បុរសកសិករខ្មែរម្នាក់ទទួលបានជោគជ័យពីមុខរបរធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ

Chia sẻ

(VOVWORLD) - អាស្រ័យដោយមានភាពឧស្សាហ៍ព្យាយាម ខ្នះខ្នែងក្នុងការសិក្សា ហើយចេះអនុវត្តន៍វិទ្យាសាស្ត្របច្ចេកទេស ធ្វើពិពិធកម្មដំណាំដាំដុះ និងសត្វចិញ្ចឹមយ៉ាងសកម្ម... លោក ថាច់ចាន់ដូរ៉ា ជនជាតិខ្មែរម្នាក់ នៅខេត្តសុកត្រាំង ជារៀងរាល់ឆ្នាំ រកចំណូលបានពីការដាំដំណាំស្រូវ ដូង ចិញ្ចឹមគោ ត្រី ពស់... ឡើងដល់ទៅរាប់ម៉ឺនដុល្លារអាមេរិក។ លោកគឺជាកសិករគំរូម្នាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃស្រុក Chau Thanh ខេត្តសុកត្រាំង។

បុរសកសិករខ្មែរម្នាក់ទទួលបានជោគជ័យពីមុខរបរធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ - ảnh 1គំរូចិញ្ចឹមពស់ប្រមោយដំរី របស់លោក ថាច់ ច័ន្ទដូរ៉ា។ (រូបថត៖ VOV)

លោក ថាច់ចាន់ដូរ៉ា កើតនិងធំដឹងក្ដីនៅភូមិ Tra Quyt B ឃុំ Thuan Hoa ស្រុក Chau Thanh ខេត្ត សុកត្រាំង ជាកន្លែងដែលសេដ្ឋកិច្ចមូលដ្ឋានពឹងផ្អែកភាគច្រើនលើវិស័យកសិកម្ម។ នៅឆ្នាំ ២០០៧ លោកបានរៀបការនៅពេលមានអាយុ ២៤ ឆ្នាំ។ ពេលនោះ លោកនិងប្រពន្ធមានផ្ទៃដីស្រែប្រមាណ ៥២០០ ម៉ែត្រការ៉េ។ លោក ដូរ៉ា បានកំណត់គោលត្រូវឈានឡើងរួចផុតពីភាពក្រីក្រ កសាងជីវភាពសេដ្ឋកិច្ច ហើយបានជ្រើសរើសចាប់ផ្តើមអាជីវកម្មពីគំរូធ្វើកសិកម្មនៅហ្នឹងស្រុកកំណើតរបស់ខ្លួន។ តាំងពីឆ្នាំ២០០៧មក លោកបានដាំដំណាំស្រូវ ហើយសន្សំសំចៃទុនដើម្បីវិនិយោគពង្រីកដីផលិតកម្ម។ រហូតមកដល់ពេលនេះ លោកមានដីកសិកម្មជាង ៣ហិកតា។ ក្រោយពីរយៈពេលស្រាវជ្រាវអំពីគំរូសេដ្ឋកិច្ចនៅទាំងក្នុងនិងក្រៅមូលដ្ឋាន ព្រមទាំងនៅលើ
អ៊ីនធឺណិតផងដែរ លោក ដូរ៉ា បានជ្រើសរើសគំរូធ្វើពិពិធកម្មដំណាំដាំដុះ និងសត្វចិញ្ចឹម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ លោកបានប្រើប្រាស់ផ្ទៃដីជិត៥ពាន់ម៉ែត្រការ៉េ ដើម្បីអភិវឌ្ឍន៍គំរូសួន-ស្រះ-ក្រោល លោក ដូរ៉ា បានចែករំលែកថា៖

 ដើម្បីកាត់បន្ថយហានិភ័យក្នុងផលិតកម្ម លោក ដូរ៉ា បានជ្រើសរើសប្រភេទដំណាំនិងសត្វចិញ្ចឹមដែលងាយថែទាំ ប៉ុន្តែមានតម្លៃសេដ្ឋកិច្ចដោយស្ថិរភាព និងនិរន្តរភាព។ ដើមដូងជាង ១០០ ដើមត្រូវបានលោកដាំនៅជុំវិញសួនច្បារហើយជារៀងរាល់ខែ ឈ្មួញមកប្រមូលទិញផ្លែឈើនៅហ្នឹងកន្លែង លោកទទួលបានប្រាក់ចំណូលជិត ២ លានដុង (ជិត ១០០ ដុល្លារ) ក្នុងមួយខែ។ ទន្ទឹមនឹងនោះ លោកបានធ្វើក្រោលចិញ្ចឹមគោយកសាច់។ គោត្រូវបានបញ្ចេញលក់ជារៀងរាល់ពី១ឆ្នាំកន្លះដល់២ឆ្នាំម្ដង។ បច្ចុប្បន្ននេះ លោកទើបតែលក់គោយកសាច់ចំនួន២ក្បាល ដោយទទួលបានប្រាក់ចំណូល២៤លានដុង (១.០០០ដុល្លារ)។ ចំណែកកាកសំណល់របស់គោវិញ លោកយកទៅធ្វើជាជីសរីរាង្គ ដើម្បីដាក់លើផ្ទៃដីដាំស្មៅចិញ្ចឹមគោ និងដើមដូង។ លោកក៏បានជីកស្រះបន្ថែមទៀត ដើម្បីចិញ្ចឹមត្រី និងខ្យងខ្មៅ ដោយនាំមកនូវប្រាក់ចំណូលជិត ២០ លានដុង (ជិត ៩០០ ដុល្លារ) ជារៀងរាល់ឆ្នាំ។ លើសពីនេះ លោកក៏បានចិញ្ចឹមពស់ប្រមោយដំរី ២០ ក្បាលផងដែរ ។ ជារៀងរាល់ឆ្នាំ លោករកបានប្រាក់ចំណេញពីការលក់កូនពស់ចន្លោះពី ១៥ ដល់ ២០ លានដុង (៦០០-៨០០ ដុល្លារ)។ លោក ដូរ៉ា បានឲ្យដឹងថែមទៀតថា៖
 
បុរសកសិករខ្មែរម្នាក់ទទួលបានជោគជ័យពីមុខរបរធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ - ảnh 2លោក ដូរ៉ា (អាវខ្មៅ) ទទួលបានជោគជ័យពីមុខរបរធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វ។

ក្រៅពីគំរូសួនច្បារ-ស្រះ-ក្រោល ដែលផ្តល់ប្រាក់ចំណូលល្អ និងស្ថិរភាព លោក ដូរ៉ា ក៏មានប្រភពចំណូល ពីផ្ទៃដីដាំស្រូវ ២០ កុងដែរ។ ដើម្បីបង្កើនទិន្នផលនិងតម្លៃសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក ដូរ៉ា បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដំណាំស្រូវ ហើយបានផ្លាស់ប្តូរពីការផលិតប្រភេទស្រូវធម្មតា ទៅការដាំស្រូវប្រកបដោយគុណភាពខ្ពស់។ ឧទាហរណ៍ថា ក្នុងរដូវស្រូវកន្លងទៅ លោកបានផ្តោតលើការដាំដុះពូជស្រូវ Dai Thom ៨ ដោយ ប្រមូលផលស្រូវបាន ១,១ តោនលើដីមួយកុង ទទួលបានប្រាក់ចំណេញចំនួន ៨០ លានដុង (៣.២០០ ដុល្លារ) លើផ្ទៃដី ២០ កុង។

យោងតាមលោក Son Minh Hoang ប្រធានសមាគមកសិករឃុំ Thuan Hoa ស្រុក Chau Thanh ការធ្វើពិពិធកម្មដំណាំ និងសត្វចិញ្ចឹមបានជួយលោក ដូរ៉ា ជៀសផុតពីហានិភ័យ និងការប្រែប្រួលនៃទីផ្សារ ក៏ដូចជាឆ្លៀតប្រើប្រាស់ពេលវេលាផលិតកម្មបានអតិបរមា។ ទន្ទឹមនឹងនោះ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកាកសំណល់ក្នុងដំណើរការដាំដុះ និងចិញ្ចឹមសត្វផងដែរ។ លោក Son Minh Hoang បានឲ្យដឹងថា៖

“ចំពោះគំរូរបស់លោក ដូរ៉ា ក្នុងពេលទំនេរពីការធ្វើស្រែចម្ការ លោកក៏ឧស្សាហ៍ព្យាយាមស្វែងយល់ សិក្សា និងទស្សនាគំរូអាជីវកម្មប្រកបដោយប្រសិទ្ធភាពផ្សេងៗទៀត។ លោកបានដាំដើមដូងជាង១០០ដើម ក្រៅពីនោះ បានជីកស្រះចិញ្ចឹមត្រី ខ្យង ស្រាវជ្រាវបច្ចេកទេសចិញ្ចឹមពស់ប្រមោយដំរី។ គំរូធ្វើពិពិធកម្មដំណាំនិងសត្វចិញ្ចឹមបែបនេះនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដល់គ្រួសារ”។

ការរៀបចំផលិតកម្មកសិកម្មតាមទិសដៅនៃការធ្វើពិពិធកម្មដំណាំ និងសត្វចិញ្ចឹម ដើម្បីសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ គឺជាទិសដៅដែលត្រូវបានអនុវត្តន៍ដោយកសិករជាច្រើន។ គំរូដាំដុះដំណាំដោយគួបផ្សំនឹងការចិញ្ចឹមគោ ត្រី ពស់... របស់លោក ថាច់ ចាន់ដូរ៉ា គឺជាចំណុចភ្លឺដែលត្រូវបានគ្រួសារកសិករជាច្រើននៅខេត្តសុកត្រាំង សិក្សានិងអនុវត្តន៍៕

ប្រតិកម្មទៅវិញ