វរសេនីយ៍ត្រី វេជ្ជបណ្ឌិត Ninh Cong Khanh ពិនិត្យសុខភាពអ្នកជំងឺ។ (រូបថត៖ VOV) |
អស់រយៈពេលច្រើនឆ្នាំមកនេះ លោកស្រី Nguyen Thi Thanh Xuan នៅសង្កាត់ Tho Quang ស្រុក Son Tra មានជំងឺសន្លាក់ដៃជើង ការដើរជួបការលំបាកយ៉ាងខ្លាំង ដូច្នេះហើយត្រូវប្រើរទេះរុញ។ ទោះបីជាទទួលការព្យាបាលនៅកន្លែងជាច្រើនក៏ដោយ ប៉ុន្តែស្ថានភាពជំងឺរបស់លោកស្រីមិនធូរស្បើយទេ។ លោកស្រី Xuan បានមកជួបលោកវរសេនីយ៍ត្រី Ninh Cong Khanh ដើម្បីទទួលការណែនាំ ហើយការព្យាបាលដោយប្រើវិធីចាក់ម្ជុល៖
“ពីមុន ខ្ញុំបានទៅពិនិត្យនៅកន្លែងជាច្រើន ដូចជា សាយហ្គន និងហាណូយ ប៉ុន្តែមិនធូរស្បើយទេ។ ក្រោយពីទទួលបានព្យាបាលដោយលោកវេជ្ជបណ្ឌិត Khanh ខ្ញុំមានអារម្មណ៍ធូរស្រាលច្រើន ជើងខ្ញុំលែងឈឺ និងស្ពឹកស្រពន់ទៀតហើយ។ លោក Khanh ល្អណាស់។ មានពេលខ្លះ លោកមកផ្ទះខ្ញុំ ដើម្បីពិនិត្យនិងចាក់ម្ជុលព្យាបាល។ លោកពិនិត្យដោយឥតគិតថ្លៃ ហើយមិត្តភក្តិជាច្រើនរបស់ខ្ញុំ ក៏ត្រូវបានលោក Khanh ព្យាបាលដែរ”។
ជារៀងរាល់ថ្ងៃ វរសេនីយ៍ត្រី Ninh Cong Khanh ធ្វើការនៅគ្លីនិកយោធា-ស៊ីវិល នៅសង្កាត់ Tho Quang ស្រុក Son Tra ទីក្រុង Da Nang។ ការងារស្នូលរបស់លោក គឺពិនិត្យសុខភាពដល់កងកម្លាំងការពារព្រំដែន និងប្រជាជន។ ដោយដឹងថា ប្រជាជនជាច្រើនមានស្ថានភាពលំបាក វរសេនីយ៍ត្រី Ninh Ngoc Khanh បានបង្កើត "គ្លីនិក 0 ដុង" នៅសង្កាត់ Hiep Bac ស្រុក Lien Chieu ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនបន្ទាប់ពីម៉ោងធ្វើការ។ អ្នកជំងឺភាគច្រើនមកពិនិត្យ មានជំងឺឆ្អឹង សន្លាក់ និងឈឺឆ្អឹងខ្នង។ វរសេនីយ៍ត្រី Ninh Cong Khanh ភាគច្រើនប្រើវិធីចាក់ម្ជុល ម៉ាស្សា សម្រាប់ការព្យាបាល។
លោក Le Van Giau នៅសង្កាត់ Hoa Hiep Bac ស្រុក Lien Chieu មានកូនស្រីជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺជាច្រើន ដែលលោកវេជ្ជបណ្ឌិត Khanh ព្យាបាលដោយឥតគិតថ្លៃ។ គ្រួសាររបស់គាត់មានស្ថានភាពលំបាកពិសេស ដោយកូនស្រីម្នាក់មានរបួសខួរក្បាល ពិការអវយវៈទាំង៤ ដោយសារឧប្បត្តិហេតុកាលពីឆ្នាំ២០០៩ ប៉ុន្តែគ្រួសារមិនមានលទ្ធភាពព្យាបាលបានទេ។ នៅឆ្នាំ ២០១២ កូនស្រីរបស់គាត់ត្រូវបានលោកវរសេនីយ៍ត្រី Ninh Cong Khanh មកផ្ទះសួរសុខទុក្ខ។ ក្រោយពីរយៈពេលត្រឹមតែ ៧ ខែប៉ុណ្ណោះ សុខភាពកូនស្រីរបស់លោក Giau មានភាពប្រសើរឡើងច្រើន។ លោក Le Van Giau បានចែករំលែកថា៖
“ក្រោយពីស្គាល់លោកវេជ្ជបណ្ឌិត Khanh កូនទទួលបានការព្យាបាលដោយការចាក់ម្ជុលនិងការហ្វឹកហាត់ ដោយឥតគិតថ្លៃ។ ឥឡូវនេះ កូនខ្ញុំប្រសើរឡើងហើយអាចដើរបានទៀតហើយ”។
លោកវេជ្ជបណ្ឌិត Khanh (អាវស) និងកម្លាំងការពារព្រំដែនទីក្រុង Da Nang ជួយសង្គ្រោះបន្ទាន់ដល់ប្រជានេសាទនៅស្រុក Son Tra។ (រូបថត៖ VOV) |
លោកវេជ្ជបណ្ឌិត Khanh បានសំណេះសំណាលថា លោកធ្វើការដោយស្ដែងចេញពីក្តីស្រឡាញ់ចំពោះអ្នកមានស្ថានភាពលំបាក។ យូរៗទៅ ការព្យាបាលដោយឥតគិតថ្លៃ បានក្លាយជាចំណង់ចំណូលចិត្តនិងការទទួលខុសត្រូវ។ លោកវរសេនីយ៍ត្រី Ninh Cong Khanh បានចែករំលែកថា៖
“ក្ដីសប្បាយរីករាយបំផុតគឺបានឃើញស្នាមញញឹមរបស់អ្នកជំងឺ នៅពេលពួកគេបានជាសះស្បើយ។ ដូច្នេះហើយ បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំនៅពេលនេះ គឺចង់ឱ្យមានសុខភាពល្អ ដើម្បីជួយមនុស្សកាន់តែច្រើន។ ពេលឈប់សម្រាក ខ្ញុំបានទៅពិនិត្យសុខភាពសម្រាប់ប្រជាជនដោយឥតគិតថ្លៃ មិនថាអ្នកណាហៅ ទៅកន្លែងណាទេ ខ្ញុំក៏នឹងទៅ។ សូម្បីតែអ្នកដែលមានស្ថានភាពធូធារក៏ដោយ ខ្ញុំក៏ពិនិត្យសុខភាពដោយឥតគិតថ្លៃដែរ”។
មិនត្រឹមតែផ្តល់ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះទេ លោកវរសេនីយ៍ត្រី Ninh Cong Khanh ក៏ចំណាយមួយផ្នែកនៃប្រាក់បៀវត្សរ៍ប្រចាំខែ ដើម្បីជួយប្រជាពលរដ្ឋដែលស្ថានភាពលំបាកទៀតផង។ លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត Le Gia Tan ប្រធានផ្នែកពេទ្យយោធា នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Da Nang បានឲ្យដឹងថា វរសេនីយ៍ត្រី Ninh Cong Khanh ត្រូវបានថ្នាក់ដឹកនាំនិងសហការីជឿទុកចិត្ត ស្រឡាញ់រាប់អាន និងប្រជាជនគោរពជានិច្ច។
“លោកវរសេនីយ៍ត្រី Ninh Cong Khanh គឺជាគំរូដ៏ភ្លឺមួយនៃជួរកម្មាភិបាលពេទ្យយោធា កងទ័ពការពារព្រំដែនទីក្រុង Da Nang។ លោកវេជ្ជបណ្ឌិត Khanh បានសិក្សាដោយខ្លួនឯង លើកកំពស់ចំណេះដឹងដោយឥតឈប់ឈរ។ នាពេលកន្លងមក លោក Khanh តែងតែបំពេញការងារបានល្អក្នុងការថែទាំសុខភាពសម្រាប់យុទ្ធជន ក៏ដូចជាប្រជាជននៅមូលដ្ឋាន។ យើងខ្ញុំមានគ្លីនិកយោធា-ស៊ីវិលរួមគ្នានៅសង្កាត់ Tho Quang ចាត់ឱ្យលោកវេជ្ជបណ្ឌិត Ninh Cong Khanh ទទួលបន្ទុក ហើយលោកបានបំពេញការងារបានល្អក្នុងការថែទាំសុខភាពប្រជាជន”។
ក្នុងឆ្នាំ ២០១៩ លោកវរសេនីយ៍ត្រី Ninh Cong Khanh ត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលប្រគល់ជូនប័ណ្ណសរសើរ "គំរូឆ្នើមស្ងៀមស្ងាត់ដើម្បីសហគមន៍" និងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រគល់ប័ណ្ណសរសើរសម្រាប់ស្នាដៃ "ជួយប្រជាជនពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ”។
បច្ចុប្បន្ននេះ មិនត្រឹមតែប្រជាជននៅទីក្រុង Da Nang មកជួបគ្រូពេទ្យ Khanh ដើម្បីពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ ថែមទាំងអ្នកជំងឺនៅខេត្តផ្សេងទៀតដូចជា Quang Nam, Quang Ngai, Quang Binh... ក៏មករកគាត់ដោយការជឿទុកចិត្តដាច់ខាតទៀតផង៕