ផលិតផលលេចធ្លោចំនួនពីរនៅក្នុងផ្លាតហ្វមវេជ្ជសាស្ត្រឌីជីថល OneClinic រួមមាន៖ កម្មវិធីផ្នែកទន់កំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (ផ្អែកលើកម្មវិធី CLAS Healthcare EMR) ដែលបានទទួលប៉ាតង់សហរដ្ឋអាមេរិក (US Patent by USPTO) ឆ្នាំ២០២២; កម្មវិធីកំណត់ត្រាសុខភាពសកលដែលទទួលបានប៉ាតង់អាមេរិកបឋម (US Patent-Pending by USPTO) ឆ្នាំ២០២៣។ ថ្មីៗនេះ ផ្លាតហ្វមសុខាភិបាលឌីជីថលសម្រាប់គ្លីនិក OneClinic ក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Sao Khue ឆ្នាំ ២០២៣ ក្នុងប្រភេទផលិតផលនិងដំណោះស្រាយផ្នែកទន់ថ្មីផងដែរ។
អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានអាមេរិកដើមកំណើតវៀតណាម
លោក Nguyen Francis Tuan Anh នាយកក្រុមហ៊ុន One Clinic ធ្វើបទបង្ហាញនៅសិក្ខាសាលាអំពីការផ្លាស់ប្ដូរឌីជីថលវិស័យសុខាភិបាលឆ្នាំ ២០២៣។ រូបថត៖ VOV |
អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានអាមេរិកដើមកំណើតវៀតណាម លោក Nguyen Francis Tuan Anh នាយកក្រុមហ៊ុន One Clinic បានឲ្យដឹងថា៖
“យើងខ្ញុំចង់បង្កើនប្រសិទ្ធភាពជាអតិបរមានូវគំរូថែទាំសុខភាពបឋមសាធារណៈនិងឯកជន។ ទីពីរ យើងខ្ញុំក៏ប្រើឧបករណ៍នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃគំរូព្យាបាលជម្ងឺរ៉ាំរ៉ៃផងដែរ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃគំរូព្យាបាលជម្ងឺរ៉ាំរ៉ៃនេះ តម្រូវការចាប់បង្ខំនោះគឺវេជ្ជបណ្ឌិត និងអ្នកជំងឺអាចតភ្ជាប់ជាមួយគ្នានៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយប្រើកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក ដែលជាឧបករណ៍របស់វេជ្ជបណ្ឌិត និងកំណត់ហេតុសុខភាពសកល ដែលជាឧបករណ៍របស់អ្នកជំងឺ។ គោលដៅទីបីគឺដើម្បីបង្កើនប្រសិទ្ធភាពនៃគំរូថែទាំសុខភាពដោយខ្លួនឯង។ យើងខ្ញុំសង្ឃឹមថាជាមួយផ្លាតហ្វមឌីជីថល OneClinic យើងអាចជួយកែលម្អគុណភាព និងសេវាពិនិត្យព្យាបាលជំងឺរបស់ប្រជាជនវៀតណាម”។
ក្នុងនាមជាសមាជិកនៃ VMED Group ដែលជាសហគ្រាសត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងកសាងសុខាភិបាលឆ្លាតវៃនៅវៀតណាម ក្រុមហ៊ុន One Clinic បានអភិវឌ្ឍន៍តាមគំរូ CICC ក្នុងការផ្លាស់ប្តូរឌីជីថល ជាគំរូដែលស្នើឡើងដោយ VMED Group ក្នុងស្នាដៃបោះពុម្ព សៀវភៅសរបស់សមាគម AmCham Vietnam ឆ្នាំ ២០២២។ លោក Nguyen Francis Tuan Anh បានឲ្យដឹងថា៖
“គំរូ CICC អាចត្រូវបានចាត់ទុកជាផ្ទះមួយខ្នង់អញ្ចឹង។ មូលដ្ឋានគ្រឹះនៃផ្ទះគឺ Compliance ដែលជាការអនុលោមតាមស្តង់ដារវៀតណាម និងស្តង់ដារសុខាភិបាលអន្តរជាតិ។ Integrated Platform គឺជាផ្លាតហ្វមរួមបញ្ចូលផ្នែកទន់ បរិក្ខារពេទ្យ និងមូលដ្ឋានទិន្នន័យសម្រាប់ពិនិត្យព្យាបាលជំងឺ ដើម្បីព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាពបំផុត។ Connected Ecosystem គឺជាប្រព័ន្ធអេកូឡូស៊ីដែលតភ្ជាប់អង្គភាពថែទាំសុខភាពដូចជា គ្លីនិក មជ្ឈមណ្ឌលធ្វើតេស្ត ឱសថស្ថាន និងអង្គភាពធានារ៉ាប់រងសុខភាពឯកជន។ Compatibility គឺជាភាពចុះសម្រុងគ្នារវាង OneClinic និងប្រព័ន្ធអង្គភាពថែទាំសុខភាពនាបច្ចុប្បន្ន”។
OneClinic បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមន្ទីរពេទ្យពហុព្យាបាល Hung Vuong ទីក្រុងហូជីមិញ។ រូបថត៖ VOV |
ដោយផ្អែកលើគំរូ CICC នោះ One Clinic បានអភិវឌ្ឍន៍ផ្លាតហ្វមសុខាភិបាលឌីជីថល OneClinic ដោយរួមមានសសរស្តម្ភចំនួនបួន៖ OneCIS គឺជាកម្មវិធីគ្រប់គ្រងគ្លីនិក; OneEMR គឺជាកម្មវិធីកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក; OnePHR គឺជាកម្មវិធីកំណត់ត្រាសុខភាពសកល។ កម្មវិធីទាំងបីនេះបម្រើគោលដៅពិនិត្យព្យាបាលជំងឺ ហើយត្រូវបានដំណើរការនៅលើសសរស្តម្ភទីបួន គឺ OneHIE - មូលដ្ឋានទិន្នន័យតាមស្តង់ដារសុខាភិបាលអន្តរជាតិ។ លោក Nguyen Francis Tuan Anh បានចែករំលែកថា៖
“កំណត់ត្រាសុខភាពសកលនិងកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិកគឺជាគូរមួយដ៏ល្អឥតខ្ចោះ។ កំណត់ត្រាសុខភាពសកលរក្សាទុកការពិនិត្យសុខភាព និងការព្យាបាលរបស់អ្នកជំងឺនៅគ្លីនិក និងមន្ទីរពេទ្យផ្សេងៗគ្នា។ ពេលខ្លះអ្នកជំងឺស្នាក់នៅផ្ទះ ប៉ុន្តែអ្នកជំងឺក៏អាចប្រើឧបករណ៍វេជ្ជសាស្ត្រផ្ទាល់ខ្លួនដើម្បីបង្ហោះទិន្នន័យរបស់ពួកគេទៅក្នុងកំណត់ត្រាសុខភាពសកលនេះ ជាពិសេសសម្រាប់អ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ។ កំណត់ត្រាសុខភាពសកលគឺជាមូលដ្ឋានទិន្នន័យផ្នែកវេជ្ជសាស្រ្តប្រមូលផ្ដុំ តាមស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ ដែលជួយឱ្យអ្នកជំងឺអាចយកកំណត់ត្រាសុខភាពសកលរបស់ពួកគេទៅគ្រប់ទីកន្លែងលើពិភពលោក”។
One Clinic បានជួយបង្កើនប្រសិទ្ធភាពជាអតិបរមានូវគំរូគ្លីនិកឯកជននៅខេត្ត Khanh Hoa។ នៅខេត្ត Thua Thien Hue ក្រុមហ៊ុន OneClinic បានសហការជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រគ្រួសារ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ Hue ដើម្បីបង្កើនប្រសិទ្ធភាពនៃគំរូព្យាបាលជំងឺរ៉ាំរ៉ៃ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Tam សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្រ្ត Hue បានឲ្យដឹងថា៖
“ប្រការនេះក៏សមស្របនឹងក្រុមដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ៖ នោះគឺជាការរកឃើញជំងឺឲ្យបានឆាប់ ដើម្បីគ្រប់គ្រងគ្លីនិកបានប្រសើរជាងហើយបង្កើនការអនុលោមតាមវិធីព្យាបាលរបស់អ្នកជំងឺ។ក្នុងបរិបដែលការផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ការអនុវត្តបច្ចេកវិទ្យាព័ត៌មានកាន់តែប្រសើរឡើងៗនោះ តួនាទីរបស់គ្រូពេទ្យក្នុងការរកឃើញ និងការឆ្លើយតបទាន់ពេលវេលា ក៏ដូចជាការផ្តល់របៀបថែទាំគ្រប់ជ្រុងជ្រោយ បន្តបន្ទាប់ មានលក្ខណៈបុគ្គលទៅតាមជំងឺ និងតម្រូវការ ក៏ត្រូវបានបង្កើតលក្ខខណ្ឌអំណោយផលកាន់តែច្រើនផងដែរ។ ចំណែកខាងអ្នកជំងឺវិញ ការរកឃើញជំងឺតាំងពីដំបូង ការផ្លាស់ប្តូរអាកប្បកិរិយា និងការអនុលោមតាមវិធីព្យាបាលក៏ត្រូវបានគាំទ្រយ៉ាងសកម្មដោយកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាឧបករណ៍ថែទាំវេជ្ជសាស្រ្តដែលបានតភ្ជាប់នៅលើផ្លាតហ្វមបច្ចេកវិទ្យា”។
One Clinic ក៏មានគោលដៅជួយជំរុញលទ្ធភាពទទួលបាន និងការបណ្តុះបណ្តាលផ្នែកសុខាភិបាលក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មានជាមួយនឹងប្រព័ន្ធអេកូឡូស៊ី CICC ជឿនលឿន តាមនោះមិនត្រឹមតែរួមចំណែកក្នុងការផ្លាស់ប្តូរឌីជីថលនៅតាមមូលដ្ឋាននានានៃប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងជួយដល់ការសម្រេចបានគោលដៅផ្លាស់ប្តូរឌីជីថលផ្នែកសុខាភិបាលរបស់ប្រទេសទាំងមូលទៀតផង។ ទន្ទឹមនឹងនោះ ដោយមានប៉ាតង់ដែលបានទទួលស្គាល់ដោយ USPTO (ទីភ្នាក់ងារប៉ាតង់និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក) One Clinic ក៏មានគោលដៅអភិវឌ្ឍន៍ផ្លាតហ្វមសុខាភិបាលឌីជីថល OneClinic នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត៕