៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងកាណាដា៖ “រឹងមាំ ល្អប្រសើរ និង ពោរពេញដោយក្ដីសន្យា”

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៧៣ កាណាដា និងវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ជាងកន្លះសតវត្សរិ៍កន្លងផុតទៅហើយ ទំនាក់ទំនងឆ្លងមហាមុទ្រប៉ាស៊ីហ្វិករវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងត្រូវបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ សញ្ញាសម្គាល់រយៈពេល ៥០ ឆ្នាំ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីបើកជំពូកថ្មីនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកាណាដា។
៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងកាណាដា៖ “រឹងមាំ ល្អប្រសើរ និង ពោរពេញដោយក្ដីសន្យា” - ảnh 1នៅទីក្រុង Hiroshima លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយសមភាគីកាណាដាលោក Justin Trudeau

ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយអភិវឌ្ឍយ៉ាងល្អប្រសើរ

ចាប់តាំងពីពេលបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយមក ទំនាក់ទំនងរវាងវៀតណាម-កាណាដាកាន់តែស៊ីជម្រៅលើវិស័យជាច្រើន។ ក្នុងទំនាក់ទំនងនយោបាយ-ការទូត វៀតណាម និងកាណាដាបានបង្ហាញពីទំនាក់ទំនងមិត្តភាពក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ប្រទេសទាំងពីរក៏រក្សាជំនួបប្រាស្រ័យជាប្រចាំនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់ វេទិកាពហុភាគីអន្តរជាតិ និងតំបន់។ នាពេលថ្មីៗនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាកម្មអភិវឌ្ឍន៍ (G7) បើកទូលាយ និងធ្វើការនៅជប៉ុននាថ្ងៃទី ២០

ឧសភា នៅទីក្រុង Hiroshima លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយសមភាគីកាណាដាលោក Justin Trudeau ដើម្បីផ្លាស់ប្តូរ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគឺជាចំណុចភ្លឺ  ជាមួយនឹងទំហំពាណិជ្ជកម្មសម្រេចបានជាង ៧ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំទៅមិញ ហើយឯកភាពគ្នាខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់១០ពាន់លានដុល្លារអាមេរិកឱ្យបានឆាប់ ព្រមទាំងបង្កើនការជួយឧបត្ថម្ភអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី សហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ និងនវានុវត្តន៍។

ភាគីទាំងពីរក៏ចែករំលែកចំណុចស្រដៀងគ្នាជាច្រើនក្នុងបញ្ហាអន្តរជាតិ សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅតាមយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិ ហ្វ្រង់កូហ្វូនី និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC)។ វៀតណាមតែងតែគាំទ្រតួនាទីជាស្ពានតភ្ជាប់រវាងកាណាដាជាមួយអាស៊ី ប៉ាស៊ីហ្វិក ហើយអបអរសាទរការរួមវិភាគទានរបស់កាណាដាដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំកាណាដាបានអះអាងម្តងហើយម្តងទៀតថា កាណាដា មានផលប្រយោជន៍យូរអង្វែងនៅអាស៊ី ប៉ាស៊ីហ្វិក ហើយវៀតណាមគឺជាដៃគូដ៏សំខាន់របស់កាណាដាក្នុងតំបន់។ កាណាដាមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយវៀតណាម។

សន្យាថានៅមានសក្តានុពលសហប្រតិបត្តិការជាច្រើន

៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងកាណាដា៖ “រឹងមាំ ល្អប្រសើរ និង ពោរពេញដោយក្ដីសន្យា” - ảnh 2ផលិត និងដំឡើងបន្ទះសូឡានៅក្រុមហ៊ុន។ រូបថត៖ Danh Lam/VNA

ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកាណាដា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ចាប់តាំងពីពេលបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១៧ មក តម្លៃប្រាក់នាំចេញ នាំចូលរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្លា។សក្តានុពលសម្រាប់ទំនិញវៀតណាមចូលទីផ្សារកាណាដានៅតែធំធេងណាស់។ រដ្ឋាភិបាលកាណាដាបានប្រកាន់ខ្ជាប់យុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារ ហើយចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅតំបន់អាស៊ី។ នេះជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាមចូលទៅកាន់ទីផ្សារនេះ។ នាខែមករា ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះវៀតណាម-កាណាដា។ ក្រៅពីនោះ សកម្មភាពវិនិយោគក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ គិតត្រឹមខែកក្កដាឆ្នាំនេះ កាណាដាបានវិនិយោគផ្ទាល់នៅវៀតណាមជាមួយគម្រោងចំនួន ២៥៣ ដែលមានទុនចុះបញ្ជីសរុបចំនួន ៤,៨៧ ពាន់លានដុល្លារអាមេរិក។

ការអប់រំនិងបណ្តុះបណ្តាលគឺជាវិស័យ ដែលត្រូវបានផ្ដោតសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ហើយកាណាដាតែងតែកំណត់ថា វៀតណាមគឺជាទីផ្សារអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអប់រំ។ នាពេលបច្ចុប្បន្ននេះ មាននិស្សិតវៀតណាមប្រមាណ ២១ ០០០ នាក់កំពុងសិក្សារៀនសូត្រនៅ កាណាដា។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរក៏តែងតែត្រូវបានជំរុញ។ សហគមន៍ជនវៀតណាមនៅកាណាដាបច្ចុប្បន្នមានចំនួនប្រហែល ២៥ ម៉ឺននាក់ ដែលបានរួមចំណែកដ៏សំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើឲ្យវប្បធម៌របស់កាណាដាកាន់តែសម្បូរបែប និងស្រស់ស្អាត។

ក្រឡេកមើលដំណាក់កាលរយៈពេល ៥០ ឆ្នាំកន្លងទៅ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - កាណាដា បានអភិវឌ្ឍន៍យ៉ាងរឹងមាំឥតឈប់ឈរ ហើយកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។ សក្តានុពល ដើម្បីជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរបស់ប្រទេសទាំងពីរគឺនៅតែធំធេងណាស់។ ជាមួយនឹងប្រវត្តិសាស្ត្រយូរលង់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាមួយនឹងមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំជាច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរជូនគ្នាទៅវិញទៅមក ទំនាក់ទំនងរវាងប្រទេសទាំងពីនឹងបោះជំហានទៅឆ្ងាយជាងទៀតនាពេលអនាគត៕

ប្រតិកម្មទៅវិញ