លោក Ho Ket បានពិការជើង ប៉ុន្តែឆន្ទៈរបស់គាត់បានជួយគាត់ជំនះពុះពារលើស្ថានភាពលំបាក។ (រូបថត៖ VOV) |
នៅឆ្នាំ ២០០៥ Ho Ket ពេលនោះទើបមានអាយុ ១៧ ឆ្នាំតែប៉ុណ្ណោះ ពេលកំពុងធ្វើការនៅវាលស្រែ ប្អូនបានជួបគ្រោះថ្នាក់ រាងកាយទាំងមូលត្រូវរលាកភ្លើងយ៉ាងធ្ងន់ធ្ងរ និងក្លាយជាជនពិការ។ មួយឆ្នាំក្រោយពីគ្រោះថ្នាក់ធ្លាក់រលាកភ្លើងនោះ Ho Ket ចាប់ផ្តើមហាត់ដើរ និងធ្វើចលនាដៃឡើងវិញ ខិតខំប្រឹងប្រែងមិនឱ្យខ្លួនក្លាយជាបន្ទុកធ្ងន់លើឪពុកម្តាយ បងប្អូនក្នុងក្រុមគ្រួសារ។ ដំបូងឡើយ Ket ហាត់ធ្វើការងារតូចតាចក្នុងផ្ទះប៉ុណ្ណោះ។ ក្រោយមក យុវជនពិការរូបនេះបានក្លាហានចិញ្ចឹមមាន់ ជ្រូក ហើយសូម្បីតែទៅឃ្វាលគោទៀតផង។ នៅឆ្នាំ ២០០៩ Ket រៀបការ។ នៅឆ្នាំ ២០១៣ តាមរយៈសមាគមដើម្បីការអភិវឌ្ឍនៃជនពិការខេត្ត Quang Binh លោក Ho Ket បានចូលរួមវគ្គរៀនត្បាញឫស្សី ផ្តៅនៅក្រុមហ៊ុននាំចេញទំនិញសិប្បកម្មវិចិត្រសិល្បៈ Van Xuan។ ដោយមានភាពឧស្សាហ៍ព្យាយាម ភាពប៉ិនប្រសប់ លោកបានឈ្នះរង្វាន់ទី ១ ក្នុងការប្រកួតជំនាញវិជ្ជាជីវៈនៃសាលា។ Ho Ket បានចែករំលែកថា៖
“ខ្ញុំមិនមានសំណាងល្អ ដែលមានរាងកាយធម្មតាដូចយុវជនដទៃទៀតទេ ប៉ុន្តែដោយការខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់ ខ្ញុំបានរៀនវិជ្ជាជីវៈមួយដើម្បីចិញ្ចឹមជីវិត។ មកទល់នឹងពេលនេះ របរត្បាញឬស្សីនេះ នាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់ថែទាំប្រពន្ធនិងកូនរបស់ខ្ញុំ ហើយខ្ញុំថែមទាំងបង្រៀនរបរដល់ប្រជាជននៅទីនេះទៀតផង”។
ដើម្បីជួយលក់ផលិតផល Ho Ket បានបង្កើនការតភ្ជាប់ជាមួយទំនាក់ទំនងដ៏ជិតស្និទ្ធ ហើយតាមរយៈបណ្តាញសង្គមដូចជា facebook, zalo... ដើម្បីផ្សព្វផ្សាយផលិតផលសិប្បកម្មធ្វើដោយដៃដូចជា៖ ស្ពកបាយ កាផា កន្ត្រកទុកបាយដំណើប កន្ត្រកទុកបង្គា ខ្យង ត្រី ជាដើម។ ផលិតផល ភាគច្រើនត្រូវបានធ្វើដោយ Ket ផ្ទាល់ ហើយតែងតែត្រូវបានអតិថិជនកោតសរសើរដោយសារលក្ខណៈសិល្បៈ ភាពប្រណិត ភាពធន់ មិនប៉ះពាល់ដល់បរិស្ថាន និងភាពចាំបាច់សម្រាប់គ្រប់គ្រួសារ។ ផលិតផលរបស់ Ket ត្រូវបានតភ្ជាប់ និងលក់ជូនអតិថិជននៅទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងភ្ញៀវទេសចរបរទេសផងដែរ។
ផលិតផលរបស់លោក Ho Ket ត្រូវបានធ្វើឡើងប្រកបដោយភាពប្រណិត ភាពធន់ និងមិនប៉ះពាល់ដល់បរិស្ថាន។ (រូបថត៖ VOV) |
ដើម្បីលើកកំពស់ថ្វីដៃរបស់ខ្លួន Ho Ket បន្តរៀនសូត្រនិងប្រឡងយកសញ្ញាបត្រវិជ្ជាជីវៈសម្រាប់ខ្លួនឯង ហើយដាក់ពាក្យសុំចូលក្លឹបយុវជនពិការស្រុក Minh Hoa។ លោក Ho Thao លេខាសម្ព័ន្ធយុវជនឃុំ Trong Hoa ស្រុក Minh Hoa បានឲ្យដឹងថា៖
“Ho Ket បានឈានឡើងជំនះលើស្ថានភាពលំបាក គាត់ពិតជាអស្ចារ្យណាស់។ ទោះបីជាជនពិការម្នាក់ដែលគ្រួសារមានស្ថានភាពលំបាកក៏ដោយ ប៉ុន្តែគាត់បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ហើយយុវជនដទៃទៀតក៏រៀនសូត្រធ្វើត្រាប់តាមគំរូរបស់ Ho Ket ផងដែរ”។
បោះទ័ពលើភូមិសាស្ត្រឃុំ Trong Hoa ស្រុក Minh Hoa បណ្ដាកម្មាភិបាលនិងយុទ្ធជននៃប៉ូស្តិ៍ការពារព្រំដែន Ra Mai តែងតែជួយឧបត្ថម្ភគ្រួសារ Ho Ket ដោយជួយគេជួសជុលផ្ទះ ហើយប្រគល់ជូនសំណង់ទឹកស្អាត។ លោកវរសេនីយ៍ត្រី Cao Xuan Hoanh នៅប៉ូស្តិ៍ការពារព្រំដែន Ra Mai ខេត្ត Quang Binh បានឲ្យដឹងថា៖
“សម្ព័ន្ធយុវជនសាខាប៉ូស្តិ៍ការពារព្រំដែន Ra Mai បានសហការជាមួយសម្ព័ន្ធយុវជនឃុំ តែងតែចុះលើកទឹកចិត្ត សួរសុខទុក្ខ ជួយគាត់បន្ថយភាពអៀនអន់ក្នុងជីវភាព។ ថ្វីត្បិតតែពិការក៏ដោយ ក៏គាត់មានឆន្ទៈឈានឡើងក្នុងជីវភាព ដោយរបរត្បាញនៃស្រុកកំណើត។ ទាំងថែរក្សាអត្តសញ្ញាណនៃរបរប្រពៃណីរបស់ភូមិផង ទាំងរកប្រាក់ចំណូលបន្ថែមសម្រាប់ចិញ្ចឹមគ្រួសារផង”។
ដោយមានកម្លាំងចិត្តនិងឆន្ទៈពុះពារជំនះលើពិការភាព លោក Ho Ket មានកិត្តិយសជាយុវជនម្នាក់ក្នុងចំណោមយុវជនពិការគំរូទាំង ៥០ នាក់ក្នុងទូទាំងប្រទេសដែលត្រូវបានសហភាពសហព័ន្ធយុវជនវៀតណាលើកតម្កើងនិងប្រគល់ជូនប័ណ្ណសរសើរ នៅក្នុងកម្មវិធី “ពន្លឺរស្មីនៃកម្លាំងចិត្តវៀតណាម” ឆ្នាំ ២០២២។ លើសពីនេះ លោក Ho Ket ក៏ទទួលបានប័ណ្ណសរសើរពីសមាគមដើម្បីការអភិវឌ្ឍរបស់ជនពិការខេត្ត Quang Binh សម្រាប់ការជួយជនពិការសម្របខ្លួនក្នុងសង្គម និងលើកកំពស់សិទ្ធិជនពិការផងដែរ៕