ព្រះតេជគុណ Tran Van Tha - គំរូភ្លឺនៃស្មារតីសិក្សារៀនសូត្រ

Chia sẻ
(VOVWORLD) - ព្រះតេជគុណ Tran Van Tha មានព្រះជន្ម ៥៥ វស្សា ជាអ្នកដែលមានកម្រិតសិក្សាខ្ពស់ ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពុទ្ធិកសិក្សានៅប្រទេសស្រីលង្កា។ បច្ចុប្បន្ននេះ ព្រះអង្គកាន់តំណែងជាអនុប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Soc Trang លេខាធិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang ព្រះចៅអធិការវត្តសិរីតាម៉ឺន។ ដោយមានគុណធម៌និងសីលធម៌ខ្ពស់ ព្រះតេជគុណ Tran Van Tha ទទួលបានការគោរពស្រឡាញ់ពីពុទ្ធបរិស័ទនិងប្រជាជននៅមូលដ្ឋានជានិច្ច។
ព្រះតេជគុណ Tran Van Tha - គំរូភ្លឺនៃស្មារតីសិក្សារៀនសូត្រ - ảnh 1ព្រះតេជគុណ Tran Van Tha។ (រូបថត៖ Ngoc Anh)

វត្តតាម៉ឺន ដែលព្រះតេជគុណ Tran Van Tha ជាព្រះចៅអធិការ គឺជាវត្តមួយក្នុងចំណោមវត្តដែលព្រះសង្ឃមានកម្រិតបញ្ញាខ្ពស់បំផុតក្នុងខេត្ត Soc Trang។ វត្តតាម៉ឺន មានព្រះសង្ឃ៣អង្គជាអនុបណ្ឌិតផ្នែកពុទ្ធសាសនា ព្រះសង្ឃ៤អង្គ ជាបរិញ្ញាបត្រ ២អង្គ ព្រះសង្ឃ២អង្គមានកម្រិតឧត្តមសិក្សា និងព្រះសង្ឃជាច្រើនអង្គ កំពុងសិក្សានៅសាលាមធ្យមសិក្សាបំពេញវប្បធម៌បាលីណាមបូ (ខេត្តSoc Trang) និងបណ្ឌិតសភាពុទ្ធសាសនាខ្មែរថេរវាទខ្មែរ (ទីក្រុង Can Tho)។ ព្រះសង្ឃ Kim Chi Thanh នៅវត្តតាម៉ឺន មានពុទ្ធដីកាថា៖

“ព្រះចៅអធិការ Tran Van Tha បានសិក្សាថ្នាក់សាកលវិទ្យាល័យនៅប្រទេសមីយ៉ាន់ម៉ា ហើយសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពុទ្ធសាសនានៅប្រទេសស្រីលង្កា។ ព្រះចៅអធិការជានិច្ចកាលយកចិត្តទុកដាក់ដល់សមណសិស្សនៅក្នុងវត្ត ពិសេសការសិក្សារៀនសូត្ររបស់សមណសិស្ស ហើយព្រះសង្ឃនៅទីនេះបានទៅសិក្សានៅប្រទេសជាច្រើន។ ក្នុងវិស្សមកាលរដូវក្ដៅ ព្រះចៅអធិការបានណែនាំព្រះសង្ឃឲ្យបើកថ្នាក់បង្រៀនភាសាខ្មែរដល់សិស្សានុសិស្ស និងពុទ្ធបរិស័ទ។ ព្រះចៅអធិការជាមនុស្សម្នាក់ដែលមានកិត្យានុភាពខ្លាំងណាស់ ពុទ្ធបរិស័ទនៅទីនេះសុទ្ធតែគោរពស្រឡាញ់ព្រះអង្គ”។

នៅឆ្នាំ ១៩៩១ អាយុ ២៣ ឆ្នាំ កំលោះ Tran Van Tha បានចូលបួសរៀនក្នុងវត្តតាម៉ឺន (ឃុំ Vien Binh ស្រុក Tran De ខេត្ត Soc Trang)។ ដោយមានភាពឧស្សាហ៍ព្យាយាមនិងឆ្លាតវៃ នៅឆ្នាំ ២០០០ ព្រះសង្ឃ Tran Van Tha បានទៅសិក្សាផ្នែកពុទ្ធិកសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងឆ្នាំ២០០៨ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកពុទ្ធិកសិក្សាពីសាកលវិទ្យាល័យ KELANIYA នៅប្រទេសស្រីលង្កា (ជាប្រទេសដែលមានការអប់រំផ្នែកពុទ្ធិកសិក្សាដ៏ល្បីល្បាញលើពិភពលោក) ព្រះតេជគុណ Tran Van Tha បានវិលត្រឡប់មកមាតុភូមិវិញ ហើយត្រូវបានតែងតាំងឱ្យជាព្រះចៅអធិការនៅវត្តតាម៉ឺនរហូតមកដល់បច្ចុប្បន្ន។ ដោយសារមានចំណង់ចំណូលចិត្តចំពោះការសិក្សា ព្រះតេជគុណ Tran Van Tha យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សមណសិស្សក្នុងការសិក្សាសាសនា និងអក្ខរកម្ម។ ក្នុងវិស្សមកាលរដូវក្ដៅ ព្រះតេជគុណ Tran Van Tha តែងតែអនុញ្ញាតឱ្យវត្តបើកថ្នាក់បង្រៀនភាសាខ្មែរដល់កុមារនៅភូមិស្រុក។ ព្រះតេជគុណ Tran Van Tha មានពុទ្ធដីការថា៖

“គ្រូបង្រៀនគឺជាព្រះសង្ឃ លោកអាចារ្យ អ្នកដែលធ្លាប់បួសរៀន... កូនខ្មែរយ៉ាងហោចណាស់ត្រូវចេះអាន និងសរសេរអក្សរខ្មែរបាន។ ព្រះសង្ឃនៅក្នុងវត្តត្រូវបានបណ្តុះបណ្តាលតាមរយៈថ្នាក់ធម្មវិន័យបាលី បន្ទាប់មកបន្តសិក្សានៅសាលាមធ្យមសិក្សាបំពេញវប្បធម៌បាលីណាមបូនៅខេត្ត Soc Trang តែម្ដង។ ព្រះសង្ឃណា ដែលសិក្សាបានល្អនឹងបន្តទៅសិក្សានៅសភាបណ្ឌិតពុទ្ធសាសនា ថេរវាទខ្មែរនៅទីក្រុង Can Tho។ ព្រះសង្ឃដែលមានសមត្ថភាពខ្ពស់ជាងទៀត នឹងទៅសិក្សានៅប្រទេសថៃ ម៉ីយ៉ាន់ម៉ា និងស្រីលង្កា”។

ព្រះតេជគុណ Tran Van Tha ក៏រួមជាមួយព្រះសង្ឃនៅវត្តតាម៉ឺន បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ។ ព្រះតេជគុណ Tran Van Tha មានពុទ្ធដីកាថា៖

“វត្តមានរោងជាងឈើ រោងជាងដែក... ប្រជាជនអាចមកទីនេះដើម្បីរៀនវិជ្ជាជីវៈ បន្ទាប់មកធ្វើការនៅខាងក្រៅ។ ពេលបួសរៀននៅក្នុងវត្ត ពុទ្ធបរិស័ទក៏រៀនវិជ្ជាជីវៈដែរ ដូច្នេះពេលត្រឡប់ទៅរកជីវភាពធម្មតាវិញ ពួកគេអាចក្លាយជាជាងឈើ ជាងសំណង់ ជាងគំនូរ និងស្ថាបត្យករដើម្បីចិញ្ចឹមជីវិត។ ការជួសជុលនិងសាងសង់វត្តច្រើនតែធ្វើដោយក្រុមកម្មករក្នុងវត្ត។ តាមនោះ បង្កើតការងារជូនពុទ្ធបរិស័ទ ហើយដោះស្រាយបញ្ហាការងារនៅហ្នឹងកន្លែង”។

ព្រះតេជគុណ Tran Van Tha - គំរូភ្លឺនៃស្មារតីសិក្សារៀនសូត្រ - ảnh 2វត្តតាម៉ឺន។ (រូបថត៖ Ngoc Anh)

មិនត្រឹមតែយកចិត្តទុកដាក់ដល់ការងារសាសនាប៉ុណ្ណោះទេ ព្រះតេជគុណ Tran Van Tha ថែមទាំងយកចិត្តទុកដាក់ដល់ការងារសុខុមាលភាពសង្គមទៀតផង។ ព្រះតេជព្រះគុណ ចលនាពុទ្ធបរិស័ទរ៉ៃអង្គាសអង្ករ បន្លែផ្លែឈើ និងគ្រឿងឧបភោគ បរិភោគចាំបាច់ រាប់សិបតោន ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលមានជំងឺរាតត្បាត ជនក្រីក្របានទទួលជំនួយសម្ភារៈពីវត្ត ហើយមនុស្សចាស់ជរាគ្មានទីបង្អែកត្រូវបានទទួលចូលវត្តដើម្បីថែទាំ។ ដោយមានការរំភើបចិត្តចំពោះទឹកចិត្តរបស់ព្រះតេជគុណ Tran Van Tha លោក Lam Thuong ប្រជាពលរដ្ឋម្នាក់នៅឃុំ Vien Binh បានសម្តែងថា៖

“ព្រះចៅអធិការជានិច្ចកាលស្រឡាញ់ ជួយឧបត្ថម្ភប្រជាពលរដ្ឋ និងជួយក្មួយៗសិស្សទៅសាលា។ ព្រះអង្គមានកម្រិតចំណេះដឹងខ្ពស់ មានចរិតលក្ខណៈល្អជាមួយប្រជាជន និងជាអ្នកមានកិត្យានុភាពនៅមូលដ្ឋាន។ យើងខ្ញុំគោរពស្រឡាញ់ព្រះអង្គណាស់។ ប្រជាជនស្រុក Tran De តែងតែមានមោទនភាពចំពោះព្រះចៅអធិការវត្តនេះ”។

ជាគំរូដ៏ភ្លឺស្វាងស្មារតីនៃការសិក្សារៀនសូត្រ ព្រះតេជគុណ Tran Van Tha តែងតែដាស់តឿនសមណសិស្សឲ្យត្រូវចេះខ្នះខ្នែងក្នុងការសិក្សា ហើយសិក្សាដោយស្ម័គ្រចិត្តគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ព្រះតេជគុណ Tran Van Tha ត្រូវបានពុទ្ធបរិស័ទ និងប្រជាជននៅមូលដ្ឋានគោរពស្រលាញ់ ដោយការជក់ចិត្ត ការសិក្សាជ្រាវជ្រាវដោយឥតឈប់ឈរ ហើយយកចិត្តទុកដាក់អស់ពីចិត្តចំពោះបុព្វហេតុអប់រំ៕

ប្រតិកម្មទៅវិញ