លោក Le Minh Duc (ពាក់វ៉ែនតា) ចូលរួមការប្រកួតវិទ្យាសាស្ត្របច្ចេកវិទ្យាអន្តរជាតិ - REGENERON ISEF ២០២៣។ |
ដំណើរនៃការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ Minh Duc បានចាប់ផ្តើមតាំងពីប្អូននៅតូច។ តាំងពីរៀននៅសាលាបឋម ប្អូនតែងតែទស្សនាវីដេអូអំពីវិទ្យាសាស្ត្រនៅលើ Youtube ជាញឹកញាប់ ហើយបន្ទាប់មកបានចេះធ្វើយន្តហោះពីស្ទីរ៉ូហ្វមនិងបំពាក់ដោយម៉ាស៊ីនដោយខ្លួនឯង”។
នៅឆ្នាំ ២០១៦ Minh Duc ដែលពេលនោះមានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនវ័យក្មេងបំផុត ដែលបានចូលរួមក្នុងការប្រឡងរ៉ូបូតសម្រាប់សិស្សានុសិស្សជុំវិញពិភពលោក ដែលប្រារព្ធឡើងនៅប្រទេសកូរ៉េខាងត្បូង។ ប្រធានបទរបស់ Duc គឺបណ្ណាល័យស្វ័យប្រវត្តិដែលអាចយកសៀវភៅជូនជនពិការ ជនចាស់ជរា និងកុមារ ហើយជួយពួកគេយកសៀវភៅពីកន្លែងខ្ពស់។ ក្រៅពីនោះ ដោយផ្អែកលើចំណេះដឹងដែលបានអានលើកាសែត Duc ក៏បានស្រាវជ្រាវ និងរចនាគំរូគ្រប់គ្រងគុណភាពខ្សែសង្វាក់ទឹកសំណល់ ហើយបានឈ្នះពានរង្វាន់លេខ ១ ក្នុងការប្រកួតអ្នកផលិតរ៉ូប៉ូតវ័យក្មេងអាស៊ីអាគ្នេយ៍នាពេលនោះផងដែរ៖
“ពីបទពិសោធន៍ទាំងនោះ ខ្ញុំបានយល់ថា រ៉ូប៉ូតអាចជួយជីវភាពមនុស្សបានល្អយ៉ាងដូចម្ដ៉េច។ ដូច្នេះហើយ ខ្ញុំបន្តស្រាវជ្រាវរហូតមកដល់ពេលនេះ”។
Minh Duc (អាវស) និងសហការី ក្នុងដំណើរការស្រាវជ្រាវគម្រោង“គំរូរ៉ូប៉ូតជើងបួន គាំទ្រការស្វែងរក និងជួយសង្គ្រោះមនុស្សនៅតំបន់បាក់ស្រុតដី"។ |
ឆ្នាំ ២០២៣ ក៏ជាឆ្នាំដែល Duc ទទួលបានពានរង្វាន់ជាច្រើន ក្នុងនោះមានពានរង្វាន់ទាក់ទងនឹងរ៉ូប៉ូតដែលទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USAID) បានប្រគល់ឲ្យគម្រោងវិទ្យាសាស្ត្រវិស្វកម្ម "គំរូរ៉ូប៉ូតជើងបួន គាំទ្រការស្វែងរក និងជួយសង្គ្រោះមនុស្សនៅតំបន់បាក់ស្រុតដី" ជាមួយនឹងការរចនារូបជើងទាដំបូងគេលើពិភពលោក។
ការស្រាវជ្រាវនេះ ស្ដែងចេញពីរឿងរ៉ាវអំពីក្រុមយុទ្ធជនវៀតណាមដែលបានពលីជីវិតក្នុងការបាក់ស្រុតដីនៅទំនប់វារីអគ្គិសនី Rao Trang ៣ ក្នុងឆ្នាំ ២០២០។ កូនសិស្សប្រុសរូបនេះ ក៏មានអារម្មណ៍ឈឺចាប់ចំពោះការបាត់បង់ក៏ដូចជាការលំបាករបស់កងកម្លាំងជួយសង្គ្រោះ។ នោះគឺជាកម្លាំងចលករដែលបានជំរុញឱ្យគាត់ ជ្រើសរើសទិសដៅនៃការស្រាវជ្រាវរ៉ូប៉ូតគាំទ្ការងារ
ជួយសង្គ្រោះ។
ក្នុងរយៈពេលចូលរួមការប្រកួតអន្តរជាតិនៅសហរដ្ឋអាមេរិក Minh Duc បានជជែកជាមួយមិត្តភក្តិមកពីជុំវិញពិភពលោក ហើយមានឱកាសមើលឃើញផលិតផល និងគំនិតផ្តួចផ្តើមក្នុងកម្រិតម៉ាក្រូ។ Duc បានយល់ឃើញថា សិស្សានុសិស្សវៀតណាមមិនអន់ជាងមិត្តភក្តិអន្តរជាតិក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រទេ។ ប្រការនោះបានដាស់តឿនឱ្យ Duc ចង់រួមចំណែកបន្ថែមទៀត៖
“ពេលខ្ញុំចូលរួមការប្រកួតអន្តរជាតិបែបនេះ ខ្ញុំបានឃើញមិត្តភក្តិលើពិភពលោក អាចធ្វើបានសំណង់ស្រាវជ្រាវល្អណាស់។ ខ្ញុំបានមើលឃើញពីទិសដៅអភិវឌ្ឍន៍ខាងបច្ចេកទេសក្នុងវិស័យនេះ ដែលធ្វើឲ្យខ្ញុំចង់រីកសាយភាយជំនាញទាំងនោះទៅកាន់សិស្សានុសិស្សនៅសាលារបស់ខ្ញុំ ហើយនាពេលអនាគតអាចទៅកាន់សិស្សានុសិស្សនៅទូទាំងទីក្រុងផងដែរ”។
លោក Le Thinh គ្រូបង្រៀននៅវិទ្យាល័យឯកទេស Le Hong Phong ព្រមទាំងក៏ជាគ្រូណែនាំ Duc ក្នុងប្រធានបទ "គំរូរ៉ូប៉ូតជើងបួនជួយគាំទ្រការស្វែងរក និងជួយសង្គ្រោះមនុស្សនៅតំបន់បាក់ស្រុតដី" បានឲ្យដឹងថា៖
“គ្រូបង្រៀនត្រឹមតែទទួលបន្ទុកការណែនាំប៉ុណ្ណោះ ចំណែកការគ្រប់គ្រងរ៉ូបូតពេញលេញមួយ មានតែអ្នកដែលស្រាវជ្រាវនិងផលិតវាដោយខ្លួនឯង ទើបយល់ពីរបៀបកែតម្រូវ ឬជួសជុលការខូចខាត។ នោះគឺជាប្រការដែលខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះ Duc”។
ក្រៅពីវិស័យរ៉ូប៉ូត Minh Duc ក៏បានចូលរួម និងឈ្នះពានរង្វាន់ជាច្រើនពីការប្រឡងអូឡាំពិកក្នុងស្រុក និងអន្តរជាតិ ដូចជាគណិតវិទ្យា ភាសាអង់គ្លេស និងអុកជាដើម។ នៅសាលា Minh Duc ក៏កំពុងគ្រប់គ្រងក្រុមសិស្សប្រមាណ ៣០ នាក់ ដែលមានចំណងចំណូលចិត្តចំពោះរ៉ូប៉ូតដូចគាត់ដែរ៖
“ខ្ញុំបានកំណត់យ៉ាងច្បាស់ថា ការសិក្សាឥឡូវនេះមានសារៈសំខាន់ ដូច្នេះខ្ញុំចំណាយពេលច្រើនបំផុតសម្រាប់វា។ ចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ និងសកម្មភាពជាមួយមិត្តភក្តិ ខ្ញុំនឹងរៀបចំពេលវេលាសមស្របបំផុត។ មានពេលថ្ងៃត្រង់ដែលខ្ញុំមិនបានគេងប្រហែល ១-២ ម៉ោង ប៉ុន្តែខ្ញុំអាចជួយពួកគាត់រៀនបានច្រើនណាស់”។
ដោយមានគោលដៅ “នាំវិទ្យាសាស្ត្រទៅកាន់មនុស្សគ្រប់រូប” កូនសិស្សLe Minh Duc កំពុងផ្តល់ស្លាបដល់គម្រោងស្រាវជ្រាវជាបណ្ដើរៗ ដើម្បីបង្កើតឡើងផលិតផលដែលអាចត្រូវបានអនុវត្តន៍ក្នុងជីវភាពជាក់ស្ដែង៕