រឿងនិទានអំពីអ្នកយកអាហារជូនលោកប្រធានហូជីមិញនៅខេត្ត Cao Bang

Chia sẻ

(VOVWORLD) - កាលពីជាង ៨០ ឆ្នាំមុននៅ Pac Bo ខេត្ត Cao Bang បងប្អូនជនជាតិភាគតិច នៅទីនេះ បានថែទាំលោកប្រធានហូជីមិញ នៅពេលដែលលោកប្រធានដឹកនាំការតស៊ូ ប្រឆាំងនឹងអាណានិគមបារាំង។ ក្នុងនោះមានលោកយាយ Hoang Thi Khin ជនជាតិ Nung ជាអ្នកដែលបានយកអាហារទៅជូនលោកប្រធានហូជីមិញដោយផ្ទាល់។ លោក យាយ Khin មិនត្រឹមតែជាសាក្សីប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជននៅ ស្រុកកំណើតបដិវត្តន៍ Cao Bang ទៀតផង។

រឿងនិទានអំពីអ្នកយកអាហារជូនលោកប្រធានហូជីមិញនៅខេត្ត Cao Bang - ảnh 1លោកយាយ Hoang Thi Khin។ (រូបថត៖ VOV)
លោកយាយ Hoang Thi Khin កើតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩២០ នៅស្រុក Ha Quang។ ឪពុកម្តាយរបស់លោកយាយមានកូនចំនួន ៤ នាក់ ដែលចូលរួមក្នុងសកម្ម ភាពបដិវត្តន៍ ក្នុងនោះមានកូន ២ នាក់ ដែលយកអាហារជូនលោកប្រធាន ហូជីមិញ និងកម្មាភិបាលបដិវត្តនោះគឺលោកយាយ Khin និងប្អូនស្រីរបស់គាត់គឺលោកយាយ Hoang Thi Hoa ដែលទើបបានទទួលមរណភាពនៅឆ្នាំ ២០២១។
ផ្ទះរបស់លោកយាយ Khin នៅចុងភូមិ Pac Bo តាំងពីយូរមកហើយ បានក្លាយជាកន្លែងទទួលភ្ញៀវពីគ្រប់ទិសទីក្នុងប្រទេសក៏ដូចជាភ្ញៀវទេសចរបរទេសផងដែរ។ ទោះបីជាពេលដែលលោកយាយមានអាយុជាង១០០ឆ្នាំ ហើយសុខភាពខ្សោយក៏ ដោយ ប៉ុន្តែលោកយាយនៅតែចងចាំហើយនិទានរឿងយ៉ាងច្បាស់លាស់អំពីដំណាក់កាល ចូលរួមបដិវត្តន៍ ទៅជូនអាហារដល់លោកប្រធានហូជីមិញ។
លោកយាយនៅតែចងចាំយ៉ាងច្បាស់ថា នៅឆ្នាំ ១៩៤១ នៅពេលដែលបងប្អូន ស្រីទាំងពីរនាក់ត្រូវបានចាត់ចែងឲ្យចូលក្នុងព្រៃខាងលើជ្រោះ Giang ដើម្បីជួបលោក Ke  ដែលជាឈ្មោះរបស់លោកប្រធានហូជីមិញនៅពេលធ្វើ សកម្មភាពបដិវត្តន៍នាគ្រានោះ។ ក្នុងជំនួបទាំងនោះ លោកយាយបានស្តាប់លោក Ke សំណេះសំណាល ហើយសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាជនស្រុកជាភាសា Nung។ លោក Ke ក៏បានផ្ដែផ្ដាំប្រជាជនគ្រប់ជនជាតិ ត្រូវរួបរួមសាមគ្គី គ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវដើម្បីនាំមកនូវភាពសម្បូរធូធារដល់ភូមិស្រុក។ ស្ដាប់តាម ដំបូន្មានរបស់លោក Ke ប្ដីប្រពន្ធលោកយាយ Khin និងភូមិ Pac Bo ទាំងមូល មិនខ្លាច គ្រោះថ្នាក់ទេ តាំងចិត្តដើរតាមបដិវត្តន៍។ លោកយាយ Khin បានសំណេះសំណាលថា៖
“ការធ្វើសកម្មភាពបដិវត្តន៍នៅពេលនោះ មានសមាគមន៍ជាច្រើនដូចជា សមា គមន៍កុមារសង្គ្រោះជាតិ សមាគមន៍នារីសង្គ្រោះជាតិ។ ដើរតាមលោកអ៊ុំ ហូ ស្នាក់នៅ ខ្ទម Khuoi Nam ដាំបាយជូនលោកអ៊ុំ។ ការធ្វើបដិវត្តន៍នោះ មិនមែនជាមនុស្សម្នាក់ទេ តែម្នាក់មិនអាចជោគជ័យបាន ប៉ុន្តែមនុស្សច្រើនណាស់ ឡើងដល់រាប់រយនាក់ រួមគ្នា ហ្វឹកហ្វឺនកម្លាំងការពារ ដើតាមបដិវត្តន៍។ នៅ Khuoi Nam យើងខ្ញុំដាំបាយជូនលោកប្រធានហូជីមិញ ដាក់ចូលក្នុងបំពង់ឬស្សី ហើយដាំបបរជូនកម្លាំងការពារដើម្បីទទួលទាន”។
លោកយាយ Khin នៅតែយកដំបូន្មានរបស់លោកប្រធានហូជីមិញ មកប្រៀន ប្រដៅដល់កូនចៅយ៉ាងដូច្នេះថា៖ ត្រូវខិតខំប្រឹងប្រែងឈានឡើង កុំទុកដីទំនេរចោល កុំស្តាប់តាមមនុស្សអាក្រក់ ត្រូវតែសាមគ្គីស្រឡាញ់គ្នា ដើម្បីកសាងភូមិ Pac Bo ឲ្យកាន់តែ សម្បូរធូធារនិងស្រស់ស្អាត  សក្តិសមនឹងកិត្តិនាមជាស្រុកកំណើតរបស់បដិវត្តន៍។ លោកស្រី Hoang Thi Phan កូនប្រសាស្រីរបស់លោកយាយ Hoang Thi Khin បានចែករំលែកថា៖
“ខ្ញុំលឺម្តាយ Khin ដំណាលថា នៅពេលទៅធ្វើសកម្មភាពបដិវត្តន៍សម្ងាត់ លោកតា លោកយាយបានយកឈាមទៅធ្វើសម្បថ តាំងចិត្តដើរតាមបក្ស តាមលោកប្រធាន ហូជីមិញ។ ប្រជាជន Pac Bo មានកិត្តិយស និងមោទនៈភាពដែលជាស្រុកកំណើតទីពីរ របស់លោកប្រធាន ដូច្នេះហើយលោកយាយបានតាំងចិត្តធ្វើតម្រាប់តាមគំរូរបស់លោក ប្រធានហូជីមិញ”។
ជាមួយនឹងដំណើរការចូលរួមធ្វើសកម្មភាពបដិវត្តន៍និងបម្រើការតស៊ូ លោក យាយត្រូវបានបក្សនិងរដ្ឋប្រគល់ជូនប័ណ្ណសរសើរជាច្រើន ហើយទទួលបានគ្រឿង ឥស្សរិយយសតស៊ូប្រឆាំងចក្រពត្តិអាមេរិកថ្នាក់ទី៣។ នៅឆ្នាំ១៩៨៣ លោកយាយត្រូវបានបក្សនិងរដ្ឋទទួលស្គាល់ជាអ្នកបដិវត្តន៍ជើងចាស់។
នៅឆ្នាំ ១៩៦១ នៅពេលដែលលោកប្រធានហូជីមិញត្រឡប់មកលេងភូមិ Pac Bo វិញ លោកយាយ Khin មានកិត្តិយសទៅកាន់ដើមភូមិដើម្បីទទួលស្វាគមន៍លោក ប្រធាន។ នៅខែកញ្ញា ឆ្នាំ ១៩៦៩ នៅពេលដែលប្រធានហូជីមិញបានទទួលមរណភាព លោកយាយ Khin ក៏មានកិត្តិយសជាតំណាងប្រជាជនភូមិ Pac Bo ចុះមកទីក្រុង ហាណូយដើម្បីគោរពវិសញ្ញាណក្ខ័ន្ធលោកប្រធានផងដែរ។
មរណភាពរបស់លោកយាយ Khin គឺជាការសោកស្ដាយយ៉ាងក្រៀមក្រមចំពោះប្រជាជនភូមិ Pac Bo។ លោកយាយជាគំរូដ៏ភ្លឺស្វាងសម្រាប់ជំនាន់កូនចៅ Pac Bo សិក្សាយកតម្រាប់តាម ហើយក៏ជាមោទនភាព និងជាសាក្សីចំពោះប្រវត្តិសាស្ត្រវីរភាព នៃទឹកដីបដិវត្តន៍មួយនេះផងដែរ។ លោក Nong Thanh Bang មេភូមិ Pac Bo ឃុំ Truong Ha បានឲ្យដឹងថា៖
“លោកយាយ Khin ជាមោទនភាពនៃស្រុកកំណើត លោកយាយតែងតែ ឃោសនា ហើយរំលឹកកូនចៅ ឲ្យធ្វើតម្រាប់តាមគំរូរបស់ប្រធានហូជីមិញ ដើម្បី កសាងស្រុកកំណើតឲ្យក្លាយជាទឹកដីគំរូ។ កាលនៅរស់ លោកយាយតែងយកចិត្តទុកដាក់ដល់ជំនាន់ក្រោយៗ ជាពិសេសគឺយុវជននិងកុមារ”។
ដោយយកតម្រាប់តាមគំរូរបស់ប្រធានហូជីមិញ លោកយាយ Khin តែងតែ រស់នៅយ៉ាងសាមញ្ញ សន្សំសំចៃ ហើយប្រៀនប្រដៅកូនចៅឲ្យក្លាយជាមនុស្សដ៏មាន ប្រយោជន៍។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ កូនចៅនិងប្រជាជនភូមិ Pac Bo យ៉ាង ច្រើនកុះករបានមកជូនដំណើរលោកយាយទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រតិកម្មទៅវិញ