គិលានុបដ្ឋាយិកាដែលអស់ពីចិត្តចំពោះអ្នកជម្ងឺកូវីដ-១៩

Chia sẻ

(VOVWORLD) -  ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ គិលានុប ដ្ឋាយិកា H'Wi Buon Yă (អាយុ ៣៣ ឆ្នាំ) ដែលធ្វើការនៅបន្ទប់សង្គ្រោះបន្ទាន់នៃគិលានដ្ឋានស្រុក Ea Kar ត្រូវបានចាត់តាំងឲ្យទៅធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ១សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅខេត្ត Dak Lak។ អ្នកស្រី H'Wi ចាត់ទុកអ្នកជម្ងឺជាសមាជិកគ្រួសារអញ្ចឹង ដែលតែងតែត្រៀមខ្លួនជាស្រេច នៅពេលដែលអ្នកជម្ងឺត្រូវការជំនួយ។

គិលានុបដ្ឋាយិកាដែលអស់ពីចិត្តចំពោះអ្នកជម្ងឺកូវីដ-១៩ - ảnh 1គិលានុបដ្ឋាយិកា H'Wi Buon Yă ទៅសួរសុខទុក្ខអ្នកជំងឺកូវីដ-១៩ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ១។ 

វេនប្រចាំការពេលព្រឹករបស់គិលានុបដ្ឋាយិកា H'Wi Buon Yă ចាប់ផ្តើមជាមួយនឹងការងារជំនាញដូចជា ចាក់ថ្នាំ ព្យួរសេរូម ស្រូបកំហាកចេញសម្រាប់អ្នកជម្ងឺ ហើយជួយគ្រូពេទ្យអនុវត្តន៍ការងារជាច្រើនទៀត។ បន្ទាប់មក នាងបានទៅតាមគ្រែនីមួយៗដើម្បីសាកសួរពីសុខភាព លើកទឹកចិត្តអ្នកជម្ងឺឲ្យបានឆាប់ជាសះស្បើយ។

“ពេលខ្ញុំមកធ្វើការនៅទីនេះ ដំបូងឡើយខ្ញុំក៏នឹកផ្ទះខ្លាំងណាស់ ហើយខ្ញុំក៏បារម្ភខ្លាំងដែរ ជាពិសេសក្នុងពេលដែលជម្ងឺកូវីដ-១៩កំពុងផ្ទុះរាលដាលយ៉ាងខ្លាំងដូចបច្ចុប្បន្ន ខ្ញុំខ្លាចត្រូវឆ្លងមេរោគ។ ខ្ញុំក៏បានឃើញមិត្តរួមការងារជាច្រើនដែលឆ្លងមេរោគដែរ។ នៅពេលឃើញអ្នកជម្ងឺធ្វើឲ្យខ្ញុំនឹកផ្ទះណាស់។ ប៉ុន្តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា ត្រូវតែខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីជួយឲ្យអ្នកជម្ងឺឆាប់បានជាសះស្បើយ ហើយខ្លួនអាចត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ៗផងដែរ”។

គិលានុបដ្ឋាយិកា H'Wi Buon Yă បានចែករំលែកថា ថ្វីត្បិតតែប្រកបរបរវិជ្ជាជីវៈវេជ្ជសាស្ត្រនេះបាន១០ឆ្នាំក៏ដោយ ប៉ុន្តែការងារប្រចាំថ្ងៃរបស់នាងនៅគិលានដ្ឋានស្រុក Ea Kar គឺខុសប្លែកច្រើនពីការងារនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ១។ នៅទីនេះ អ្នកជម្ងឺមានច្រើនប្រភេទណាស់ តាំងពីជនចាស់ជរា យុវជន កុមារ រហូតដល់ស្ត្រីមានផ្ទៃពោះ ហានិភ័យដែលខ្លួនត្រូវប្រឈមមុខក៏មិនតិចតួចទេ ជាពិសេសនៅពេលអ្នកជម្ងឺកូវីដ-១៩ ចូលមន្ទីរពេទ្យ គឺត្រូវដាក់ឲ្យនៅដាច់ដោយ ឡែកពីសាច់ញាតិ។ ក្នុងមន្ទីរពេទ្យ មានតែអ្នកជម្ងឺនិងគ្រូពេទ្យប៉ុណ្ណោះ ដូច្នេះការទទួលខុសត្រូវរបស់គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបណ្ដោះអាសន្ន គឺមិនត្រឹមតែការព្យាបាលអ្នកជម្ងឺប៉ុណ្ណោះទេ ថែមទាំងត្រូវថែទាំហើយជួយពួកគាត់តាំងពីការងារតូចតាចបំផុតទៀតផង។ បន្ទាប់ ពីវេនយាមប្រចាំការម្ដងៗ ក្រុមគ្រូពេទ្យសុទ្ធតែបែកញើសជោគ ព្រោះពួកគេត្រូវពាក់សម្លៀកបំពាក់ការពារបិទជិតក្នុងអំឡុងពេល៧ម៉ោង។ រស់នៅឆ្ងាយពីផ្ទះជិត ២ ខែ មធ្យោបាយទំនាក់ទំនងតែមួយគត់រវាងនាងជាមួយស្វាមីនិងកូនគឺត្រឹមតែជាស្មាតហ្វូនប៉ុណ្ណោះ៖      

“នៅពេលហៅទូរស័ព្ទជាមួយកូន ខ្ញុំនឹកកូនច្រើនណាស់។ កូនខ្ញុំនៅតូច ប៉ុន្តែក៏ចេះលើកទឹកចិត្តខ្ញុំខិតខំធ្វើការឲ្យបានល្អ។ នៅផ្ទះទោះបីកូននឹកនាងខ្ញុំក៏ដោយ ប៉ុន្តែកូនមានឪពុកនៅក្បែរហើយ។ ខ្ញុំស្តាប់កូននិយាយអញ្ចឹង ខ្ញុំក៏នឹងនរចិត្ត ហើយជារៀងរាល់ថ្ងៃ ខ្ញុំតែងតែបួងសួងសុំឲ្យជម្ងឺរាតត្បាតត្រូវបានរុញថយក្នុងពេលឆាប់ៗ ហើយខ្ញុំអាចត្រឡប់មកផ្ទះវិញជាមួយគ្រួសារ”។

ជាមនុស្សដំបូងគេដែលបានទាក់ទងហើយណែនាំគិលានុបដ្ឋាយិកា H'Wi Byă នៅពេលដែលនាងផ្លាស់ទីពីគិលានដ្ឋានស្រុក Ea Kar ទៅទទួលភារកិច្ចនៅមន្ទីរពេទ្យបណ្ដោះអាសន្នលេខ១ គិលានុ បដ្ឋាយិកា Tran Thi Que កម្មាភិបាលទទួលបន្ទុកការគ្រប់គ្រងជម្ងឺឆ្លងនៅមន្ទីរពេទ្យបណ្ដោះ អាសន្នលេខ១ បានឲ្យដឹងថា៖ គិលានុបដ្ឋាយិកា H'Wi មិនត្រឹមតែជាមនុស្សម្នាក់ដែលមានការទទួលខុសត្រូវក្នុងការងារ ហើយតែងតែយកចិត្តទុកដាក់ ថែទាំអ្នកជម្ងឺដោយអស់ពីចិត្តពីថ្លើមប៉ុណ្ណោះទេ នាងក៏ជាអ្នកបកប្រែរវាងអ្នកជម្ងឺជាជនជាតិភាគតិច ជាមួយនឹងបណ្ដាគ្រូពេទ្យនិងគិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យផងដែរ។ យោងតាមអ្នកស្រី Que របាំងភាសាគឺជាឧបសគ្គដ៏ធំមួយក្នុងការព្យាបាលអ្នកជម្ងឺ ហើយរបាំងនោះត្រូវបានបំបែកទាំងអស់ដោយមនុស្សដូចជាគិលានុបដ្ឋាយិកា H'Wi៖

“នៅទីនេះ ខ្ញុំទទួលមនុស្សចាស់ជាច្រើនដែលចេះភាសា Kinh តិចណាស់ ប៉ុន្តែអាស្រ័យលើមិត្ត H'Wi ខ្ញុំអាចយល់បាន ទីមួយគឺស្ថានភាពជម្ងឺ ទីពីរគឺជីវភាពរស់នៅ កង្វល់របស់ក្រុមគ្រួសារ ដូច្នេះខ្ញុំចេះធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តអ្នកជម្ងឺ”។

ដោយទុកចោលការខ្វល់ខ្វាយនិងមនោសញ្ចេតនាបុគ្គលនៅម្ខាង គិលាននុបដ្ឋាយិកា H’Wi នៅតែកំពុងខិតខំព្យាយាមជារៀងរាល់ថ្ងៃ ជាមួយនឹងការងារដ៏ស្មុគស្មាញមួយនេះហើយសំខាន់បំផុត គឺដើម្បីការទទួលខុសត្រូវចំពោះអាយុជីវិតរបស់អ្នកជម្ងឺម្នាក់ៗ ដែលកំពុងតែតស៊ូដើម្បីជីវិតនៅក្នុង "ការប្រយុទ្ធ" នេះ៕

ប្រតិកម្មទៅវិញ