កីឡាការិនី Nguyen Thi Oanh នៅពេលឆ្លងកាត់បន្ទាត់បញ្ចប់។ (រូបថត៖ Viet An) |
Nguyen Thi Oanh អាយុ ២៨ ឆ្នាំ បច្ចុប្បន្នជាអ្នករត់ចម្ងាយមធ្យមដ៏ល្អបំផុតនៅអាស៊ីអាគ្នេយ៍។ ចូលរួមស៊ីហ្គេមលើកទី៣២នេះ Oanh បានចុះឈ្មោះចូលរួមប្រកួតក្នុងវិញ្ញាសាឯកត្តជនចំនួន៤ រួមមាន វិញ្ញាសារត់ឆ្លងកាត់ឧបសគ្គចម្ងាយ ១.៥០០ម៉ែត្រ និង ៣.០០០ម៉ែត្រ រត់ចម្ងាយ ៥.០០០
ម៉ែត្រ និង ១០.០០០ម៉ែត្រ។ នៅថ្ងៃដំបូងនៃការប្រកួតកីឡាអត្តពលកម្មនៅស៊ីហ្គេមលើកទី៣២ (ថ្ងៃទី៨ ឧសភា) កីឡាការិនី Nguyen Thi Oanh ដណ្តើមបានមេដាយមាសយ៉ាងងាយស្រួលក្នុងវិញ្ញាសារត់ចម្ងាយ ៥.០០០ ម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ការលំបាកបានចាប់ផ្តើមកើតឡើងនៅពេលដែលគណៈកម្មាធិការរៀបចំជូនដំណឹងផ្លាស់ប្តូរកាលវិភាគនៃការប្រកួត។ តាមនោះ បន្ទាប់ពីចូលរួមប្រកួតចម្ងាយ ១.៥០០ ម៉ែត្រ នៅវេលាម៉ោង ១៧ និង ៣០ នាទី កីឡាការិនី Nguyen Thi Oanh ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាររត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៣.០០០ ម៉ែត្រនៅម៉ោង ១៧ និង ៥០ នាទី ពោលគឺនាងបានសម្រាកត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ Nguyen Thi Oanh បានចែករំលែកថា៖
“តាមពិត កាលវិភាគនេះគួរឱ្យភ្ញាក់ផ្អើលណាស់។ ខ្ញុំនិងគ្រូបង្វឹក ក៏ដូចជាក្រុមកីឡាវៀតណាមទាំងមូលមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែយើងបានខិតខំស្វែងរកផែនការដ៏ល្អបំផុត យុទ្ធសាស្ត្រសមស្របបំផុត ហើយរូបខ្ញុំផ្ទាល់ក៏ត្រូវខិតខំប្រឹងប្រែងច្រើនបំផុតផងដែរ”។
ដោយមានឫទ្ធានុភាព ភាពខិតខំប្រឹងប្រែង និងយុទ្ធវិធីសមហេតុផល Nguyen Thi Oanh បន្ទាប់ពីឈ្នះមេដាយមាសក្នុងវិញ្ញាសាររត់ចម្ងាយ ១.៥០០ ម៉ែត្រ ពុំមានពេលសម្រាក បានបន្តចូលប្រកួតវិញ្ញាសាររត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៣.០០០ ម៉ែត្រ នៅពហុកីឡដ្ឋានមរតកតេជោ (រាជធានីភ្នំពេញ កម្ពុជា)។ កីឡាការិនីវៀតណាមបានឆ្លងកាត់បន្ទាត់បញ្ចប់ដំបូងគេ ដោយឃ្លាតឆ្ងាយពីគូប្រកួតជនជាតិហ្វីលីពីនក្នុងចម្ងាយជាង ៥០ ម៉ែត្រ ដើម្បីដណ្ដើមមេដាយមាសទី៣នៅស៊ីហ្គេម៣២។ កីឡាការិនី Nguyen Thi Oanh បានឲ្យដឹងថា៖
“នៅពេលនោះ ខ្ញុំមានចំណាប់អារម្មណ៍ជាច្រើន ហើយពិតជាហត់ណាស់។ ក្រៅពីនោះ ខ្ញុំសប្បាយរីករាយ ហើយមានអារម្មណ៍ដឹងគុណចំពោះការលើកទឹកចិត្ត ការគាំទ្ររបស់ទស្សនិកជន និងប្រតិភូកីឡាវៀតណាម ដើម្បីឱ្យខ្ញុំអាចសម្រេចភារកិច្ច ដោយប្រកួតវិញ្ញាសារដ៏លំបាកចំនួន ២ ក្នុងរយៈពេលដ៏ខ្លីមួយ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង”។
សេចក្តីរីករាយរបស់ Nguyen Thi Oanh នៅពេលឈ្នះមេដាយមាសទី ៤ នៅស៊ីហ្គេម៣២។ (រូបថត៖ Viet An) |
ជ័យជម្នះបន្ទាប់នៅថ្ងៃទី ១២ ឧសភា ក្នុងវិញ្ញាសារត់ចម្ងាយ ១០.០០០ ម៉ែត្រនារី បានជួយឱ្យ Nguyen Thi Oanh ដណ្ដើមបានមេដាយមាសទី ៤ នៅស៊ីហ្គេម ៣២។ ស្នាដៃរបស់កីឡាការិនី Nguyen Thi Oanh បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជនក្នុងតំបន់និងសារព័ត៌មានអន្តរជាតិ។ សារព័ត៌មានអន្តរជាតិបានពណ៌នាថា ការដែលកីឡាការិនី Nguyen Thi Oanh អាចឈ្នះមេដាយមាស ២ គ្រឿងក្នុងរយៈពេលតែកន្លះម៉ោងនោះ គឺជាអព្ភូតហេតុនៃព្រឹត្តិការណ៍ស៊ីហ្គេម ៣២។ ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោង ក្នុងនោះមានមេដាយមាស ២ គ្រឿងក្នុងរយៈពេលមិនដល់ ២០ នាទី កីឡាការិនី Nguyen Thi Oanh មិនត្រឹមតែបានយកឈ្នះលើដែនកំណត់របស់ខ្លួនទាំងកម្លាំងកាយ និងកម្លាំងចិត្តប៉ុណ្ណោះទេ ថែមទាំងបានយកឈ្នះលើបញ្ហាប្រឈមដែលនឹកស្មានមិនដល់ក្នុងការប្រកួតកីឡា ដើម្បីក្លាយទៅជា “នារីដែក - Iron woman” របស់កីឡាអត្តពលកម្មវៀតណាម។
ថ្វីត្បិតតែជួបការលំបាកឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែកីឡាការិនី Nguyen Thi Oanh នៅតែខិតខំប្រឹងប្រែងដោយឥតឈប់ឈរ។ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២៩ ឆ្នាំ ២០១៧ ទោះបីជាមិនអាចប្រកួតបានក្នុងវិញ្ញាសារប្រៀបខ្លាំងរបស់ខ្លួនក៏ដោយ ប៉ុន្តែនាងនៅតែឈ្នះមេដាយមាសចំនួន ២។ ក្នុងឆ្នាំ ២០១៨ កីឡាការិនី Nguyen Thi Oanh បានឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្ត្រសម្រាប់កីឡាអត្តពលម្មវៀតណាមនៅព្រឹត្តិការណ៍ Asiad លើកទី១៨ នៅទីក្រុងហ្សាកាតា។ មិនត្រឹមតែការពារមេដាយមាស២គ្រឿងដោយជោគជ័យនៅស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីនក្នុងឆ្នាំ ២០១៩ ប៉ុណ្ណោះទេ កីឡាការិនី Nguyen Thi Oanh បានបង្កើតកំណត់ត្រាថ្មីដោយឈ្នះមេដាយមាសចំនួន ៤ គ្រឿងនៅស៊ីហ្គេមលើកនេះ ដែលនាំឱ្យចំនួនមេដាយមាសសរុបដែលនាងដណ្ដើមបានក្នុងអាជីពកីឡាអត្តពលកម្មឡើងដល់ ១២ គ្រឿង។ Nguyen Thi Oanh បានចែករំលែកថា៖
“កីឡាអត្តពលកម្មគឺពិបាកនិងនឿយហត់ណាស់ ព្រោះយើងហ្វឹកហាត់នៅខាងក្រៅ មានពន្លឺថ្ងៃ ភ្លៀង ខ្យល់ ពិតជាពិបាកខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលហ្វឹកហាត់ ក៏មានប្រការជាច្រើនដែលទាក់ទាញខ្ញុំផងដែរ ដោយផ្តល់អារម្មណ៍ច្រើនដល់ខ្ញុំ ពេលឈ្នះឬចាញ់ ហើយក៏ជួយឱ្យខ្ញុំទទួលបានបទពិសោធន៍ជាច្រើនក្នុងជីវិត បង្រៀនខ្ញុំនូវមេរៀនដ៏មានតម្លៃជាច្រើន។ ហើយខ្ញុំគិតថា ក្នុងជីវិត ពេលជួបនឹងការលំបាកខ្លះ យើងគួរតែខិតខំព្យាយាមជំនះវា កុំចុះចាញ់យ៉ាងងាយស្រួលទេ”។
អាស្រ័យដោយមានការខិតខំប្រឹងប្រែងឥតឈប់ឈរ រួមជាមួយនឹងស្មារតីប្តេជ្ញាចិត្តមិនរាថយ កីឡាការិនី Nguyen Thi Oanh បាននាំយកជូនអត្តពលកម្មនិយាយដោយឡែក និងកីឡា
វៀតណាមនិយាយរួម នូវសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន៕