យុទ្ធនារីជាមួយនឹងក្ដីសុបិនអំពីផែនទីកោះសមុទ្រវៀតណាម

Chia sẻ

(VOVWORLD) - វរនាវីត្រី Le Thi Minh Thuy (អង្គភាពវាស់វែងនិងគូរផែនទីសមុទ្រនិងស្រាវជ្រាវសមុទ្រ ចំណុះបញ្ជាការដ្ឋានសេនាធិការកងទ័ពជើងទឹក) នាពេលកន្លងមក បានរួមជាមួយសហការី កែសម្រួលផែនទីសមុទ្រឌីជីថលរាប់រយបំណែក ហើយរចនាប្រព័ន្ធផលិតមូលដ្ឋានទិន្នន័យភូមិសាស្ត្រនិងបង្កើតផែនទីសណ្ឋានដីបាតសមុទ្រ។ ការងារទាំងនេះមិនត្រឹមតែទាមទារភាពល្អិតល្អន់ និងភាពត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ រួមចំណែកទៅក្នុងការងារការពារអធិបតេយ្យភាពកោះសមុទ្របស់មាតុភូមិទៀតផង។

យុទ្ធនារីជាមួយនឹងក្ដីសុបិនអំពីផែនទីកោះសមុទ្រវៀតណាម - ảnh 1វរនាវីត្រី Le Thi Minh Thuy ក្នុងដំណើរទស្សនកិច្ចការងារនៅប្រជុំកោះ Truong Sa។ (រូបថត៖ VOV)

នៅខែឧសភា ឆ្នាំ ២០២៣ វរនាវីត្រី Le Thi Minh Thuy បានបំពេញដំណើរទស្សនកិច្ចការងារទៅកាន់ប្រជុំកោះ Truong Sa។ ៣៥ឆ្នាំក្រោយពីថ្ងៃដែលឪពុករបស់នាង យុទ្ធជនពលី Le Dinh Tho បានពលីជីវិត នៅពេលបំពេញភារកិច្ចការពារប្រជុំកោះ Truong Sa ទើបនាងអាចសម្រេចបានក្តីសុបិនរបស់ខ្លួន។ នោះគឺ បានទៅកាន់កោះ ហើយអុជធូបជូនឪពុក និងយុទ្ធមិត្តទាំង៦៣នាក់របស់លោក។

នៅពេលមកកាន់ Truong Sa នាងបានសំណេះសំណាលជាមួយឪពុកអំពីជីវភាព ការងារបច្ចុប្បន្ន និងក្តីសុបិនរបស់ខ្លួននោះ គឺដើរតាមគន្លងអាជីពរបស់ឪពុក ដោយបន្តគូរផែនទីសមុទ្រ រួមចំណែកការពារកោះសមុទ្ររបស់មាតុភូមិ។

“ពេលទៅកាន់ Truong Sa ខ្ញុំពិតជាមានអារម្មណ៍ដែលមិនអាចពិពណ៌នាបានទេ។ នេះជាក្ដីសុបិនរបស់ខ្ញុំអស់រយៈពេលច្រើនឆ្នាំមកហើយ។ ពេលបណ្ដែតកម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធឪពុកខ្ញុំ និងយុទ្ធជនពលីទាំង៦៣នាក់ ដែលបានពលីជីវិតកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៨៨ ខ្ញុំពិតជាចង់ផ្ញើរសារដល់ឪពុកនិងពូៗអ៊ុំៗ ថា៖ “ឪពុកនិងពូៗអ៊ុំៗអើយ សូមកុំបារម្ភណា ខ្ញុំនិងយុទ្ធមិត្តនឹងបន្តអនុវត្តន៍ក្តីសុបិនរបស់ឪពុកនិងអ៊ុំៗ ហើយនឹងខិតខំព្យាយាមបន្ថែមទៀត”។

យុទ្ធនារីជាមួយនឹងក្ដីសុបិនអំពីផែនទីកោះសមុទ្រវៀតណាម - ảnh 2៣៥ឆ្នាំក្រោយពីថ្ងៃដែលឪពុករបស់នាង យុទ្ធជនពលី Le Dinh Tho បានពលីជីវិត នៅពេលបំពេញភារកិច្ចការពារប្រជុំកោះ Truong Sa ទើបនាងអាចទៅកាន់កោះ ដើម្បីអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធឪពុក។ (រូបថត៖ VOV)

ឪពុករបស់អ្នកស្រី Le Thi Minh Thuy គឺយុទ្ធជនពលី Le Dinh Tho ធ្លាប់ជាកម្មាភិបាលនៃអង្គភាពវាស់វែង គូរផែនទីសមុទ្រ និងស្រាវជ្រាវសមុទ្រ បានពលីជីវិតនៅពេលដែលនាងមានអាយុត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយមរណភាពរបស់ឪពុក ម្ដាយរបស់នាងក៏លាចាកលោកដែរ។ អ្នកស្រី Thuy បានធំដឹងក្ដី ក្នុងសេចក្តីស្រឡាញ់របស់គ្រួសារខាងឪពុកនិងម្តាយ និងការយកចិត្តទុកដាក់ថែទាំរបស់ពូៗអ៊ុំៗនៅក្នុងអង្គភាពរបស់ឪពុក និងម្តាយ។ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរ៉ែ-ភូគព្ភសាស្ត្រ ជំនាញវាស់វែងផែនទី នាងបានមកធ្វើការនៅអង្គភាពវាស់វែង គូរផែនទីសមុទ្រនិងស្រាវជ្រាវសមុទ្រ ជាមួយនឹងក្តីសុបិនចង់ដើរតាមគន្លងអាជីពរបស់ឪពុក។

ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់ Truong Sa ក្រៅពីអាចទៅទស្សនាកន្លែងដែលឪពុកធ្លាប់បំពេញភារកិច្ចនោះ អ្នកស្រី Minh Thuy ថែមទាំងបានឃើញដោយផ្ទាល់នូវប្រព័ន្ធបង្គោលប្រឆាំងការឡើងគោក ទំនប់ទឹក និងច្រាំងផ្កាថ្ម ហើយបានឃើញផ្ទាល់ភ្នែកនូវពណ៌ទឹកសមុទ្រនៅកម្រិតរាក់និងជ្រៅខុសៗគ្នាផងដែរ។ ទាំងនេះគឺជាឯកសារជាក់ស្តែងដ៏មានតម្លៃបំផុតសម្រាប់ការងារវាស់វែងនិងគូរផែនទីសមុទ្ររបស់នាងនិងសហការី។ ភាពល្អិតល្អន់ ភាពហ្មត់ចត់ ការជក់ចិត្ត និងសេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ បានជ្រាបចូលទៅក្នុងខ្លួននាង និងភារកិច្ចដែលបានប្រគល់ជូន។ ចែករំលែកអំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យផែនទី អ្នកស្រី Le Thi Minh Thuy បានឲ្យដឹងថា៖

“កាលពីឆ្នាំមុន យើងខ្ញុំបានកែសម្រួលផែនទីសណ្ឋានដីបាតសមុទ្រចំនួន ១៩៦ ចំណែក នេះជាលើកដំបូងដែលយើងបានអនុវត្តន៍សហ្វវែ Arcgis ថ្មី។ បន្ទាប់ពីសម្រេចគម្រោងនោះ យើងខ្ញុំទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ។ ក្រៅពីផែនទីសមុទ្រ ដែលត្រូវបានកែសម្រួលតាមសហ្វវែដែលយើងបានធ្វើជាយូរមកហើយ យើងក៏ពង្រីកការកែសម្រួលលើសហ្វវែថ្មីផងដែរ ដែលភាគច្រើនប្រើភាសាអង់គ្លេស។ ការចូលប្រើសហ្វវែថ្មីទាំងនោះ បានបើកទិសដៅជាច្រើនសម្រាប់ពួកយើងក្នុងវិស័យផែនទីបាតសមុទ្រ”។

ក្រៅពីចំណេះដឹងវិជ្ជាជីវៈដ៏ជ្រៅជ្រះ អ្នកស្រី Minh Thuy ក៏បានរៀនភាសាអង់គ្លេសដោយខ្លួនឯង ដើម្បីរកឃើញ និងអនុវត្តន៍សហ្វវែថ្មី ដើម្បីបម្រើការកែសម្រួលផែនទី។ អ្នកស្រី Thuy ក៏ជាមនុស្សម្នាក់ដែលឈានមុខគេក្នុងការអនុវត្តន៍បច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យកែសម្រួលផែនទី ទទួលយកភាពជឿនលឿនក្នុងវិស័យផែនទីរបស់ពិភពលោក។ វរនាវីត្រី Nguyen Van Dung ប្រធានក្រុមកែសម្រួលផែនទីបានធ្វើអធិប្បាយអំពីអ្នកស្រី Le Thi Minh Thuy យ៉ាងដូច្នេះថា៖

“អ្នកស្រី Thuy តែងតែបំពេញបានល្អនូវការងារ តម្រូវការ និងភារកិច្ចកែសម្រួលផែនទីសមុទ្រដែលប្រធានក្រុមប្រគល់ជូន។ ពេលប្រគល់ការងារឱ្យ Thuy តែងតែមានអារម្មណ៍នឹងនរចិត្ត។ Thuy មានភាពក្លៀវក្លា និងឧស្សាហព្យាយាមសិក្សារៀនសូត្រ។ ក្នុងវិស័យផែនទីនេះ ចំណេះដឹងគឺទូលំទូលាយណាស់ ទោះបីជា Thuy នៅក្មេងក៏ដោយ ប៉ុន្តែនាងមានភាពឧស្សាហ៍ព្យាយាម ហើយរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាកម្មាភិបាលវ័យក្មេងម្នាក់ ប៉ុន្តែ Thuy ត្រូវបានថ្នាក់ដឹកនាំអង្គភាពជឿទុកចិត្ត និងចាត់តាំងឱ្យចូលរួមក្នុងគម្រោងសំខាន់ៗជាច្រើនដូចជា៖ គម្រោងផែនការមេលំហសមុទ្រជាតិ គម្រោងផែនទីសណ្ឋានដីបាតសមុទ្ររបស់ក្រសួងនិងនាយកដ្ឋានផែនទី”។

ដោយមានការខិតខំប្រឹងប្រែងដ៏ស្ងាត់ស្ងៀមនៅពីក្រោយផែនទីសមុទ្រ ដើម្បីជួយឱ្យការធ្វើដំណើរទៅកាន់សមុទ្ររបស់កងកម្លាំងនានាកាន់តែមានសុវត្ថិភាព វរនាវីត្រី Le Thi Minh Thuy ទទួលបានប័ណ្ណសសរសើរជាច្រើន ពីគ្រប់ជាន់ថ្នាក់ កងទ័ពជើងទឹក និងក្រសួងការពារប្រទេសចំពោះស្នាដៃឆ្នើមៗក្នុងការងារ៕

ប្រតិកម្មទៅវិញ