Lo Thi Ban - សិប្បការិនីមានសមានចិត្តជាមួយចម្រៀងប្រជាប្រិយ Thai

Chia sẻ
(VOVWORLD) - សិប្បការិនី Lo Thi Ban នៅភូមិ Hin ឃុំ Chieng An ទីក្រុង Son La ត្រូវបានបងប្អូនជនជាតិ Thai នៅទាំងជិតឆ្ងាយស្គាល់ដល់និងគោរពកោតសរសើរ។ ពីព្រោះថានាងមិនត្រឹមតែមានសំនៀងដ៏ផ្អែមល្ហែម ទន់ភ្លន់ដែលពោរពេញទៅដោយមនោសញ្ចេតនាប៉ុណ្ណោះទេ ថែមទាំងជាអ្នកថែរក្សានិងបង្រៀនចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួនជូនជំនាន់ក្រោយៗទៀតផង។
Lo Thi Ban - សិប្បការិនីមានសមានចិត្តជាមួយចម្រៀងប្រជាប្រិយ Thai - ảnh 1សិប្បការិនី Lo Thi Ban បង្ហាត់បង្រៀនចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai សម្រាប់សិស្សានុសិស្ស។ 

នេះជាចំណែកមួយនៃបទចម្រៀងប្រជាប្រិយជនជាតិ Thai ដោយមាន ចំណងជើងថា “ចាំពាក្យទូន្មានរបស់លោកអ៊ុំហូ” ដែលត្រូវបានបកស្រាយដោយ សិប្បការិនី Lo Thi Ban។ នេះជាបទចម្រៀងមួយក្នុងចំណោមបទចម្រៀងប្រជា ប្រិយ Thai ដ៏ពេញនិយមបំផុតរបស់បងប្អូនជនជាតិ Thai។ បទចម្រៀងនេះរួមជាមួយបទចម្រៀងកោតសរសើរភូមិស្រុក មាតុប្រទេសផ្សេងៗទៀត បកស្រាយដោយសិប្បការិនិរូបនេះ ក៏ត្រូវបានបងប្អូនជនជាតិ Thai និយមចូលចិត្តយ៉ាងខ្លាំងផងដែរ។ លោក Cam Van Phong នៅភូមិ Na Ngua ឃុំ Muong Lum ស្រុក Yen Chau ខេត្ត Son La ឲ្យដឹងថា៖

“បទចម្រៀង “ផ្ញើរសម្ដីតាមខ្យល់” ជាការសម្ដែងសេចក្ដីស្រឡាញ់របស់គូស្នេហ៍ ប្រុសស្រីក្មេងៗ ហើយសេចក្ដីស្រឡាញ់នោះត្រូវបានផ្ញើរតាមខ្យល់។ បទចម្រៀងនេះតាមរយៈការបកស្រាយរបស់អ្នកស្រី Ban ពិតជាពិរោះណាស់ ធ្វើឲ្យខ្ញុំនឹកឡើងវិញអតីតកាលនៅពេលដែលខ្ញុំទៅធ្វើស្រែចម្ការ បានស្ដាប់បទចម្រៀងនេះហើយមានក្ដីសោមនស្សរីករាយមែនទែន។ ជំនាន់មនុស្សចាស់ចូលចិត្តស្ដាប់បទចម្រៀងនេះណាស់”។

សិប្បការិនី Lo Thi Ban ត្រូវបានប្រសូត្រនិងធំដឹងក្ដីក្នុងគ្រួសារប្រពៃណីមួយរបស់ជនជាតិ Thai ដែលមានលោកយាយ ម្ដាយនិងបងស្រីសុទ្ធតែជាអ្នកស្រឡាញ់ចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន។ កាលនៅតូច សម្លេងច្រៀងបំពេរបស់លោកយាយនិងអ្នកម្ដាយបានជ្រាបចូលជ្រៅ ក្នុងរូបនាងទៅហើយ។ ចាប់តាំងពីអាយុ១២ឆ្នាំ នាងបានទៅជាមួយម្ដាយចូលរួមច្រៀងចម្រៀងប្រជាប្រិយនៅក្នុងបិធីបុណ្យនិងចលនាវប្បធម៌ សិល្បៈនៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលច្រើនឆ្នាំ ហាត់ពត់លត់ដំដោយខ្លួនឯង ហើយចូលរួមសម្ដែងនៅមហោស្រពសិល្បៈមហាជនក្នុងខេត្តនិងតំបន់ នាងទទួលបានការស្ងើចសរសើរកាន់តែច្រើនពីសំណាក់ប្រជាជន អាស្រ័យដោយមានសំនៀងដ៏អន្ទងអារម្មណ៍ ផ្អែមល្អែម ពិរោះរណ្ដំ ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិ Thai។

មិនត្រឹមតែច្រៀងបានចម្រៀងប្រជាប្រិយបុរាណរបស់ជនជាតិ Thai ប៉ុណ្ណោះទេ សិប្បការិនី Lo Thi Ban ថែមទាំងសម្ដែងបទចម្រៀងប្រគុំដោយឧបករណ៍តន្ត្រីប្រពៃណីនានាដូចជា គែន ខ្លុយឫស្សីពក និងចាបីជាដើម។ ហេតុដូច្នេះ រហូតមកដល់បច្ចុប្បន្ននេះ អ្នកស្រី Ban ជាកូនសិស្សឆ្នើមមួយរូបដែលត្រូវបានសិប្បការិនីជើងចាស់បង្រៀនរបៀបច្រៀង “long tong” របស់ជនជាតិ Thai ដែលជារបៀបច្រៀងពិបាកបំផុត ទាមទារឲ្យមានបច្ចេកទេសខ្ពស់ ដូច្នេះមានសិស្បការិនីយ៉ាងតិចតួចណាស់អាចច្រៀងបែបនេះ។ សិប្បការិនី Lo Thi Ban បានចែករំលែកថា៖

“ចម្រៀងប្រជាប្រិយមានរបៀបច្រៀងជាច្រើន ហើយត្រូវបានប្រគុំជាមួយឧបករណ៍តន្ត្រីដ៏សមស្រប ដូចជាការច្រៀង “long tong” នោះ ច្រើនតែគឺការច្រៀងឆ្លើយឆ្លងគ្នា។ នាសព្វថ្ងៃ ចម្រៀងប្រជាប្រិយ Thai តែងតែបានអមដោយគែន ខ្លុយ ឬចាបី”។

ដោយមានការជក់ចិត្ត និងភាពសកម្មជាមួយចលនាវប្បធម៌សិល្បៈនៅមូលដ្ឋាន ក្នុងអំឡុងច្រើនឆ្នាំជាប់ៗគ្នា សិប្បការិនី Lo Thi Ban ត្រូវបានអ្នកភូមិ Hin ទុកចិត្តជ្រើសតាំងជាមេក្រុមសិល្បៈរបស់ភូមិ។ ដើម្បីចូលរួមចំណែកថែរក្សាឲ្យវប្បធម៌ជនជាតិមិនឲ្យសាបសូន្យទៅ ជាពិសេសគឺចម្រៀងប្រជាប្រិយ Thai នោះ នាងបានចូលរួមយ៉ាងសកម្មក្នុងក្លឹបអភិរក្សវប្បធម៌ជនជាតិ Thai របស់ភូមិ ដោយខិតខំប្រឹងប្រែងបង្រៀនជូនបងប្អូនសមាជិកសមាជិកា ប្រជាជននិងជំនាន់វ័យក្មេងក្នុងភូមិ។ លោកស្រី Tong Thi Mai លេខាសាខាបក្សនិងជាមេភូមិ Hin ទីក្រុង Son La ឲ្យដឹងថា៖

“ចាប់ពីការបង្កើតក្លឹបអភិរក្សវប្បធម៌ Thai មក ក្នុងនោះមានការរួមវិភាគ ទានរបស់សិប្បការិនី Lo Thi Ban យើងបានប្រមូលផ្ដុំអ្នកស្រឡាញ់វប្បធម៌    សិល្បៈជាច្រើនក្នុងភូមិ ចូលរួមរៀនច្រៀងរាំ។ នាពេលខាងមុខ សង្ឃឹមថា អ្នកស្រី Ban នឹងបន្តពង្រីកទេពកោសល្យផ្ទាល់ខ្លួន បង្រៀនជូនជំនាន់វ័យក្មេងដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន កុំទុកឲ្យបទចម្រៀងប្រជាប្រិយ Thai ត្រូវសាបសូន្យទៅ”។

ដោយភាពក្លៀវក្លារបស់ខ្លួន សិប្បការិនី Lo Thi Ban ទទួលបានពានរង្វាន់ជាច្រើនក្នុងមហោស្រពសម្ដែងសិល្បៈមហាជនទាំងនៅក្នុងនិងក្រៅខេត្ត។ រូបនាងផ្ទាល់ក៏ទទួលបានប័ណ្ណសរសើរជាច្រើនរបស់ខេត្ត Son La និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយមានការរួមវិភាគទានគួរឲ្យកត់សម្គាល់ទៅក្នុងបុព្វហេតុអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិផងដែរ។ ចំពោះសិប្បការិនី Lo Thi Ban នាងនឹងបន្តលះបង់ដោយអស់ពីចិត្តពីថ្លើមដើម្បីបង្ហាត់បង្រៀនជូនជំនាន់វ័យក្មេង ដោយបំណងប្រាថ្នាធំបំផុតគឺបទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai នឹងត្រូវបានថែរក្សាជារៀងរហូត៕

ប្រតិកម្មទៅវិញ