាំ (ជាង ៤១ ពាន់ដុល្លារក្នុងមួយឆ្នាំ)។ 

ចំណុចរបត់ដែលជួយគ្រួសារលោក Lam Se អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស គឺការងាររុំចំបើង ដោយសារការងារនេះនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ទទួលបានប្រាក់ចំណេញរហូតដល់ ៥០%។ នៅឆ្នាំ ២០១៧ លោកបានជួបឈ្មួញពីខេត្ត Tra Vinh មកដល់ Soc Trang ដើម្បីប្រមូលទិញចំបើង។ ឈ្មួញបាននិយាយថា ពួកគេទិញក្នុងបរិមាណមិនកំណត់ឡើយដើម្បីប្រើជាវត្ថុធាតុដើមសម្រាប់ដាំផ្សិត ចំណីបសុសត្វ និងធ្វើជីសម្រាប់រុក្ខជាតិ។ លោកបានទៅជួបអាជីវកម្មមួយនៅខេត្ត Tra Vinh ដើម្បីស្វែងយល់ពីបទពិសោធន៍ ហើយបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដោយការងាររុំចំបើង។ លោក Lam Se បានខ្ចីប្រាក់ ៣០០ លានដុង (ជិត ១២.៤០០ ដុល្លារ) ដែលជាទុនអនុគ្រោះ ហើយវិនិយោគទិញម៉ាស៊ីនរុំចំបើងមួយគ្រឿង។ នេះក៏ជាម៉ាស៊ីនរុំចំបើងដំបូងគេនៅខេត្ត Soc Trang ផងដែរ។ ទន្ទឹមនឹងនោះ លោកបានលើកទឹកចិត្តប្រជាពលរដ្ឋបន្ទាប់ពីប្រមូលផលស្រូវ កុំដុតចំបើង តែលក់ឲ្យគាត់វិញ ដែលមិនបំពុលបរិស្ថានផង ហើយបង្កើតប្រភពចំណូលស្ថិរភាពជូនកសិករផង។ លោក Lam Se បានឲ្យដឹងថា៖

“គ្រួសារខ្ញុំឥឡូវមានម៉ាស៊ីនរុំចំបើង៦គ្រឿង ក្នុងតម្លៃ៣០០លានដុង/ម៉ាស៊ីន (ជិត១២.៤០០ដុល្លារ/ម៉ាស៊ីន)។ ជាមធ្យមក្នុងមួយថ្ងៃប្រមូលបានចំបើងប្រហែល ៥០០ រមូរ/ម៉ាស៊ីន ដូច្នេះ ៦ ម៉ាស៊ីនអាចធ្វើបានចំបើង ៣០០០ រមូរក្នុងមួយថ្ងៃ។ ពេលធ្វើគំរូនេះ ខ្ញុំឃើញថាមានចំណេញខ្ពស់ ប្រមាណ ៥០%។ នៅខេត្ត Ben Tre Tra Vinh Vinh Long Long An Dong Thap... ពេលចូលដល់រដូវប្រមូលផលស្រូវ គេចុះមកទិញចំបើង ដាក់បញ្ជាទិញ ហើយខ្ញុំប្រមូលចំបើងលក់ឲ្យគេ។ ផលិតផលមិនគ្រប់គ្រាន់សម្រាប់លក់ទេ។ ចំបើងដែលគេយកមកវិញ ដើម្បីធ្វើផ្សិត ចិញ្ចឹមគោ និងធ្វើជីរុក្ខជាតិ។ ការងាររុំចំបើង នៅទីនេះក៏មានគ្រួសារផ្សេងមួយទៀតធ្វើដែរ ប៉ុន្តែគេមានម៉ាស៊ីនតែ ១ ឬ ២ គ្រឿងប៉ុណ្ណោះ មិនមែនខ្នាតធំដូចខ្ញុំទេ”។ 

លោក Lam Se - កសិករធ្វើផលិតកម្ម អាជីវកម្មល្អនៅខេត្ត Soc Trang - ảnh 2គ្រឿងចក្រកសិកម្មរបស់គ្រួសារលោក Lam Se។

បច្ចុប្បន្ន ពីសេវាកសិកម្ម គ្រួសារលោក Lam Se បានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ២០ នាក់។ មនុស្សម្នាក់ៗមានប្រាក់ចំណូលស្ថិរភាពប្រហែល ១០ លានដុង/ខែ (ជាង ៤១០ ដុល្លារ/ខែ)។ ក្រៅពីធ្វើអាជីវកម្មបានល្អ លោកក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងសុខុមាលភាពសង្គមនៅក្នុងមូលដ្ឋាន ចែករំលែកបទពិសោធន៍អាជីវកម្មជាមួយប្រជាកសិករ។ ពីមុននៅពេលដែលជំងឺកូវីដ-១៩ មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ហើយប្រជាពលរដ្ឋត្រូវធ្វើចត្តាឡីស័ក លោកបានជួយប្រជាពលរដ្ឋចំនួន២០គ្រួសារ ដោយជូនគ្រួសារនីមួយៗនូវអង្ករ២០គីឡូក្រាមក្នុងមួយខែ សម្រាប់អ្នកដែលអកុសលបានស្លាប់ដោយសារជំងឺរាតត្បាតនេះ លោកបានជួយធ្វើពិធីបុណ្យសពយ៉ាងយកចិត្តទុកដាក់។ លោក Phuong Trung ពលរដ្ឋម្នាក់នៅក្បែរផ្ទះលោក Lam Se បាននិយាយថា៖

“គាត់តែងតែជួយជនក្រីក្រទាំងទឹកប្រាក់ អង្ករ ហើយជួយជនក្រីក្រ និងជនចាស់ជរា។ ខ្ញុំនិងអ្នកជិតខាងពិតជាស្រឡាញ់រាប់អានគាត់ណាស់។ គាត់គឺជាគំរូឆ្នើមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ជនបទ។ គាត់ជាមនុស្សឧស្សាហ៍ព្យាយាម និងស្មោះត្រង់។ គាត់ចេះធ្វើការងារជាច្រើន ទាំងធ្វើស្រែ ធ្វើចំបើង ម៉ាស៊ីនច្រូតស្រូវ និងភ្ជួររាស់ដី”។

ជាច្រើនឆ្នាំមកនេះ លោក Lam Se ត្រូវបានគេទទួលស្គាល់ថាជាកសិករធ្វើផលិតកម្ម អាជីវកម្មល្អថ្នាក់ខេត្ត។ លោកមានកិត្តិយសដែលបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលប្រគល់ជូនប័ណ្ណសរសើរកសិករជាគំរូឆ្នើម ក្នុងចលនា “កសិករប្រឡងប្រណាំងធ្វើផលិតកម្ម អាជីវកម្មល្អ សាមគ្គីជួយគ្នាឲ្យក្លាយជាអ្នកមាននិងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព”៕

ប្រតិកម្មទៅវិញ