សាស្ត្រាចារ្យរង បណ្ឌិត គ្រូបង្រៀនឆ្នើម Nguyen Thi Kim Hoa (រូបថតៈPhương Thoa/VOV) |
សាស្ត្រាចារ្យរង បណ្ឌិត គ្រូបង្រៀនឆ្នើម Nguyen Thi Kim Hoa មានបទពិសោធន៍ជាង ៣០ ឆ្នាំមកហើយក្នុងការបំពេញការងារនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យជាតិហាណូយ។ នៅក្នុងដំណើរការបង្រៀន អ្នកគ្រូ តែងតែពន្យល់ពីសំណួររបស់និស្សិតដោយមានជំនឿជាក់លើចំណេះដឹងរបស់ខ្លួនដែលអ្នកគ្រូក្រេបបាន។ លើសពីនេះទៀត ដោយមានវិធីសាស្រ្តក្នុងការបង្រៀនពោលគឺផ្តោតសំខាន់លើសិស្ស ហើយគ្រូបង្រៀនគ្រាន់តែជាមគ្គុទេសក៍ ដើម្បីឲ្យសិស្សនិស្សិតអាចបង្កើតស្មារតីរៀនសូត្រដោយខ្លួនឯង និងមានភាពច្នៃប្រឌិតដោយខ្លួន ឯងតែម៉ុណ្ណោអ។ អ្នកគ្រូឆ្នើម Nguyen Thi Kim Hoa តែងតែយកចិត្តទុកដាក់ លើការច្នៃប្រឌិតពីវិធីសាស្រ្តក្នុងការបង្រៀនដូចជា ការណែនាំពីសៀវភៅ ឯកសារសម្រាប់សិស្សអាន និងបង្រៀនជំនាញពិភាក្សាតាមក្រុមជាដើម។ ដូច្នេះហើយទើបបានជាធ្វើឲ្យសិស្សនិស្សិតចេះធ្វើការតាមក្រុម ដោយជំនាញបកស្រាយផ្ទាល់មាត់ ជំនាញស្តាប់និងគំនិតច្នៃប្រឌិត ។ល។
អ្នកគ្រូ Kim Hoa បានចែករំលែកថា៖ “ប្រធានបទនៃការស្រាវជ្រាវនីមួយៗ ត្រូវការ អានឯកសារឲ្យបានច្រើនហើយតាមរយៈការអាននោះ យើងក៏អាចក្រេបយកចំណេះដឹងបន្ថែមផងដែរ។ ក្រៅពីនេះបន្ទាប់ពីដំណើរទស្សនកិច្ចជាក់ស្តែងនីមួយៗនោះ នឹងនាំឲ្យអ្វីៗដែលយើងបានបង្រៀននៅក្នុងថ្នាក់គឺមានភាពទាក់ទាញនិងរស់រវើកជាង។ សម្លឹងមើលទៅភ្នែករបស់និស្សិតដែលយកចិត្តទុកដាក់នឹងមេរៀន គឺជាការលើកទឹកចិត្តសម្រាប់រូបខ្ញុំឲ្យកាន់តែតាំងចិត្តក្នុងការបង្រៀនបន្ថែមទៀត”។
ទន្ទឹមនឹងកិច្ចការបង្រៀននោះ សាស្ត្រាចារ្យ បណ្ឌិត គ្រូបង្រៀនឆ្នើម ថែមទាំងសកម្មក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រទៀតផង។ អ្នកគ្រូមានវត្តមាននៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេសនិងប្រទេសខាងក្រៅប្រមាណ ២០ ប្រទេសលើពិភពលោកទៀតផង ដើម្បីក្រេបយកចំណេះដឹងនិងជំនាញសម្រាប់ការបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យា សាស្រ្ត។ អ្នកគ្រូ Kim Hoa ជាប្រធានគម្រោងវិទ្យាសាស្ត្រថ្នាក់ក្រសួងចំនួន៤ ស្តីពី ស្រ្តី សមភាពយេនឌ័រនិងគ្រួសារ ប្រធានកម្មវិធីសិក្សាស្តីពីការងារសង្គមជាមួយជនពិការ ដែលត្រូវបានប្រើប្រាស់ជាកម្មវិធីសិក្សាទូទៅសម្រាប់សាកលវិទ្យាល័យនិង មហាវិទ្យាល័យ។ អ្នកគ្រូ Kim Hoa បានសំណេះសំណាលថា៖ “ក្រោយពីលទ្ធផលស្រាវជ្រាវនីមួយៗ យើងខ្ញុំបានតាមដាននិងសង្កេតឃើញថា លទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ត្រូវបានបក្ស និងរដ្ឋ យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយត្រូវដាក់បញ្ចូលទៅបណ្តា គោលនយោបាយ និងសេចក្តីសម្រេចចិត្តរបស់បក្ស ជាពិសេសសម្រាប់គោលនយោបាយដែលសមស្របជាមួយប្រជាជន”។
ក្រឡេកមើលនូវដំណើរដែលបានកន្លងផុតទៅ គ្រូបង្រៀនឆ្នើម Kim Hoa បានឲ្យដឹងថា ភាពជោគជ័យនៃថ្ងៃនេះគឺដោយសារតែអ្នកគ្រូមានអ្នកជួយជ្រោមជ្រែងនៅពីក្រោយ នោះគឺ ស្វាមីរបស់អ្នកគ្រូ។ ពោលគឺ គាត់តែងតែលើកទឹកចិត្តក៏ដូចជាយោគយល់ពីការស្រាវជ្រាវនិងការបង្រៀនរបស់អ្នកគ្រូតែម្តង។ ទឹកចិត្តរបស់អ្នកគ្រូតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការជួយដល់អ្នកដទៃនៅពេលដែលអាចធ្វើទៅបាន។ ក្នុងនាមជាសហការីជាមួយអ្នកគ្រូ Kim Hoa អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ សាស្ត្រាចារ្យរង បណ្ឌិត Trinh Van Tung ប្រធានដ៉េបាដឺម៉ង់សង្គមវិទ្យា នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្របានវាយតម្លៃថា៖ “ប្រសិនបើពិនិត្យលើវិស័យបណ្តុះបណ្តាលនិងការស្រាវជ្រាវវិញ គឺអ្នកស្រី Hoa បានបង្ហាញការទទួលខុសត្រូវចំពោះការងារផ្ទាល់ខ្លួននិងការងាររបស់សាលា។ សម្រាប់បញ្ហាផ្ទាល់ខ្លួនឬបញ្ហារបស់សមូហភាព អ្នកគ្រូតែងតែផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឲ្យបញ្ហាដែលត្រូវដោះស្រាយនោះកាន់តែស្រាលៗទៅ”។
ផ្សាភ្ជាប់ទៅនឹងមុខរបរជាគ្រូបង្រៀន នឹងការស្រាវជ្រាវវិទ្យាសាស្រ្តសង្គម រហូតមក ដល់ពេលនេះ គ្រូបង្រៀន Nguyen Thi Kim Hoa បានបណ្តុះបណ្តាលឲ្យសិស្សជាច្រើនជំនាន់ទទួលបានជោគជ័យក្នុងវិជ្ជាជីវៈ។ វគ្គសិក្សានីមួយៗតែងតែបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដែលអ្នកគ្រូមិនអាចបំភ្លេចបាន។ លោក Bui Thanh Minh សាស្ត្រាចារ្យ ផ្នែកកិច្ចការសង្គមនៃដ៉េប៉ាដឺម៉ង់ សង្គមវិទ្យា ដែលបច្ចុប្បន្នជាសិក្ខាកាមស្រាវជ្រាវ ដោយអ្នកគ្រូ Kim Hoa ជាអ្នកណែនាំ បានចែករំលែកថា៖ “អ្នកគ្រូ Hoa ទទួលបានប្រជាប្រិយភាពនិងការស្រឡាញ់រាប់អានរបស់សិស្សគ្រប់ជំនាន់។ អ្នកគ្រូជាមនុស្សរួសរាយរាក់ទាក់ ហើយតែងតែផ្តល់នូវចំណេះដឹងទូទៅសម្រាប់សិស្ស រួមទាំងផ្តល់ឱកាសឲ្យសិស្សអាចរៀនសូត្របានល្អបំផុត។ ជាពិសេស មេរៀនរបស់អ្នកគ្រូមានលក្ខណៈអនុវត្តជាក់ស្តែង ជួយឲ្យនិស្សិតអាចប្រើជាការបានពេលបញ្ចប់ការសិក្សា។ ក្រៅពីការតម្រង់ទិសមក អ្នកគ្រូតែងតែលើកទឹកចិត្តនិង ផ្តល់យោបល់ដើម្បីសិស្សទាំងអស់អាចកំណត់គោលដៅវិជ្ជាជីវៈផ្ទាល់ខ្លួនទៀតផង”។
ប្រហែលជាសម្រាប់គ្រូបង្រៀនម្នាក់ៗ ភាពធំដឹងក្តីរបស់សិស្ស ក្ដីស្រឡាញ់និងភាពស្និទ្ធស្នាលរបស់សិស្សគឺជាអំណោយដ៏អស្ចារ្យដែលលោកគ្រូ អ្នកគ្រូទទួលបាននៅក្នុងជីវិតបង្រៀនរបស់ខ្លួន។ ហើយសម្រាប់សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Kim Hoa វិញនោះ មនោសញ្ចតនាទាំងអស់នេះ គឺជាការលើកទឹកចិត្តឱ្យអ្នកគ្រូបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដល់អាជីពស្រាវជ្រាវរបស់ខ្លួន និងចំណង់ចំណូលចិត្តរបស់អ្នកគ្រូក្នុងការបង្រៀន ដែលរួមចំណែកបណ្តុះបណ្តាលក្មេងជំនាន់ក្រោយឲ្យក្លាយទៅជាទំពាំងស្នងឫស្សី៕