នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ Luong Cuong ក្នុងមុខតំណែងថ្មី ដោយមានអត្ថន័យ និងសារៈសំខាន់ពិសេសទាំងទ្វេភាគី និងពហុភាគី។
ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាមេរិកឡាទីន
សម្រាប់ប្រទេសឈីលី នេះគឺជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានរដ្ឋវៀតណាមក្រោយរយៈពេល ១៥ ឆ្នាំ ដែលធ្វើឡើងចំឱកាសរំលឹកខួបលើកទី ៥៥ នៃជំនួបជាប្រវត្តិសាស្ត្ររវាងលោកប្រធាន
ហូជីមិញ និងអតីតប្រធានាធិបតី លោក Salvador Allende ជាព្រឹត្តិការណ៍ដែលបានដាក់គ្រឹះសម្រាប់ការដែលប្រទេសឈីលីក្លាយជាប្រទេសដំបូងគេនៅអាមេរិកខាងត្បូង ដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ឈរនៅលើមូលដ្ឋាននោះ ទំនាក់ទំនងវៀតណាម-ឈីលីបាននិងកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមាន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលជាងមួយទស្សវត្សរ៍បានកើនឡើងបួនដង ដោយសម្រេចបាន ១,៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣។
បច្ចុប្បន្ន ឈីលី គឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់ ហើយក៏ជាប្រទេសអាមេរិកឡាទីនដំបូងគេដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមផងដែរ (ក្នុងឆ្នាំ ២០១៤)។ តាមនោះ ដំណើរទស្សនកិច្ចលើកនេះនឹងនាំមកនូវ “កម្លាំងរស់ថ្មី” ដល់ទំនាក់ទំនងវៀតណាម-ឈីលី ជាពិសេសលើវិស័យដែលភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។
សម្រាប់ប្រទេសប៉េរូវិញ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានរដ្ឋវៀតណាម។ ដោយធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៤-២០២៤) ដំណើរទស្សនកិច្ចលើកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយល្អប្រសើររវាងប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល ហើយឆ្ពោះទៅនាំទំនាក់ទំនងឡើងកំពស់ថ្មីមួយ។
បច្ចុប្បន្ន ប៉េរូគឺជាប្រទេសដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេពីវៀតណាមនៅអាមេរិក
ឡាទីន; ជាដៃគូពាណិជ្ជកម្មធំទី ៦ របស់វៀតណាមនៅក្នុងតំបន់ ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប៉េរូក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៣ សម្រេចបានជិត ៥០០ លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ សម្រេចបានជិត ៣០០ លានដុល្លារ។
រូបថតឧទាហរណ៍៖ danvan.vn |
បង្ហាញសារអំពីយុគសម័យស្ទុះឈានទៅមុខរបស់វៀតណាម
លើសពីនេះ ការអញ្ជើញចូលរួមសប្តាហ៍កំពូល APEC ឆ្នាំ ២០២៤ នៅប្រទេសប៉េរូ គឺជាឱកាសសម្រាប់លោកប្រធានរដ្ឋ Luong Cuong ជួបជាមួយថ្នាក់ដឹកនាំ APEC រួមទាំងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រជាច្រើនរបស់វៀតណាម តាមនោះរួមចំណែកបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយសមាជិក APEC នានា។
ក្នុងបរិបទដែលសប្ដាហ៍កំពូល APEC ឆ្នាំ ២០២៤ ប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣៥ នៃការបង្កើតវេទិកាសហប្រតិបត្តិការកំពូល APEC នោះ ការដែលប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកា បន្តអះអាងនូវការរួមចំណែកយ៉ាងសកម្ម ប្រកដោយទំនួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងសកល ជាពិសេស ជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនក្នុងតំបន់; បន្តពង្រឹងតួនាទីរបស់ APEC ជាវេទិកាសេដ្ឋកិច្ចឈានមុខគេ ដែលប្រមូលផ្ដុំ ៣/៥ មហាអំណាចសេដ្ឋកិច្ចធំជាងគេលើពិភពលោក ហើយស្រូបយក ៧៧% នៃទំហំពាណិជ្ជកម្ម ៨១% នៃការវិនិយោគផ្ទាល់ពីបរទេស និង ៨៥% នៃចំនួនភ្ញៀវទេសចរមកវៀតណាម។ ក្នុងនាមជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ នេះក៏ជាឱកាសសម្រាប់វៀតណាមជំរុញការអនុវត្តចក្ខុវិស័យ APEC ដល់ឆ្នាំ ២០៤០ ដែលវៀតណាមបានផ្តួចផ្តើម ហើយចូលរួមកសាងជាមួយសមាជិកផ្សេងទៀតតាំងពីឆ្នាំ ២០១៧ មក។
នៅក្នុងកិច្ចប្រជុំ លោកប្រធានរដ្ឋនឹងបង្ហាញសារអំពីសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាមក្នុងយុគសម័យថ្មី ក៏ដូចជាទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិក និងវេទិកា APEC គឺជាអាទិភាពកំពូលមួយ ដោយអំពាវនាវឱ្យខឿនសេដ្ឋកិច្ចជាសមាជិក APEC និងសហគមន៍ធុរកិច្ចក្នុងតំបន់បន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។
ការចូលរួមក្នុងសប្តាហ៍កំពូល APEC ឆ្នាំ ២០២៤ និងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឈីលី និងសាធារណៈរដ្ឋប៉េរូរបស់លោកប្រធានរដ្ឋ Luong Cuong គឺជាជំហានដ៏សំខាន់ក្នុងការអនុវត្តគោលមាគ៌ាកិច្ចការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម បង្កើតកម្លាំងចលករថ្មីដើម្បីនាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ឈីលី និងទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យវៀតណាម-ប៉េរូ ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍយ៉ាងស្វាហាប់ ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងមុន ព្រមទាំងបញ្ជាក់ពីតួនាទី និងឋានៈកាន់តែខ្ពស់របស់វៀតណាមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើពិភពលោកផងដែរ៕