ព្រឹទ្ធាចារ្យ Briu Po - អ្នកមានកិត្យានុភាពនៅភូមិ Aroh ឃុំ Lang ខេត្ត Quang Nam

Chia sẻ

(VOVWORLD) - នៅភូមិ Arớh ឃុំ Lăng ស្រុក Tay Giang ខេត្ត Quang Nam ពេលដែលសួរអំពីព្រឹទ្ធាចារ្យ Briu Po នរណាគេក៏ស្គាល់ដែរ។ លោកគឺជាជនជាតិ Co Tu ដំបូងគេ ដែលមានសញ្ញាប័ត្រសាកលវិទ្យាល័យ ជាសិប្បករឆ្នើម និងជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម។ ព្រឹទ្ធាចារ្យភូមិ Briu Po ធ្លាប់ត្រូវបានប្រជាពលរដ្ឋជឿទុកចិត្តបោះឆ្នោតជ្រើសតាំងជាថ្នាក់ដឹកនាំមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

ព្រឹទ្ធាចារ្យ Briu Po - អ្នកមានកិត្យានុភាពនៅភូមិ Aroh ឃុំ Lang ខេត្ត Quang Nam - ảnh 1ព្រឹទ្ធាចារ្យភូមិ Briu Po - អ្នកមានកិត្យានុភាពនៅភូមិ Aroh ឃុំ Lang ខេត្ត Quang Nam។ (រូបថត៖ Ngoc Anh)

ព្រឹទ្ធាចារ្យភូមិ Briu Po កើតនៅឆ្នាំ ១៩៤៩ បច្ចុប្បន្នលោកមានអាយុក្នុងជួរបក្សជាង ៣៧ ឆ្នាំហើយ។ នៅឆ្នាំ ១៩៧៧ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគរុកោសល្យ Thai Nguyen រួចមក យុវជន Briu Po បានក្លាយជាជនជាតិ Co Tu ដំបូងគេដែលមានសញ្ញាប័ត្រសាកលវិទ្យាល័យ។ បន្ទាប់មក លោកបានវិលត្រឡប់ទៅស្រុកកំណើតវិញដោយមានសេចក្ដីប្រាថ្នារួមចំណែកជាកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីកសាងស្រុកកំណើត។ លោក Briu Po បានរំលឹកឡើងវិញថា៖

“កាលខ្ញុំនៅក្មេង ខ្ញុំទៅសិក្សានៅសាលាមជ្ឈិមសម្រាប់ជនជាតិភាគតិចនៅរដ្ឋធានីហាណូយ។ បក្សនិងរដ្ឋបានបញ្ជូនខ្ញុំទៅសិក្សានៅទីក្រុង Guilin ប្រទេសចិន បន្ទាប់មកវិលត្រឡប់មកសិក្សានៅសាកលវិទ្យាល័យគរុកោសល្យទីក្រុង Thai Nguyen ពីឆ្នាំ១៨៧៣ ដល់ឆ្នាំ ១៩៧៧។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគរុកោសល្យ វិលត្រឡប់មកស្រុកកំណើតវិញ ខ្ញុំធ្លាប់ជានាយកសាលាបំប៉នចំណេះដឹងវប្បធម៌ ហើយធ្វើជាលេខាបក្ស និងជាប្រធានឃុំ Lăngពីឆ្នាំ ១៩៨៩ ដល់ ឆ្នាំ២០០៥”។

នៅពេលកំពុងកាន់តំណែងជាប្រធានឃុំ Lang លោក Briu Po បានសម្រេចចិត្តចូលនិវត្តន៍ ២ ឆ្នាំមុនកាលកំណត់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់យុវជនជំនាន់ក្រោយអភិវឌ្ឍន៍ ទន្ទឹមនឹងនោះក៏ចាប់ផ្តើមការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកបានស្រាវជ្រាវ បង្កាត់ពូជដើម ba kich (ដើម Morinda) ដោយជោគជ័យ ហើយបានណែនាំ និងជួយឧបត្ថម្ភប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដើមឈើនេះ។ ព្រឹទ្ធាចារ្យ Briu Po បានសំណេះសំណាលថា៖

“ខ្ញុំបានដាំដើម ba kich តាំងពីឆ្នាំ ២០០៧ មក។ ពេលដំបូង ខ្ញុំយកដើម ba kich ពីព្រៃឈើហើយដាំសាកល្បងជាង ១០០ ដើម។ ខ្ញុំជាមនុស្សដំបូងគេដែលរក្សាបាននូវហ្សែនដើម ba kich ប្រចាំស្រុក ការពារមិនឱ្យផុតពូជជារៀងរហូត។ នោះជាអ្វីដែលខ្ញុំមានមោទនភាពខ្លាំងណាស់។ ចម្ការដើម ba kich របស់ខ្ញុំបច្ចុប្បន្នមានទំហំ ១,៣ ហិកតា លក់ក្នុងតម្លៃ ៥០ ម៉ឺនដុង/គីឡូក្រាម ដោយទទួលបានចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។ លើសពីនេះ ខ្ញុំក៏ជីកស្រះចិញ្ចឹមត្រីគល់រាំងនិងឆ្កោក ដែលអាចរកចំណូលចំនួន២១០លានដុងក្នុងមួយឆ្នាំទៀតផង។ ខ្ញុំបានយកដើម ba kich ជាដំណាំមុខព្រួញដំបូងគេ។ បន្ទាប់ពីទទួលបានលទ្ធផលល្អ ខ្ញុំបានណែនាំប្រជាជននៅក្នុងភូមិអំពីបច្ចេកទេសដាំដំណាំប្រភេទនេះ។ ប្រជាពលរដ្ឋមករៀន ហើយអ្នកណាដែលមានលទ្ធភាពក៏ជីកស្រះចិញ្ចឹមត្រីបានផងដែរ”។

ដោយបានស្តាប់ការណែនាំពីព្រឹទ្ធាចារ្យភូមិ ហើយឃើញដោយផ្ទាល់ភ្នែកនូវគំរូអាជីវកម្មដ៏មានប្រសិទ្ធភាពរបស់ព្រឹទ្ធាចារ្យ Briu Po ប្រជាជនក្នុងតំបន់បានចាប់ផ្តើមសិក្សាធ្វើតាម។ រហូតមកដល់ពេលនេះ មិនត្រឹមតែនៅភូមិ Aroh ឃុំ Lang ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងស្រុក Tay Giang បានចាប់ផ្ដើមដាំដើម ba kich ក្នុងទ្រង់ទ្រាយធំ។ អាជ្ញាធរជួយទិញដើមពូជសម្រាប់បណ្ដាគ្រួសារ ណែនាំបច្ចេកទេសហើយធានាការប្រមូលទិញផលិតផល។ លោក Bling Mien ប្រធានគណៈកម្មាធិការប្រជាជនឃុំ Lang បានឲ្យដឹងថា៖

“គ្រួសារពូ Briu Po ជាគ្រួសារបដិវត្តន៍ ដែលមានការរួមវិភាគទានយ៉ាងច្រើនសម្រាប់ឃុំ Lang។ ពូជាមនុស្សម្នាក់ដែលមានកិត្យានុភាពនៅស្រុក Tay Giang។ ពូ Briu Po គឺជាគំរូដ៏ល្អមួយ គួរឲ្យរៀនសូត្រពីគ្រប់ៗគ្នា ជាពិសេសជនជាតិភាគតិចនៅឃុំ Lang និយាយដោយឡែក និងស្រុក Tay Giang និយាយរួម”។

ក្នុងនាមជាអ្នកមានកិត្យានុភាព ព្រឹទ្ធាចារ្យភូមិ Briu Po តែងតែឈានមុខគេក្នុងការងារសង្គមទាំងអស់នៅក្នុងមូលដ្ឋាន។ លោកក៏បានចូលរួមយ៉ាងសកម្មជាមួយកងកម្លាំងមុខងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឃុំ Lang ផងដែរ។ លោកវរសេនីយ៍ត្រី Ngo Van Thin នាយនគរបាលរងស្រុក Tay Giang បានឲ្យដឹងថា៖

“ពូ Briu Po គឺជាព្រឹទ្ធាចារ្យភូមិដែលមានកិត្យានុភាព។ ពូ Briu Po គឺជាស្ពានដើម្បីឃោសនាគោលជំហរ និងគោលនយោបាយរបស់បក្ស ក៏ដូចជាច្បាប់របស់រដ្ឋដល់ប្រជាជនតាមភូមិឃុំ។ អាស្រ័យហេតុនោះ ប្រជាពលរដ្ឋបានយល់ និងអនុវត្តន៍បានល្អនូវគោលជំហរ គោលមាគ៌ានិងគោលនយោបាយរបស់បក្ស ក៏ដូចជាច្បាប់របស់រដ្ឋ”។

មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ ព្រឹទ្ធាចារ្យភូមិ Briu Po ក៏ជាសព្វវចនាធិប្បាយរស់ និងជាសិប្បករដ៏ល្បីឈ្មោះម្នាក់នៅស្រុក Tay Giang និយាយដោយឡែកនិងខេត្ត Quang Nam និយាយរួម។ លោកនិពន្ធរឿង កំណាព្យ និទានរឿង និងផ្លុំខ្លុយបានយ៉ាងពិរោះៗ... ក្នុងឆ្នាំ ២០១៩ ព្រឹទ្ធាចារ្យ Briu Po មានកិត្តិយសទទួលបានកិត្តិនាមជាសិប្បករគំរូដោយមានស្នាដៃឆ្នើមក្នុងការអភិរក្ស និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Co Tu។ 

ជាមួយនឹងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការថែរក្សាវប្បធម៌របស់ជនជាតិ Co Tu ព្រឹទ្ធាចារ្យ Briu Po គឺជាតួអង្គមួយក្នុងចំណោមតួអង្គលេចធ្លោទាំង ៣ ក្នុងស្នាដៃសារព័ត៌មានដោយមានចំណងជើងថា "Briu Po និងរឿងរ៉ាវអំពីការធ្វើជាគំរូ" ដែលទទួលបានរង្វាន់សារព័ត៌មានថ្នាក់ជាតិអំពីការកសាងបក្ស លើកទី ៥ ឆ្នាំ ២០២០។ ដោយមានមោទនភាពចំពោះព្រឹទ្ធាចារ្យ Briu Po ប្រជាជនឃុំ Lang ជានិច្ចកាលចាត់ទុកគាត់ជាគំរូដ៏ភ្លឺស្វាងសម្រាប់មនុស្សគ្រប់គ្នាសិក្សាតាម៕

ប្រតិកម្មទៅវិញ