ធ្វើមានពីការចិញ្ចឹមគោនៅស្រុក Binh Chanh ទីក្រុងហូជីមិញ

Chia sẻ

(VOVWORLD) - ពីខេត្ត Thanh Hoa ទៅកាន់ភាគខាងត្បូងដើម្បីចាប់ផ្ដើមអាជីព ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ប្រកបរបរចិញ្ចឹមគោមក បច្ចុប្បន្ននេះ គ្រួសារលោកស្រី Hoang Thi Hung នៅឃុំ Le Minh Xuan ស្រុក Binh Chanh ទីក្រុង ហូជីមិញបានក្លាយទៅជាគ្រួសារមួយក្នុងចំណោមគ្រួសារកសិករពូកែក្នុងការធ្វើផលិតកម្ម អាជីវកម្ម។ មិនត្រឹមតែពូកែធ្វើអាជីវកម្មគ្រួសារប៉ុណ្ណោះទេ លោកស្រី Hung ក៏សកម្មជួយឧបត្ថម្ភបងប្អូនប្រជាកសិករដទៃឲ្យឈានឡើងរួចផុតពីភាពក្រីក្រទៀតផង។

ធ្វើមានពីការចិញ្ចឹមគោនៅស្រុក Binh Chanh ទីក្រុងហូជីមិញ - ảnh 1លោកស្រី Hoang Thi Hung ធ្វើមានពីការប្រកបរបរចិញ្ចឹមគោ។ (រូបថត៖ VOV)
“បច្ចុប្បន្ននេះ ទ្រព្យសម្បត្តិមិនទាន់កំណត់តម្លៃបានទេ ប៉ុន្តែផ្ទះសម្បែង ហ្វូងគោ និងកសិដ្ឋាន ប៉ាន់ប្រមាណថា មានតម្លៃជាង ១០ ពាន់លានដុង។ ក្រោយពីចាប់អាជីពបាន២០ឆ្នាំ យើងខ្ញុំកំពុងខិតខំឈានឲ្យដល់២០ពាន់លានដុង”។
នៅឆ្នាំ ២០០៤ លោកស្រី Hoang Thi Hung និងស្វាមី បានចាកចេញពីស្រុកកំណើតនៅខេត្ត Thanh Hoa ទៅកាន់ទីក្រុងហូជីមិញ ដើម្បីចាប់ផ្តើម អាជីព។ នៅឆ្នាំ ២០០៥ គេមកឃុំ Le Minh Xuan ស្រុក Binh Chanh ដើម្បីជួលដីចិញ្ចឹមគោ។ គ្រួសារលោកស្រី Hung ប្រមូលបានទឹកប្រាក់ជាង ១០០ លានដុងពីការលក់ដីស្រែនៅផ្ទះ ហើយទិញគោបានចំនួន ១៦ ក្បាល។ ក្រោយពីខិតខំប្រឹងប្រែងធ្វើការអស់រយៈពេល១៦ឆ្នាំ មកដល់ពេលនេះ ហ្វូងគោបានកើនឡើងរហូតដល់ជាង១៥០ក្បាល ហើយជារៀងរាល់ថ្ងៃ ផ្ដល់កំណើតដល់កូនគោបាន៤ទៅ៥ក្បាល ។ លោកស្រី Hoang Thi Hung ចែករំលែកថា៖
“ចំណូលជាមធ្យមគឺប្រមាណ ៥០០ លានដុងក្នុងមួយឆ្នាំ។ មានឆ្នាំខ្លះ យើងខ្ញុំលក់គោបានជាង១ពាន់លានដុង។ ឆ្នាំនេះក៏ខិតខំរកចំណូលបានជាង១ពាន់លានដែរ។ បច្ចុប្បន្ននេះមានគោ១៥០ក្បាល គិតត្រឹមដើមខែកញ្ញានេះ អាចបង្កើនហ្វូងគោឡើងដល់១៨០ក្បាល”។
ក្រៅពីការចិញ្ចឹមគោ គ្រួសារលោកស្រី Hung ក៏បានទិញដីទំហំជាង ១.៦០០ម៉ែត្រការ៉េ នៅឃុំ Le Minh Xuan ដើម្បីចិញ្ចឹមត្រចៀកកាំ បង្កើតប្រភពចំណូលបន្ថែម។ លោកស្រី Hung ក៏ចិញ្ចឹមមាន់ ទា ដាំបន្លែច្រើន ដើម្បីប្រើប្រាស់ក្នុងគ្រួសារផងដែរ។ ដើម្បីចិញ្ចឹមគោឲ្យមានសុខភាពល្អ លោកស្រី Hung មិនដែលប្រើប្រាស់ ចំណីឧស្សាហកម្មទេ ប៉ុន្តែលោកស្រីតែងតែច្រូតស្មៅដើម្បីចិញ្ចឹមគោ។
ការផ្តល់ចំណីឧស្សាហកម្មមានតម្លៃខ្ពស់ បណ្ដាលឲ្យប្រាក់ចំណេញថយចុះ ហើយគុណភាពសាច់គោមិនខ្ពស់ទេ។ តម្លៃលក់ជាមធ្យមនៃគោមួយក្បាលគឺប្រហែល ៥០ លានដុងក្នុងមួយក្បាល ដកការចំណាយ គឺទទួលបានប្រាក់ចំណេញជាងដប់លានដុង។ កសិដ្ឋានចិញ្ចឹមគោរបស់លោកស្រី Hung បច្ចុប្បន្នភាគច្រើនលក់គោពូជ ដោយមានតម្លៃចាប់ពី ៣០ទៅ៤០ លានដុង/ក្បាល។ លោក Nguyen Van Cua ប្រធានសមាគមន៍កសិករឃុំ Le Minh Xuan បានឲ្យដឹងថា៖
“ប្ដីប្រពន្ធលោកស្រី Hung ឧស្សាហ៍ព្យាយាមណាស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ហើយក៏ជួយឧបត្ថម្ភគ្រួសារនៅជុំវិញ អំពីបច្ចេកទេសចិញ្ចឹមគោផងដែរ។ គ្រួសារលោកស្រី Hung ជួយឧបត្ថម្ភប្រជាជនក្នុងតំបន់យ៉ាងច្រើនណាស់។ ក្រៅពីជំនួយខាងបច្ចេកទេស គេក៏ជួយអំពីពូជដែរ ហើយមិនត្រូវការបង់ប្រាក់ភ្លាមៗ ទេ បើលក់នៅដើមឆ្នាំ គេអាចបង់ប្រាក់នៅចុងឆ្នាំក៏បានដែរ”។
នៅទីក្រុងហូជីមិញ កសិករចិញ្ចឹមគោភាគច្រើនសម្រាប់យកទឹកដោះគោតែប៉ុណ្ណោះ មិនសូវមានគ្រួសារដូចគ្រួសារលោកស្រី Hung ដែលចិញ្ចឹមគោសម្រាប់យកសាច់ទេ។ ជាមួយនឹងទម្រង់ចិញ្ចឹមគោដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ លោកស្រី Hoang Thi Hung បានក្លាយទៅជាកសិករមួយក្នុងចំណោមកសិករពូកែធ្វើផលិតកម្មអាជីវកម្ម អស់រយៈពេលជាច្រើនឆ្នាំនៅមូលដ្ឋាន។ លោកស្រី Hoang Thi Hung មានកិត្តិយសដោយត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញប្រគល់កិត្តិនាមជា “កសិករគំរូនៃ ទីក្រុងហូជីមិញ” ចំនួន៤លើក៕

ប្រតិកម្មទៅវិញ